ខ្មែរប៉ុស្ដិ៍ Close

    ក្រុមរបស់ លោក បៃឌិន ដែលពោរពេញទៅដោយភាពច្របូកច្របល់ អាចប្រឈមមុខនឹងការបាត់បង់តំបន់អាស៊ីអាគ្នេយ៍

    ដោយ៖ លី វិទ្យា ​​ | ថ្ងៃព្រហស្បតិ៍ ទី១ ខែកក្កដា ឆ្នាំ២០២១ ទស្សនៈ - នយោបាយ 1849
    ក្រុមរបស់ លោក បៃឌិន ដែលពោរពេញទៅដោយភាពច្របូកច្របល់ អាចប្រឈមមុខនឹងការបាត់បង់តំបន់អាស៊ីអាគ្នេយ៍ក្រុមរបស់ លោក បៃឌិន ដែលពោរពេញទៅដោយភាពច្របូកច្របល់ អាចប្រឈមមុខនឹងការបាត់បង់តំបន់អាស៊ីអាគ្នេយ៍

    ថ្ងៃទី ២៥ ខែឧសភា មិនមែនជាថ្ងៃល្អនោះទេសម្រាប់ការទូតអាមេរិកនៅអាស៊ីអាគ្នេយ៍ ខណៈពេលដែលរដ្ឋមន្រ្តីការបរទេសអាស៊ាន បានជួបប្រជុំផ្តុំគ្នា ដើម្បីចូលរួមក្នុងកិច្ចប្រជុំតាមប្រព័ន្ធអនឡាញជាលើកដំបូង ជាមួយរដ្ឋមន្រ្តីការបរទេសអាមេរិក គឺលោក Antony Blinken។

    ក្រោយរង់ចាំអស់រយៈពេលមួយម៉ោង ពួកគេបានទទួលដំណឹងថា «លោក Blinken មិនអាចចូលរួមក្នុងកិច្ចប្រជុំបាននោះទេ ដោយសារតែបញ្ហាបច្ចេកទេស ខណៈពេលដែលលោកកំពុងធ្វើដំណើរនៅលើយន្តហោះឆ្ពោះទៅកាន់តំបន់មជ្ឈឹមបូព៌ា»។

    នៅប៉ុន្មានសប្តាហ៍ក្រោយមក បណ្តារដ្ឋមន្រ្តីអាស៊ានក៏ត្រូវបានទទួលស្វាគមន៍ដោយកម្រាលព្រំពណ៌ក្រហម នៅក្នុងអំឡុងពេលនៃកិច្ចប្រជុំដោយផ្ទាល់ជាមួយនិងរដ្ឋមន្រ្តីការបរទេសចិន គឺលោក Wang Yi ។

    អាស៊ីអាគ្នេយ៍គឺជាតំបន់ជួរមុខដ៏សំខាន់មួយនៅក្នុងយុគសម័យថ្មី នៃការប្រកួតប្រជែងភូមិសាស្ត្រនយោបាយរវាងចិននិងសហរដ្ឋអាមេរិក ហើយការចូលកាន់តំណែងរបស់ប្រធានាធិបតីអាមេរិក ចូ បៃឌិន ក៏ទទួលបានការសាទរពីសំណាក់បណ្តាប្រទេសនានានៅក្នុងតំបន់នេះផងដែរ។

    មេដឹកនាំរបស់អាស៊ានសង្ឃឹមថា «លោក បៃឌិន នឹងល្អជាងអតីតប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ» ហើយពួកគេក៏រំពឹងថា «លោកនឹងមានឆន្ទៈក្នុងការចូលរួមសហការក្នុងផ្នែកសេដ្ឋកិច្ចនិងការទូត» ផងដែរ។ ប៉ុន្តែ រយៈពេល ៦ ខែ ក្រោយការចូលកាន់តំណែងរបស់លោក បៃឌិន ការសាទររបស់តំបន់ បាននិងកំពុងតែរសាត់បាត់ទៅ ដោយជំនួសមកវិញនូវការខកបំណង ដោយសារតែការមិនយកចិត្តទុកដាក់ និងគោលបំណងដ៏ច្របូកច្របល់របស់សហរដ្ឋអាមេរិក។

