ខ្មែរប៉ុស្ដិ៍ Close

    លោក នេត្រ ភក្ត្រា ៖ ការគ្រប់គ្រង និងញែកសំរាមតាមប្រភេទបានត្រឹមត្រូវ នាំឱ្យ សំណល់សំរាមដែលបោះចោលលើទីលាន នឹងមានបរិមាណតិចតួច

    ដោយ៖ លី វិទ្យា ​​ | ថ្ងៃសុក្រ ទី១៨ ខែមិថុនា ឆ្នាំ២០២១ ព័ត៌មានទូទៅ 2006
    លោក នេត្រ ភក្ត្រា ៖ ការគ្រប់គ្រង និងញែកសំរាមតាមប្រភេទបានត្រឹមត្រូវ នាំឱ្យ សំណល់សំរាមដែលបោះចោលលើទីលាន នឹងមានបរិមាណតិចតួចលោក នេត្រ ភក្ត្រា ៖ ការគ្រប់គ្រង និងញែកសំរាមតាមប្រភេទបានត្រឹមត្រូវ នាំឱ្យ សំណល់សំរាមដែលបោះចោលលើទីលាន នឹងមានបរិមាណតិចតួច

    លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថានបានលើកឡើងថា ការគ្រប់គ្រងនិងញែកសំរាមតាមប្រភេទបានត្រឹមត្រូវ ព្រមទាំងបង្កើនការកែច្នៃឱ្យបានច្រើនអស់លទ្ធភាពនោះ នាំឱ្យសំណល់សំរាមដែលបោះចោលលើទីលាន នឹងមានបរិមាណតិចតួចប៉ុណ្ណោះ។ ការលើកឡើងរបស់លោករដ្ឋលេខាធិការនេះ ធ្វើឡើងក្នុងកម្មវិធីប្រគល់ និងទទួលទ្រុងសំណាញ់ពីដែកសម្រាប់ដាក់សំរាមសំណល់រឹង ជូនរដ្ឋបាលខេត្តកំពត និងកែប ដែលជាជំនួយឧបត្ថម្ភ របស់ក្រុមហ៊ុនកូកា-កូឡាកម្ពុជា តាមរយៈក្រសួងបរិស្ថាន កាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២១ នៅសួនច្បារមាត់ព្រែក ក្នុងសង្កាត់កំពង់កណ្ដាល ក្រុងកំពត ខេត្ដកំពត។

    លោក នេត្រ ភក្រ្ដា បានថ្លែងថា ក្នុងសំណល់សំរាម ១០០% មានសំណល់សរីរាង្គប្រមាណ ៦៨% សំណល់ប្លាស្ទិក ប្រមាណ ២០% និងសំណល់រឹងជាង ១០% ហើយអ្វីដែលយើងត្រូវយកចិត្តទុកដាក់បន្ថែមគឺសំណល់ប្លាស្ទិក ដែលជាសំណល់ ប្រកបដោយគ្រោះថ្នាក់ ប្រសិនបើយើងមិនគ្រប់គ្រងបានល្អព្រោះសំណល់ប្លាស្ទិក មានផ្ទុកសារធាតុគីមី។ លោករដ្ឋលេខាធិការបានបញ្ជាក់ថា ទ្រុងសម្រាប់ដាក់សំណល់ប្លាស្ទិកដែល ក្រុមហ៊ុនកូកា-កូឡាផ្តល់ជូនរដ្ឋបាលខេត្តកំពត តាមរយៈក្រសួងបរិស្ថាននេះ ជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងក្នុងការចូលរួមគ្រប់គ្រងសំណល់ប្លាស្ទិក មិនឱ្យបោះចោលបែបអនាធិបតេយ្យ និងហូរចូលសមុទ្រ។

    លោក នេត្រ ភក្ត្រា បានថ្លែងអំណរគុណដល់ក្រុមហ៊ុនកូកា-កូឡា ដែលតែងតែចូលរួមជាមួយក្រសួងបរិស្ថាន និងអាជ្ញាធរដែនដីក្នុងការសម្អាតអនាម័យ បរិស្ថានតាមរយៈការផ្តល់ធុងសំរាម និងសកម្មភាពផ្សេងទៀតដែលមានមេត្រីភាពបរិស្ថាន។ លោកបានថ្លែងបញ្ជាក់ថា «នេះគឺជាការចូលរួមទទួលខុសត្រូវរបស់ក្រុមហ៊ុនកូកា-កូឡា លើវិស័យបរិស្ថាន»។ លោករដ្ឋលេខាធិការក៏បានចាត់ទុកទ្រុងដាក់សំរាមដែលផ្ដល់ដោយក្រុមហ៊ុនកូកា-កូឡានាពេលនេះ គឺជាដៃគូសហការមួយយ៉ាងសំខាន់ជាមួយរដ្ឋបាលខេត្តកំពត ក្នុងការប្រមូល និងគ្រប់គ្រងសំរាមសំណល់រឹងក្នុងទីក្រុងកំពត ឱ្យបានកាន់តែល្អប្រសើរឡើងថែមទៀត។

