ខ្មែរប៉ុស្ដិ៍ Close

រាជរដ្ឋាភិបាល ត្រៀមបម្រុងពូជស្រូវស្រាល ពូជបន្លែ និងដំណាំរួមផ្សំផ្សេងៗទៀត សរុបជាង ២ពាន់តោន សម្រាប់ជួយប្រជាកសិករ

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃពុធ ទី៨ ខែកញ្ញា ឆ្នាំ២០២១ ព័ត៌មានទូទៅ 1233
រាជរដ្ឋាភិបាល ត្រៀមបម្រុងពូជស្រូវស្រាល ពូជបន្លែ និងដំណាំរួមផ្សំផ្សេងៗទៀត សរុបជាង ២ពាន់តោន សម្រាប់ជួយប្រជាកសិកររាជរដ្ឋាភិបាល ត្រៀមបម្រុងពូជស្រូវស្រាល ពូជបន្លែ និងដំណាំរួមផ្សំផ្សេងៗទៀត សរុបជាង ២ពាន់តោន សម្រាប់ជួយប្រជាកសិករ

រាជរដ្ឋាភិបាល តាមរយៈប្រព័ន្ធស្បៀងបម្រុងកម្ពុជា បានត្រៀមបម្រុងពូជស្រូវស្រាលមិនប្រកាន់រដូវជារូបវ័ន្តចំនួន ២ ០០០តោន ពូជបន្លែ និងដំណាំរួមផ្សំផ្សេងៗទៀតចំនួន ២៥តោន ក្នុងឆ្នាំ២០២១ សម្រាប់អន្តរាគមន៍ជួយសង្គ្រោះប្រជាកសិករ ដែលរងផលប៉ះពាល់ និងខូចខាតដោយគ្រោះធម្មជាតិ ។

យោងតាមហ្វេសប៊ុកផ្លូវការរបស់លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ បានឱ្យដឹងថា ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល វិស័យកសិកម្មមានការរីកចម្រើនគួរឱ្យកត់សម្គាល់នៅទសវត្សចុងក្រោយនេះ តែទោះជាយ៉ាងណា វិស័យមួយនេះ ក៏កំពុងជួបបញ្ហាសំខាន់ៗមួយចំនួន ជាពិសេសគ្រោះធម្មជាតិដែលតែងតែបំផ្លាញផលដំណាំរបស់បងប្អូនប្រជាកសិករជារៀងរាល់ឆ្នាំ មានដូចជាគ្រោះរាំងស្ងួត គ្រោះទឹកជំនន់ ខ្យល់កន្រ្តាក់ ជំងឺឆ្លងដំណាំ និងសមាសភាពសត្វល្អិតចង្រៃបំផ្លាញផលដំណាំ។

លោកបន្តថា ប្រមុខរាជរដ្ឋាភិបាលដែលមានលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានខិតខំយកចិត្តទុកដាក់ក្នុងស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងការជំរុញ និងគាំទ្រលើការបង្កើនសមត្ថភាពត្រៀមបម្រុងស្បៀង និងពូជដំណាំសម្រាប់ទុកបង្ការ និងធ្វើអន្តរាគមន៍ជួយដល់កសិករក្រីក្រ ដែលងាយរងគ្រោះដោយសារគ្រោះមហន្តរាយធម្មជាតិ ដោយធ្វើការស្តារដាំដុះដំណាំស្បៀង និងសត្វឡើងវិញឱ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាព ។

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលមានអគ្គនាយកដ្ឋានកសិកម្មជាសេនាធិការ មានភារកិច្ចចាត់ចែងផលិតគ្រាប់ពូជដំណាំ នៅតាមកសិដ្ឋាន ស្ថានីយកសិកម្ម និងសហការជាមួយក្រុមហ៊ុនឯកជន និងសហគមន៍កសិកម្មផងដែរ ដើម្បីធានានូវបរិមាណ និងគុណភាព ថែរក្សានិងចាត់ចែងដឹកជញ្ជូនគ្រាប់ពូជទៅដល់គោលដៅឱ្យបានទាន់ពេលវេលា។

លោកបានបន្តទៀតថា បច្ចុប្បន្ននេះ នាយកដ្ឋានដំណាំស្រូវ បានត្រៀមពូជស្រូវចំនួន ២០០០តោន ដោយធ្វើការវេចខ្ចប់ ២៥គីឡូក្រាមក្នុង១បាវ សរុបមានចំនួន ៨០ ០០០ បាវ និងកំពុងរក្សាទុកនៅក្នុងឃ្លាំងរបស់អគ្គនាយកដ្ឋានកសិកម្ម និងបានត្រៀមពូជបន្លែ និងដំណាំរួមផ្សំបានចំនួន១២មុខ ស្មើនឹង ២៥តោន និងវេចខ្ចប់យ៉ាងត្រឹមត្រូវជាកញ្ចប់តូចៗចំនួន ៥៩៥ ០០០ កញ្ចប់ ក្នុងនោះរួមមាន ៖ ពោត ដំណើប សណ្តែកកួរ ផ្ទី ស ស្ពៃខៀវ ស្ពៃចង្កឹះ ននោង ត្រកួន ល្ពៅ ត្រប់វែង ត្រប់ ក្រាំងរមាស ត្រឡាច និងប៉េងប៉ោះ ដោយគ្រាប់ពូជទាំងអស់បានរក្សាទុកនៅស្ថានីយផលិតពូជបន្លែក្បាលកោះ (ខេត្តកណ្តាល)៕

ប្រភព ៖ វិទ្យុជាតិកម្ពុជា

អត្ថបទទាក់ទង