ខ្មែរប៉ុស្ដិ៍ Close

ម្ចាស់សេវាកម្មទេសចរណ៍ខេត្តពោធិ៍សាត់បង្កើនការអនុវត្តន៍វិធានការសុវត្ថិភាពឱ្យបានម៉ឹងម៉ាត់

ដោយ៖ ប្រាជ្ញ សុវណ្ណរ៉ា ​​ | ថ្ងៃចន្ទ ទី២១ ខែមិថុនា ឆ្នាំ២០២១ ផ្ទះហ្វេសប៊ុក 1326
ម្ចាស់សេវាកម្មទេសចរណ៍ខេត្តពោធិ៍សាត់បង្កើនការអនុវត្តន៍វិធានការសុវត្ថិភាពឱ្យបានម៉ឹងម៉ាត់ម្ចាស់សេវាកម្មទេសចរណ៍ខេត្តពោធិ៍សាត់បង្កើនការអនុវត្តន៍វិធានការសុវត្ថិភាពឱ្យបានម៉ឹងម៉ាត់

ពោធិ៍សាត់៖ ប្រធានមន្ទីរទេសចរណ៍ខេត្តពោធិ៍សាត់ បានឱ្យដឹងថា រាល់ អាជីវកម្ម-សេវាកម្មទេសចរណ៍នានានៅក្នុងខេត្តពោធិ៍សាត់ បានអនុវត្តយ៉ាងត្រឹមត្រូវតាមបទបញ្ជារបស់គណ:កម្មការកូវីដ-១៩ខេត្ត ក្នុងការចូលរួមទប់ស្កាត់និងបង្ការការឆ្លងរាលដាលនៃជំងឺដ៏កាចសាហាវ ។

លោក សំ ឃីម ប្រធានមន្ទីរទេសចរណ៍ខេត្តពោធិ៍សាត់ បានមានប្រសាសន៍ប្រាប់វិទ្យុជាតិកម្ពុជាឱ្យដឹងថា ក្រុមការងារបានសហការជាមួយក្រសួងសុខាភិបាល និងភាគីពាក់ព័ន្ធទាំងអស់ ចូលរួមបន្តចុះផ្សព្វផ្សាយ ដល់ប្រជាពលរដ្ឋកុំឱ្យមានការប្រមូលផ្តុំ ជួបជុំ រៀបចំពិធីជប់លៀង រាំកម្សាន្ត នៅតាមទីសាធារណៈ និងតាមសហគមន៍ ខណ:ដែលកម្ពុជា និងនៅលើពិភពលោក កំពុងប្រឈមនឹងជំងឺកូវីដ-១៩នេះនៅឡើយ ។

លោកបន្ដថា ក្រុមការងារមន្ទីរទេសចរណ៍ខេត្តបានបង្កើនការចុះផ្សព្វផ្សាយអប់រំ និងថតចម្លងនូវសារអប់រំរបស់រាជរដ្ឋាភិបាលក៏ដូចជាក្រសួងសុខាភិបាល ដើម្បីយកទៅចាក់ផ្សាយឱ្យប្រជាពលរដ្ឋបានស្តាប់ ដើម្បីមានការប្រុងប្រយ័ត្ន និងចូលរួមការពារការចម្លងជំងឺវីរុសកូវីដ-១៩នៅក្នុងសហគមន៍ ។

« នៅខេត្តពោធិ៍សាត់យើងនេះគឺយើងអនុវត្តបានល្អទៅតាមការណែនាំរបស់រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងសុខាភិបាលនិងវិធានសុវត្ថិភាពទេសចរណ៍ ហើយក៏ដូចជាអាជ្ញាធរដែនដីដែរ គឺអនុវត្តតាមការណែនាំទាំងអស់ មួយទៀតហាមលក់គ្រឿងស្រវឹង ទីពីរគឺឱ្យលក់ដូរត្រឹមម៉ោង៩យប់ ត្រូវបិទជាកំហិត ចឹងជាទូទៅនេះឃើញគាត់អនុវត្តបាន » ។

លោក បានបន្ថែមថា គ្រប់អាជីវកម្ម-សេវាកម្មទេសចរណ៍ក្នុងខេត្តពោធិ៍សាត់ទាំងអស់ គឺត្រូវអនុវត្តន៍នូវវិធានការ ៣ការពារ ៣កុំ ឱ្យបានភ្ជាប់ខ្ជួន ដើម្បីប្រយុទ្ធប្រឆាំងនឹងវីរុសកូវីដ-១៩ និងបន្តការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការទប់ស្កាត់ការចម្លងជំងឺកូវីដ-១៩ ដោយពេលចេញទៅណាមកណាត្រូវអនុវត្ត៣ ការពារ គឺ៖ (១) ពាក់ម៉ាស់ (២) លាងដៃជាប្រចាំ និង(៣) រក្សាគម្លាតសុវត្ថិភាព ។ ៣កុំ គឺ៖ (១) កុំទៅកន្លែងមនុស្សកុះករ (២) កុំទៅកន្លែងបិទជិត គ្មានខ្យល់ចេញចូល និង (៣) កុំប៉ះពាល់ស្និទ្ធស្នាលគ្នា ។

ក្រសួងទេសចរណ៍បញ្ជាក់ថា គិតត្រឹមរយ:ពេលពីរថ្ងៃ គឺនៅថ្ងៃទី១៨ដល់ថ្ងៃ២០ ខែ មិថុនា ឆ្នាំ២០២១ មានភ្ញៀវទេសចរជាតិ-អន្តរជាតិប្រមាណជាង ១០ម៉ឺននាក់ បានចេញដើរទស្សនាកម្សាន្តនៅទូទាំងប្រទេសកម្ពុជា ក្នុងនោះខេត្តពោធិ៍សាត់មានប្រមាណ២៤០០នាក់៕

អត្ថបទទាក់ទង