    ប្រសិនបើលោក បៃឌិន នៅតែមិនអាចបង្វែរការចាប់អារម្មណ៍មកលើតំបន់នេះក្នុងពេលឆាប់ៗខាងមុខនេះទេ បណ្តាប្រទេសនានានៅក្នុងតំបន់អាចនឹងបាត់បង់ភាពជឿជាក់លើសហរដ្ឋអាមេរិក ហើយពួកគេ នឹងទទួលយកឥទ្ធិពលរបស់ចិនកាន់តែខ្លាំងឡើងៗបន្ថែមទៀត។

    នៅក្នុងតំបន់នេះ សហរដ្ឋអាមេរិកមានប្រទេសជាសម្ព័ន្ធមិត្តចំនួន ២ គឺហ្វីលីពីននិងថៃ ហើយក៏មានដៃគូសំខាន់ៗផ្សេងទៀតផងដែរ ដែលរួមមានឥណ្ឌូណេស៊ី សិង្ហបុរី និងវៀតណាម។ ក៏ប៉ុន្តែទំនាក់ទំនងសេដ្ឋកិច្ចរបស់ប្រទេសទាំងនេះបាននិងកំពុងតែងាកឆ្ពោះទៅរកប្រទេសចិន ហើយការរឹតបន្តឹងចំណងការទូតរវាងអាស៊ានជាមួយនិងចិន ក៏កំពុងតែកើនឡើងផងដែរ ដោយសារតែអវត្តមានរបស់សហរដ្ឋអាមេរិក។

    អ្នកធ្វើគោលនយោបាយនៅក្នុងតំបន់នេះតិចតួច ណាស់ដែលចង់ឱ្យតំបន់នេះស្ថិតនៅក្រោមឥទ្ធិពលរបស់ចិន ខណៈភាគច្រើនចង់ឱ្យមានការរក្សាតុល្យភាពរវាងប្រទេសមហាអំណាចទាំង២ ដែលមានន័យថា «ពួកគេចង់ឱ្យសហរដ្ឋអាមេរិកចូលរួមយ៉ាងជិតស្និទ្ធនៅក្នុងកិច្ចការក្នុងតំបន់» ហើយនេះគឺជាហេតុផលដែលអាស៊ីអាគ្នេយ៍តែងតែមានការយោគយល់ចំពោះការមិនអើពើរបស់ទីក្រុងវ៉ាស៊ីនតោន។

    បញ្ហាបច្ចេកទេស របស់លោក Blinken គឺជារឿងដែលពិបាកទទួលយកណាស់ ហើយការពិតដែលថា «លោក Blinken មិនអាចចូលរួមក្នុងកិច្ចប្រជុំជាមួយអាស៊ាន ខណៈពេលដែលលោកកំពុងធ្វើដំណើរទៅកាន់ប្រទេសអ៊ីស្រាអែល» អាចផ្តល់ជាក្រើនរំលឹកថា «ការប្តេជ្ញាចិត្តរបស់សហរដ្ឋអាមេរិកក្នុងការដោះស្រាយបញ្ហានៅតំបន់ផ្សេងទៀតអាចនឹងបង្កការរំខានដល់ការយកចិត្តទុកដាក់របស់សហរដ្ឋអាមេរិកមកលើតំបន់អាស៊ី»។

    បើទោះបីជាមានការលើកឡើងអំពីការផ្តោតការចាប់អារម្មណ៍ មកលើតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិកក៏ដោយ ក៏ក្រសួងការពារជាតិអាមេរិកបានធ្វើការផ្លាស់ទីនាវាដឹកយន្តហោះចំបាំងតែមួយគត់របស់ខ្លួននៅតំបន់ប៉ាស៊ីហ្វិកភាគខាងលិចកាលពីខែមុន ដើម្បីទៅទទួលកងទ័ពអាមេរិកដែលបានចាកចេញពីប្រទេសអាហ្វហ្កានីស្ថាន ដែលសកម្មភាពនេះបាននិងកំពុងបង្កឱ្យមានការសង្ស័យកាន់តែខ្លាំងបន្ថែមទៀត។

