ខ្មែរប៉ុស្ដិ៍ Close

    ក្រសួងបរិស្ថាន និងអង្គការដៃគូធ្វើការជំរឿនសត្វត្មាតឡើងវិញ

    ដោយ៖ លី វិទ្យា ​​ | ថ្ងៃសុក្រ ទី១១ ខែមិថុនា ឆ្នាំ២០២១ ព័ត៌មានទូទៅ 1906
    ក្រសួងបរិស្ថាន និងអង្គការដៃគូធ្វើការជំរឿនសត្វត្មាតឡើងវិញក្រសួងបរិស្ថាន និងអង្គការដៃគូធ្វើការជំរឿនសត្វត្មាតឡើងវិញ

    ក្រសួងបរិស្ថាន និងអង្គការដៃគូ បានធ្វើការជំរឿនសត្វត្មាតឡើងវិញ ខណៈកាលពីឆ្នាំទៅត្រូវបានប៉ាន់ប្រមាណថា ច្រើនបំផុតមានត្រឹម១២៩ក្បាលប៉ុណ្ណោះក្នុងប្រទេសកម្ពុជា។

    លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន នៅថ្ងៃទី១០ ខែមិថុនានេះ បានឱ្យដឹងថា ការជំរឿនសត្វត្មាតប្រចាំឆ្នាំ២០២១នេះ គឺធ្វើឡើងនៅលើទីតាំងចំនួន៤កន្លែងផ្សេងគ្នា នៅក្នុងតំបន់ការពារធម្មជាតិក្នុងភូមិសាស្ត្រខេត្តព្រះវិហារ ខេត្តមណ្ឌលគិរី ខេត្តស្ទឹងត្រែង និងខេត្តរតនគិរី ដែលគេជឿជាក់ថា មានវត្តមានសត្វត្មាតរស់នៅ។

    ថ្លែងប្រាប់អ្នកសារព័តមាន ក្នុងឱកាសចុះបើកការជំរឿនសត្វត្មាតប្រចាំឆ្នាំ២០២១ ដែលធ្វើឡើងនៅអាហារដ្ឋានត្មាតក្នុងភូមិដងផ្លិត ក្នុងដែនជម្រកសត្វព្រៃឆែប ព្រះវិហារ លោក បានបញ្ជាក់ថា ការជំរឿននេះ គឺដើម្បីដឹងថា តើនៅក្នុងតំបន់ការពារធម្មជាតិមានវត្តមានសត្វត្មាតនៅកម្ពុជា ដើម្បីងាយស្រួលក្នុងការរៀបចំផែនការការពារ និងអភិរក្សឱ្យមានប្រសិទ្ធភាពខ្ពស់ សំដៅថែរក្សាឱ្យបាននូវជីវៈចម្រុះដែលកម្ពុជាមាន។

    លោក នេត្រ ភក្ត្រា និងក្រុមការងារពេលកំពុងដើរល្បាតព្រៃ
    លោក នេត្រ ភក្ត្រា និងក្រុមការងារពេលកំពុងដើរល្បាតព្រៃ

    សូមបញ្ជាក់ថា នៅអាហារដ្ឋានត្មាតក្នុងភូមិដងផ្លិតក្នុងដែនជម្រកសត្វព្រៃឆែប នៅពេលផ្តល់ចំណីប្រចាំខែកាលពីថ្ងៃទី៣១ ខែឧសភាកន្លងទៅ អ្នកជំនាញបានរកឃើញវត្តមានសត្វត្មាតចំនួន៦១ក្បាល ក្នុងនោះរួមមានត្មាតផេះចំនួន៤០ក្បាល ត្មាតភ្លើងចំនួន២ក្បាល និងត្មាតត្នោតចំនួន១៩ក្បាល។

    លោក នេត្រ ភក្ត្រា មាន ប្រសាសន៍ថា នៅក្នុងខេត្ត ព្រះវិហារ ក្រសួងបរិស្ថាន បានសហការជាមួយអង្គការ សមាគមអភិរក្សសត្វព្រៃ ហៅកាត់ WCS បានអនុវត្តសកម្មភាពអភិរក្សនៅតាមតំបន់ការពារធម្មជាតិ តាមរយៈការផ្តល់ចំណីបន្ថែមក្នុងមួយខែ ចំនួន២ដងដល់សត្វត្មាត និងការពារសំបុកពងកូន ព្រមទាំងអប់រំពលរដ្ឋឱ្យយល់ដឹងពីកត្តាប្រឈមដល់សត្វត្មាត។

