ខ្មែរប៉ុស្ដិ៍ Close

នៅទីក្រុងកាប៊ុល វាគឺជាការរួមបញ្ចូលគ្នានូវវិបត្តិចំណាប់ខ្មាំងនៅទីក្រុង សៃហ្កន និងនៅ អ៊ីរ៉ង់

ដោយ៖ លី វិទ្យា ​​ | ថ្ងៃចន្ទ ទី១៦ ខែសីហា ឆ្នាំ២០២១ ទស្សនៈ - នយោបាយ 1660
នៅទីក្រុងកាប៊ុល វាគឺជាការរួមបញ្ចូលគ្នានូវវិបត្តិចំណាប់ខ្មាំងនៅទីក្រុង សៃហ្កន និងនៅ អ៊ីរ៉ង់នៅទីក្រុងកាប៊ុល វាគឺជាការរួមបញ្ចូលគ្នានូវវិបត្តិចំណាប់ខ្មាំងនៅទីក្រុង សៃហ្កន និងនៅ អ៊ីរ៉ង់

បន្ទាប់ពីបានប្រកាសដកកងទ័ពអាមេរិកចេញពីប្រទេសអាហ្វហ្កានីស្ថានភ្លាមៗ ប្រធានាធិបតី ចូ បៃឌិន បានបញ្ជូនកងទ័ពប្រមាណ ៦០០០ នាក់បន្ថែមទៀតទៅកាន់ទីក្រុងកាប៊ុល ដើម្បីធានាសុវត្ថិភាពដល់អាកាសយានដ្ឋានអន្តរជាតិ Hamid Karzai និងដើម្បីធានាថា «អាមេរិកនឹងអាចជម្លៀសបុគ្គលិកក្រសួងការបរទេសជាច្រើន ចេញពីស្ថានទូតដ៏ធំនៅក្នុងរដ្ឋធានីនៃប្រទេសអាហ្វហ្គានីស្ថាន»។

ទន្ទឹមគ្នានេះដែរ ចារកម្មអាមេរិកបានផ្លាស់ប្តូរនូវការវាយតម្លៃពីមុនរបស់ខ្លួន ពាក់ព័ន្ធនឹងដំណើរការនៃការវាយលុករបស់ក្រុមតាលីបង់ ចូលក្នុងទីក្រុងកាប៊ុល ពីរយៈពេល ៩០ ថ្ងៃ មកនៅត្រឹមរយៈពេលប្រមាណ ៣០ថ្ងៃប៉ុណ្ណោះ។

នៅពេលដែលរឿងនេះកំពុងកើតឡើង ជនជាតិអាមេរិកនៅក្នុងបរិវេណស្ថានទូត ក៏កំពុងដុតឯកសាររសើបៗចោល និងបានត្រៀមខ្លួនដើម្បីចាកចេញយ៉ាងឆាប់រហ័ស ដែលនេះគឺជាបទពិសោធន៍របស់ជនជាតិអាមេរិកនៅក្នុងប្រទេសកំពុងអភិវឌ្ឍជាច្រើន រាប់ចាប់តាំងពីទសវត្សរ៍ឆ្នាំ ១៩៧០ មក (ដូចជានៅប្រទេសវៀតណាម, អ៊ីរ៉ង់, ស៊ីរី និងលីប៊ី)។

ក៏ប៉ុន្តែវាមិនទាន់ច្បាស់នៅឡើយនោះទេថា «តើអ្វីទៅជាគោលបំណងរបស់រដ្ឋបាល បៃឌិន ពាក់ព័ន្ធនឹងវាសនារបស់ស្ថានទូតខ្លួននៅកាប៊ូល»។

តើកងកម្លាំងយោធាអាមេរិកដែលត្រូវបានដាក់ពង្រាយដើម្បីការពារសុវត្ថិភាពផ្លូវឆ្លងកាត់រវាងស្ថានទូត និងព្រលានយន្តហោះ នឹងអាចបន្តស្ថិតនៅទីនោះរហូតដល់អាចជម្លៀសបុគ្គលិកទាំងអស់របស់ខ្លួនចេញពីស្ថានទូត ឬក៏នឹងត្រូវការការបង្កើនសមត្ថភាពបន្ថែមទៀត ខណៈដែលក្រុមតាលីបង់កាន់តែខិតជិតមកដល់ទីក្រុង?

