ខ្មែរប៉ុស្ដិ៍ Close

    បញ្ហាប្រឈមខាងផ្នែកសន្តិសុខអ៊ីនធឺណិតរបស់អាស៊ានស្ថិតក្នុងការយកចិត្តទុកដាក់ ជាមួយនិងការបង្កើតមជ្ឈមណ្ឌលថ្មីមួយ

    ដោយ៖ លី វិទ្យា ​​ | ថ្ងៃព្រហស្បតិ៍ ទី១ ខែកក្កដា ឆ្នាំ២០២១ ទស្សនៈ - នយោបាយ 1966
    បញ្ហាប្រឈមខាងផ្នែកសន្តិសុខអ៊ីនធឺណិតរបស់អាស៊ានស្ថិតក្នុងការយកចិត្តទុកដាក់ ជាមួយនិងការបង្កើតមជ្ឈមណ្ឌលថ្មីមួយបញ្ហាប្រឈមខាងផ្នែកសន្តិសុខអ៊ីនធឺណិតរបស់អាស៊ានស្ថិតក្នុងការយកចិត្តទុកដាក់ ជាមួយនិងការបង្កើតមជ្ឈមណ្ឌលថ្មីមួយ

    ចំណុចសំខាន់មួយនៃការកត់សម្គាល់ ដែលបានចេញនៅក្រោយកិច្ចប្រជុំរដ្ឋមន្រ្តីការពារជាតិអាស៊ាន (ASEAN Defense Ministers Meeting – ADMM) តាមប្រព័ន្ធអនឡាញដែលទើបបានបញ្ចប់ទៅកាលពីថ្ងៃទី ១៥ មិថុនា គឺជាការដាក់ឱ្យដំណើរការជាផ្លូវការនូវមជ្ឈមណ្ឌលឧត្តមភាព សន្តិសុខអ៊ីនធឺណិត (Cyber Center of Excellence) ដែល មានមូលដ្ឋាននៅប្រទេសសិង្ហបុរី។

    បើទោះបីជាការវិវឌ្ឍនេះមិនមានអ្វីគួរឱ្យភ្ញាក់ផ្អើលក៏ដោយ ក៏វាជាការបង្ហាញអំពីការបន្តយកចិត្តទុកដាក់ លើសារសំខាន់នៃសន្តិសុខអ៊ីនធឺណិត ដោយត្រូវបានចាត់ទុកជាបញ្ហាក្នុងវិស័យការពារជាតិដ៏មានសារសំខាន់មួយ សម្រាប់បណ្តារដ្ឋនៅអាស៊ីអាគ្នេយ៍ ក៏ដូចជាសម្រាប់ដៃគូ សំខាន់ៗរបស់ពួកគេផងដែរ។

    សន្តិសុខអ៊ីនធឺណិត ត្រូវបានបណ្តារដ្ឋនៅអាស៊ីអាគ្នេយ៍ និយាយជារួម ក៏ដូចជាសមាគមអាស៊ានទាំងមូល និយាយដោយឡែក យកចិត្តទុកដាក់កាន់តែខ្លាំងឡើងៗនៅក្នុងបរិបទនៃការប៉ុនប៉ង របស់ប្លុកនេះដើម្បីធ្វើឱ្យមានតុល្យភាពនូវឱកាសដែលទទួលបានពីសេដ្ឋកិច្ចឌីជីថល ជាមួយនិងបញ្ហាប្រឈមនានាដែលបង្កឡើងដោយការកើនឡើងនៃការគម្រាមកំហែងតាមប្រព័ន្ធអ៊ីនធឺណិតដ៏ស្មុគស្មាញ នៅក្នុងពិភពលោកមួយដែល មានបណ្តាញតភ្ជាប់កាន់តែច្រើនឡើងៗ ព្រមទាំងទំនាក់ទំនងរបស់បណ្ដាញតភ្ជាប់ទាំងនេះទៅនឹងបញ្ហាប្រឈមផ្សេងទៀត ដូចជាបញ្ហាភេរវកម្មជាដើម។