    ជាងនេះទៅទៀត កាលពីពេលថ្មីៗនេះ រដ្ឋមន្ត្រីការបរទេស ឥណ្ឌូណេស៊ី គឺលោកស្រី Retno Marsudi បានធ្វើដំណើរទៅកាន់សហរដ្ឋអាមេរិកដើម្បីចូលរួមកិច្ចប្រជុំរបស់អង្គការសហប្រជាជាតិ ស្តីពីបញ្ហាប៉ាឡេស្ទីន។ ក៏ប៉ុន្តែ នៅពេលទៅដល់ទីនោះ លោកស្រីមិនអាចជួបប្រជុំដោយផ្ទាល់ជាមួយលោក Blinken បាននោះទេ ដែលប្រការនេះបានធ្វើឱ្យប្រទេសឥណ្ឌូណេស៊ីមានការអាក់អន់ចិត្តនិងខ្មាសអៀនយ៉ាងខ្លាំង។

    បញ្ហាទាំងអស់នេះមិនមែនបង្កឡើងដោយលោក បៃឌិន ទាំងស្រុងនោះទេ។ មុខតំណែងអគ្គរដ្ឋទូតអាមេរិកប្រចាំនៅតំបន់អាស៊ីអាគ្នេយ៍ បានអវត្តមានតាំងពីអាណត្តិរបស់លោក ត្រាំ មកម្ល៉េះ ហើយការរឹតត្បិតពាក់ព័ន្ធនឹងវីរុសរាតត្បាតកូវីឌ-១៩ ក៏ជាមូលហេតុដែលធ្វើឱ្យមេដឹកនាំអាមេរិកមិនអាចចូលរួមក្នុងព្រឹត្តិការណ៍ការទូតធំៗបានច្រើន និងមិនអាចបង្ហាញការប្តេជ្ញាចិត្តរបស់ពួកគេចំពោះតំបន់នេះ។

    នៅក្នុងខែមិថុនា រដ្ឋមន្រ្តីក្រសួងការពារជាតិអាមេរិក លោក Lloyd Austin មានគម្រោងដឹកនាំគណៈប្រតិភូដ៏ធំមួយ ដើម្បីចូលរួមក្នុងកិច្ចប្រជុំប្រចាំឆ្នាំ «Shangri-la» ដែលគ្រោងនឹងរៀបចំដោយស្ថាប័ន «International Institute for Strategic Studies» នៅក្នុងប្រទេសសិង្ហបុរី។ ក៏ប៉ុន្តែ ផែនការនេះត្រូវបានរំសាយចោលវិញ ដោយសារតែការផ្ទុះឡើងជាថ្មីនៃវីរុសរាតត្បាតកូវីដ-១៩។

    ទោះជាយ៉ាងណាក៏ដោយ លោក បៃឌិន មិនបានបង្ហាញពីកិច្ចខិតខំប្រឹងប្រែងក្នុងការស្តារទំនាក់ទំនងជាមួយនិងបណ្តាមេដឹកនាំអាស៊ីអាគ្នេយ៍នោះទេ ហើយតំណែងឯកអគ្គរដ្ឋទូតដែលនៅទំនេរ ក៏មិនត្រូវបានបំពេញភ្លាមៗនោះដែរ។

    អាមេរិកមានឱកាសដើម្បីបង្ហាញអំពីភាពជាអ្នកដឹកនាំរបស់ខ្លួន តួយ៉ាងដូចជាករណីរដ្ឋប្រហារនៅប្រទេសមីយ៉ាន់ម៉ា។ ប៉ុន្តែសហរដ្ឋអាមេរិកបែរជាបានឆ្លើយតបយ៉ាងស្ងៀមស្ងាត់ចំពោះវិបត្តិនៅមីយ៉ាន់ម៉ា ដោយក្នុងនោះ អាមេរិកបានដើរតួនាទីផ្នែកការទូតតិចតួចប៉ុណ្ណោះ។

