ខ្មែរប៉ុស្ដិ៍ Close

លោក ពូទីន ជិះរថយន្តថ្មីទៅស្បថកាន់ដំណែងកាលពីម្សិលមិញ (មានវីដេអូ)

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃអង្គារ ទី៨ ខែឧសភា ឆ្នាំ២០១៨ ព័ត៌មានទូទៅ 1185
លោក ពូទីន ជិះរថយន្តថ្មីទៅស្បថកាន់ដំណែងកាលពីម្សិលមិញ (មានវីដេអូ)លោក ពូទីន ជិះរថយន្តថ្មីទៅស្បថកាន់ដំណែងកាលពីម្សិលមិញ (មានវីដេអូ)

កាល​ពី​ថ្ងៃ​ទី៧ ខែ​ឧសភា ២០១៨​ម្សិលមិញ​​នេះ ប្រធានាធិបតី​រុស្ស៊ី​លោក វ្លាឌីមៀ ពូទីន បាន​​ស្បថ​ចូល​កាន់​តំណែង​ជា​ប្រធានាធិបតី​រុស្ស៊ី ក្នុង​អាណត្តិ​ទី៤ របស់​ខ្លួន​នៅ​វិមាន​ក្រឹមឡាំង ទីក្រុង​មូស្គូ។

អ្វី​ដែល​គួរ​កត់​សំគាល់​បំផុត​ក្នុង​ពិធី​នេះ​គឺ​ថា ប្រធានាធិបតី​រូប​នេះ​មិន​បាន​ជិះ​រថយន្ត Mercedes-Benz ដូច​សព្វដង​នោះ​ទេ ប៉ុន្តែ​បែរ​ជា​បង្ហាញ​ខ្លួន​ជា​មួយ​រថយន្ត​ថ្មី​ស្រឡាង ដែល​គេ​ស្គាល់​ឈ្មោះ​ថា “The Kortezh” ។ យោង​តាម​របាយការណ៍​មួយ​ឲ្យ​ដឹង​ថា “រថយន្ត​នេះ​ត្រូវ​បាន​ផលិត​ក្នុង​ប្រទេស រុស្ស៊ី ជាមួយ​នឹង​សមាសភាព​រុស្ស៊ី ហើយ​ផលិត​ដោយ​ដៃ​អ្នក​ឯកទេស​ជនជាតិ​រុស្ស៊ី​ផ្ទាល់​តែ​ម្ដង។”

(រថយន្ដចាស់របស់ពូទីនម៉ាក Mercedes-Benz S600 Pullman Guard)

(រថយន្តថ្មីម៉ាក The Kortezh)

ជាមួយ​គ្នា​ដែរ រថយន្ត​ម៉ាក​នេះ​ក៏​នឹង​ត្រូវ​ផលិត​ជា​កំណែ​សម្រាប់​ប្រជាជន​ធម្មតា​ផង​ដែរ ក្នុង​តម្លៃ​ខ្ទង់​ពី ៩៥ ៥០០ ទៅ ១១១ ៥០០ ដុល្លារ ​ដោយ​សារ​វា​ជា​ផលិតផល​ក្នុង​ស្រុក។ ទោះ​យ៉ាង​ណា​ក៏​ដោយ វា​នឹង​ត្រូវ​ផលិត​ក្នុង​ចំនួន​ប្រមាណ ២០០ ទៅ ៤០០ គ្រឿង​ប៉ុណ្ណោះ​ក្នុង​មួយ​ឆ្នាំ។

គួរ​ឲ្យ​ដឹង​ថា រថយន្ត Limousine ថ្មី​នេះ​ត្រូវ​បាន​ស្ថិត​ក្នុង​គម្រោង​អភិវឌ្ឍ​ចាប់​តាំង​ពី​ឆ្នាំ ២០១៣ មក​ម្ល៉េះ​ជាមួយ​កញ្ចប់​ថវិកា​ជាង ១៩៧ លាន​ដុល្លារ​ ដែល​ជា​មូលនិធិ​របស់​រដ្ឋ​ផ្ទាល់ ហើយ​បាន​ចាប់​ផ្ដើម​ផលិត​កាល​ពី​ឆ្នាំ​មុន៕


សូម​ទស្សនាវីដេអូ​ខាងក្រោម ៖