ខ្មែរប៉ុស្ដិ៍ Close

រាជរដ្ឋាភិបាលលើកទឹកចិត្តឱ្យមានការការវិនិយោគ និងដាំដើមឈើជាលក្ខណៈសហគមន៍ និងក្រុមហ៊ុន

ដោយ៖ លី វិទ្យា ​​ | ថ្ងៃពុធ ទី១៦ ខែមិថុនា ឆ្នាំ២០២១ ព័ត៌មានទូទៅ 1047
រាជរដ្ឋាភិបាលលើកទឹកចិត្តឱ្យមានការការវិនិយោគ និងដាំដើមឈើជាលក្ខណៈសហគមន៍ និងក្រុមហ៊ុន រាជរដ្ឋាភិបាលលើកទឹកចិត្តឱ្យមានការការវិនិយោគ និងដាំដើមឈើជាលក្ខណៈសហគមន៍ និងក្រុមហ៊ុន

រាជរដ្ឋាភិបាលបាន លើកទឹកចិត្តឱ្យមានការវិនិយោគ និងដាំដើមឈើជាលក្ខណៈ គ្រួសារ សហគមន៍ និងក្រុមហ៊ុន ដើម្បីបម្រើដល់ជីវិតមនុស្ស សត្វ។

ក្នុងឱកាសអញ្ជើញចុះពិនិត្យវឌ្ឍនភាពរបស់ស្ថានីយដាំឈើម្សៅក្រដាស ហ៊ុន សែន មា នក ដែលមានទីតាំងស្ថិតនៅក្នុងស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំងថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២១ លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មានប្រសាសន៍ថាការដាំ និងវិនិយោគលើការងារដាំដើមឈើនេះ នឹង បង្កើតការងារនៅមូលដ្ឋានជូនប្រជាពលរដ្ឋ កាត់បន្ថយការធ្វើចំណាកស្រុក បង្កើតប្រភពនៃការផ្គត់ផ្គង់ឈើក្នុងស្រុក និងនាំចេញផលិតផលឈើពីចម្ការឈើដាំ ជំនួសប្រភពផ្គត់ផ្គង់ឈើចេញពីព្រៃធម្មជាតិ ធានាដល់ការគ្រប់គ្រងធនធានធម្មជាតិប្រកបដោយនិរន្តរភាព។

លោករដ្ឋមន្ត្រីបានណែនាំដល់ រដ្ឋបាលព្រៃឈើត្រូវបន្តការងារផ្សព្វផ្សាយ ជំរុញ លើកទឹកចិត្ត និងសហការជាមួយគ្រប់ដៃគូតាមអភិក្រម «រដ្ឋ-ឯកជន-ដៃគូអភិវឌ្ឍន៍-សហគមន៍» ដើម្បីបន្តអភិវឌ្ឍន៍ មិនថាស្ថានីយនេះ ឫស្ថានីយផ្សេងទៀតនោះទេ គឺវិស័យព្រៃឈើទាំងមូល ជាពិសេសគោលនយោបាយដាំឈើឲ្យកាន់តែផុលផុស និងកើនឡើងជាបន្តបន្ទាប់។

ជាមួយគ្នានោះលោករដ្ឋមន្ត្រីបានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់មន្ត្រីជំនាញទាំងអស់ដែលបានរួមគ្នាអភិវឌ្ឍ ថែរក្សា និងការពារដី និងបណ្តុះកូនឈើនៅស្ថានីយដាំឈើម្សៅក្រដាស ហ៊ុន សែន ប្រកបដោយ ចីរភាព និងប្រសិទ្ធភាព។

លោក កែវ អូម៉ាលីស្ស ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាប្រធានរដ្ឋបាលព្រៃឈើបានឲ្យដឹងថា ស្ថានីយដាំឈើម្សៅក្រដាស ហ៊ុន សែន មានក មានផ្ទៃដីសរុប ២៨ ៩៦០ហិកតា ដើម្បីធ្វើការអភិវឌ្ឍន៍ និងជំរុញការងារស្រាវជ្រាវ ពិសោធន៍ និងផលិតពូជឈើអាកាស្យា និងប្រេងខ្យល់ប្រភេទ Acacia hybrid និង Eucalyptus K7 និង G9 សម្រាប់ចែកជូនប្រជាពលរដ្ឋដាំជាចម្ការឈើលក្ខណៈគ្រួសារ ដាំតាមទីសាធារណៈ និងឈានដល់ការផលិតផ្គត់ផ្គង់ដល់វិស័យឯកជន។

បច្ចុប្បន្ននេះ រដ្ឋបាលព្រៃឈើបានដាំដុះដើមមេពូជអាកាស្យា Acacia hybrid បានចំនួន ១០ ០០០ដើម ប្រេងខ្យល់ ពូជ K7 បានចំនួន ៧ ០០០ដើម និងប្រេងខ្យល់ ពូជG9 បានចំនួន ២ ៥០០ដើម ដែលដើមពូជមេទាំង នោះអាចផ្តល់ត្រួយសម្រាប់កាត់ បណ្តុះ ឬផលិតកូនបានប្រមាណជា ៧៦០ ០០០ដើមក្នុងមួយឆ្នាំ។

លោកប្រតិភូបន្ថែមថា សម្រាប់ថ្ងៃអនាគតផែនការរបស់រដ្ឋបាលព្រៃឈើ គឺអភិវឌ្ឍតំបន់ស្ថានីយដាំឈើម្សៅក្រដាស ហ៊ុន សែនមានក ឲ្យទៅជាមជ្ឈមណ្ឌលស្រាវជ្រាវនិងផលិតពូជឈើអាកាស្យា និងប្រេងខ្យល់ តាមរយៈការប្រើបច្ចេកទេសកាត់ត្រួយបណ្តុះឲ្យបាន ៥លានដើមក្នុងមួយឆ្នាំ។ សាងសង់បន្ទប់ពិសោធន៍បង្កាត់ពូជឈើដោយជាលិកាវប្បកម្ម សិក្សាស្រាវជ្រាវ និងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ថ្នាលបណ្តុះកូនឈើ ដើម្បីបង្កើនសមត្ថភាពផលិតកូនឈើឲ្យបាន ១០លានដើម/ឆ្នាំ។ ទន្ទឹមនឹងនេះ បង្កើនការផលិតពូជឈើពាណិជ្ជកម្មក្នុងស្រុកសម្រាប់ចែកចាយ និងដាំដុះនៅតាមទីសាធារណៈចំនួន ១,៥លានដើម/ឆ្នាំ៕

អត្ថបទទាក់ទង