ខ្មែរប៉ុស្ដិ៍ Close

លោក ស្វាយ ស៊ីថា លើកទឹកចិត្តដល់មន្ត្រីអ្នកនាំពាក្យស្ថាប័នរដ្ឋទាំងអស់ត្រូវផ្តល់ព័ត៌មានពិតជូនទៅអ្នកសារព័ត៌មាន និងចូលរួមឱ្យបានសកម្មក្នុងការគ្រប់គ្រងសាធារណមតិ

ដោយ៖ សម ឬទ្ធិពល ​​ | ថ្ងៃអាទិត្យ ទី១៣ ខែឧសភា ឆ្នាំ២០១៨ ផ្ទះហ្វេសប៊ុក 1858

ថ្លែងទៅកាន់ថ្នាក់ដឹកនាំ និងមន្ត្រីចំនួន៧៨រូប តំណាងឱ្យ៣៣ក្រសួង និងស្ថាប័នថ្នាក់ជាតិ ក្នុងពិធីបិទវគ្គបណ្តុះបណ្តាលវិជ្ជាជីវៈមន្ត្រីអ្នកនាំពាក្យស្ថាប័នរដ្ឋដែលបានធ្វើបទបង្ហាញដោយគ្រូជនជាតិបរទេសរយៈពេល៥ថ្ងៃ និងបិទបញ្ចប់វគ្គនៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៨កន្លងទៅនេះ លោក ស្វាយ ស៊ីថា រដ្ឋលេខាធិការ និងជាប្រធានអង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស នៃទីស្តីការគណៈរដ្ឋមន្ត្រី បានក្រើនរម្លឹកដល់មន្ត្រីអ្នកនាំពាក្យស្ថាប័នរដ្ឋទាំងអស់ត្រូវតែផ្តល់ព័ត៌មានវិជ្ជមាននិងពិតពីក្រសួងស្ថាប័នរបស់ខ្លួនទៅអ្នកសារព័ត៌មានឱ្យបានលឿន រហ័ស និងច្បាស់លាស់ដើម្បីបញ្ចៀសបាននូវការយល់ច្រឡំរបស់សាធារមតិ ដោយការបំពុលព័ត៌មានក្លែងក្លាយ Fake News ។

បទពិសោធន៍ជាច្រើន ក្នុងនោះមានទាំង យុទ្ធសាស្ត្រ យុទ្ធវិធី វិធីសាស្ត្រ បច្ចេកទេស និងចំណុចគម្លឹះសំខាន់ៗ ត្រូវបានបង្ហាញដោយគ្រូជនជាតិបរទេស ចែករម្លែកដល់មន្ត្រីអ្នកនាំពាក្យតំណាងក្រសួង ស្ថាប័នរដ្ឋ ដើម្បីយកទៅបំពេញការងាររបស់ខ្លួនក្នុងបេសកកម្មបំរើផលប្រយោជន៍ជាតិ ដែលគ្រូឧទ្ទេសនាមបានបញ្ជាក់ថា អ្នកនាំពាក្យ គឺជាមន្ត្រីដែលកាន់ការងារជាយុទ្ធសាស្ត្រ។

លោក ស្វាយ ស៊ីថា បានមានប្រសាសន៍ថា អ្នកនាំពាក្យស្ថាប័នរដ្ឋ ត្រូវតែមានទិសដៅ ផែនការសកម្មភាពច្បាស់លាស់ ហើយត្រូវតាមដាន គ្រប់គ្រង និងក្តាប់ព័ត៌មានឱ្យបានគ្រប់ជ្រុងជ្រោយ នៅក្នុងស្ថាប័នរបស់ខ្លួននីមួយៗ ។ មិនតែប៉ុណ្ណោះ អ្នកនាំពាក្យត្រូវតែសហការឱ្យបានល្អជាមួយអ្នកសារព័ត៌មាន ដើម្បីឆ្លើយតបបានលឿន ចំបញ្ហា និងមានប្រសិទ្ធភាព។

លោកបានមានប្រសាសន៍បន្ថែមថា តាមរយៈវគ្គបណ្តុះបណ្តាលរយៈពេល៥ថ្ងៃនេះ អ្នកនាំពាក្យ បានទទួលនូវចំណេះដឹង រូបមន្ត បទពិសោធន៍ថ្មីៗជាច្រើនពីគ្រូឧទ្ទេសនាម និងបានដឹងកាន់តែច្បាស់ពីចំណុចខ្លាំង ចំណុចខ្វះខាតរបស់ខ្លួន យកទៅកែលំអរ ដើម្បីពង្រឹងការងារភារកិច្ចជាអ្នកនាំពាក្យប្រកបដោយវិជ្ជាជីវៈខ្ពស់។

