ខ្មែរប៉ុស្ដិ៍ Close

    សេដ្ឋកិច្ចកម្ពុជា ក្នុងឆ្នាំ២០២១នេះ អាចសម្រេចបានអត្រាកំណើនត្រឹមតែ ២,៤ភាគរយ

    ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃអង្គារ ទី១៧ ខែសីហា ឆ្នាំ២០២១ ព័ត៌មានទូទៅ 1255
    សេដ្ឋកិច្ចកម្ពុជា ក្នុងឆ្នាំ២០២១នេះ អាចសម្រេចបានអត្រាកំណើនត្រឹមតែ ២,៤ភាគរយសេដ្ឋកិច្ចកម្ពុជា ក្នុងឆ្នាំ២០២១នេះ អាចសម្រេចបានអត្រាកំណើនត្រឹមតែ ២,៤ភាគរយ

    សេដ្ឋកិច្ចកម្ពុជា ក្នុងឆ្នាំ២០២១នេះ អាចសម្រេចបានអត្រាកំណើនត្រឹមតែ ២,៤ភាគរយប៉ុណ្ណោះ ខណៈកាលពីដើមឆ្នាំ ត្រូវបានរំពឹងថា ងើបឡើងដល់៤ភាគរយ បន្ទាប់ពីធ្លាក់ចុះរហូតដល់-៣,១ភាគរយ កាលពីឆ្នាំ២០២០ ដោយសារការរីករាលដាលជាសកលនៃជំងឺកូវីដ-១៩។

    នេះបើតាមប្រសាសន៍របស់លោកឧបនាយករដ្ឋមន្រ្តី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលបានថ្លែងទៅកាន់សមាជិក សមាជិកាសភា នៅក្នុងសិក្ខាសាលាស្តីពីការកសាងក្របខណ្ឌគោលនយោបាយម៉ាក្រូសេដ្ឋកិច្ច និងគោលនយោបាយហិរញ្ញវត្ថុសាធារណៈ សម្រាប់ការរៀបចំសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២២ ដែលធ្វើឡើងតាមប្រព័ន្ធវីដេអូពីចម្ងាយ នៅព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២១នេះ។

    លោកឧបនាយករដ្ឋមន្រ្តី អូន ព័ន្ធមុនីរ័ត្ន បានបញ្ជាក់ថា ការរីករាលដាលនៃជំងឺកូវីដ-១៩ នៅកម្ពុជា ក្រោយព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ បាននិងកំពុងបន្ទច់បង្អាក់យ៉ាងខ្លាំងដល់សកម្មភាពពាណិជ្ជកម្ម វិស័យទេសចរណ៍ វិស័យលក់ដុំលក់រាយដែលជាសកម្មភាពប្រើប្រាស់ក្នុងស្រុក វិស័យសំណង់ និងអចលនទ្រព្យ បន្តធ្លាក់ចុះយ៉ាងគំហុក។

    លោកឧបនាយករដ្ឋមន្រ្តី បានបន្តថា សេដ្ឋកិច្ចកម្ពុជាក្នុងឆ្នាំ២០២២ ក៏ត្រូវបានរំពឹងថា នឹងបន្តឈានទៅរកគន្លងនៃកំណើនងើបឡើងវិញ ៤,៨ភាគរយ ទោះបីជានៅមានកម្រិតទាបជាងមុនពេលមានវិបត្តិ ដោយពឹងផ្អែកទៅលើភាពធូរស្រាលនៃការរីករាលដាលជំងឺកូវីដ-១៩ នៅពេលកម្ពុជាទទួលបានការចាក់វ៉ាក់សាំងយ៉ាងទូលំទូលាយពេញផ្ទៃប្រទេសនៅចុងឆ្នាំ២០២២ និងស្របពេលកម្ពុជាបន្តសម្របខ្លួនទៅនឹងប្រក្រតីភាពថ្មី។

    លោកបន្តថា ទន្ទឹមនេះ កម្ពុជាក៏អាចជួបប្រទះនឹងបញ្ហាប្រឈមកាន់តែស្មុគស្មាញជាងមុនជាមួយភាពមិនប្រាកដប្រជាខ្ពស់ ដែលទាមទារឱ្យមានការពង្រឹងសមត្ថភាពផ្ទៃក្នុងឱ្យបានល្អ និងត្រូវដោះស្រាយបញ្ហាជារចនាសម្ព័ន្ធរាំរ៉ៃមួយចំនួន ដើម្បីលើកកម្ពស់ភាពប្រកួតប្រជែង និងធ្វើពិពិធកម្មសេដ្ឋកិច្ចផង និងជំរុញសកម្មភាពសេដ្ឋកិច្ចក្នុងស្រុកឱ្យកាន់តែមានសន្ទុះរីកចម្រើនខ្លាំងឡើងផង។

    បើយោងតាមរបាយការណ៍បច្ចុប្បន្នភាពរបស់ធនាគារពិភពលោក វិស័យមួយចំនួនដែលទ្រទ្រង់ដល់សេដ្ឋកិច្ចកម្ពុជាមានការងើបឡើងវិញយឺត ខណៈពេលដែលផ្នែកដទៃទៀតនៅគាំងទ្រឹងដោយសារតែការរាតត្បាតនៃជំងឺកូវីដ-១៩៕

    ប្រភព៖ វិទ្យុជាតិកម្ពុជា

    អត្ថបទទាក់ទង