ខ្មែរប៉ុស្ដិ៍ Close

    CAMSOC បន្តលើកទិសដៅកាងារឆមាសទី២ ឆ្នាំ២០២១ ឆ្ពោះទៅធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣

    ដោយ៖ ប្រាជ្ញ សុវណ្ណរ៉ា ​​ | ថ្ងៃអង្គារ ទី១៣ ខែកក្កដា ឆ្នាំ២០២១ ផ្ទះហ្វេសប៊ុក 1275
    CAMSOC បន្តលើកទិសដៅកាងារឆមាសទី២ ឆ្នាំ២០២១ ឆ្ពោះទៅធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣CAMSOC បន្តលើកទិសដៅកាងារឆមាសទី២ ឆ្នាំ២០២១ ឆ្ពោះទៅធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣

    លោកបណ្ឌិត ថោង ខុន អនុប្រធានអចិន្ត្រៃយ៍ គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) បានអញ្ជើញដឹកនាំកិច្ចប្រជុំនៅព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២១ ដោយត្រួតពិនិត្យឯកសារបូកសរុបលទ្ធផលការងារឆមាសទី១ និងបន្តលើកទិសដៅឆមាសទី២ ឆ្នាំ២០២១។

    ថ្លែងក្រោយបញ្ចប់កិច្ចប្រជុំប្រចាំសប្តាហ៍នេះ លោក វ៉ាត់ ចំរើន អគ្គលេខាធិការ CAMSOC បានគូសបញ្ជាក់ថា «យើងបានបូកសរុប៦ខែនៃឆមាសទី១ គឺមានបញ្ហាប្រឈម ហើយយើងបានដោះស្រាយបញ្ហានានា ដែលកើតឡើងហើយក្នុង៦ខែនេះដែរ គឺយើងឃើញថាអ្វីដែលសំខាន់ គឺឯឧត្តមបណ្ឌិត ថោង ខុន បានដាក់ចេញនូវគោលការណ៍ជាច្រើន ដែលរងនូវផលប៉ះពាល់ ហើយបានដំណោះស្រាយនូវបញ្ហាជាបន្តបន្ទាប់។ ដូច្នេះ សមិទ្ធផលទាំងឡាយនៅក្នុងឆមាសទី១នេះ គឺយើងទទួលបានច្រើនណាស់ បើទោះបីជាស្ថិតក្នុងបរិបទកូវីដ-១៩ក្តី។ ប៉ុន្តែបើទោះជាយើងទទួលរងនូវផលប៉ះពាល់ទាំងអស់នោះក្តី ក៏យើងបានធ្វើដំណើរ ក្នុងបរិបទថ្មី សម្រាប់ការងាររបស់យើងដែរ»។

    លោកបន្ថែមថា ការងារដែលប្រឈមមួយទៀត គឺផលប៉ះពាល់រឿងពហុកីឡដ្ឋានជាតិអូឡាំពិក ដែលត្រូវ បានរាជរដ្ឋាភិបាលរៀបចំព្យាបាលកូវីដ-១៩ ដូច្នេះយើងបានរៀបចំផែនការថ្មី ដោយលើក យកការហ្វឹកហាត់របស់ក្រុមកីឡាករ កីឡាការិនីជម្រើសជាតិកម្ពុជាទៅហ្វឹកហាត់នៅពហុ កីឡដ្ឋានជាតិមរតកតេជោ។ លោកបន្ដថា ក្រោយពេលបញ្ចប់ និងទទួលបានការអនុញ្ញាតពីរាជរដ្ឋាបាល ទើបយើងនឹងជួសជុលកែលម្អ ពហុកីឡដ្ឋានជាតិអូឡាំពិកឡើងវិញ ដើម្បីត្រៀមឆ្ពោះទៅទទួលរៀបចំការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣។ លោកអគ្គលេខាធិការបានបន្ដទៀតថា ចំពោះដំណោះស្រាយទី២ គឺរឿងការរៀបចំការការហ្វឹកហាត់របស់ក្រុមជម្រើសជាតិ ដែលបច្ចុប្បន្នរាជរដ្ឋាភិបាលបានអនុញ្ញាតហើយ ក៏ប៉ុន្តែយើងត្រូវរៀបចំការហ្វឹកហាត់ឱ្យមានការមានវិធានការបិទខ្ទប់ប្រកបដោយសុវត្ថិភាពត្រឹមត្រូវ នៅក្នុងការបិទខ្ទប់ និងធានាបាននូវភាពកក់ក្ដៅរបស់កីឡាករ កីឡាការិនី និងគ្រូបង្វឹក ដែលត្រូវបានប្រមូលផ្ដុំគ្នានៅតាមទីលានហ្វឹកហាត់ នៅកន្លែងពហុកីឡដ្ឋានជាតិមរតកតេជោ និងនៅតាមទីកន្លែងមួយមួយចំនួនទៀត ដែលសហព័ន្ធកីឡាជាតិនានាមានកន្លែងរៀបរយរបស់គាត់ផ្សេងៗពីគ្នា។

