ខ្មែរប៉ុស្ដិ៍ Close

    បុគ្គលិកសុខាភិបាលឥណ្ឌូណេស៊ីរាប់រយនាក់ឆ្លងជំងឺកូវីដ-១៩ បើទោះបីជាពួកគេបានចាក់វ៉ាក់សាំងហើយក៏ដោយ ក្នុងនោះមានរាប់សិបនាក់កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ

    ដោយ៖ លី វិទ្យា ​​ | ថ្ងៃសុក្រ ទី១៨ ខែមិថុនា ឆ្នាំ២០២១ ព័ត៌មានទូទៅ 1549
    បុគ្គលិកសុខាភិបាលឥណ្ឌូណេស៊ីរាប់រយនាក់ឆ្លងជំងឺកូវីដ-១៩ បើទោះបីជាពួកគេបានចាក់វ៉ាក់សាំងហើយក៏ដោយ ក្នុងនោះមានរាប់សិបនាក់កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបុគ្គលិកសុខាភិបាលឥណ្ឌូណេស៊ីរាប់រយនាក់ឆ្លងជំងឺកូវីដ-១៩ បើទោះបីជាពួកគេបានចាក់វ៉ាក់សាំងហើយក៏ដោយ ក្នុងនោះមានរាប់សិបនាក់កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ

    ក្រុមមន្រ្តីបាននិយាយថា វេជ្ជបណ្ឌិតនិងបុគ្គលិកសុខាភិបាលឥណ្ឌូណេស៊ីក្នុងចំនួនច្រើនជាង ៣៥០ នាក់បានឆ្លងកូវីដ-១៩ បើទោះបីជាពួកគេបានចាក់វ៉ាក់សាំង Sinovac រួចទៅហើយក្ដី ហើយក្នុងនោះ មានរាប់សិបនាក់កំពុងសម្រាកព្យាបាល នៅឯមន្ទីរពេទ្យ ស្របពេលដែលក្តីបារម្ភកាន់តែកើនឡើងខ្លាំងពីក្នុងចំណោមមហាជនឥណ្ឌូណេស៊ី អំពីប្រសិទ្ធភាពនៃវ៉ាក់សាំងមួយចំនួនក្នុងការប្រឆាំងនឹងវីរុសដ៏កាចសាហាវនេះ។

    លោកវេជ្ជបណ្ឌិត Badai Ismoyo ប្រធានការិយាល័យសុខាភិបាលនៃទីក្រុង Kudus នៅកោះ Java ភាគកណ្ដាលបាននិយាយថា ភាគច្រើននៃវេជ្ជបណ្ឌិតទាំងនោះ មានលេចឡើងនូវរោគសញ្ញា ហើយពួកគេក៏បានដាក់ខ្លួនឯងឱ្យនៅដាច់ដោយឡែកនៅតាមផ្ទះរៀងៗខ្លួន។ ប៉ុន្តែពួកគេរាប់សិបនាក់ទៀតកំពុងសម្រាកព្យាបាលនៅឯមន្ទីរពេទ្យ ដោយ មានកំដៅកើនឡើងខ្ពស់ និងកម្រិតអុកស៊ីសែននៅក្នុងឈាមធ្លាក់ចុះ។

    ទីក្រុង Kudus កំពុងប្រយុទ្ធប្រឆាំងនឹងការផ្ទុះឡើងនៃការឆ្លងរីករាលដាលមួយ ដែលគេជឿថា ជាការបង្កឡើងដោយវីរុសបំប្លែងខ្លួនថ្មី Delta ដែលបានធ្វើឱ្យគ្រែទទួលអ្នកជំងឺ នៅតាមមន្ទីរពេទ្យនានានៃទីក្រុងនេះ នៅសល់ប្រមាណតែ ១០% ប៉ុណ្ណោះ។

    ដោយត្រូវបានចាត់ទុកជាក្រុមអាទិភាព បុគ្គលិកសុខាភិបាលឥណ្ឌូណេស៊ីស្ថិតនៅក្នុងចំណោមក្រុមមនុស្សដំបូងគេដែលទទួលបានការចាក់វ៉ាក់សាំងកាលពីខែមករា។

    បើតាមសមាគមវេជ្ជសាស្ត្រឥណ្ឌូណេស៊ី (Indonesian Medical Association – IDI) ពួកគេស្ទើរតែទាំងអស់បានទទួលការចាក់វ៉ាក់សាំងកូវីដ-១៩ ដែលផលិតឡើងដោយក្រុមហ៊ុនជីវឱសថរបស់ចិន ឈ្មោះ Sinovac ។

