ខ្មែរប៉ុស្ដិ៍ Close

    ការងារជួសជុលប្រាសាទបាយក្អែកគ្រោងនឹងបញ្ចប់នៅចុងខែកញ្ញា ឆ្នាំ២០២១នេះ

    ដោយ៖ លី វិទ្យា ​​ | ថ្ងៃសុក្រ ទី៦ ខែសីហា ឆ្នាំ២០២១ ផ្ទះហ្វេសប៊ុក 1028
    ការងារជួសជុលប្រាសាទបាយក្អែកគ្រោងនឹងបញ្ចប់នៅចុងខែកញ្ញា ឆ្នាំ២០២១នេះការងារជួសជុលប្រាសាទបាយក្អែកគ្រោងនឹងបញ្ចប់នៅចុងខែកញ្ញា ឆ្នាំ២០២១នេះ

    ប្រាសាទបាយក្អែក មានទីតាំងស្ថិតនៅប៉ែកខាងលិចនៃប្រាសាទអង្គរវត្ត កំពុងធ្វើការជួសជុលនិងរៀបចំលើកកម្ពស់សោភ័ណភាពប្រាសាទ ទេសភាពវប្បធម៌សំដៅរក្សាតុល្យភាពរវាងការងារអភិរក្ស និងការងារអភិវឌ្ឍន៍ប្រកបដោយចីរភាព។

    លោក ស្រ៊ុន តិច បុរាណវិទូនៃនាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការ បានឱ្យដឹងថា ប្រាសាទបាយក្អែកបានដួលរលំទាំងស្រុង ដោយសារអាយុកាល អាកាសធាតុ សង្គ្រាម និងកត្តាមនុស្ស។

    តាំងពីខែកុម្ភៈ ឆ្នាំ២០២១ នាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការ នៃអាជ្ញាធរជាតិអប្សរា បានដំណើការជួសជុលពង្រឹងនិងលើកតម្លៃរចនាសម្ពន្ធប្រាសាទឡើងវិញ។ មកដល់ពេលនេះដំណើរការជួសជុលបានរយៈពេលប្រមាណ៥ខែមកហើយ ដោយសម្រេចបានជាង៦០ភាគរយ ដែលគ្រោងនឹងបញ្ចប់នៅ២ខែខាងមុខ។

    លោកបន្តថា ចំពោះដំណើរការជួសជុលពង្រឹងសំណង់នេះ ក្រុមការងារបច្ចេកទេសប្រកាន់យកគោលការណ៍អភិរក្ស គោរពតាមអនុសាសន៍របស់អ្នកជំនាញ អាយស៊ីស៊ីអង្គរ និងគោរពតាមធម្មនុញ្ញអង្គរ ក្នុងគោលដៅរក្សារូបរាង ឬទម្រង់ស្ថាបត្យកម្មដើមរបស់ប្រាសាទ។ ការងារជួសជុលនេះ ក្រុមការងារព្យាយាមប្រើប្រាស់ថ្មចាស់ៗឡើងវិញ ហើយជំនួសថ្មថ្មីក្នុងកម្រិត១០ទៅ១៥ភាគរយ។

    សូមជម្រាបដែរថា អាជ្ញាធរជាតិអប្សរាតែងតែយកចិត្តទុកដាក់ខ្ពស់ក្នុងការថែរក្សា គាំពារកេរមត៌កដូនតាខ្មែរ ដែលជាបេតិកភណ្ឌពិភពលោកឱ្យនៅគង់វង្សយូរអង្វែង៕

    អត្ថបទ៖ នាយកដ្ឋានផ្សព្វផ្សាយ
    រូបភាព៖ លោក យី សុថា

    អត្ថបទទាក់ទង