    ជាក់ស្ដែង បញ្ហាទាំងនេះត្រូវបានលើកយកមកពិភាក្សាដោយ ADMM ដែលជាស្ថាប័នការពារដ៏សំខាន់មួយនៅក្នុងអាស៊ានកាលពីពេលថ្មីៗនេះ។ នាប៉ុន្មានឆ្នាំចុងក្រោយនេះ គេឃើញមានការរៀបចំឱ្យមានក្រុមការងារ
    សន្តិសុខអ៊ីនធឺណិត ADMM-Plus មួយកាលពីឆ្នាំ ២០១៦ និងការបង្កើតស្ថាប័នថ្មីៗ ដូចជាមជ្ឈមណ្ឌលកសាងសមត្ថភាពសន្តិសុខអ៊ីនធឺណិត អាស៊ាន-ជប៉ុន (ASEAN-Japan Cybersecurity Capacity Building Center) ជាដើម ដែលត្រូវបានប្រកាសឱ្យដឹងកាលពីអំឡុងពេលដែលប្រទេសថៃជាប្រធានអាស៊ានកាលពីឆ្នាំ ២០១៩។

    យើងក៏បានឃើញការយកចិត្តទុកដាក់នេះ ត្រូវបានពង្រឹងម្តងទៀតផងដែរនៅក្នុងកិច្ចប្រជុំ ADMM ចុងក្រោយនេះ ដែលរៀបចំឡើងដោយប្រធានអាស៊ានបច្ចុប្បន្ន គឺប្រទេសប្រ៊ុយណេ។

    សេចក្តីប្រកាស របស់ទីក្រុងបង់ដាសេរីបេហ្កាវ៉ាន់ ត្រូវបានអនុម័តដោយ ADMM កាលពីថ្ងៃទី ១៥ មិថុនាស្តីពីការលើកកម្ពស់ «អាស៊ានមួយដែលត្រៀមខ្លួនរួចជាស្រេចសម្រាប់អនាគតប្រកបដោយសន្តិភាពនិងវិបុលភាព» បានកត់សម្គាល់នូវវឌ្ឍនភាពមួយចំនួនដែលបានធ្វើឡើងនៅក្នុងវិស័យសន្តិសុខអ៊ីនធឺណិត ព្រមទាំងបានរាប់បញ្ចូលនូវវិធានការមួយចំនួនដែលត្រូវបានរៀបចំឡើង ដើម្បីជម្រុញសកម្មភាពនៅក្នុងវិស័យនេះនាពេលអនាគតផងដែរ។

    ឯកសារទស្សនទាន (Concept Paper) មួយ ដែលត្រូវបានអនុម័តដោយកិច្ចប្រជុំនេះ មានជាប់ទាក់ទងនឹងការបង្កើតមជ្ឈមណ្ឌលឧត្តមភាពសន្តិសុខអ៊ីនធឺណិតថ្មីមួយ។

    មជ្ឈមណ្ឌលនេះមានឈ្មោះជាផ្លូវការថា : មជ្ឈមណ្ឌលឧត្តមភាពសន្តិសុខអ៊ីនធឺណិតនិងព័ត៌មាននៃកិច្ចប្រជុំរដ្ឋមន្រ្តីការពារជាតិអាស៊ាន (ADMM Cybersecurity and Information Center of Excellence) ដែលនឹងមានមូលដ្ឋាននៅ ក្នុងប្រទេសសឹង្ហបុរី និងដែលត្រូវបានរៀបចំឡើងដើម្បី «លើកកម្ពស់កិច្ចសហប្រតិបត្តិការលើវិស័យសន្តិសុខអ៊ីនធឺណិតនិងព័ត៌មាន នៅក្នុងវិស័យការពារជាតិ, បង្កើនកិច្ចសហប្រតិបត្តិការពហុភាគីក្នុងចំណោមស្ថាប័នការពារជាតិអាស៊ានប្រឆាំងនឹងការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិត, ការផ្សាយព័ត៌មានមិនពិត (Disinformation) និងការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ Misinformation»។

    គំនិតក្នុងការកសាងមជ្ឈមណ្ឌលនេះនៅក្នុងប្រទេសសិង្ហបុរីមិនបានបង្កឱ្យមានការភ្ញាក់ផ្អើលនោះទេ។ ប្រទេសសឹង្ហបុរីបាននិងកំពុងធ្វើការដើម្បីក្លាយខ្លួនជាមេដឹកនាំនៅអាស៊ាន លើបញ្ហាសន្តិសុខអ៊ីនធឺណិតនេះរួចមកហើយ តាមរយៈគំនិតផ្តួចផ្តើមជាច្រើននាពេលប៉ុន្មានឆ្នាំកន្លងមកនេះដែលគ្របដណ្តប់លើវិស័យផ្សេងៗ រួមមានដូចជាការកសាងសមត្ថភាព និងការសន្ទនាជាដើម។ ក្នុងនោះក៏មានរាប់បញ្ចូលទាំងសេចក្តីប្រកាសជាផ្លូវការនៃមជ្ឈមណ្ឌលឧត្តមភាព សន្តិសុខអ៊ីនធឺណិតអាស៊ាន-សឹង្ហបុរី (ASEAN-Singapore Cybersecurity Center of Excellence) កាលពីឆ្នាំ ២០១៩ នៅឯសន្និសីទរដ្ឋមន្រ្តីការបរទេសអាស៊ាន
    ស្តីពីសន្តិសុខអ៊ីនធឺណិតលើកទី៤ (ASEAN Ministerial Conference on Cybersecurity) ផងដែរ។