    បើតាមក្រុមគំនិតផ្តួចផ្តើមទិន្នន័យ LaporCovid-19 អ្នកជំនាញផ្នែកសុខភាពសាធារណៈបាននិយាយថា ខណៈពេលដែលចំនួននៃការស្លាប់ដោយសារកូវីដ-១៩ នៃបុគ្គលិកសុខាភិបាលឥណ្ឌូណេស៊ីបានថយចុះគួរឱ្យកត់សម្គាល់ ពោលគឺថយចុះពីចំនួន ១៥៨នាក់ កាលពីខែមករា មកនៅត្រឹម ១៣នាក់កាលពីខែឧសភាក្ដី ក៏ការសម្រាកព្យាបាលនៅតាមមន្ទីរពេទ្យនៃកោះ Java គឺជាបុព្វហេតុនៃក្ដីបារម្ភ។

    លោកវេជ្ជបណ្ឌិត Dicky Budiman អ្នកជំនាញផ្នែករោគរាតត្បាតមកពីសាកល វិទ្យាល័យ Griffith នៃប្រទេសអូស្រ្តាលី បាននិយាយថា «ទិន្នន័យបានបង្ហាញថា មានវត្តមានរបស់វីរុសកូវីដ-១៩ទម្រង់ Delta នៅក្នុងទីក្រុង Kudus។ ដូច្នេះ វាមិនមែនជាការភ្ញាក់ផ្អើលនោះទេ ដែលបរិមាណនៃការឆ្លងឈានដល់កម្រិតខ្ពស់ជាងមុន ពីព្រោះដូចដែលយើងបានដឹងស្រាប់ហើយថា ភាគច្រើននៃបុគ្គលិកសុខាភិបាលនៅឥណ្ឌូណេស៊ីបានចាក់វ៉ាក់សាំង Sinovac ហើយយើងនៅមិនទាន់ដឹងនៅឡើយទេថា តើវ៉ាក់សាំងនេះពិតជាមានប្រសិទ្ធភាពប្រឆាំងនឹងវីរុសកូវីដ-១៩ ទម្រង់ Delta នៅក្នុងពិភពលោកជាក់ស្ដែងដែរឬទេ» ។

    គេមិនអាចទាក់ទងសុំការអត្ថាធិប្បាយភ្លាមៗបានទេពីអ្នកនាំពាក្យរបស់ក្រុមហ៊ុន Sinovac ក៏ដូចជាអ្នកនាំពាក្យរបស់ក្រសួងសុខាភិបាលឥណ្ឌូណេស៊ីអំពីប្រសិទ្ធភាពនៃវ៉ាក់សាំង CoronaVac ក្នុងការប្រឆាំងនឹងវីរុសកូវីដ-១៩ បំប្លែងខ្លួនថ្មីៗទាំងនេះ។

    កំពុងតែប្រឈមមុខនឹងការផ្ទុះដ៏អាក្រក់បំផុតមួយនៅក្នុងទ្វីបអាស៊ី ដោយមានករណីឆ្លងជាង ១,៩ លាននាក់ និងមានមនុស្សស្លាប់ប្រមាណ ៥៣ ០០០ នាក់ ឥណ្ឌូណេស៊ីក៏មានអត្រាស្លាប់នៃគ្រូពេទ្យនិគិលានុបដ្ឋាយិកាដ៏ងន់ធ្ងរផងដែរ គឺមានរហូតដល់ទៅ ៩៤៦ នាក់។

    លោកស្រី Lenny Ekawati មកពីក្រុម LaporCovid-19 បាននិយាយថា បច្ចុប្បន្ននេះ មនុស្សកាន់តែច្រើនឡើងៗកំពុងតែបំពានទៅលើវិធានការសុខាភិបាល ដោយអាងថាពួកគេបានចាក់វ៉ាក់សាំងរួចហើយ។

    លោកស្រីបានបន្តថា «រឿងបែបនេះកើតឡើងជាញឹកញាប់ណាស់សព្វថ្ងៃ មិនត្រឹមតែនៅក្នុងសហគមន៍ប៉ុណ្ណោះទេ ប៉ុន្តែក៏មានផងដែរនៅក្នុងចំណោមបុគ្គលិកសុខាភិបាល។ ពួកគេគិតថា ដោយសារតែពួកគេបានចាក់វ៉ាក់សាំងរួចរាល់ ដូច្នេះពួកគេមានសុវត្ថិភាពហើយ» ។