    តាមពិតទៅ អ្នកយុទ្ធសាស្រ្តអាមេរិកមិនមែនមើលមិនឃើញអំពីបញ្ហាទាំងនេះនោះទេ។ ក្រោយពីមិនមានដំណើរទស្សនកិច្ចណាមួួយទាល់តែសោះរបស់ឥស្សរជនជាន់ខ្ពស់អាមេរិកមកកាន់តំបន់នេះ សហរដ្ឋអាមេរិកក៏បានសម្រេចបញ្ជូនត្រឹមអនុរដ្ឋមន្រ្តីក្រសួងការបរទេសសហរដ្ឋអាមេរិក គឺលោកស្រី Wendy Sherman ដើម្បីមកធ្វើទស្សនកិច្ចនៅទីក្រុងហ្សាកាតា ទីក្រុងបាងកក និងនៅរាជធានីភ្នំពេញកាលពីចុងខែឧសភា និងដើមខែមិថុនាកន្លងមកនេះ។

    ទោះជាយ៉ាងណាក៏ដោយ ការតែងតាំងលោក Daniel Kritenbrink ជាមន្រ្តីការបរទេសជាន់ខ្ពស់ទទួលបន្ទុកលើតំបន់អាស៊ីបូព៌ា អាចនឹងជួយសម្របសម្រួលបញ្ហាគោលនយោបាយបានខ្លះ ដោយសារតែលោក Kritenbrink ធ្លាប់ធ្វើជាអតីតឯកអគ្គរដ្ឋទូតប្រចាំប្រទេសវៀតណាម។

    ប៉ុន្តែកិច្ចប្រឹងប្រែងទាំងអស់នេះនៅមិនទាន់គ្រប់គ្រាន់នៅឡើយនោះទេ បើប្រៀបធៀបជាមួយនឹងកិច្ចខិតខំប្រឹងប្រែង របស់ប្រទេសចិនក្នុងការបង្កើនទំនាក់ទំនងនៅក្នុងតំបន់នេះ ។

    នៅថ្ងៃទី ៧ មិថុនា លោក Wang បានរៀបចំ «កិច្ចប្រជុំពិសេសថ្នាក់រដ្ឋមន្ត្រីការបរទេសអាស៊ាន-ចិន» នៅក្នុងទីក្រុង Chongqing នៃប្រទេសចិន ហើយរបៀបវារៈទៀតសោតក៏ត្រូវបានផ្តោតទៅលើបញ្ហសំខាន់ៗមួយចំនួន ដូចជាការទូតវ៉ាក់សាំងនិងការស្តារសេដ្ឋកិច្ចក្រោយវីរុសរាតត្បាត។

    លោក Wang បានពង្រឹងទំនាក់ទំនងរវាងប្រទេសចិនជាមួយអាស៊ានឱ្យក្លាយទៅជា «ភាពជាដៃគូ យុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ» ដែលនេះមិនត្រឹមតែជានិមិត្តរូបដ៏ធំមួយនោះទេ ក៏ប៉ុន្តែ «សកម្មភាពនេះ ក៏បានធ្វើឱ្យអាស៊ានមានឋានៈស្មើនឹងសហភាពអឺរ៉ុបផងដែរ»។ ក្រៅពីនេះ ចំណងមិត្តភាពរបស់ចិនជាមួយបណ្តាប្រទេសជាសមាជិកអាស៊ាននីមួយៗក៏កំពុងតែមានភាពប្រសើរឡើងផងដែរ។

    កាលពីដើមខែមិថុនា ប្រទេសចិននិងឥណ្ឌូណេស៊ីបានចាប់ផ្តើម «យន្តការកិច្ចសហប្រតិបត្តិសន្ទនាកម្រិតខ្ពស់» ថ្មីមួយ តាមរយៈកិច្ចប្រជុំមិត្តភាពរវាងលោក Wang និងលោក Luhut Binsar Pandjaitan ដែលជាអ្នកជំនួញ ហើយប្រែមកជាអ្នកនយោបាយដ៏មានឥទ្ធិពលម្នាក់។