ចាប់ផ្តើមនៅឆ្នាំ ២០១០ ប្រធានាធិបតី បារ៉ាក់ អូបាម៉ា បានដឹកនាំការសាងសង់បញ្ចប់នូវស្ថានទូតអាមេរិកដែលមានទឹកប្រាក់ ៧៧៣,៩ លានដុល្លារនៅទីក្រុង កាប៊ុល ហើយវាក៏ជាស្ថានទូតអាមេរិកដ៏ធំបំផុតនៅលើពិភពលោកផងដែរ។

នៅពេលដែលលោក អូបាម៉ា អនុញ្ញាតឱ្យផ្តល់មូលនិធិដល់គម្រោងសាងសង់នេះ មនុស្សជាច្រើនបានចាត់ទុកវាជាសញ្ញាមួយដែលបញ្ជាក់ថា «សហរដ្ឋអាមេរិកមានគម្រោងបន្តស្នាក់នៅក្នុងប្រទេសអាហ្វហ្កានីស្ថាន ឬនៅទីក្រុង កាប៊ុល ដោយគ្មានកាលកំណត់» ហើយរដ្ឋាភិបាលអាហ្វហ្កានីស្ថាន និងយោធារបស់ប្រទេសនេះក៏អាចនឹងគិតបែបនេះផងដែរ។

ក៏ប៉ុន្តែ នយោបាយនៅទីក្រុងវ៉ាស៊ីនតោនបានផ្លាស់ប្តូរ។ ឥឡូវនេះ រដ្ឋបាលរបស់លោក បៃឌិន ចង់ដកខ្លួនចេញពីប្រទេសអាហ្វហ្កានីស្ថាន ទោះជាក្នុងតម្លៃណាក៏ដោយ។ លោក បៃឌិន បានធ្វើការសម្រេចចិត្តហើយ ហើយក៏គ្មានអ្វីអាចមកផ្លាស់ប្តូរការសម្រេចចិត្តរបស់លោកបានដែរ។

ជាលទ្ធផល ក្រុមតាលីបង់បានពង្រីកខ្លួននៅពាសពេញប្រទេស ហើយបានមកដល់ទីក្រុង កាប៊ុល ខណៈដែលជនជាតិអាមេរិកទាំងឡាយណាដែលបន្តស្ថិតនៅក្នុងទីក្រុងនេះ ច្បាស់ណាស់នឹងទទួលរងនូវផលវិបាក។

ព្រឹត្តិការណ៍នៅក្នុងប្រទេសអាហ្វហ្កានីស្ថាន គឺជាការក្រើនរំលឹកអំពីភាពខុសឆ្គងផ្នែកយុទ្ធសាស្ត្រដ៏អាក្រក់បំផុតមួយនៅក្នុងទសវត្សរ៍ឆ្នាំ ១៩៧០ ហើយវាក៏បានរំលឹកដល់ព្រឹត្តិការណ៍ជម្លៀសបុគ្គលិកស្ថានទូតអាមេរិក
ចេញពីទីតាំងឈរជើងដ៏រឹងមាំចុងក្រោយរបស់អាមេរិកនៅក្នុងប្រទេសវៀតណាមផងដែរ ខណៈពេលដែលប្រទេសវៀតណាមកំពុងឈានឆ្ពោះទៅរកជ្រោះមរណៈ។