    លោក វ៉ាត់ ចំរើន បានលើកឡើងថា ចំពោះផែនការសកម្មភាពការងារបន្ត សម្រាប់ឆមាសទី២ ឆ្នាំ២០២១ គឺជាពេលវេលាដ៏សំខាន់ណាស់ សម្រាប់ CAMSOC ដែលយើងដឹងហើយថា ឆ្នាំ២០២១ គឺជាឆ្នាំដែលយើងរៀបចំហ្គេម សម្រាប់ ស៊ីហ្គេម ឆ្នាំ២០២៣ ទៅហើយៗ កិច្ចការងារទាំងអស់ត្រូវបញ្ចប់នឹងរៀបរយឱ្យបានរៀបរយទាំងអស់តែម្តង ដូចជាការកំណត់ប្រភេទកីឡា ការកំណត់វិញ្ញាសានៃប្រភេទកីឡាទាំងអស់ ខណៈទីលានប្រកួតត្រូវបានកំណត់ការរៀបចំរួចរាល់អស់ហើយ ដោយត្រូវកែលម្អទីលានប្រកួតឲ្យត្រូវតាមស្តង់ដាបច្ចេកទេសប៉ុណ្ណោះ។ លោកបានបន្ថែមថា អ្វីដែលសំខាន់ គឺការប្រារព្ធពិធីបើក-បិទស៊ីហ្គេម ឆ្នាំ២០២៣ ដោយលោកបណ្ឌិត ថោង ខុន បានសង្កត់ធ្ងន់ជាញឹកញាប់ និងឱ្យបានកាន់តែសកម្មបន្ថែមទៀត នៅក្នុងផែនការនៃឆមាសទី២នេះ ពោលគឺគ្រប់គណៈកម្មការជំនាញទាំងអស់ត្រូវតែបង្កើនល្បឿននៃផែនការសកម្មភាពតែម្តង។

    ជាមួយគ្នានោះ នៅក្នុងឆមាស ទី២ ឆ្នាំ២០២១នេះ CAMSOC នឹងបើកយុទ្ធនាការយ៉ាងច្រើន ឆ្ពោះទៅទទួលរៀបចំធ្វើម្ចាស់ ផ្ទះ ស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ដូចជាយុទ្ធនាការ ប្រជាជនម្នាក់លេងកីឡា មួយមុខ យុទ្ធនាការកម្ពុជាស្អាត យុទ្ធនាការកាត់បន្ថយគ្រឿងញៀន-គ្រោះថ្នាក់ចរាចរណ៍ និងសណ្តាប់ឆ្នាប់សង្គមជាច្រើនទៀត និងបញ្ជូលបន្ថែមនូវវិធានការរបស់រាជរដ្ឋាភិបាល ៣ការពារ ៣កុំ និង២ចូលរួម ក្នុងពេលដំណាលគ្នានេះដែរ។ លើសពីនេះទៀត យុទ្ធនាការជាតិ ដ៏សំខាន់មួយ គឺCAMSOCនឹងបើកយុទ្ធនាការជាតិស្តីពីការផ្សព្វផ្សាយស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ដោយរួមគ្នាផ្សព្វផ្សាយទាំងថ្នាក់ជាតិ និងអន្តរជាតិ ដោយបណ្តាប្រទេសនានា ក្នុងអាស៊ីអាគ្នេយ៍ទាំងអស់ តាមរយៈគណៈកម្មាធិការជាតិអូឡាំពិកនីមួយៗជាសមាជិកអាស៊ីអាគ្នេយ៍នឹងជួយជ្រោមជ្រែងដល់ការផ្សព្វផ្សាយនេះផងដែរ។ សម្រាប់យុទ្ធនាការផ្សព្វផ្សាយនេះនឹងប្រកាសបើកជាផ្លូវវការដ៏ខ្ពង់ខ្ពស់ដោយប្រមុខរាជ រដ្ឋាភិបាលកម្ពុជាតែម្តងនៅក្នុងក្របខ័ណ្ឌរាជធានី-ខេត្តទូទាំងប្រទេស នាពេលខាងមុខ។ នេះជាការលើកឡើងបន្ថែមរបស់លោកអគ្គលេខាធិការ វ៉ាត់ ចំរើន។

    សូមបញ្ជាក់ថា កម្ពុជានឹងប្រារព្ធ «ពិធីរាប់ថយក្រោយ៥០០ថ្ងៃ» ដ៏ធិកអធមម្តងទៀត ឆ្ពោះទៅពិធីបើកជាផ្លូវការស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ នាថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៣ ដែលរយៈពេល៥០០ថ្ងៃគត់ គឺចំថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២១ ដោយនៅក្នុងពិធីរាប់ថយក្រោយ ៥០០ថ្ងៃនេះនឹងស្វែងរក និងប្រគល់រង្វាន់លើកទឹកចិត្តជូនដល់ជ័យលាភីរចនាភ្លើងគុប និងរចនាមេដាយ ដើម្បីបន្តការផ្សាយបន្ថែមទៀត ឆ្ពោះទៅស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ឱ្យកាន់តែទូលំទូលាយទាំងក្របខ័ណ្ឌថ្នាក់ជាតិ និងអន្តរជាតិ។ ជាមួយគ្នានេះដែរ កម្ពុជាបានប្រារព្ធពិធីរាប់ថយក្រោយ ១០០០ថ្ងៃឆ្ពោះទៅស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ជាផ្លូវការយ៉ាងអធិកអធមបំផុតម្តងហើយ កាលពីថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២០ នៅពហុកីឡដ្ឋានជាតិមរតកតេជោ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធាន CAMSOC៕

    អត្ថបទទាក់ទង