ខ្មែរប៉ុស្ដិ៍ Close

    ការនាំចេញកសិផលសរុបក្នុងឆមាសទី១ ឆ្នាំ២០២១ មានកំណើនជាង ៨៤ ភាគរយ

    ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃព្រហស្បតិ៍ ទី២២ ខែកក្កដា ឆ្នាំ២០២១ ព័ត៌មានទូទៅ 1228
    ការនាំចេញកសិផលសរុបក្នុងឆមាសទី១ ឆ្នាំ២០២១ មានកំណើនជាង ៨៤ ភាគរយការនាំចេញកសិផលសរុបក្នុងឆមាសទី១ ឆ្នាំ២០២១ មានកំណើនជាង ៨៤ ភាគរយ

    លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបញ្ជាក់ថា បច្ចុប្បន្នកម្ពុជាបាននាំចេញកសិផលសរុបក្នុងឆមាសទី១ ឆ្នាំ២០២១ មានកំណើនជាង ៨៤,៦៤ ភាគរយ ស្មើនឹង ២ ៥៧១លានដុល្លារ ក្នុងនោះកសិផលកើនឡើងចំនួន ១០៧,១៦ ភាគរយ ។

    លោកបន្តថា ប៉ុន្តែការនាំចេញអង្ករមានការធ្លាក់ចុះ ២៩,៤៧ភាគរយ ដោយសារកង្វះទូកុងតឺន័រសម្រាប់ផ្ទុក តម្លៃដឹកជញ្ជូនកើនឡើង និងតម្លៃអង្ករនៅទីផ្សារអន្តរជាតិមានការធ្លាក់ចុះ ជាពិសេសនៅសហភាពអឺរ៉ុប។

    លោក វេង សាខុន បញ្ជាក់បែបនេះក្នុងកិច្ចប្រជុំលើកទី១០ តាមប្រព័ន្ធ Video ជាមួយក្រុមការងារបច្ចេកទេសចម្រុះ នៅព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២១ ដើម្បីពិភាក្សានិងពិនិត្យវឌ្ឍនភាព លើវិស័យសន្តិសុខស្បៀងនិងអាហារូបត្ថម្ភ ក្រោមអធិបតីភាព លោក យឹម ឆៃលី ឧបនាយករដ្ឋមន្រ្តី ប្រធានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ និងជាប្រធានក្រុមការងារបច្ចេកទេសចម្រុះវិស័យសន្តិសុខស្បៀង និងអាហារូបត្ថម្ភ ហើយក៏មានការអញ្ជើញចូលរួមពីលោក លោកស្រី តំណាងស្ថាប័នពាក់ព័ន្ធ ដៃគូអភិវឌ្ឍន៍ លោក Jost KADEL អគ្គទីប្រឹក្សា និងជាប្រធានសហប្រតិបត្តិការនៃស្ថានទូតអាល្លឺម៉ង់ និងលោក Alexandre Huynh នាយកអង្គការ FAO និងជាសហប្រ ធានអ្នកសម្របសម្រួល ។

    ក្នុងឱកាសនោះ លោក វេង សាខុន បានជម្រាបជូនអង្គប្រជុំជ្រាបនូវចំណុចសំខាន់ៗទាក់ទងការងារសន្តិសុខស្បៀង និងអាហារូបត្ថម្ភ ដែលក្រសួងសម្រេចបាន ដោយល្បឿនការងារបង្កបង្កើនផលដំណាំរដូវវស្សាឆ្នាំ២០២១ គិតមកទល់ពេលនេះ សម្រេចបាន ៨៦,៨១ភាគរយ នៃផែនការជាង ២លាន៦សែនហិកតា ដំណាំសាកវប្បកម្ម និងដំណាំឧស្សាហកម្មសម្រេចបាន ៨៤ភាគរយនៃផែនការ។

    កម្ពុជា ជាប្រទេសមួយក្នុងចំណោមប្រទេស៣៨ ក្នុងពិភពលោក សម្រេចបាននូវគោលដៅសហស្សវត្សរ៍ក្នុងការប្រយុទ្ធនឹងភាពក្រីក្រគិតត្រឹមឆ្នាំ២០១២ មុនគោលដៅសហស្សវត្សរ៍ ៣ឆ្នាំ និងបានទទួលប័ណ្ណទទួលស្គាល់ពីអង្គការ FAO នៅក្នុងខែឆ្នាំ២០១៣។ គោលនយោបាយអភិវឌ្ឍន៍វិស័យកសិកម្មឆ្នាំ ២០២១-២០៣០ មានគោល ដៅចម្បង គឺបង្កើនតម្លៃបន្ថែមលើកសិផលឱ្យស្របតាមការរីកលូតលាស់សេដ្ឋកិច្ចជាតិ ឆ្លើយតបទៅនឹងវឌ្ឍនាការនៃបដិវត្តន៍ឧស្សាហកម្មទី៤ និងបច្ចេកវិទ្យាឌីជីថល ពិសេសក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជាឆ្នាំ២០២១-២០៣៥។

    លោកបន្តទៀតថា វិស័យកសិកម្មមានសក្តានុពល និងកាលានុវត្តភាពសម្រាប់ធ្វើការអភិវឌ្ឍ លក្ខណ:ភូមិសាស្រ្តអំណោយផល ស្ថានភាពទីផ្សារកសិផលក្នុងស្រុក ក្នុងតំបន់ និងអន្តរជាតិកំពុងមាន ការកើនឡើង បរិយាកាសវិនិយោគ ការផ្លាស់ប្តូរឥរិយាបថរបស់កសិករទៅជាកសិពាណិជ្ជករប្រកបដោយភាពវៃឆ្លាតក្នុងបរិបទនៃបច្ចេក វិទ្យាឌីជីថល ធានាបានការផ្គត់ផ្គង់ទាំងបរិមាណ គុណ ភាព សុវត្ថិភាព និងការប្រកួតប្រជែងការកែច្នៃវេចខ្ចប់ ។ ក្រសួងបានប្តេជ្ញាចិត្តយ៉ាងមុតមាំ ធ្វើយ៉ាងណារក្សាបាននិរន្តរភាពប្រព័ន្ធស្បៀងនៅឆ្នាំ២០៣០ ដោយបានកំណត់ចក្ខុវិស័យប្រែក្លាយ “កសិកម្មកម្ពុជា ជាកសិកម្មទំនើបដែលមានលក្ខណៈប្រកួតប្រជែង បរិយាប័ន្ន ធន់នឹងការប្រែ ប្រួលអាកាសធាតុ និងនិរន្តរភាព បង្កើនប្រាក់ ចំណូល វិបុលភាព និងសុខុមាលភាព” ។ បង្កើនប្រសិទ្ធភាពនៃការកាត់បន្ថយរហោស្ថានកម្ម ការគ្រប់គ្រងដី ធនធានព្រៃឈើ និងជលផលប្រកបដោយចីរភាព និងភាតរៈបរិស្ថាន ៕

    អត្ថបទទាក់ទង