    ការខកចិត្តមួយចំនួនរបស់តំបន់អាស៊ីអាគ្នេយ៍ អាចនឹងរលាយបាត់ នៅពេលដែលមេដឹកនាំជាន់ខ្ពស់អាមេរិកកាន់តែច្រើនចាប់ផ្តើមធ្វើទស្សនកិច្ចមកកាន់តំបន់នេះនៅក្នុងរយៈពេលប៉ុន្មានខែខាងមុខទៀត។ ប៉ុន្តែ ការបង្ហាញខ្លួននេះនឹងមិនអាចជួយដោះស្រាយបញ្ហាសំខាន់ៗដែលបានរារាំងសហរដ្ឋអាមេរិកពីការអភិវឌ្ឍយុទ្ធសាស្រ្តក្នុងតំបន់ ដើម្បីប្រឆាំងនឹងឥទ្ធិពលចិននៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក នោះទេ។

    បញ្ហាទី ១ និងជាក់ស្តែងបំផុតគឺ ៖ «ទីក្រុងវ៉ាស៊ីនតោនខ្វះខាតរបៀបវារៈលើផ្នែកសេដ្ឋកិច្ចសម្រាប់តំបន់នេះ»។ ក្រៅពីការងើបឡើងវិញក្រោយវីរុសរាតត្បាត បញ្ហាកំណើននិងពាណិជ្ជកម្ម គឺជាក្តីបារម្ភចម្បងរបស់តំបន់អាស៊ីអាគ្នេយ៍។

    អស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ ដែលសហរដ្ឋអាមេរិកបានក្លាយជាអ្នកដើរតួនាទីផ្នែកសេដ្ឋកិច្ចដ៏ធំបំផុត និងជាស្ថាបត្យករនៃប្រព័ន្ធពាណិជ្ជកម្ម។ ក៏ប៉ុន្តែឥឡូវនេះ សហរដ្ឋអាមេរិកអាចនឹងធ្លាក់ទៅលេខរៀងទី ២ វិញ ខណៈពេលដែលប្រទេសចិនអាចទទួលបានចំណាត់ថ្នាក់លេខ ១ រួចទៅហើយ។

    ចំណុចសំខាន់នៃបញ្ហានេះ គឺស្ថិតនៅលើកិច្ចព្រមព្រៀងគ្រប់ជ្រុងជ្រោយ និងវឌ្ឍនភាពសម្រាប់ភាពជាដៃគូអន្តរប៉ាស៊ីហ្វិកដែលជាកិច្ចព្រមព្រៀងពាណិជ្ជកម្មមួយដែលបានភ្ជាប់ទំនាក់ទំនងសេដ្ឋកិច្ចរបស់ប្រទេសចំនួន ១១ ដែលមានព្រំប្រទល់ជាប់និងមហាសមុទ្រប៉ាស៊ីហ្វិកជា មួយនិងប្រទេសផ្សេងៗទៀត ដូចជាអង់គ្លេសជាដើម។

    រហូតមកដល់ពេលនេះ ក្រុមរបស់ លោក បៃឌិន បានបង្ហាញនូវសញ្ញាមួយចំនួនក្នុងការស្វែងរកវិធីសាស្ត្រដោះស្រាយបញ្ហាប្រឈមនានា ដែលបានបង្ខំឱ្យសហរដ្ឋអាមេរិកដកខ្លួនចេញពីកិច្ចព្រមព្រៀងមុនៗ ក៏ដូចជាវិធីធ្វើឱ្យអាមេរិកអាចចូលរួមក្នុងកិច្ចព្រមព្រៀងពាណិជ្ជកម្មថ្មីៗរបស់ប្លុកនេះឡើងវិញ ដើម្បីអាចទាញយកតំណែងជាអ្នកគ្រប់គ្រងសេដ្ឋកិច្ចក្នុងតំបន់បានមកវិញ។