«ឧបមាថា យោធាអាមេរិកមិនអាចបញ្ជូនបុគ្គលិកស្ថានទូតនិងក្រុមគ្រួសាររបស់ពួកគេ ទៅកាន់អាកាសយានដ្ឋានដោយសុវត្ថិភាពបានទេ ឬក្រុមតាលីបង់បានចូលមកជិតដល់អាកាសយានដ្ឋានអន្តរជាតិ Hamid Karzai ហើយពួកគេអាចប្រើអាវុធធុនធ្ងន់ដើម្បីបំផ្លាញផ្លូវយន្តហោះ ដែលនឹងធ្វើឱ្យការជម្លៀសបុគ្គលិកអាមេរិកដោយសុវត្ថិភាពក្លាយជារឿងដែលមិនអាចទៅរួច»។

ទាំងនេះគឺជាអ្វីដែលបានកើតឡើង នៅក្នុងដំណើរការជម្លៀសជនជាតិអាមេរិកចេញពីទីក្រុង សៃហ្កន និងជាមូលហេតុដែលសហរដ្ឋអាមេរិកត្រូវបង្ខំចិត្តប្រើឧទ្ធម្ភាគចក្ររបស់ខ្លួនដើម្បីជម្លៀសបុគ្គលិក នៅពេលដែលយន្តហោះមិនអាចដំណើរការបាននៅពេលនោះ។

រដ្ឋបាលរបស់លោក បៃឌិន បានរងនូវការរិះគន់យ៉ាងខ្លាំង ចំពោះការដែលលោកបានសុំអង្វរដល់ក្រុមតាលីបង់កុំឱ្យបង្កការរំខានដល់ស្ថានទូតអាមេរិក នៅពេលពួកគេធ្វើដំណើរឆ្ពោះទៅកាន់ទីក្រុង ដែលការទទូចនេះបានបង្ហាញឱ្យឃើញថា «វិធានការយោធាចុងក្រោយរបស់លោក បៃឌិន ក្នុងការជួយសង្គ្រោះស្ថានទូតអាមេរិក ត្រូវបានធ្វើឡើងដោយមិនមានការរៀបចំឱ្យបានគ្រប់ជ្រុងជ្រោយនោះទេ»។

ប្រសិនបើកិច្ចខិតខំប្រឹងប្រែងនេះរងនូវការបរាជ័យ នោះស្ថានការណ៍នាពេលនេះអាចនឹងវិលទៅជាន់ដានប្រវត្តិសាស្រ្ត និងអាចវិលត្រឡប់ទៅរកវិបត្តិចំណាប់ខ្មាំងអ៊ីរ៉ង់ដ៏គួរឱ្យរន្ធត់នៅឆ្នាំ ១៩៧៩ នៅពេលដែលបុគ្គលិកស្ថានទូតអាមេរិកត្រូវបានចាប់ជាចំណាប់ខ្មាំងនៅក្នុងការផ្លាស់ប្តូររបបដ៏វឹកវរនៅក្នុងប្រទេសអ៊ីរ៉ង់ ពីរបបរាជានិយមដែលគាំទ្រអាមេរិក ទៅជារដ្ឋអ៊ីស្លាមប្រឆាំងនឹងអាមេរិកយ៉ាងសាហាវ។

នៅពេលឥឡូវនេះ រដ្ឋាភិបាលដែលគាំទ្រអាមេរិកនៅទីក្រុង កាប៊ុល ត្រូវបានជំនួសដោយរដ្ឋអ៊ីស្លាមប្រឆាំងនឹងអាមេរិកដែលដឹកនាំដោយក្រុមតាលីបង់។

«តើប្រវត្តិសាស្ត្រនឹងកើតឡើងជាថ្មីម្តងទៀតដែរឬទេ នៅក្នុងទីក្រុង កាប៊ុល នៅពេលដែលក្រុមតាលីបង់អាចដណ្តើមបានទីក្រុង?»

«តើយើងកំពុងស្ថិតនៅក្នុងវិបត្តិចំណាប់ខ្មាំងផ្សេងមួយទៀតឬ»?

