ខ្មែរប៉ុស្ដិ៍ Close

    ប្រទេសចិនបើកទ្វារស្វាគមន៍ពលរដ្ឋតៃវ៉ាន់ឱ្យមកចាក់វ៉ាក់សាំងរបស់ខ្លួន

    ដោយ៖ លី វិទ្យា ​​ | ថ្ងៃសុក្រ ទី១១ ខែមិថុនា ឆ្នាំ២០២១ ព័ត៌មានទូទៅ 1367
    ប្រទេសចិនបើកទ្វារស្វាគមន៍ពលរដ្ឋតៃវ៉ាន់ឱ្យមកចាក់វ៉ាក់សាំងរបស់ខ្លួនប្រទេសចិនបើកទ្វារស្វាគមន៍ពលរដ្ឋតៃវ៉ាន់ឱ្យមកចាក់វ៉ាក់សាំងរបស់ខ្លួន

    រដ្ឋាភិបាលចិនបាននិយាយនៅថ្ងៃសុក្រនេះថា ខ្លួនស្វាគមន៍ជនជាតិតៃវ៉ាន់ដែលបានចូលមកចាក់វ៉ាក់សាំងប្រឆាំង Covid-19 ហើយបានអំពាវនាវឱ្យរដ្ឋាភិបាលកោះនេះ ដកចេញនូវឧបសគ្គនានា ដើម្បីអនុញ្ញាតឱ្យប្រជាជនរបស់ខ្លួនអាចមកទទួលការចាក់វ៉ាក់សាំងចិនដែលខ្លួនលើកឡើងថា «មានប្រសិទ្ធភាពខ្ពស់»។

    ការិយាល័យកិច្ចការកោះតៃវ៉ាន់របស់ប្រទេសចិន បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា វ៉ាក់សាំងផលិតដោយជនជាតិចិនចំនួនពីរត្រូវបានផ្តល់ការអនុញ្ញាតឱ្យប្រើប្រាស់ជាបន្ទាន់ដោយអង្គការសុខភាពពិភពលោក ហើយការចាក់វ៉ាក់សាំងនេះត្រូវបានប្រើប្រាស់ឬអនុម័តដោយប្រទេសជាង ៩០ ដែលវាបានបង្ហាញពីសុវត្ថិភាព និងប្រសិទ្ធភាពរបស់ពួកវា។

    ការិយាល័យដដែលបាននិយាយថា ប្រជាជននៅតៃវ៉ាន់អាចចូលមកប្រទេសចិនដើម្បីចាក់វ៉ាក់សាំងប្រឆាំងនឹងកូវីដ-១៩ ប្រសិនបើពួកគេអនុវត្តយ៉ាងតឹងរឹងជាមួយនឹងវិធានការត្រួតពិនិត្យវីរុសរាតត្បាតរបស់ប្រទេសចិន។

    ការិយាល័យនេះបានទទូចដល់រដ្ឋាភិបាលកោះតៃវ៉ាន់ ឲ្យ «ដកឧបសគ្គសិប្បនិម្មិតចេញឱ្យបានឆាប់រហ័ស ដើម្បីអាចឱ្យវ៉ាក់សាំងពីដីគោក អាចត្រូវបានបញ្ជូនទៅកោះនេះបាន និងអនុញ្ញាតឱ្យប្រជាជនតៃវ៉ាន់ជាច្រើន អាចទទួលបានវ៉ាក់សាំងពីចិនដីគោកដែលប្រកបទៅដោយសុវត្ថិភាព និងប្រសិទ្ធភាពខ្ពស់»។

    មកទល់ពេលនេះ មានប្រជាជនតៃវ៉ាន់តែ ៣% ប៉ុណ្ណោះ ក្នុងចំណោម ២៣.៥ លាននាក់ ដែលបានទទួលការចាក់វ៉ាក់សាំងរួចយ៉ាងហោចណាស់មួយដូស បើទោះបីជាវ៉ាក់សាំងរាប់លានដូសទៀតកំពុងត្រូវបានគេបញ្ជាទិញហើយក៏ដោយ។

    ប្រទេសជប៉ុនបានបរិច្ចាគវ៉ាក់សាំងរបស់ក្រុមហ៊ុន AstraZeneca ចំនួន ១,២៤ លានដូសដល់កោះនេះកាលពីសប្ដាហ៍មុន ខណៈដែលសហរដ្ឋអាមេរិកក៏បានផ្ដល់ ៧៥ម៉ឺនដូសដល់កោះនេះផងដែរ តែវ៉ាក់សាំងទាំងនោះនៅមិនទាន់មកដល់នៅឡើយទេ។

    ទោះយ៉ាងណា ការផ្តល់ជូនណាមួយពីសំណាក់ប្រទេសចិន មិនទំនងជាទាក់ទាញដល់ជនជាតិតៃវ៉ាន់ភាគច្រើនបានឡើយ។ បើតាមការស្ទង់មតិមួយរបស់សាកលវិទ្យាល័យជាតិ Chengchi នៃក្រុងតៃប៉ិកាលពីខែមុនបានបង្ហាញថា ប្រជាជនភាគច្រើននឹងមិនមានឆន្ទៈក្នុងការចាក់វ៉ាក់សាំងចិនទេ។

    អត្ថបទទាក់ទង