    លោករដ្ឋលេខាធិការក្រសួងបរិស្ថានថ្លែងបន្តថា «ការគ្រប់គ្រងសំណល់សំរាមគឺជាភារកិច្ចរបស់យើងទាំងអស់គ្នា ហើយការញែកសំរាមតាមប្រភេទច្បាស់លាស់ និងការជំរុញលើការកែច្នៃឱ្យអស់លទ្ធភាពនឹងចូលរួមកាត់បន្ថយសំណល់សំរាមដែលបោះចោលនៅលើទីលាន និងទទួលបានផលចំណេញផ្នែកសេដ្ឋកិច្ចថែមទៀតផង»។

    លោកបានបន្ថែមដែរថា បច្ចុប្បន្ននេះ បរិមាណសំរាមចន្លោះពី ៧០% ទៅ ៨០% ត្រូវបានចាក់ចោលនៅលើទីលាន និងមានប្រមាណ ២០% ប៉ុណ្ណោះ ដែលបានដកហូតយកទៅកែច្នៃ។ ជាមួយគ្នានេះ ដើម្បីធានាបាននូវនិរន្តរភាពបរិស្ថាន និងគុណភាពបរិស្ថានសម្រាប់ផាសុកភាពរស់នៅរបស់ពលរដ្ឋ ក្រសួងបរិស្ថានតែងតែបានជួយឧបត្ថម្ភគាំពារទាំងស្មារតីសម្ភារបច្ចេកទេសដល់រដ្ឋបាលខេត្ត ក្នុងនោះរួមទាំងខេត្តកំពតផងដែរ។

    សូមជម្រាបជូនថា ទ្រុងសំណាញ់ធ្វើពីដែកសម្រាប់ដាក់សំរាមសំណល់រឹង ដែលមាន ទំហំ ៤ម៉ែត្រ គុណនឹង២,៥ម៉ែត្រ និងមានកម្ពស់១,៤ម៉ែត្រ ចំនួន១៦ ទ្រុង ក្រោមជំនួយឧបត្ថម្ភរបស់ក្រុមហ៊ុនកូកា-កូឡា តាមរយៈក្រសួងបរិស្ថាន ត្រូវបានប្រគល់ជូនដល់រដ្ឋបាលខេត្តកំពត ដើម្បីដាក់ពង្រាយតាមទីសាធារណៈ និងទីប្រជុំជនផ្សារក្នុងក្រុង និងស្រុកទាំង ៨ក្នុងខេត្តកំពត។

    លោក ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តកំពតបាន កោតសរសើរដល់ ក្រសួង បរិស្ថាន ដែលតែងតែជួយឧបត្ថម្ភគាំទ្រ ទាំងស្មារតី សម្ភារបច្ចេក ទេសដល់រដ្ឋបាល ខេត្តកំពត នាពេលកន្លងមក លើវិស័យបរិស្ថាន ពិសេសការគ្រប់គ្រងសំរាមប្លាស្ទិក និងសំណល់រឹង សំណល់រាវ កាត់បន្ថយបានពីការបំពុលបរិស្ថាន និងការប៉ះពាល់ដល់សុខភាពសាធារណៈ ព្រមទាំងបង្កើតបាននូវអនាម័យសោភណភាព និងភាពទាក់ទាញ បានកាន់តែល្អប្រសើរឡើងសម្រាប់ខេត្តកំពត។

    លោកអភិបាលខេត្តក៏បានថ្លែងអំណរគុណដល់ ក្រុមហ៊ុន កូកា-កូឡា ដែលបានផ្ដល់ធុងបែងចែកសំរាមជូនដល់រដ្ឋបាលខេត្ដកំពត ហើយសង្ឃឹមថា ក្រុមហ៊ុននឹងកាន់តែបង្កើនកិច្ចសហការជួយឧបត្ថម្ភគាំទ្រដល់រដ្ឋបាលខេត្ត ដល់ពេលបច្ចុប្បន្ន ដែលរដ្ឋបាលខេត្តកំពតបាននិងកំពុងយកចិត្តទុកដាក់លើការអភិវឌ្ឍហេដ្ឋារចនាសម្ព័នានា ឱ្យបានកាន់តែល្អប្រសើរបន្តថែមទៀតក្នុងការគាំពារវិស័យបរិស្ថាន និងការគ្រប់គ្រងសំរាម ដើម្បីបរិស្ថានស្អាត និងការលើកកម្ពស់សុខភាពសាធារណៈ ផងដែរ។

