ខ្មែរប៉ុស្ដិ៍ Close

រដ្ឋបាលខេត្តពោធិ៍សាត់ រៀបចំពិធីប្រកាសចូលកាន់តំណែង អភិបាលស្រុកវាលវែង និងអភិបាលស្រុកភ្នំក្រវាញ

ដោយ៖ លី វិទ្យា ​​ | ថ្ងៃសុក្រ ទី១ ខែតុលា ឆ្នាំ២០២១ ព័ត៌មានទូទៅ 1495
រដ្ឋបាលខេត្តពោធិ៍សាត់ រៀបចំពិធីប្រកាសចូលកាន់តំណែង អភិបាលស្រុកវាលវែង និងអភិបាលស្រុកភ្នំក្រវាញរដ្ឋបាលខេត្តពោធិ៍សាត់ រៀបចំពិធីប្រកាសចូលកាន់តំណែង អភិបាលស្រុកវាលវែង និងអភិបាលស្រុកភ្នំក្រវាញ

លោក ម៉ក់ រ៉ា ប្រធានក្រុមប្រឹក្សាខេត្ត និងលោក ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១ បានអញ្ជើញជាគណៈអធិបតី ក្នុងពិធីប្រកាសចូលកាន់តំណែង អភិបាលស្រុកវាលវែង និងអភិបាលស្រុកភ្នំក្រវាញ នៃខេត្តពោធិ៍សាត់។ ពិធីនេះត្រូវបានធ្វើឡើងទាំង២ទីតាំងផ្សេងគ្នា គឺនាពេលព្រឹកនៅសាលប្រជុំសាលាស្រុកវាលវែង និងពេលរសៀលនៅបរិវេណសាលាស្រុកភ្នំក្រវាញ ដោយបានការចូលរួមពីលោកនាយក នាយករងរដ្ឋបាលសាលាខេត្ត កងកម្លាំងប្រដាប់អាវុធ សមាជិក សមាជិកា ក្រុមប្រឹក្សាស្រុក គណៈអភិបាលស្រុក ក្រុមប្រឹក្សាឃុំ និងមន្ត្រីអ្នកមុខអ្នកការផ្សេងទៀត។

យោងតាមអនុក្រឹត្យលេខ ២៧៨អនក្រ.តត របស់រាជរដ្ឋាភិបាលកម្ពុជា ចុះថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២១ បានសម្រេចផ្ទេរភារកិច្ច លោក សូ សាហុង ឋានន្តរស័ក្តិវរមន្ត្រី ថ្នាក់លេខ២ ពីអភិបាលស្រុកភ្នំក្រវាញ ឱ្យទៅកាន់មុខតំណែងជាអភិបាលស្រុកវាលវែង និងលោក ហេង សុភាណា ឋានន្តរស័ក្តិវរមន្ត្រី ថ្នាក់លេខ៣ ពីអភិបាលស្រុកវាលវែង ឱ្យទៅកាន់តំណែងជាអភិបាលស្រុកភ្នំក្រវាញ។

បន្ទាប់ពីលោក ពេជ្រ សុវណ្ណ នាយកទីចាត់ការគ្រប់គ្រងធនធានមនុស្ស សាលាខេត្តពោធិ៍សាត់ បានអានអនុក្រឹត្យ ស្តីពីការផ្ទេរភារកិច្ចមន្ត្រីរាជការនោះរួចមក លោក សូ សាហុង និងលោក ហេង សុភាណា ដែលទើបទទួលបានតំណែងថ្មី បានប្តេជ្ញាចិត្តដូចតទៅ៖

  1. នឹងប្រតិបត្តិដោយក្តីគោរព ចំពោះរាជរដ្ឋាភិបាល ប្រជាពលរដ្ឋ គោរពរដ្ឋធម្មនុញ្ញ ច្បាប់ លិខិតបទដ្ឋាននានាជាធរមាន និងអនុវត្តតាមគោលនយោបាយយុទ្ធសាស្ត្រចតុកោណ និងកម្មវិធីគោលនយោបាយរបស់រាជរដ្ឋាភិបាលផ្សេងទៀត លើកកម្ពស់ប្រសិទ្ធភាពក្នុងការធ្វើ និងអនុវត្តដីកា សេចក្តីសម្រេចតាមគោលការណ៍អភិបាលកិច្ចល្អ។
  2. ខិតខំពង្រឹងរដ្ឋបាលឯកភាព ធ្វើជាម្ចាស់ក្នុងការគ្រប់គ្រងចាត់ចែង មុខងារ និងធនធាន សម្របសម្រួលនូវភាពអសកម្មនៃការផ្តល់សេវានានាជូនប្រជាពលរដ្ឋ និងការអភិវឌ្ឍមូលដ្ឋានប្រកបដោយប្រសិទ្ធិភាព តម្លាភាព បរិយាបន្ន គណនេយ្យភាពចំពោះរាជរដ្ឋាភិបាល និងប្រជាពលរដ្ឋក្នុងមូលដ្ឋាននៃដែនសមត្ថកិច្ច។
  3. លើកកម្ពស់គណនេយ្យភាពរបស់ក្រុមប្រឹក្សាស្រុក ដើម្បីឆ្លើយតបនឹងតម្រូវការ ការជាក់ស្តែងរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន។
  4. ពង្រឹងសាមគ្គីភាពផ្ទៃក្នុង រវាងក្រុមប្រឹក្សាស្រុក គណៈអភិបាលស្រុក មន្ត្រីបុគ្គលិក និងទំនាក់ទំនងល្អជាមួយបណ្តាស្ថាប័ន រដ្ឋបាលដទៃទៀត ព្រមទាំងទំនាក់ទំនងល្អ ជាមួយក្រសួងស្ថាប័នរដ្ឋាភិបាល មន្ទីរ អង្គភាពជំនាញនានា ផ្នែកឯកជន អង្គការ សមាគម ដែលមានមូលដ្ឋានក្នុងដែនសមត្ថកិច្ច ឬក្រៅដែនសមត្ថកិច្ច ដើម្បីរក្សាសុខដុមនីយកម្មលើទិដ្ឋភាពនយោបាយ ក្នុងការរួមចំណែកអភិវឌ្ឍន៍សង្គមសេដ្ឋកិច្ចរឹងមាំ កាត់បន្ថយភាពក្រីក្រជូនប្រជាពលរដ្ឋ។

