ខ្មែរប៉ុស្ដិ៍ Close

រាជធានីភ្នំពេញបើកកិច្ចប្រជុំដើម្បីរិះរកគ្រប់មធ្យោបាយប្រយុទ្ធ និងទប់ស្កាត់ការឆ្លងជំងឺកូវីដ-១៩មេរោគបំប្លែងខ្លួនថ្មី ប្រភេទដែលតា (Delta)

ដោយ៖ លី វិទ្យា ​​ | ថ្ងៃពុធ ទី១៨ ខែសីហា ឆ្នាំ២០២១ ព័ត៌មានទូទៅ 860
រាជធានីភ្នំពេញបើកកិច្ចប្រជុំដើម្បីរិះរកគ្រប់មធ្យោបាយប្រយុទ្ធ និងទប់ស្កាត់ការឆ្លងជំងឺកូវីដ-១៩មេរោគបំប្លែងខ្លួនថ្មី ប្រភេទដែលតា (Delta) រាជធានីភ្នំពេញបើកកិច្ចប្រជុំដើម្បីរិះរកគ្រប់មធ្យោបាយប្រយុទ្ធ និងទប់ស្កាត់ការឆ្លងជំងឺកូវីដ-១៩មេរោគបំប្លែងខ្លួនថ្មី ប្រភេទដែលតា (Delta)

ដើម្បីប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩មេរោគបំប្លែងខ្លួនថ្មី ប្រភេទដែលតា (Delta) នារសៀលថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២១ លោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បានអញ្ជើញចូលរួមប្រជុំតាមរយៈការបញ្ជូនរូបភាព និងសម្លេង ( Video Conference ) ក្រោមអធិបតីភាព លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល ស្ថាប័នពាក់ព័ន្ធ កងកម្លាំងប្រដាប់អាវុធ និងអាជ្ញាធរទាំង១៤ខណ្ឌ ក្នុងគោលបំណងរិះរកគ្រប់មធ្យោបាយដើម្បីឈានទៅរក ការកាត់ផ្តាច់ឱ្យបាននូវការរីករាលដាលនៃជំងឺកូវីដ-១៩មេរោគបំប្លែងខ្លួនថ្មី ប្រភេទដែលតា (Delta)។

លោកឃួង ស្រេង បានមានប្រសាសន៍លើកឡើងថា មេរោគបំប្លែងខ្លួនថ្មី ប្រភេទដែលតា (Delta) ត្រូវបានរកឃើញដំបូងនៅប្រទេសឥណ្ឌា កាលពីខែធ្នូ ឆ្នាំ២០២០ ដែលមជ្ឈមណ្ឌលទប់ស្កាត់ជំងឺឆ្លង (CDC) របស់សហរដ្ឋអាមេរិក បានកត់សម្គាល់ថា មេរោគនេះ មានសមាសធាតុឆ្លងខ្លាំងបំផុតបើធៀបនឹងវីរុសកូវីដ-១៩ ប្រភេទមុនៗ។ ភាពសាហាវរបស់មេរោគបំប្លែងខ្លួនថ្មី ប្រភេទដែលតា (Delta) គឺឆ្លងរាលដាលក្នុងល្បឿនលឿនជាងវីរុសកូវីដ-១៩ ប្រភេទផ្សេងៗទៀតហើយជាប្រភេទមេរោគដែលសកលលោកទាំងមូលទទួលស្គាល់ថា ងាយឆ្លងបំផុតនាពេលបច្ចុប្បន្ន ពោលគឺឆ្លងក្នុងល្បឿនពី១០ទៅ១៥នាក់ក្នុងពេលតែមួយ លឿនជាងមេរោគកូវីដ-១៩ ប្រភេទមុនៗ។

លោក ឃួង ស្រេង បន្តទៀតថា គិតត្រឹមដើមខែសីហា ឆ្នាំ២០២១ មេរោគបំប្លែងខ្លួនថ្មី ប្រភេទដែលតា (Delta) មានវត្តមាននៅក្នុងប្រទេស និងដែនដីសរុបចំនួន១២៤ ប្រទេស ក្នុងពិភពលោក។ ដោយឡែកនៅប្រទេសកម្ពុជា មេរោគបំប្លែងខ្លួនថ្មី ប្រភេទដែលតា (Delta)នេះ ត្រូវបានរកឃើញដំបូងកាលពីចុងខែមិថុនា ឆ្នាំ២០២១ លើពលករខ្មែរ ដែលបានវិលត្រឡប់មកពីប្រទេសថៃ តាមច្រកព្រំដែនគោកកម្ពុជា-ថៃ ។