ទោះយ៉ាងណា លោក ស្វាយ ស៊ីថា បានសង្កត់ធ្ងន់ថា មន្ត្រីអ្នកនាំពាក្យត្រូវមានទំនាក់ទំនងល្អជាមួយថ្នាក់ដឹកនាំ និងមន្ត្រីអ្នកនាំពាក្យនៅតាមបណ្តាក្រសួង ស្ថាប័នពាក់ព័ន្ធទាំងអស់ ដើម្បី ម៉្យាងជាកិច្ចសហការគ្នាជាប្រព័ន្ធ ចែករម្លែកព័ត៌មានគ្នាទៅវិញទៅមកបានលឿន និងម៉្យាងទៀត ក៏ជាការរួមកម្លាំងគ្នាតែមួយ ក្នុងស្មារតីរួបរួមសាគ្គីភាពផ្ទៃក្នុងគ្រប់ក្រសួង ស្ថាប័ន ដែលអ្នកនាំពាក្យដើរតួនាទីសំខាន់ណាស់ គឺមិនត្រឹមតែជានិមិត្តរូប ឬជាស្ពានចម្លងព័ត៌មានពិតរបស់ស្ថាប័ននីមួយៗ ទៅសាធារណជនប៉ុណ្ណោះទេ ថែមទាំងជាអ្នកការពារនូវសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យដ៏ពិតប្រាកដទៀតផង ហើយជាពិសេសជាងនេះទៅទៀត ក្នុងសមរភូមិសាធារណមតិ អ្នកនាំពាក្យ គឺជាអ្នកការពារនូវសុខសន្តិភាព ស្ថិរភាពនយោបាយ អធិបតេយ្យភាព បូរណភាពទឹកដី ឯករាជ្យ និងការឯកភាពជាតិផងដែរ។

លោក ស្វាយ ស៊ីថា បានសង្កត់ធ្ងន់ថា សម្តេចតេជោ ហ៊ុន សែន គឺជាអ្នកកសាងនូវសន្តិភាព ដូច្នេះអ្នកនាំពាក្យស្ថាប័នរដ្ឋទាំងអស់គ្នា ត្រូវចូលរួមថែរក្សាសុខសន្តិភាពដែលមាននាពេលបច្ចុប្បន្ននេះឱ្យបានស្ថិតស្ថេរគង់វង្សយូរអង្វែង។ ដូច្នេះ អ្នកនាំពាក្យមានកាតព្វកិច្ចកែតម្រូវជុំវិញការបំភ្លៃ និងការភូតកុហកដែលនិយាយមិនពិត ជាពិសេស គឺព័ត៌មានដែលមានចារឹកជាការញុះញង់ ដុតបញ្ឆេះឱ្យមានឡើងនូវបដិវត្តពណ៌ បង្កចលាចលក្នុងសង្គម ។

ម៉្យាងវិញទៀត អ្នកនាំពាក្យស្ថាប័នរដ្ឋ ក៍ជាអ្នកជួរមុខក្នុងការបន្សាបនូវព័ត៌មានក្លែងក្លាយ Fake news ដែលជាយុទ្ធសាស្ត្រ និងឧបាយកិច្ចដ៏ពិសពុល នៃបដិវត្តពណ៌ ឬអាចនិយាយមួយបែបទៀតថា អ្នកនាំពាក្យដូចជាអ្នកពន្លត់អគ្គីភ័យដូច្នោះដែរ គឺនៅពេលដែលមានព័ត៌មានអវិជ្ជមាន និងការចោទប្រកាន់ខុស ពុំមានមូលដ្ឋានច្បាស់លាស់ ប៉ះពាល់ដល់ស្ថាប័នរបស់ខ្លួន និងរាជរដ្ឋាភិបាល ចាំបាច់ត្រូវតែធ្វើការបកស្រាយ បំភ្លឺតបទៅវិញតាមទម្រង់ផ្សេងៗឱ្យបានលឿន និងច្បាស់លាស់។

បន្ទាប់ពីថ្លែងបិទបញ្ចប់វគ្គរួចមក លោក ស្វាយ ស៊ីថា ក្នុងនាមឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន ឧបនាយករដ្ឋមន្ត្រីប្រចាំការ និងជារដ្ឋមន្ត្រីស្តីទីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី បានប្រគល់នូវវិញ្ញាបនបត្រ ជូនដល់ថ្នាក់ដឹកនាំ និងមន្ត្រីដែលទទួលបន្ទុកជាអ្នកនាំពាក្យស្ថានប័នរដ្ឋ សរុបចំនួន៧៨រូប និងបានថតរូបអនុស្សាវរីយ៍ជាច្រើន បង្កើតបាននូវបរិយាកាស រីករាយ និងស្និទ្ធស្នាលប្រកបដោយភាតរបំផុត៕

អត្ថបទទាក់ទង