ខ្មែរប៉ុស្ដិ៍ Close

    តំបន់អរិយក្សត្រទាក់ទាញប្រជាពលរដ្ឋជិះកង់ហាត់ប្រាណលេងកម្សាន្តស្ទើរជារៀងរាល់ថ្ងៃ

    ដោយ៖ ប្រាជ្ញ សុវណ្ណរ៉ា ​​ | ថ្ងៃចន្ទ ទី៧ ខែមិថុនា ឆ្នាំ២០២១ ផ្ទះហ្វេសប៊ុក 1821
    តំបន់អរិយក្សត្រទាក់ទាញប្រជាពលរដ្ឋជិះកង់ហាត់ប្រាណលេងកម្សាន្តស្ទើរជារៀងរាល់ថ្ងៃតំបន់អរិយក្សត្រទាក់ទាញប្រជាពលរដ្ឋជិះកង់ហាត់ប្រាណលេងកម្សាន្តស្ទើរជារៀងរាល់ថ្ងៃ

    ភ្នំពេញ៖ តំបន់អរិយក្សត្របានក្លាយជាតំបន់ដ៏ពេញនិយមសម្រាប់ប្រជាពលរដ្ឋជិះកង់ហាត់ប្រាណលេងកម្សាន្ត ដើម្បីសុខភាព ដោយសារតែនៅទីនោះមានទេសភាពស្រស់ស្អាតបែបធម្មជាតិ រួមជាមួយនឹង ខ្យល់អាកាសល្អបរិសុទ្ធ។

    លោកស្រី ព្រឿង រចនា ជាប្រជាពលរដ្ឋរស់នៅភូមិព្រែកតាកូវ ឃុំព្រែកតាកូវ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល បានឱ្យដឹងថា តាំងពីមុនមានជំងឺកូវីដ-១៩ រហូត មកដល់ពេលបច្ចុប្បន្ន អ្នកជិះកង់ហាត់ប្រាណ ស្រូបយកខ្យល់អាកាសបរិសុទ្ធ នៅតែបន្តមកកាន់តំបន់ឃុំអរិយក្សត្រ និងស្វាយជ្រុំជាហូរហែមិនដែលដាច់ឡើយ ពោលគឺនៅថ្ងៃសៅរ៍ អាទិត្យ និងថ្ងៃឈប់សម្រាក សម្បូរជិះច្រើន ខណៈដែលអ្នកជិះកង់ ហាត់ប្រាណទំាងនេះភាគច្រើនមកពីរាជធានីភ្នំពេញ ដែលឆ្លងសាឡាងស្វាយជ្រុំឬសាឡាងកោះពេជ្រ។

    លោកស្រីបន្តថា មូលហេតុដែលទាក់ទាញអ្នកជិះកង់ហាត់ប្រាណមកកាន់តំបន់ធម្មជាតិខាងកើតរាជធានីភ្នំពេញនេះ ដោយសារតែអរិយក្សត្រនៅមិនឆ្ងាយពីរាជធានីភ្នំពេញហើយ មិនមានប៉ះពាល់រឿងបញ្ហាជំងឺកូវីដ-១៩ ប្រឈមខ្លាំងនោះទេ ហើយមានទេសភាពបែបស្រុកចម្ការ មានខ្យល់អាកាសបរិសុទ្ធ ដែលបង្កលក្ខណៈងាយស្រួលសម្រាប់អ្នកចូលចិត្តជិះកង់ហាត់ប្រាណ។

    លោកស្រី បន្ថែមថា តំបន់នេះ មិនត្រឹមតែមានទេសភាពបែបស្រុកចម្ការប៉ុណ្ណោះទេ ថែមទំាងមានរមណីយដ្ឋាន 7NG ដែលអាចឱ្យពួកគាត់ ហួសទៅលេងកំសាន្តបានទៀតផង។ «និយាយរួមអ្នកហាត់ប្រាណគឺតាំងពីដើមមកគឺអ៊ីចឹង វាអត់ប្រែប្រួលពីមុនមកអ្នកធ្លាប់ជិះកង់មកយ៉ាងម៉េចគឺនិយមមកតំបន់ហ្នឹងដដែល តាំងពីមុនរហូតមកដល់ពេលបច្ចុប្បន្នគឺអ្នកហាត់ប្រាណចំនួនគឺនៅដដែល ហើយក៏មានស្ងាត់ជាងពីមុនដែរ។ ដោយសារទី១នៅទីនេះ វាជាតំបន់លឿងអត់ឱ្យមានប៉ះពាល់រឿងបញ្ហាកូវីដប្រឈមខ្លាំង។ហើយមួយទៀតបរិយាកាសនៅទីនេះវាល្អសម្រាប់អ្នកជិះកង់ហាត់ប្រាណ វាអត់មានផ្សែងអ័ព្ទអួដូចនៅក្នុងក្រុង ចឹងបានខាងអ្នកដែលគាត់ចូលចិត្តជិះកង់ហាត់ប្រាណគាត់ឆ្លងជិះមក។ហើយមួយទៀតវាមានតំបន់រមណីយដ្ឋាន7NG នៅពេលដែលគេជិះកង់ឆ្លងអរិយក្សត្រនឹងមកគេចាក់ទៅតំបន់7NGទីនោះម្យ៉ាងទេសភាពកាន់តែស្អាតទៀត។ អ៊ីចឹងបានអ្នកខាងភ្នំពេញគាត់ចូលចិត្តនាំគ្នាឆ្លងទូកដរជិះកង់មកហាត់ប្រាណនៅស្រុកនឹង ។ ហើយវាក៏ជាស្រុកចម្ការទាល់តែពេលចឹងទេសភាពស្អាតទៅតាមហ្នឹងដែរ ហើយវាមានអារម្មណ៍ថាស្រស់ថ្លាសម្រាប់គាត់ជិះកង់គាត់ប្ដូរបរិយាកាសគាត់ម្យ៉ាងដែរកាត់ស្ត្រេស គឺឃើញពួកគាត់មកជាក្រុមៗ មើលទៅឃើញដូចជាសប្បាយម្យ៉ាងដែរ ហើយមួយទៀតមិនមានឡានម៉ូតូអីជិះរញ៉េរញ៉ៃគឺផ្លូវវាស្រួលជិះ»។

    ចំណែកលោក នី ភារម្យ ប្រជាពលរដ្ឋរស់នៅសង្កាត់ទួលសង្កែ រាជធានីភ្នំពេញ បាននិយាយថា លោកតែងតែជិះកង់ឆ្លងសាឡាង ទៅហាត់ប្រាណនៅស្រុកអរិយក្សត្រ ដោយសារនៅស្រុកនោះមិនមានឡានម៉ូតូច្រើន ងាយស្រួលជិះ ។ លើសពីនេះ លោកបន្ដថា ទីនោះមិនត្រឹមតែបានជិះកង់ហាត់ប្រាណ ដើម្បីសុខភាពប៉ុណ្ណោះទេ វាបានផ្តិតយក ទេសភាពបែបធម្មជាតិពិតៗ ដែលធ្វើឱ្យអារម្មណ៍ស្រស់ស្រាយ រំសាយពីការងារបានទៀតផង៕

    អត្ថបទទាក់ទង