    លោក អូត ចាន់ឌី នាយកផ្នែកធនធានមនុស្សប្រចាំប្រទេស នៃក្រុមហ៊ុនភេសជ្ជៈ កម្ពុជា(កូកា-កូឡា) បានបញ្ជាក់ថា ការនាំយកធុងបែងចែកសំរាមជូនដល់ខេត្តកំពត និងខេត្តកែប នាថ្ងៃនេះ គឺជាផ្នែកមួយនៃគំនិតផ្តួចផ្តើមជាសកលដែលក្រុមហ៊ុនកូកា-កូឡា បាននិងកំពុងអនុវត្ត។ លោកបានបញ្ជាក់បន្ថែមថា «ប្រសិនបើគ្មានការចូលរួមអនុវត្តពីប្រជាពលរដ្ឋនោះទេ ការផ្តល់ធុងតែមួយមុខពិតជាមិនគ្រប់គ្រាន់នោះទេក្នុងការសម្រេចឱ្យបាននូវការបែងចែកសំរាមប្រកបដោយប្រសិទ្ធភាព»។ លោកបានបន្ដថា ក្រុមហ៊ុនសូមលើកទឹកចិត្តឱ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ចូលរួមបែងចែកសំរាមទាំងអស់គ្នា ដោយចាប់ផ្តើមពីអ្នក។

    គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុនកូកា-កូឡា បាននិងកំពុងអនុវត្តគោលដៅនិរន្តភាពក្នុងការប្រមូល និងកែច្នៃសំបកវេចខ្ចប់ អោយស្មើ ១០០% នៃចំនួនសំបកវេចខ្ចប់ ដែលយើងលក់នៅលើទីផ្សារទូទាំងពិភពលោកត្រឹមឆ្នាំ២០៣០។ គោលដៅនិរន្តភាពនេះ ហៅថា «ពិភពលោកគ្មានសំរាម (WWW – World Without Waste)» ដោយយើងបាន យកចិត្តទុក ដាក់ផ្តោតទៅលើវដ្តជីវិតនៃសំបកវេចខ្ចប់ទាំងមូល រាប់ចាប់ពីដបជ័រ និងកំប៉ុងអាលុយមីញូម ដែលត្រូវបានផលិត និងរចនា ច្រកភេសជ្ជៈ រហូតដល់ ត្រូវបានកែច្នៃ និងប្រើប្រាស់ឡើងវិញ។ ផ្អែកលើចក្ខុវិស័យនេះ កាលពីឆ្នាំ ២០២០ ក្រុមហ៊ុនបានចេញផលិតផលទឹកបរិសុទ្ធដាសានី ចំណុះ ៣៥០ មីលីលីត្រដែលប្រើប្រាស់សំបកវេចខ្ចប់ rPET ដំបូងគេបំផុតក្នុងប្រទេសកម្ពុជា ដែលជាបច្ចេកវិទ្យាកែច្នៃឡើងវិញ១០០%។

    លោក នេត្រ ភក្រ្តា រដ្ឋលេខាធិការក្រសួងបរិស្ថានបានបញ្ជាក់ឱ្យដឹងទៀតថា បញ្ហាបរិស្ថានត្រូវបានរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាក្រសួងបរិស្ថានយកចិត្តទុកដាក់ ហើយបានដាក់ចេញឱ្យអនុវត្តក្នុងក្របខ័ណ្ឌទូទាំងប្រទេស នូវគោលនយោបាយគ្រប់គ្រងសំរាមសំណាល់រឹងក្នុងទីប្រជុំជន ដើម្បីពង្រឹង និងដោះស្រាយបញ្ហាគ្រប់គ្រងសំរាម និងសំណល់រឹងនៅទីប្រជុំជនឱ្យមានប្រសិទ្ធភាព និងមានសុវត្ថិភាពបរិស្ថាន ខណៈអត្រាបរិមាណសំរាមក្នុងមួយឆ្នាំៗ មានការ កើនឡើងប្រមាណ ១៥%ក្នុងមួយឆ្នាំ។

    លោកក៏បានអះអាងថា «បច្ចុប្បន្ន សំណល់សំរាមដែលបង្កើតឡើងនៅកម្ពុជាក្នុងមួយថ្ងៃមានចំនួនប្រមាណជាង ១ម៉ឺនតោន ហើយក្នុងមួយឆ្នាំប្រមាណ ៤ លានតោន»៕

    អត្ថបទទាក់ទង