    រហូតមកទល់ពេលនេះ គេឃើញមានព័ត៌មានលម្អិតតិចតួចប៉ុណ្ណោះដែលត្រូវបានផ្សព្វផ្សាយជាសាធារណៈអំពីតួនាទីរបស់មជ្ឈមណ្ឌលថ្មីនេះនៅក្នុង ADMM ។ រដ្ឋមន្រ្តីការពារជាតិ សឹង្ហបុរី លោក Ng Eng Hen បានលើកឡើងអំពីការអភិវឌ្ឍ នេះថា ជាឧទាហរណ៍មួយនៃសារសំខាន់ក្នុងការស្វែងរកមធ្យោបាយថ្មីៗ សម្រាប់ការសន្ទនាជាយុទ្ធសាស្ត្រ និងកិច្ចសហប្រតិបត្តិការជាក់ស្តែងដើម្បីដោះស្រាយបញ្ហាប្រឈមក្នុងពេលបច្ចុប្បន្ននិងទៅអនាគតលើផ្នែកសន្តិសុខ ព្រមទាំងលើកកម្ពស់ការវិភាគនិងការចែករំលែកព័ត៌មានឱ្យបានត្រឹមត្រូវ បើទោះបីជា ស្ថិតនៅក្នុងវិបត្តិនៃជំងឺរាតត្បាតជាសកលក៏ដោយ ដែលវាបានរួមចំណែកដល់ការលុបចោលកិច្ចសន្ទនា Shangri-La Dialogue នៅឆ្នាំនេះផងដែរ។

    នៅពេលដែលភាពជាក់លាក់លេចចេញកាន់តែច្បាស់ ការអភិវឌ្ឍមជ្ឈមណ្ឌលឧត្តមភាពនេះ នឹងធានាឱ្យមានការពិនិត្យពិច័យយ៉ាងហ្មត់ចត់។ ការពិនិត្យពិច័យនេះ រួមបញ្ចូលទាំងវិស័យស្នូលនានាដែលមជ្ឈមណ្ឌលនេះត្រូវខិតខំប្រឹងប្រែងធ្វើដើម្បីឱ្យមានការរីកចម្រើន ដែលរួមមានដូចជា ការស្រាវជ្រាវ, ការបណ្តុះបណ្តាលនិងការចែករំលែកព័ត៌មាន ក៏ដូចជារបៀបដែលមជ្ឈមណ្ឌលនេះនឹងសម្របខ្លួនទៅក្នុងស្ថាប័ននិងកិច្ចសហប្រតិបត្តិការដែលមានស្រាប់ផងដែរ។

    ករណីមួយនៅក្នុងចំណុចនេះ គឺជាការអនុម័តឯកសារទស្សនទាន (Concept Paper) មួយនៅឯកិច្ចប្រជុំ ADMM ស្តីពីការ បង្កើតបណ្តាញការពារសន្តិសុខអ៊ីនធឺណិតអាស៊ាន (ASEAN Cyber Defense Network) ដើម្បីភ្ជាប់គ្នារវាងមជ្ឈមណ្ឌលប្រតិបត្តិការការពារសន្តិសុខអ៊ីនធឺណិតជាតិរបស់រដ្ឋជាសមាជិកនីមួយៗ។

    ការលើកឡើងបែបនេះនឹងផ្តល់នូវការយល់ដឹងបន្ថែមទៀតអំពីរបៀបដែលស្ថាប័ននេះវិវឌ្ឍទៅជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងកាន់តែទូលំទូលាយដោយបណ្ដារដ្ឋនៅអាស៊ីអាគ្នេយ៍ដើម្បីគ្រប់គ្រងបញ្ហាប្រឈមខាងផ្នែកសន្តិសុខអ៊ីនធឺណិតក្នុងរយៈពេលពីរបីឆ្នាំខាងមុខនេះ៕ The Diplomat