    ប៉ុន្តែដោយសារតែការកើនឡើងកាន់តែច្រើននៃវីរុសកូវីដ-១៩ ទម្រង់ Delta ដែលអាចចម្លងបានលឿននៅក្នុងប្រទេសនេះ នោះទិន្នន័យកំពុងតែ ចាប់ផ្តើមប្រាប់ពីរឿងមួយផ្សេង។

    ក្រុមគំនិតផ្ដួចផ្ដើមទិន្នន័យ LaporCovid-19 ដដែលបានឱ្យដឹងថា នៅតំបន់នីមួយៗនៃប្រទេសឥណ្ឌូណេស៊ី យ៉ាងហោចណាស់មានគ្រូពេទ្យចំនួន ៥ នាក់និងគិលានុប្បដ្ឋាយិកាម្នាក់បានស្លាប់ដោយសារកូវីដ-១៩ បើទោះបីជាពួកគេបានចាក់វ៉ាក់សាំងយ៉ាងហោចណាស់ ១ ដូសហើយក៏ដោយ។

    បើតាមសមាគមវេជ្ជសាស្ត្រឥណ្ឌូណេស៊ី IDI នៅទីក្រុង Kudus មានវេជ្ជបណ្ឌិតជាន់ខ្ពស់ម្នាក់បានស្លាប់ដោយសារកូវីដ-១៩ បើទោះបីជាគេដឹងថា គាត់មានជំងឺប្រចាំកាយស្រាប់ក៏ដោយ។

    នៅរដ្ឋធានី Jakarta លោកវេជ្ជបណ្ឌិត Prijo Sidipratomo ឯកទេសខាងព្យាបាលដោយប្រើកាំរស្មី (Radiologist) បានឱ្យដឹងថា យ៉ាងហោចណាស់មានវេជ្ជបណ្ឌិត ដែលគាត់ស្គាល់ចំនួនបួនដប់នាក់នៅក្នុង
    ទីក្រុងនេះ​បានចូលសម្រាកព្យាបាលនៅមន្ទីរពេទ្យកាលពីខែមុនដោយសារកូវីដ-១៩ បើទោះបីជាពួកគេបានចាក់វ៉ាក់សាំងហើយក៏ដោយ ក្នុងនោះមានម្នាក់កំពុងទទួលការព្យាបាលនៅបន្ទប់សង្គ្រោះបន្ទាន់ ។

    លោកបានជម្រុញឱ្យពលរដ្ឋគោរពតាមវិធានការសុខាភិបាលឱ្យបានម៉ឺងម៉ាត់បំផុត ដោយនិយាយថា «វាជាការប្រកាសអាសន្នសម្រាប់ពួកយើងរាល់គ្នា ពីព្រោះយើងមិនអាចពឹងផ្អែកតែទៅលើវ៉ាក់សាំងមួយមុខនោះទេ» ។

    នៅក្រោយតែប៉ុន្មានសប្តាហ៍ប៉ុណ្ណោះបន្ទាប់ពីថ្ងៃបុណ្យឈប់សម្រាក Muslim Eid Al-Fitr ប្រទេសឥណ្ឌូណេស៊ីបានពើបប្រទះនូវការកើនឡើងនៃករណីឆ្លងដ៏ច្រើនលើសលុប ជាមួយនិងអត្រាអ្នកវិជ្ជមានកូវីដ-១៩ មានលើសពី ២៣% កាលពីថ្ងៃពុធ (១៦ មិថុនា) ខណៈដែលករណីឆ្លងប្រចាំថ្ងៃមានជិត1ម៉ឺននាក់ ដែលជាអត្រាខ្ពស់បំផុត គិតចាប់តាំងពីចុងខែកុម្ភៈមក។

    នៅក្នុងរបាយការណ៍ អំពីស្ថានភាពចុងក្រោយរបស់ខ្លួន អង្គការសុខភាពពិភពលោកបានអំពាវនាវឱ្យប្រទេសឥណ្ឌូណេស៊ីអនុវត្តការបិទខ្ទប់ឱ្យបានតឹងរ៉ឹងជាងមុន ដោយសារតែការកើនឡើងនៃការឆ្លងដែលបង្កឡើងដោយវីរុសបំប្លែងខ្លួនថ្មីដ៏គួរឱ្យបារម្ភ ក៏ដូចជា «ការកើនឡើងជាគំហុកនៃអ្នកដែលចូលទៅសម្រាកព្យាបាលនៅតាមមន្ទីរពេទ្យ» ដែលទាមទារឱ្យមានវិធានការជាបន្ទាន់៕ The Straits Times

    អត្ថបទទាក់ទង