ខ្មែរប៉ុស្ដិ៍ Close

CAMSOC បន្តត្រួតពិនិត្យវឌ្ឍនភាពការងារ គណៈកម្មការហ្គេមព័ត៌មានវិទ្យា

ដោយ៖ លី វិទ្យា ​​ | ថ្ងៃព្រហស្បតិ៍ ទី១០ ខែមិថុនា ឆ្នាំ២០២១ កីឡា - សុខភាព 1831
CAMSOC បន្តត្រួតពិនិត្យវឌ្ឍនភាពការងារ គណៈកម្មការហ្គេមព័ត៌មានវិទ្យាCAMSOC បន្តត្រួតពិនិត្យវឌ្ឍនភាពការងារ គណៈកម្មការហ្គេមព័ត៌មានវិទ្យា

លោកបណ្ឌិត ថោង ខុន អនុប្រធានអចិន្ត្រៃយ៍ គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) បានដឹកនាំកិច្ចប្រជុំនៅព្រឹកថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២១ ដោយផ្តោតសំខាន់លើការត្រួតពិនិត្យលើវឌ្ឍនភាពការងារ របស់គណៈកម្មការហ្គេមព័ត៌មានវិទ្យា (Games IT) ក្នុងដំណើរឆ្ពោះទៅទទួលរៀបចំធ្វើជាម្ចាស់ផ្ទះ ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣។

លោក វ៉ាត់ ចំរើន អគ្គលេខាធិការ CAMSOC គូសបញ្ជាក់ថា ថ្ងៃនេះលោកបណ្ឌិត ថោង ខុន បានអនុញ្ញាតឱ្យគណៈកម្មការជំនាញមួយនេះ បង្ហាញនូវវឌ្ឍនភាពការងាររបស់ខ្លួន ដោយបានបែងចែកប្រព័ន្ធគ្រប់គ្រងហ្គេមតាមរយៈបច្ចេកវិទ្យា ដែលនេះគឺជាផ្នែកមួយដ៏សំខាន់នៃចរន្តមួយ ដែលធ្វើឱ្យខ្លឹមសារ ទិន្នន័យអាចរក្សាបានប្រកបដោយភាពហ្មត់ចត់។

លោក វ៉ាត់ ចំរើន បន្ថែមទៀតថា លោកបណ្ឌិត ថោង ខុន ក្រោមការផ្តល់អនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់ពីសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធាន CAMSOC តែងតែជំរុញឱ្យគ្រប់គណៈកម្មការជំនាញរបស់ខ្លួនទាំងអស់ ធ្វើយ៉ាងណាឱ្យសម្រួចកិច្ចការរបស់ខ្លួនរៀបចំឱ្យទាន់ពេលវេលា នៅត្រឹមឆ្នាំ២០២១។

យើងរៀបចំឯកសារគតិយុត្តិ ឯកសារបច្ចេកទេសទាំងអស់ រួមទាំងការរៀបចំធនធានមនុស្សឱ្យបានរួចរាល់ ហើយនៅឆ្នាំ២០២២យើងត្រូវត្រៀមលក្ខណៈគ្រប់ទម្រង់ទាំងអស់ឱ្យបានរួចរាល់ទាំងអស់។ ដូច្នេះហើយក្នុងឆ្នាំ២០២១នេះ យើងឃើញថា គ្រប់គណៈកម្មការជំនាញរបស់ខ្លួនទាំងអស់ កំពុងខិតខំធ្វើការងារតាមជំនាញរបស់ខ្លួន យ៉ាងសស្រាក់សស្រាំ យកចិត្តទុកដាក់ខ្ពស់ ដើម្បីជំរុញឱ្យផែនការ ស្របឆ្ពោះទៅតាមគោលដៅរបស់ខ្លួន។

«ដូច្នេះហើយកិច្ចប្រជុំ ស្តីពីវឌ្ឍនភាពការងាររបស់គណៈកម្មការហ្គេមព័ត៌មានវិទ្យា (Games IT) នេះ លោកបណ្ឌិត ថោង ខុន បានវាយតម្លៃខ្ពស់ចំពោះការរៀបចំផែនការមេរបស់ខ្លួន ដើម្បីដាក់សំណើរផែនការសកម្មភាពជូនដល់សម្តេចពិជ័យសេនា ប្រធាន CAMSOC អនុម័តនាពេលខាងមុខ»។

ប្រព័ន្ធគ្រប់គ្រងបច្ចេកវិទ្យានេះមានសារៈសំខាន់ណាស់ ដែលយើងអាចបញ្ជូលទៅក្នុងទិន្នន័យអំពីប្រភេទកីឡា ចំនួនកីឡាករ ចំនួនភ្ញៀវ និងទិន្នន័យបច្ចេកទេស គឺនឹងមាននៅក្នុងនេះទាំងអស់ ដែលវានឹងផ្តល់ភាពងាយស្រួល។

នេះគឺជាបញ្ហាគន្លឹះ ក្នុងការគ្រប់គ្រងដឹកនាំនៃព្រឹត្តិ ការណ៍កីឡាស៊ីហ្គេម ឆ្នាំ២០២៣របស់កម្ពុជាយើង ដោយការគ្រប់គ្រងដឹកនាំខាងក្រៅ ហៅថាការគ្រប់គ្រងដឹកនាំដោយវិសាលភាព នៃទិដ្ឋភាពខាងក្រៅ រីឯការគ្រប់គ្រងដឹកនាំផ្នែកខាងក្នុង គឺក្រុមព័ត៌មានវិទ្យានេះហើយ។ ការគ្រប់គ្រងទិន្នន័យព័ត៌មានវិទ្យាជារបៀបរបបនៃការទទួលធ្វើម្ចាស់ផ្ទះ នៅក្នុងការប្រកួតហ្គេម ដូចជាការប្រកួតអូឡាំពិកហ្គេម កីឡាអាស៊ី និងស៊ីហ្គេម ជាដើមនេះ គឺគេធ្វើដូចគ្នាដូច្នេះដែរ ដែលងាយស្រួលក្នុងការផ្សព្វផ្សាយផង និងងាយស្រួលក្នុងការគ្រប់ គ្រងសុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់ផងដែរ ដែលរាល់អត្តសញ្ញាណ នៃអ្នកចូលរួមទាំងអស់គឺស្ថិតនៅក្នុងប្រព័ន្ធបច្ចេកវិទ្យានេះទាំងអស់ ៕