ពិតណាស់ស្ថានភាពទាំងនេះអាចបញ្ចៀសបាន ប្រសិនបើប្រធានាធិបតី បៃឌិន អនុវត្តតាម «កិច្ចព្រមព្រៀងទីក្រុង ដូហា» ដែលអតីតប្រធានាធិបតី ដូលណាល់ ត្រាំ បានបង្កើតឡើងជាមួយក្រុមតាលីបង់។

នៅក្នុងក្របខណ្ឌនោះ នៅពេលមានការដកទ័ពអាមេរិកចេញពីប្រទេសអាហ្វហ្កានីស្ថាន ក្រុមតាលីបង់បានយល់ព្រមធ្វើការជាមួយរដ្ឋាភិបាលអាហ្វហ្កានីស្ថានដែលលើកបន្តុបដោយសហរដ្ឋអាមេរិក ជាជាងការបង្កសង្គ្រាមនៅអាហ្វហ្កានីស្ថាន នៅពេលអាមេរិកចាកចេញ។

នៅពេលដែលបទបញ្ជាដកកងទ័ពរបស់ប្រធានាធិបតី បៃឌិន ត្រូវបានដាក់ចេញ កងកម្លាំងអាមេរិកជាច្រើនបានចាកចេញពីប្រទេសអាហ្វហ្កានីស្ថាន ហើយក្រុមតាលីបង់ក៏បានចាប់ផ្តើមធ្វើឃាតបណ្តាមេដឹកនាំអាហ្វហ្កានីស្ថាន និងបានធ្វើដំណើរឆ្ពោះទៅកាន់ទីក្រុងកាប៊ុល។

កេរ្តិ៍ឈ្មោះរបស់អាមេរិកបានរងនូវផលប៉ះពាល់យ៉ាងខ្លាំង ហើយយើងនឹងអាចមើលឃើញនូវរូបភាពដ៏រន្ធត់មួយទៀត នៃភាពអសមត្ថភាពរបស់អាមេរិក។ ទោះបីជាយ៉ាងណាក៏ដោយ បញ្ហានេះអាចត្រូវបានបញ្ចៀស ប្រសិនបើលោក បៃឌិន ផ្លាស់ប្តូរការសម្រេចចិត្តក្នុងការដកកងកម្លាំងអាមេរិក និងងាកមកបើកការវាយប្រហារតបតវិញទៅលើក្រុមសកម្មប្រយុទ្ធតាលីបង់។

នៅពេលដែលក្រុមតាលីបង់ថមថយចំនួននិងឥទ្ធិពល នោះអាមេរិកអាចអនុវត្តការដកទ័ពចេញពីប្រទេសនេះជាដំណាក់កាល និងតាមលំដាប់លំដោយ ដើម្បីផ្តល់នូវការធានាថា «សម្ព័ន្ធមិត្តរបស់ពួកគេនឹងទទួលឱកាសសមរម្យក្នុងការរស់រានមានជីវិត» បើមិនដូច្នោះទេ ទិដ្ឋភាពដ៏អាក្រក់បំផុតនៃទសវត្សរ៍ឆ្នាំ ១៩៧០ នឹងអាចវិលត្រឡប់មកវិញ ជាមួយនឹងការជម្លៀសបុគ្គលិកទូតដ៏រញ៉េរញ៉ៃ បូករួមនឹងវិបត្តិចំណាប់ខ្មាំងនៅអាហ្វហ្កានីស្ថាន។

ពិភពលោកទាំងមូល កំពុងតាមដានព្រឹត្តិការណ៍នេះ។ តំបន់នេះបាននិងកំពុងរងនូវការឆាបឆេះ ហើយលោក បៃឌិន ក៏កំពុងបរាជ័យផងដែរ។ សហរដ្ឋអាមេរិកនឹងក្លាយជាជនងាយរងគ្រោះ ហើយការអះអាងរបស់ចិនដែលថា «សហរដ្ឋអាមេរិកកំពុងស្ថិតនៅក្នុងដំណាក់កាលធ្លាក់ចុះ» បានក្លាយជាការអះអាងដ៏សមហេតុផលសម្រាប់អ្នកសង្កេតការណ៍ជាច្រើន។ Asia Times

អត្ថបទទាក់ទង