ខ្មែរប៉ុស្ដិ៍ Close

ថ្នាក់ដឹកនាំអាជ្ញាធរជាតិអប្សរាចូលរួមកម្មវិធីជិះកង់ បាទីក្រម៉ា ជាមួយស្ថានទូតសាធារណរដ្ឋឥណ្ឌូណេស៊ី

ដោយ៖ លី វិទ្យា ​​ | ថ្ងៃព្រហស្បតិ៍ ទី១ ខែកក្កដា ឆ្នាំ២០២១ ផ្ទះហ្វេសប៊ុក 1255
ថ្នាក់ដឹកនាំអាជ្ញាធរជាតិអប្សរាចូលរួមកម្មវិធីជិះកង់ បាទីក្រម៉ា ជាមួយស្ថានទូតសាធារណរដ្ឋឥណ្ឌូណេស៊ីថ្នាក់ដឹកនាំអាជ្ញាធរជាតិអប្សរាចូលរួមកម្មវិធីជិះកង់ បាទីក្រម៉ា ជាមួយស្ថានទូតសាធារណរដ្ឋឥណ្ឌូណេស៊ី

នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១ ថ្នាក់ដឹកនាំអាជ្ញាធរជាតិអប្សរា ដែលមានលោក ឡុង កុសល អគ្គនាយករងអាជ្ញាធរជាតិអប្សរា និងដោយមានការចូលរួមជាអធិបតីភាពពីលោក ប៉ាក់ សុខុម រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងលោក ស៊ូរឌើរម៉ាន់ ហាសាំង ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋឥណ្ឌូណេស៊ីប្រចាំកម្ពុជា បានចូលរួមកម្មវិធីជិះកង់ផ្សារភ្ជាប់វប្បធម៌ បាទីក្រម៉ា (Batik Kroma) ដែលជាកម្មវិធីធ្វើឡើងក្រោមកិច្ចសហប្រតិបត្តិការរវាងក្រសួងទេសចរណ៍ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងស្ថានទូតសាធារណរដ្ឋឥណ្ឌូណេស៊ី។ កម្មវិធីនេះ ធ្វើឡើងក្នុងបំណងបង្កើតទំនាក់ទំនងរវាងប្រទេសទាំងពីរ ក៏ដូចជាបង្កើនការផ្សព្វផ្សាយផ្នែកវប្បធម៌ និងទេសចរណ៍ផងដែរ។

ឯកអគ្គរដ្ឋទូតសាធារណរដ្ឋឥណ្ឌូណេស៊ីប្រចាំកម្ពុជា មានប្រសាសន៍ថា ព្រឹត្តិការណ៍ជិះកង់នេះធ្វើឡើងក្នុងបំណងរក្សា ក៏ដូចជាបង្កើនទំនាក់ទំនងរវាងរដ្ឋាភិបាលនៃប្រទេសទាំងពីរ។ ជាមួយគ្នានោះ ការជិះកង់នេះក៏ដើម្បីបង្កើនការផ្សព្វផ្សាយផ្នែកវប្បធម៌ និងទេសចរណ៍ពីគ្នាទៅវិញទៅមកផងដែរ។

បន្ថែមពីនេះ លោក ស៊ូឌើរម៉ាន់ ហាសាំង (Sudirman Haseng) មានសុទិដ្ឋិនិយមថា ព្រឹត្តិការណ៍ជិះកង់នេះនឹងក្លាយជាគំរូមួយដ៏ល្អប្រសើរ ដើម្បីជាការចាប់ផ្តើមនៃការក្រោកឈរឡើងវិញ ប្រយុទ្ធប្រឆាំងនឹងស្ថានការណ៍ដ៏លំបាកក្នុងវិបត្តិជំងឺកូវីដ-១៩នេះផងដែរ។

លោក ប៉ាក់ សុខុម រដ្ឋលេខាធិការក្រសួងទេសចរណ៍ បានកោតសរសើរចំពោះកម្មវិធីនេះ ថាបានបង្ហាញពីអតីតកាលរបស់ប្រទេសកម្ពុជា ក៏ដូចជាការបង្ហាញភាពប្រហាក់ប្រហែលគ្នា នៃផ្នែកវប្បធម៌ និងអារ្យធម៌រវាងប្រទេសកម្ពុជា និងឥណ្ឌូណេស៊ី។ ការរៀបចំកម្មវិធីជិះកង់នៅក្នុងខេត្តសៀមរាបនេះ មិនមែនជារឿងចៃដន្យទេ ខណៈដែលខេត្តនេះត្រូវបានចាត់ទុកជាទីក្រុងវប្បធម៌នៃប្រទេសអាស៊ាន សម្រាប់ឆ្នាំ២០២១-២០២២៕

អត្ថបទទាក់ទង