    លោក បៃឌិន ក៏កំពុងប្រឈមមុខនឹង បញ្ហាទី ២ ផងដែរ ដែលនោះគឺ «លោកមិនបានលើកឡើងនូវសារដែលមានឥទ្ធិពល សម្រាប់តំបន់អាស៊ីអាគ្នេយ៍នោះទេ»។ លោក បៃឌិន ធ្លាប់បាននិយាយកាលពីខែឧសភាថា «យើងកំពុងស្ថិតនៅក្នុងសមរភូមិរវាងលទ្ធិប្រជាធិបតេយ្យ និងភាពផ្តាច់ការ» ហើយវាក៏ជាប្រធានបទមួយ ដែលលោកបានបញ្ជាក់សារជាថ្មីម្តងទៀត នៅឯកិច្ចប្រជុំកំពូលអឺរ៉ុបផងដែរ។

    «ការលើកឡើងអំពីការគាំទ្រលទ្ធិប្រជាធិបតេយ្យមិនសូវមានប្រយោជន៍នោះទេសម្រាប់តំបន់អាស៊ាន» ដែលជាតំបន់ដែលសំបូរទៅដោយមេដឹកនាំផ្តាច់ការ និងរបបដឹកនាំយោធា ហើយក៏ជាកន្លែងដែលលទ្ធិប្រជាធិបតេយ្យកំពុងតែមាននិន្នាការដើរថយក្រោយផងដែរ នៅក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ។

    បញ្ហាទី ៣ និងសំខាន់បំផុតគឺ ៖ «ភាពតានតឹងកាន់តែខ្លាំងឡើងរវាងគោលនយោបាយរបស់សហរដ្ឋអាមេរិកស្តីពីប្រទេសចិន និងស្តីពីអាស៊ាន»។  លោក បៃឌិន បាននិងកំពុងត្រៀមបន្តអនុវត្តគោលនយោបាយដ៏តឹងរ៉ឹងចំពោះចិនរបស់លោក ត្រាំ ដោយរាប់ចាប់តាំងពីការប្រកួតប្រជែងផ្នែកយោធា រហូតដល់ផ្នែកបច្ចេកវិទ្យា។

    ការប្រកួតប្រជែងរវាងសហរដ្ឋអាមេរិក និងចិននឹងធ្វើឱ្យតំបន់អាស៊ីអាគ្នេយ៍មានការភ័យខ្លាច។ បណ្តាមេដឹកនាំរបស់អាស៊ានបានដឹងថា «ទំនាក់ទំនងរវាងទីក្រុងប៉េកាំងនិងវ៉ាស៊ីនតោន នឹងមិនអាចវិលត្រឡប់ទៅរកការចុះសម្រុងគ្នានៅក្នុងពេលឆាប់ៗនេះទេ»។ ក៏ប៉ុន្តែពួកគេសង្ឃឹមថា «យ៉ាងហោចណាស់ ទំនាក់ទំនងនេះអាចនឹងមានស្ថិរភាពនៅក្នុងផ្នែកមួយចំនួន»។

    និយាយដោយសាមញ្ញ «នៅពេលដែលទីក្រុងវ៉ាស៊ីនតោនបង្កើនការប្រឆាំងនឹងទីក្រុងប៉េកាំងកាន់តែខ្លាំង ទំនាក់ទំនងរវាងអាមេរិកជាមួយនិងតំបន់អាស៊ីអាគ្នេយ៍ ក៏នឹងមានលក្ខណៈកាន់តែមានភាពស្មុគស្មាញផងដែរ»។

    ភាពតានតឹងនេះអាចបង្កផលប៉ះពាល់កាន់តែខ្លាំងដល់ទំនាក់ទំនងជាពិសេស បន្ទាប់ពីមានការកើនឡើងនូវតួនាទីរបស់ក្រុម «Quad» ដែលជាសម្ព័ន្ធភាពក្រៅផ្លូវការរវាងប្រទេសជប៉ុន ឥណ្ឌា អូស្ត្រាលី និងសហរដ្ឋអាមេរិក