គិតត្រឹមថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២១ កម្ពុជាបានរកឃើញមេរោគបំប្លែងខ្លួនថ្មី ប្រភេទដែលតា (Delta) លើពលករត្រឡប់មកពីប្រទេសថៃ និងប្រទេសវៀតណាម អ្នកដំណើរតាមជើងហោះហើរ បុគ្គលិកសុខាភិបាល មន្ត្រីរាជការ និងអ្នកភូមិនៅក្នុងសហគមន៍ សរុបទាំងអស់ចំនួន ៤៩៤ នាក់ (ស្រ្តីចំនួន ២៩៣នាក់) ក្នុងមូលដ្ឋាន ចំនួន ២២ រាជធានី-ខេត្ត លើកលែងខេត្តចំនួន ០៣ ដែលមិនទាន់រកឃើញវត្តមានមេរោគនេះ គឺ ខេត្តកែប ខេត្តតាកែវ និងខេត្តក្រចេះ ។

លោកបន្តថា ដោយឡែក សម្រាប់មូលដ្ឋានរាជធានីភ្នំពេញ គិតត្រឹមថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២១ អ្នកជំងឺកូវីដ-១៩ ដែលត្រូវបានរកឃើញផ្ទុកមេរោគបំប្លែងខ្លួនថ្មី ប្រភេទដែលតា (Delta) ចំនួន ១១១ នាក់ដោយ បែងចែកជា ៣ ករណី ក្នុងនោះករណីនាំចូលដែលតា (Delta) លើអ្នកដំណើរតាមជើងហោះហើរ ករណីរកឃើញដែលតា (Delta) នៅតាមមន្ទីរពេទ្យ និង ករណីរកឃើញដលតា (Delta) នៅក្នុងសហគមន៍។

អភិបាលរាជធានីភ្នំពេញ បានគូសបញ្ជាក់ថា រដ្ឋបាលរាជធានី បានត្រៀមទីតាំងមណ្ឌលចត្តាឡឺស័ក សម្រាប់ទទួលពលករមកពីព្រំដែនកម្ពុជា-ថៃ និងកម្ពុជា-វៀតណាម ចំនួន ២ ទីតាំង បន្ថែមទៀត រួមមាន (១) អនុវិទ្យាល័យប៊ុនរាំនី ហ៊ុនសែន វត្តភ្នំ មានចំនួន ២៥០ គ្រែនិង (២) វិទ្យាល័យ ជាស៊ីម ឈូកវ៉ា មានចំនួន ៣០០ គ្រែ សរុប (១)+(២) មានលទ្ធភាពទទួលអ្នក ចត្តាឡីស័កចំនួន ៥៥០ គ្រែឬ នាក់ និងត្រៀមមណ្ឌលព្យាបាលសម្រាប់ទទួលអ្នកជំងឺកូវីដ-១៩ ប្រភេទបំប្លែងថ្មី ដែលតា (Delta) ដែលមាន សមត្ថភាពទទូលជំងឺជាង ១,៤០០ គ្រែ ដោយកំណត់យកមណ្ឌលព្យាបាលក្ខវីដ-១៩ សែនសុខ២ (ព្រីមៀសែនសុខ) ក្នុងនោះ គ្រែសម្រាប់អ្នកជំងឺកូវីដ-១៩ មានចំនួន ១៣៥០ គ្រែ នឹងត្រែសង្គ្រោះ៖ បន្ទាន់ មានចំនួន ៨៨ គ្រែ។

លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល ក្នុងកិច្ចប្រជុំនោះ ក៏បានមានប្រសាសន៍ ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះអាជ្ញាធររាជធានីភ្នំពេញ កងកម្លាំងទាំងអស់ អាជ្ញាធរខណ្ឌទាំង១៤ និងក្រុមគ្រូពេទ្យទាំងអស់ដែលបានយកអស់កម្លាំងកាយចិត្ត ក្នុងការទប់ស្កាត់ជម្ងឺរាតត្បាតកូវីដ-១៩ រហូតមានការថយចុះជាលំដាប់ និងបានជម្រុញឱ្យយកចិត្តទុកដាក់អោយបានខ្លាំងក្លាបន្ថែមទៀតក្នុងការរិះរកគ្រប់មធ្យោបាយ ដើម្បីឈានទៅរក ការកាត់ផ្តាច់អោយបាននូវការរីករាលដាលនៃជំងឺកូវីដ-១៩មេរោគបំប្លែងខ្លួនថ្មី ប្រភេទដែលតា (Delta) នេះ៕

អត្ថបទទាក់ទង