ខ្មែរប៉ុស្ដិ៍ Close

រដ្ឋាភិបាលនៃខេត្ត Punjab របស់ប្រទេសប៉ាគីស្ថាន ៖ «មិនចាក់វ៉ាក់សាំងនឹងមិនអាចប្រើទូរស័ព្ទបានទេ ដោយស៊ីមកាតនឹងត្រូវផ្អាកដំណើរការ»

ដោយ៖ លី វិទ្យា ​​ | ថ្ងៃចន្ទ ទី១៤ ខែមិថុនា ឆ្នាំ២០២១ ព័ត៌មានទូទៅ 1782
រដ្ឋាភិបាលនៃខេត្ត Punjab របស់ប្រទេសប៉ាគីស្ថាន ៖ «មិនចាក់វ៉ាក់សាំងនឹងមិនអាចប្រើទូរស័ព្ទបានទេ ដោយស៊ីមកាតនឹងត្រូវផ្អាកដំណើរការ»រដ្ឋាភិបាលនៃខេត្ត Punjab របស់ប្រទេសប៉ាគីស្ថាន ៖ «មិនចាក់វ៉ាក់សាំងនឹងមិនអាចប្រើទូរស័ព្ទបានទេ ដោយស៊ីមកាតនឹងត្រូវផ្អាកដំណើរការ»

រដ្ឋាភិបាលនៃខេត្ត Punjab របស់ប៉ាគីស្ថាន កំពុងចាប់យកវិធានការបែបបង្ខិតបង្ខំដើម្បីបង្កើនការចូលរួមនៅក្នុងកម្មវិធីចាក់វ៉ាក់សាំងកូវីដ-១៩ របស់ខ្លួន ជាមួយនឹងផែនការក្នុងការបិទស៊ីមកាតរបស់ប្រជាជនដែលបដិសេធមិនព្រមចាក់វ៉ាក់សាំង។

ការសម្រេចចិត្តដ៏ហួសហេតុនេះត្រូវបានធ្វើឡើងនៅក្នុងអំឡុងពេលនៃកិច្ចប្រជុំមន្ត្រីជាន់ខ្ពស់ស៊ីវិលនិងយោធា ដែលដឹកនាំដោយរដ្ឋមន្រ្តីក្រសួងសុខាភិបាលនៃខេត្ត Punjab គឺលោកស្រី Yasmin Rashid ។

លោកស្រី Rashid បាននិយាយថា «គោលការណ៍នេះនឹងរួមបញ្ចូលនូវការបិទស៊ីមកាតរបស់មនុស្សទាំងឡាយណា ដែលមិនបានចាក់វ៉ាក់សាំងតាមពេលវេលាដែលបានកំណត់។ យើងបាននិងកំពុងប្រឹងប្រែងអស់ពីលទ្ធភាពដើម្បីបង្ខំមនុស្សឱ្យចាក់វ៉ាក់សាំង។ រដ្ឋាភិបាល មិនអាចអនុញ្ញាតឱ្យបុគ្គលដែលមិនចង់ចាក់វ៉ាក់សាំងបង្កហានិភ័យដល់អាយុជីវិតរបស់អ្នកដែលបានចាក់វ៉ាក់សាំងរួចហើយនោះទេ»។

លោកស្រីបានបន្តថា «រដ្ឋាភិបាលខេត្តនឹងកំណត់ពេលវេលា សម្រាប់ការអនុវត្តគោលនយោបាយនេះ បន្ទាប់ពីទទួលបានការយល់ព្រមជាផ្លូវការពីបញ្ជាការដ្ឋាន និងមជ្ឈមណ្ឌលប្រតិបត្តិការជាតិដែលទទួលខុសត្រូវលើការសម្របសម្រួលការឆ្លើយតបចំពោះវីរុសកូវីដ-១៩ របស់ប្រទេសប៉ាគីស្ថាន»។

រដ្ឋាភិបាលនៃខេត្ត Punjab នឹងស្វែងរកជំនួយពីអាជ្ញាធរទូរគមនាគមន៍នៃប្រទេសប៉ាគីស្ថាន (Pakistan Telecommunications Authority-PTA) ដើម្បីអនុវត្តគោលនយោបាយនេះ។

វិធានការនេះត្រូវបានរៀបចំឡើងដើម្បីប្រឆាំងនឹងការឃោសនាអវិជ្ជមានអំពីវ៉ាក់សាំង និងដើម្បីធានាថា «គោលដៅនៃការចាក់វ៉ាក់សាំងនឹងអាចសម្រេចបាន ខណៈដែលរដ្ឋាភិបាលខេត្តមានគោលបំណង ចាក់វ៉ាក់សាំងដល់ប្រជាជនចំនួន ៤០ លាននាក់ឱ្យបាននៅត្រឹមខែវិច្ឆិកាខាងមុខ»។

បន្ថែមពីលើការបិទស៊ីមកាត អាជ្ញាធរក៏អាចនឹងធ្វើការហាមឃាត់ប្រជាជនដែលមិនបានចាក់វ៉ាក់សាំង មិនឱ្យទៅសួនច្បារ, ភោជនីយដ្ឋាននិងផ្សារទំនើបផងដែរ។

ខេត្ត Punjab គឺជាខេត្តដែលមានប្រជាជនច្រើនបំផុតនៅក្នុងប្រទេសប៉ាគីស្ថាន។ រដ្ឋាភិបាលក្នុងតំបន់បានចាប់ផ្តើមកម្មវិធីចាក់វ៉ាក់សាំងកូវីដ-១៩ នៅក្នុងខែមីនា ប៉ុន្តែបានរងនូវបញ្ហាមួយចំនួន។

ទីតាំងចាក់វ៉ាក់សាំងចល័ត កំពុងត្រូវបានដាក់ពង្រាយនៅក្បែរទីសក្ការៈបូជានៅទូទាំងខេត្តដើម្បីផ្តល់ភាពងាយស្រួលដល់ប្រជាជន។

ខេត្ត Punjab មិនមែនជាតំបន់តែមួយទេនៅក្នុងប្រទេសប៉ាគីស្ថាន ដែលប្រើវិធីសាស្រ្តជ្រុលហួសហេតុបែបនេះដើម្បីជំរុញល្បឿនកម្មវិធីការចាក់វ៉ាក់សាំង។ ខេត្ដ Sindh ក៏បានប្រកាសអំពីផែនការឈប់ផ្តល់ប្រាក់ខែ
ដល់បុគ្គលិករដ្ឋាភិបាលដែលបដិសេធមិនចាក់វ៉ាក់សាំងផងដែរ៕ RT