    សត្វត្មាត ជាប្រភេទជិតផុតពូជបំផុតនៅលើពិភពលោក តែនៅមានវត្តមាននៅកម្ពុជារួមមាន ត្មាតផេះ ត្មាតភ្លើង និងត្មាតត្នោត ហើយសត្វត្មាតទាំងនោះមានវត្តមានច្រើនជាងគេនៅភូមិដងផ្លិតក្នុងដែនជម្រកសត្វព្រៃឆែប។

    ក្រសួងបរិស្ថាន បានសហការជាមួយអង្គការអន្តរជាតិនានា ធ្វើជំរឿនសត្វត្មាតចំនួន៥ ដងក្នុងមួយឆ្នាំ។ តាមលទ្ធផលជំរឿនសត្វត្មាតទូទាំងប្រទេសកម្ពុជាក្នុងឆ្នាំ២០២០ ចំនួនសត្វត្មាតច្រើនបំផុតមានត្រឹម១២៩ក្បាលប៉ុណ្ណោះក្នុងប្រទេសកម្ពុជា។ ពួកវារស់នៅជាហ្វូងហើយស៊ីសាកសពជាអាហារ។

    សត្វត្មាតជាប្រភេទសត្វកម្រ និងកំពុងស្ថិតក្នុងហានិភ័យខ្ពស់ក្នុងការបាត់ពូជនៅលើសកលលោក ខណៈចំនួនសត្វត្មាតនៅតែបន្តមានការធ្លាក់ចុះជារៀងរាល់ឆ្នាំ និងក្នុងកម្រិតមួយគួរព្រួយបារម្ភ ទោះបីជារាជរដ្ឋាភិបាល តាមរយៈក្រសួងបរិស្ថាន សហការជាមួយអង្គការដៃគូនានាខិតខំប្រឹងប្រែងការពារនិងអភិរក្សក៏ដោយ។

    លោក នេត្រ ភក្ត្រា បានឱ្យដឹងថា មូលហេតុដែលនាំឱ្យសត្វត្មាតនៅក្នុងប្រទេសកម្ពុជាមានការធ្លាក់ចុះខ្លាំងដោយសារការគំរាមកំហែងខ្លាំងបំផុតពីការបំពុលរបស់មនុស្ស ការបាត់បង់ជម្រក ការខ្វះខាតចំណីអាហារ ការបរបាញ់តាមរយៈការដាក់អន្ទាក់ និងការបំពុល។

    លោក នេត្រ ភក្ត្រា បានថ្លែងថា ប្រជាសហគមន៍នៅតាមតំបន់មួយចំនួនបានប្រើ ប្រាស់ថ្នាំពុលដាក់ទៅក្នុង ឬជុំវិញត្រពាំង ដើម្បីចាប់សត្វ ស្លាប និងថនិកសត្វផ្សេងៗ ហើយការបំពុលនេះ ក៏ជាមូលហេតុចម្បងដែលបណ្ដាលឱ្យសត្វត្មាតស្លាប់ដែរ ដោយសារតែសត្វត្មាតទាំង នោះស៊ីសាកសពសត្វស្លាប់ដោយសារតែថ្នាំពុល។

    លោកបានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ចូលរួមអភិរក្ស និងការពារសត្វត្មាតដោយបញ្ឈប់សកម្មភាពបរបាញ់ ឬការជួញដូរសត្វព្រៃ ខណៈសត្វត្មាតជាសត្វស្លូត និងជាអ្នកដែលសម្អាតបរិស្ថានដោយស៊ីគម្រង់សាកសពសត្វផ្សេងទៀតជាអាហារ ហើយក៏ជាសម្បត្តិធម្មជាតិ ដ៏មានតម្លៃមហាសាលសម្រាប់កម្ពុជា និងពិភពលោកទាំងមូលជាតម្លៃសម្រាប់ទាក់ទាញភ្ញៀវទេសចរ ដែលបង្កើតមុខរបរ និងផ្តល់ចំណូលជូនប្រជាពលរដ្ឋ៕

    អត្ថបទទាក់ទង