លោក ម៉ៅ ធនិន បានថ្លែងការកោតសរសើរ និងវាយតម្លៃខ្ពស់ ជុំវិញការខិតខំប្រឹងប្រែងរបស់អាជ្ញាធរមូលដ្ឋានគ្រប់ជាន់ថ្នាក់ ដែលខិតខំប្រឹងប្រែង លះបង់អស់កម្លាំងកាយចិត្ត ក្នុងយុទ្ធនាការរួម ប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩។ លោកបានបន្ថែមថា ការប្រកាសចូលកាន់មុខតំណែងអភិបាលស្រុកវាលវែង និងអភិបាលស្រុកភ្នំក្រវាញនាពេលនេះ គឺជាអាណត្តិដែលតម្រូវឱ្យមានការផ្លាស់ប្តូរជាដាច់ខាត ហើយតួនាទីដែលផ្ដល់ជូន គឺជាអំរែក ម្ខាងរែករាស្រ្ត និងម្ខាងរែកច្បាប់ ដូច្នេះហើយត្រូវយកតួនាទីនេះ ទៅប្រើប្រាស់ឱ្យចំគោលដៅ ដើម្បីជាប្រយោជន៍ និងផ្តល់ភាពកក់ក្តៅ ជូនប្រជាពលរដ្ឋ និងត្រូវខិតខំប្រឹងប្រែងបម្រើរាស្ត្រ និងអនុវត្តច្បាប់ ដោយផ្សារភ្ជាប់សុខទុក្ខ ដល់ខ្នងផ្ទះប្រជាពលរដ្ឋ។

ជាងនេះទៅទៀត គប្បីបន្តការយកចិត្តទុកដាក់ក្នុងការបំពេញការងារ ទាំងផ្លូវរដ្ឋ និងទាំងផ្លូវគ្រួសារ ដោយប្រកាន់ភ្ជាប់ព្រហ្មវិហារធម៌ទាំង៤ មានវប្បធម៌សាមគ្គី ចែករំលែកដល់ថ្នាក់ក្រោម កុំយកទួនាទី ទៅធ្វើអាជីវកម្ម បក្ខពួក គ្រួសារនិយម ដែលនាំឱ្យប៉ះពាល់ដល់អារម្មណ៍មន្ត្រីរាជការក្រោមឱវាទ និងប្រជាពលរដ្ឋ ដែលពួកគាត់តែងតែគោរពស្រឡាញ់ ប្រមុខរាជរដ្ឋាភិបាលរបស់យើង។ លោកបានលើកឡើងផងដែរថា ជីវិតរបស់យើងមានពីរ គឺជីវិតទី១ គ្រាន់តែទទួលទានអាហារចិញ្ចឹមរាងកាយ សម្រាប់ទ្រទ្រង់សុខភាពដល់ការរស់នៅប្រចាំថ្ងៃតែប៉ុណ្ណោះ រីឯជីវិតទី២ គឺជាជីវិតរបស់ជនជាតិមួយ ដែលមានរាប់ម៉ឺនសែនលានឆ្នាំតទៅមុខ ដូចជាការថែរបំប៉ន និងអភិរក្សឱ្យបានល្អប្រសើរ នូវអរិយធម៌ វប្បធម៌ អក្សរសាស្ត្រ ភាសា បូរណភាពទឹកដី កិច្ចានុភាព និងម្លប់សន្តិភាព ដែលលោកនាយករដ្ឋមន្រ្ដីបានយកអាយុជីវិតទៅប្តូររហូតមកដល់សព្វថ្ងៃ នោះហើយគឺជាជីវិតពិតប្រាកដរបស់ជនជាតិមួយ។

លោកក៏បានណែនាំឱ្យអាជ្ញាធរមូលដ្ឋាន ត្រូវបន្តធ្វើការផ្សព្វផ្សាយពីវិធានការ «៣កុំ, ៣ការពារ» របស់លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន និងវិធានការនានា របស់ក្រសួងសុខាភិបាល ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ពិសេសមេរោគបម្លែងថ្មី ប្រភេទDelta។ ជាមួយគ្នានោះ ត្រូវធ្វើការត្រួតពិនិត្យ ក្តាប់សភាពការរួម អំពីអ្នកចំណូលថ្មី បន្តពង្រឹងការគ្រប់គ្រង និងដោះស្រាយបញ្ហាប្រឈម ចំពោះប្រជាពលរដ្ឋ ព្រោះថាកត្តាមូលដ្ឋាន គឺជាកត្តាកំណត់ភាពជោគជ័យទៅថ្ងៃខាងមុខ។

អត្ថបទទាក់ទង