ខ្មែរប៉ុស្ដិ៍ Close

អភិបាលខេត្តកំពង់ចាម ចុះពិនិត្យស្ថានភាពផ្ទុះឡើងនៃជំងឺកូវីដ-១៩ ក្នុងស្រុកចំការលើ និងដាក់ចេញនូវវិធានការ ៧ចំណុច

ដោយ៖ លី វិទ្យា ​​ | ថ្ងៃសុក្រ ទី១ ខែតុលា ឆ្នាំ២០២១ ព័ត៌មានទូទៅ 850
អភិបាលខេត្តកំពង់ចាម ចុះពិនិត្យស្ថានភាពផ្ទុះឡើងនៃជំងឺកូវីដ-១៩ ក្នុងស្រុកចំការលើ និងដាក់ចេញនូវវិធានការ ៧ចំណុច អភិបាលខេត្តកំពង់ចាម ចុះពិនិត្យស្ថានភាពផ្ទុះឡើងនៃជំងឺកូវីដ-១៩ ក្នុងស្រុកចំការលើ និងដាក់ចេញនូវវិធានការ ៧ចំណុច

លោក អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការខេត្តប្រយុទ្ធនឹងជំងឺកូវីដ-១៩ បានដឹកនាំក្រុមការងារខេត្ត អាជ្ញាធរមូលដ្ឋាន និងមន្ត្រីពាក់ព័ន្ធ នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១នេះ អញ្ជើញចុះពិនិត្យស្ថានភាពផ្ទះឡើងនៃជំងឺកូវីដ-១៩ នៅក្នុងស្រុកចំការលើ និងបានដឹកនាំកិច្ចប្រជុំបន្ទាន់មួយ ដើម្បីដាក់ចេញនូវវិធានការ ៧ចំណុច សម្រាប់អាជ្ញាធរពាក់ព័ន្ធយកទៅអនុវត្ត ក្នុងការបង្ការ ទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ឲ្យមានប្រសិទ្ធភាពខ្ពស់ ។

នៅក្នុងឱកាសនោះ លោកអភិបាលខេត្ត ថ្លែងថា ផ្អែកតាមស្ថានភាពនៃការវិវឌ្ឍនៃជម្ងឺកូវីដ-១៩ ក្នុងភូមិសាស្ត្រខេត្តកំពង់ចាម នាប៉ុន្មានថ្ងៃនេះ សូមស្នើដល់អាជ្ញាធរក្រុង ស្រុក ទាំងអស់ ជាពិសេសអាជ្ញាធរស្រុកចំការលើ ត៩ពង្រឹងគោលគោលជំហរ នៃការអនុវត្តភារកិច្ចសំខាន់ៗ ៧ចំណុច មានដូចខាងក្រោម៖

  1. ត្រូវបង្កើនការផ្សព្វផ្សាយអប់រំ ណែនាំទៅដល់ប្រជាពលរដ្ឋ ជាពិសេស អ្នកនៅតាមទីប្រជុំជន ឬតាមទីផ្សារនានា ជាពិសេស ការអនុវត្តលើវិធានការ «៣ការពា ៣កុំ » ឲ្យកាន់តែទូលំទូលាយថែមទៀត ដើម្បីឲ្យប្រជាពលរដ្ឋមានការភ្ញាក់រលឹកឡើងវិញ ។
  2. ពង្រឹងទៅលើការងារធ្វើចត្តាឡីស័កនៅតាមផ្ទះ ជាពិសេស ការដាក់ខ្សែ បូករួមនឹងការសរសេរបម្រាមការពារឲ្យបានត្រឹមត្រូវ និងសូមបន្តត្រូវចុះស្រាវជ្រាវរកអ្នកពាក់ព័ន្ធ ដើម្បីធ្វើចត្តាឡីស័ក ។
  3. មន្ទីរសុខាភិបាល និងការិយាល័យប្រតិបត្តិស្រុក ត្រូវខិតខំ ធ្វើយ៉ាងណឲ្យយន្តការ នៃការព្យាបាលជម្ងឺនៅតាមផ្ទះ ជាពិសេស ត្រូវមានក្រុមគ្រូពេទ្យពិនិត្យមើលអ្នកជម្ងឺឲ្យបានជាប្រចាំ និងហ្មត់ចត់បំផុត ដោយអនុវត្តទៅតាមការណែនាំរបស់ក្រសួងសុខាភិបាល ។ ក្រៅពីនោះ ជម្រុញដល់ការព្យាបាលជម្ងឺ ឲ្យបានលឿនជាងមុន ។
  4. ត្រូវអនុវត្តវិធានការផ្លូវច្បាប់ ចំពោះ ជនខិលខូចទាំងឡាយ ដែលគេចវែសពីការធ្វើចត្តាឡីស័ក និងការព្យាបាល បូករួមទាំង ជនមិនគោរពតាមវិធានសុខាភិបាល ផងដែរ ។
  5. ត្រូវបន្តការគ្រប់គ្រងចំណូលស្រុក ឲ្យកាន់តែល្អប្រសើរ និងមានប្រសិទ្ធភាពថែមទៀត ។
  6. ជម្រុញការបាញ់ថ្នាំសម្លាប់មេរោគ នៅតាមទីប្រជុំជន និងតំបន់ ដែលមានហានិភ័យ ។
  7. ចំពោះ សាលារៀនវិញ មិនអនុញ្ញាតឲ្យបិទសាលាទាំងមូលនោះទេ ពោលគឺ បើមានករណីឆ្លងនៅថ្នាក់ណា ត្រូវបិទថ្នាក់នោះ ហើយអ្នកវិជ្ចមាន ត្រូវយកទៅព្យាបាល ។ រីឯអ្នកពាក់ព័ន្ធ ត្រូវយកធ្វើចត្តាឡីស័ក ។ យើងធ្វើបែបនេះ ដើម្បី បញ្ជៀសផលប៉ះពាល់ ទៅដល់ការសិក្សា របស់សិស្សានុសិស្ស ។

ជាមួយគ្នានោះដែរ លោក អ៊ុន ចាន់ដា ក៏បានណែនាំ ទៅដល់អាជ្ញាធរស្រុកចំការលើ និងមន្ត្រីពាក់ព័ន្ធទាំងអស់ ត្រូវសហការគ្នា ធ្វើយ៉ាងណាកុំឲ្យស្ថានការណ៍នេះវិវឌ្ឍធ្ងន់ធ្ងរ និងរួមគ្នាគ្រប់គ្រងស្ថានការណ៍នេះឲ្យល្អប្រសើរ និងឈានទៅស្ងប់ស្ងាត់ជាធម្មតាឡើងទៅវិញ ៕

អត្ថបទទាក់ទង