    កាលពីខែមីនា ក្រុមរបស់លោក បៃឌិន បានបង្កើតឧបករណ៍ការទូតអាស៊ីដ៏គួរឱ្យចាប់អារម្មណ៍មួយតាមរយៈការប្តេជ្ញាចិត្តរបស់ក្រុម Quad ដែលនឹងធ្វើការចែកចាយវ៉ាក់សាំងចំនួន ១ ពាន់លានដូស ដល់បណ្តាប្រទេសជាសមាជិកអាស៊ាន ហើយនេះក៏ជាផ្នែកមួយនៃការព្យាយាមប្រឆាំងនឹងការទូតវ៉ាក់សាំងរបស់ចិនផងដែរ។ សកម្មភាពនេះមានលក្ខណៈវៃឆ្លាតនិងទទួលបានការស្វាគមន៍យ៉ាងទូលំទូលាយ បើទោះបីជាការចែកចាយវ៉ាក់សាំងពិតប្រាកដមានភាពយឺតយ៉ាវក៏ដោយ។

    ប៉ុន្តែ ការនិយាយអំពីតួនាទីដ៏ធំរបស់ក្រុម Quad អាចនឹងបង្កឱ្យមានការព្រួយបារម្ភ ព្រោះវាអាចរារាំងអាស៊ានពីការដើរតួនាទីជាវេទិកាដ៏សំខាន់សម្រាប់ដោះស្រាយបញ្ហាក្នុងតំបន់។ ការជំរុញរបស់ទីក្រុងវ៉ាស៊ីនតោនឱ្យក្រុម Quad ទទួលយកនូវតួនាទីលេចធ្លោមួយនៅក្នុងវិស័យនានា ដូចជាវិស័យហេដ្ឋា រចនាសម្ព័ន្ធ ក៏អាចនឹង បង្កើនការព្រួយបារម្ភកាន់តែខ្លាំងផងដែរ។

    បញ្ហាដែលលោក បៃឌិន ប្រឈមមុខគឺកើតចេញពីភាពអសន្តិសុខរបស់តំបន់អាស៊ីអាគ្នេយ៍។ តំបន់នេះចង់បាន ការចូលរួមច្រើនរបស់សហរដ្ឋអាមេរិក។ ក៏ប៉ុន្តែ នៅពេលដែលអាមេរិកបង្ហាញពី សញ្ញានៃការចូលរួមតាមរយៈសម្ព័ន្ធមិត្ត Quad អាស៊ានបែរជា បង្ហាញនូវកាយវិការអវិជ្ជមានវិញ។

    ដើម្បីអាចទទួល បានការយកចិត្តទុកដាក់ពីទីក្រុងវ៉ាស៊ីនតោន អាស៊ានគួរតែមានឆន្ទៈក្នុងការដើរតួនាទីជាមេដឹកនាំការទូតនៅក្នុងតំបន់របស់ពួកគេផ្ទាល់។ ក៏ប៉ុន្តែ ផ្ទុយទៅវិញ បណ្តាមេដឹកនាំនៅក្នុងតំបន់នេះតែងតែបន្ទន់ឥរិយាបថ ចំពោះប្រធានបទដ៏ចម្រូងចម្រាសមួយចំនួន ដែលនេះក៏ព្រោះតែខ្លាចបង្កផលប៉ះពាល់ដល់ប្រទេសចិន ឬសហរដ្ឋអាមេរិក។

    ការរក្សាតុល្យភាព រវាងការប្រកួតប្រជែងជាមួយចិន និងការធានាទំនាក់ទំនងជាមួយតំបន់អាស៊ីអាគ្នេយ៍ គឺជារឿងដែលមិនងាយស្រួលនោះទេ។ ប៉ុន្តែបញ្ហាសំខាន់នោះគឺ «រដ្ឋបាលរបស់លោក បៃឌិន ហាក់ដូចជាមិនបានព្យាយាមដើម្បីធ្វើឱ្យមានតុល្យភាពនោះទេ» ហើយប្រសិនបើតំបន់អាស៊ីអាគ្នេយ៍នៅតែបន្តងាកឆ្ពោះទៅរកប្រទេសចិន នោះកំហុសគ្រប់យ៉ាងគឺបណ្តាលមកពីសហរដ្ឋអាមេរិកខ្លួនឯង៕ Foreign Policy

    អត្ថបទទាក់ទង