ខ្មែរប៉ុស្ដិ៍ Close

    អាស៊ានស្វាគមន៍ចំពោះការគាំទ្រថវិការបស់ជប៉ុនចំនួន ១០ប៊ីលានដុល្លារអាមេរិកសម្រាប់ការកាត់បន្ថយការបំភាយឧស្ម័នកាបូនិច

    ដោយ៖ លី វិទ្យា ​​ | ថ្ងៃពុធ ទី២៣ ខែមិថុនា ឆ្នាំ២០២១ ព័ត៌មានទូទៅ 1090
    អាស៊ានស្វាគមន៍ចំពោះការគាំទ្រថវិការបស់ជប៉ុនចំនួន ១០ប៊ីលានដុល្លារអាមេរិកសម្រាប់ការកាត់បន្ថយការបំភាយឧស្ម័នកាបូនិចអាស៊ានស្វាគមន៍ចំពោះការគាំទ្រថវិការបស់ជប៉ុនចំនួន ១០ប៊ីលានដុល្លារអាមេរិកសម្រាប់ការកាត់បន្ថយការបំភាយឧស្ម័នកាបូនិច

    សមាគម​ប្រជាជាតិ​អាស៊ីអាគ្នេយ៍ (​អាស៊ាន​) បាន​ស្វាគមន៍​ចំពោះ​ការសន្យា​របស់​ប្រទេស​ជប៉ុន​ក្នុងការ​ផ្តល់​ថវិកា​ចំនួន ១០​ប៊ី​លាន​ដុល្លារ​អាម៉េរិក​ក្នុងការ​គាំទ្រ​ផ្នែក​ហិរញ្ញវត្ថុ​សម្រាប់​កិច្ចខិតខំ​ប្រឹងប្រែង​កាត់បន្ថយ​ការ​បំ​ភាយ​ឧស្ម័ន​កាបូ​និ​ច​ដោយ​រដ្ឋ​ជា​សមាជិក​របស់ខ្លួន​។​

    ​សេចក្តីថ្លែងការណ៍​រួមមួយ​ដែល​ចេញផ្សាយ​បន្ទាប់ពី​កិច្ចប្រជុំ​តាម​ប្រព័ន្ធ​អន​ឡាញ​កាលពី​ថ្ងៃទី ២១ ខែមិថុនា រវាង​បណ្តា​រដ្ឋមន្ត្រី​ថាមពល​អាស៊ាន និង​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច ពាណិជ្ជកម្ម និង​ឧស្សាហកម្ម​ជប៉ុន លោក Hiroshi Kajiyama បាន​និយាយថា ពួកគេ​បាន​ចែករំលែក​តម្រូវការ​ស​ម្រា​ប់​ការផ្តល់​ហិរញ្ញប្បទាន​គ្រប់គ្រាន់​ដើម្បី​គាំទ្រ​ដល់​ដំណើរ​ផ្លាស់ប្តូរ​ថាមពល​ក្នុង​តំបន់​ដែល​ពាក់ព័ន្ធ​នឹង​វិធានការណ៍​កាត់បន្ថយ​ការ​សាយភាយ​ឧស្ម័ន​កាបូនឌីអុកស៊ីត និង​បង្កើន​នូវ​ការប្រើប្រាស់​ថាមពល​កកើត​ឡើងវិញ​។​

    ​​សេចក្តីថ្លែងការណ៍​នោះបាន​និយាយថា «​ដោយ​មើលឃើញ​អំពី​បញ្ហា​ប្រឈម​ដែល​មិន​ធ្លាប់មាន​ដោយសារ​ជំងឺ​រាតត្បាត​កូ​វីដ​-១៩ កិច្ចប្រជុំ​នេះ​បានទទួល​ស្គាល់​ពី​ភាព​បន្ទាន់​នៃ​ការដោះស្រាយ​ការស្តារ​ឡើងវិញ​ក្រោយ​ជំងឺ​រាតត្បាត​ប្រកបដោយ​ចីរភាព និង​បានបញ្ជាក់​អំពី​សារៈសំខាន់​នៃ​ការផ្លាស់ប្តូរ​ថាមពល​ឆ្ពោះទៅរក​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព​»​។​

    ​យោងតាម​សេចក្តីថ្លែងការណ៍​នោះបាន​ឱ្យដឹងថា «​គំនិត​ផ្តួចផ្តើម​ការផ្លាស់ប្តូរ​ថាមពល​អាស៊ី​របស់​ជប៉ុន​» ក៏​នឹង​រួមបញ្ចូល​ផងដែរ​នូវ «​ការអភិវឌ្ឍ​ធនធានមនុស្ស​តាមរយៈ​សិក្ខាសាលា​បណ្តុះបណ្តាល ការសិក្សា និង​របាយការណ៍​ផ្សេងៗ ព្រមទាំង​សកម្មភាព​ចែករំលែក​ចំណេះដឹង​នានា​ផងដែរ​»​។​

    ​​មន្ត្រី​ជប៉ុន​បាន​និយាយថា ការបណ្តុះបណ្តាល​ទៅលើ​បច្ចេកវិទ្យា​ថ្មី ដូចជា​ការប្រើប្រាស់​អ៊ីដ្រូសែន និង​ការចាប់យក និង​ការផ្ទុក​កាបូន​នឹងត្រូវ​បានផ្តល់​ដល់​មនុ​ស្ស​ប្រមាណ ១ ០០០​នាក់​នៅក្នុង​តំបន់​។​

    ​គំនិត​ផ្តួចផ្តើម​នេះ​មាន​គោលបំណង​មិន​ត្រឹមតែ​កាត់បន្ថយ​ការ​បំ​ភាយ​ឧស្ម័ន​ផ្ទះ​កញ្ចក់​នៅក្នុង​តំបន់​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​ពង្រីក​ឱកាស​អាជីវកម្ម​សម្រាប់​បណ្តា​ក្រុមហ៊ុន​របស់​ជប៉ុន​ទៀតផង​៕