ខ្មែរប៉ុស្ដិ៍ Close

ក្រសួងមហាផ្ទៃកម្ពុជា និងចិន ចុះហត្ថលេខាលើផែនការងារស្ដីពីការបន្តអនុវត្តឆ្នាំ នៃកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់រវាងប្រទេសទាំងពីរ

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃព្រហស្បតិ៍ ទី៣០ ខែកញ្ញា ឆ្នាំ២០២១ ព័ត៌មានទូទៅ 1353
ក្រសួងមហាផ្ទៃកម្ពុជា និងចិន ចុះហត្ថលេខាលើផែនការងារស្ដីពីការបន្តអនុវត្តឆ្នាំ នៃកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់រវាងប្រទេសទាំងពីរក្រសួងមហាផ្ទៃកម្ពុជា និងចិន ចុះហត្ថលេខាលើផែនការងារស្ដីពីការបន្តអនុវត្តឆ្នាំ នៃកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់រវាងប្រទេសទាំងពីរ

លោក ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានដឹកនាំកិច្ចប្រជុំ និងចុះហត្ថលេខាលើផែនការងារស្ដីពីការបន្តអនុវត្តឆ្នាំនៃកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់ជាមួយ លោក ចាវ ឃើជឺ សមាជិកក្រុមប្រឹក្សារដ្ឋ និងជារដ្ឋមន្រ្តីក្រសួងសន្តិសុខសាធារណៈនៃសាធារណរដ្ឋប្រជាមានិតចិន តាមប្រព័ន្ធវីដេអូ កាលពីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១។

បើយោងតាមផេកហ្វេសប៊ុកផ្លូវការរបស់លោកឧបនាយករដ្ឋមន្រ្តី ស ខេង បានឱ្យដឹងថា បន្ទាប់ពីបញ្ចប់កិច្ចប្រជុំដ៏មានសារៈសំខាន់នេះ ក្រសួងមហាផ្ទៃកម្ពុជា បានចេញសេចក្ដីប្រកាសព័ត៌មានស្ដីពីលទ្ធផលនៃកិច្ចប្រជុំ និងចុះហត្ថលេខាលើផែនការការងារ ស្ដីពីការបន្តអនុវត្តឆ្នាំនៃកិច្ចសហប្រតិបត្តិការអនុវត្តន៍ច្បាប់ រវាងក្រសួងមហាផ្ទៃកម្ពុជា និងក្រសួងសន្តិសុខសាធារណៈ នៃសាធារណរដ្ឋប្រជាមានិតចិន។

ក្នុងកិច្ចប្រជុំនោះ លោកឧបនាយករដ្ឋមន្រ្តី ស ខេង និងលោក ចាវ ឃើជឺ បានសម្តែងការអបអរសាទរយ៉ាងក្រៃលែង ចំពោះទំនាក់ទំនងដ៏ល្អរវាងថ្នាក់ដឹកនាំកំពូលនៃប្រទេសទាំងពីរ និងកិច្ចសហប្រតិបត្តិការជិតស្និទ្ធលើគ្រប់វិស័យ ក្នុងភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជុ្រងជ្រោយ ដែលបានរួមចំណែកនាំមកនូវវឌ្ឍនភាព និងការអភិវឌ្ឍរីកចម្រើនសម្រាប់កម្ពុជា និងចិន។

ក្នុងក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់ ភាគីទាំងពីរ ក៏បានកត់សម្គាល់នូវលទ្ធផល និងសមិទ្ធផលសំខាន់ៗ នារយៈពេលជាង ២ឆ្នាំកន្លងមក បន្ទាប់ពីការចាប់ ផ្តើមដំណើរការអនុវត្តឆ្នាំនៃកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់រវាងក្រសួងទាំងពីរ កាលពីខែមេសា ឆ្នាំ២០១៩ ក្រោមគំនិតផ្តួចផ្តើមរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងលោក ស៊ី ជីនពីង ប្រធានាធិបតីចិន។

ទន្ទឹមនេះ លោកឧបនាយករដ្ឋមន្រ្តី ស ខេង និងលោក ចាវ ឃើជឺ ក៏បានចែករំលែក និងផ្លាស់ប្តូរទៅវិញទៅមកនូវសភាពការណ៍សន្តិសុខទូទៅ ព្រមទាំងបានកត់សម្គាល់ នូវវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការប្រកបដោយផ្លែផ្កា ការជួយគាំទ្រគ្នាទៅវិញទៅមក ក្នុងការប្រយុទ្ធប្រឆាំងការរាតត្បាតនៃជំងឺកូវីដ-១៩ ការជួយឧបត្ថម្ភគាំទ្រផ្នែកសម្ភារ បច្ចេកទេសការងារកសាងសមត្ថភាពកងកម្លាំង ការផ្លាស់ប្តូរទស្សនកិច្ចប្រតិភូជំនាញ ជាពិសេស កិច្ចសហការទប់ស្កាត់ និងបង្រ្កាបបទល្មើសឆ្លងដែនគ្រប់ប្រភេទ។

ដោយមើលឃើញនូវសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់រវាងប្រទេសទាំងពីរ លោកឧបនាយករដ្ឋមន្រ្តី ស ខេង និងលោក ចាវ ឃើជឺ បានចុះហត្ថលេខាលើ ផែនការការងារសម្រាប់បន្តអនុវត្តឆ្នាំ នៃកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់ ដើម្បីបន្តពង្រឹង និងពង្រីកទំនាក់ទំនងនិងកិច្ចសហការកាន់តែសកម្ម សំដៅសម្រេចបាន សមិទ្ធផលថ្មីៗបន្ថែមទៀត បម្រើដល់ការអភិវឌ្ឍសង្គមជាតិ និងផលប្រយោជន៍ទៅវិញទៅមករបស់ប្រជាជននៃប្រទេសទាំងពីរ។

លើសពីនេះទៀត ភាគីទាំងពីរបានឯកភាពបន្តផ្តោតការយកចិត្តទុកដាក់លើការងារមួយចំនួន រួមមាន៖ បន្តពង្រឹងកិច្ចសហប្រតិបត្តិការទប់ស្កាត់បទល្មើសឆ្លងដែនគ្រប់ប្រភេទ ជាពិសេស ឧក្រិដ្ឋកម្ម មានអង្គការចាត់តាំង ល្បែងស៊ីសងអនឡាញខុសច្បាប់ អំពើឆបោកតាមប្រព័ន្ធទូរគមនាគមន៍ និងការជួញដូរគ្រឿង ញៀនខុសច្បាប់។ ភាគីទាំងពីរ បន្តកិច្ចសហការជិតស្និទ្ធ និងគាំទ្រគ្នាទៅវិញទៅមក ដើម្បីបម្រើឱ្យការប្រារព្ធនូវព្រឹត្តិការណ៍ជាតិ និងអន្តរជាតិធំៗ ឱ្យប្រព្រឹត្តទៅដោយជោគជ័យតាមការគ្រោងទុក ក្នុងនោះរួមមាន ការទទួលតួនាទីជាប្រធានអាស៊ានឆ្នាំ២០២២ ការប្រកួតកីឡារដូវរងារ ទីក្រុងប៉េកាំងឆ្នាំ២០២២ និងការរៀបចំព្រឹត្តិការណ៍កីឡា SEA Games លើកទី៣២ ឆ្នាំ២០២៣ ព្រមទាំងព្រឹត្តិការណ៍ជាតិសំខាន់ៗដ៏ទៃទៀត ដែលប្រារព្ធធ្វើនៅកម្ពុជា និងចិន៕

អត្ថបទទាក់ទង