ខ្មែរប៉ុស្ដិ៍ Close

    ខេត្តកំពង់ស្ពឺ បើកយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនកម្មករ និយោជិត ទ្រង់ទ្រាយធំ ចាប់ពីថ្ងៃទី២២ ខែមិថុនា តទៅ

    ដោយ៖ លី វិទ្យា ​​ | ថ្ងៃពុធ ទី២៣ ខែមិថុនា ឆ្នាំ២០២១ ព័ត៌មានទូទៅ 1301
    ខេត្តកំពង់ស្ពឺ បើកយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនកម្មករ និយោជិត ទ្រង់ទ្រាយធំ ចាប់ពីថ្ងៃទី២២ ខែមិថុនា តទៅខេត្តកំពង់ស្ពឺ បើកយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនកម្មករ និយោជិត ទ្រង់ទ្រាយធំ ចាប់ពីថ្ងៃទី២២ ខែមិថុនា តទៅ

    រដ្ឋបាលខេត្តកំពង់ស្ពឺ បានចាប់ផ្តើមបើកយុទ្ធនាការចាក់វ៉ាក់សាំងប្រឆាំងជំងឺកូវីដ-១៩ ជូនដល់ប្រជាពលរដ្ឋ កម្មករ និយោជិតនៅគ្រប់រោងចក្រ សហគ្រាស និងអ្នកនៅទីប្រជុំជនចាប់ពីថ្ងៃទី២២ ខែមិថុន ឆ្នាំ២០២១នេះទៅ ។ នេះបើយោងតាមការអះអាងរបស់ លោក វ៉ី សំណាង អភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺនៅ ព្រឹកថ្ងៃអង្គារ ទី២២ ខែមិថុនាឆ្នាំ២០២១។

    លោក អភិបាលខេត្តកំពង់ស្ពឺ បានឱ្យដឹងទៀតថា ការចាក់វ៉ាក់សាំងទ្រង់ ទ្រាយធំនាពេលនេះ រដ្ឋបាលខេត្តបានបង្កើតទីតាំងធំៗបន្ថែមចំនួន៤ រួមមាន៖ ទីតាំងរោងចក្រវីងស្តាស៊ូ ស្ថិតនៅក្នុងភូមិអង្គសុគន្ធា ឃុំមហាឫស្សីនិងរោងចក្រ ស្មាតស៊ើត ស្ថិតនៅក្នុងភូមិស្រង់ ឃុំស្រង់ ស្រុកគងពិសី រោងចក្រ ស៊ីគ្លូ និងសាលាអនុវិទ្យាល័យឆាយឆុំ ស្ថិតនៅក្រុងច្បារមន ។ ជាមួយគ្នានេះក៏មានការចូលរួមពីពេទ្យកងយោធពលខេមរភូមិន្ទ ប្រមាណ ៤០០នាក់ផងដែរ។

    លោកអភិបាលខេត្ត បានបញ្ជាក់ថា ការចាក់វ៉ាក់សាំងនឹងធ្វើឡើងនៅតាមគោលដៅទាំង៨ក្រុង ស្រុក ប៉ុន្តែក្នុងនោះក៏មានការបែងចែកទីតាំងជាច្រើនកន្លែង បន្ថែមទៀតសម្រាប់ធ្វើការចាក់ផងដែរ ។

    បើតាមគោលការណ៍របស់យើង គឺយើងចាក់វ៉ាក់សាំងលើអ្នកដែលប្រឈមខ្លាំងមុនគេ ហើយនៅថ្ងៃទី២២ ខែមិថុនានេះ យើងបើកយុទ្ធនាការទ្រង់ទ្រាយធំ ទៅគ្រប់រោងចក្រ សហគ្រាសទាំងអស់ទូទាំងខេត្តកំពង់ស្ពឺតែម្តង។

    លោកបានបន្តទៀតថា ខេត្តកំពង់ស្ពឺទទួលបានវ៉ាក់សាំងចំនួន៥៥ម៉ឺនដូស ពីក្រសួងសុខាភិបាល សម្រាប់ចាក់ជូនអ្នកដែលមានការប្រឈមនឹងជំងឺកូវីដ-១៩។ ចំនួន៥៥ម៉ឺនដូសហ្នឹងយើងចែកជាពីរសិន ពាក់កណ្តាលយើងចាក់ជូនទៅកម្មកររោងចក្រ សហគ្រាស ហើយក្រៅពីនេះយើងបញ្ជូនទៅចាក់នៅទីប្រជុំជនទាំងអស់ទូទាំងខេត្តកំពង់ស្ពឺ ៕

    អត្ថបទទាក់ទង