ខ្មែរប៉ុស្ដិ៍ Close

    ទស្សនៈពលរដ្ឋ៖ CNRP ចាញ់ខ្លាំងស្រវាំងភ្នែក!

    ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃពុធ ទី១៦ ខែឧសភា ឆ្នាំ២០១៨ ទស្សនៈ - នយោបាយ 1730
    ទស្សនៈពលរដ្ឋ៖ CNRP ចាញ់ខ្លាំងស្រវាំងភ្នែក!ទស្សនៈពលរដ្ឋ៖ CNRP ចាញ់ខ្លាំងស្រវាំងភ្នែក!

    ទីបំផុតទៅ នៅពេលដែលឃើញគណបក្សនយោបាយចំនួនដល់ទៅ ២០ បានចុះបញ្ជីរួចរាល់ជាមួយ គ.ជ.ប ដើម្បីត្រៀមប្រកួតប្រជែងការបោះឆ្នោតថ្ងៃទី ២៩ កក្កដា ខាងមុខ ខ្មោចបក្សសង្គ្រោះជាតិដែលគ្មានសំណាងបានចូលរួមប្រកួតប្រជែងជាមួយគេដោយសារតែកំហុសធ្ងន់ធ្ងររបស់មេដឹកនាំរហូតដល់ធ្វើឲ្យបក្សនេះរលាយសាបសូន្យពីឆាកនយោបាយនោះ ស្រាប់តែបានចេញសេចក្តីថ្លែងការណ៍ដ៏គួរឲ្យអស់សំណើច។ សេចក្តីថ្លែងការណ៍ដែលទំនងចេញពីឋាននរកក៏មិនដឹងនោះបានថ្កោលទោសគេឯងរាប់ទាំង គ.ជ.ប ផងថាមិនបានអនុញ្ញាតឲ្យបក្សរបស់ខ្លួនដែលរលាយទៅជាខ្មោចទៅហើយនោះចូលរួមប្រកួតប្រជែងជាមួយគេ។

    អ្វីដែលគួរឲ្យអស់សំណើចនៅត្រង់ថា សេចក្តីថ្លែងការណ៍ខ្មោចមួយនេះហាក់ដូចជាមមីងមមាំងមិនដឹងច្បាប់ទម្លាប់អ្វីទាំងអស់។ ជាធម្មតា នរណាក៏ដឹងដែរថា គ.ជ.ប គឺជាស្ថាប័នអនុវត្តច្បាប់។ ស្ថាប័នមួយនេះគ្មានសិទ្ធិអំណាចអ្វីទៅសម្រេចឲ្យបក្សនេះ ឬមិនឲ្យគណបក្សនោះចូលរួមបោះឆ្នោតតាមតែចិត្តនឹកឃើញបាននោះទេ តែ គ.ជ.ប គ្រាន់តែជាអ្នកអនុវត្តតាមច្បាប់ និងនីតិវិធីដែលបានចែងតែប៉ុណ្ណោះ។ រាល់គណបក្សនយោបាយទាំងឡាយណាដែលបានចុះបញ្ជីត្រឹមត្រូវនៅក្រសួងមហាផ្ទៃហើយដែលក្រសួងមួយនេះទទួលស្គាល់ជាផ្លូវការមានសិទ្ធិចុះបញ្ជីគណបក្ស និងបញ្ជីបេក្ខជនឈរឈ្មោះរបស់ខ្លួនជាមួយ គ.ជ.ប បាន។ បន្ទាប់ពីបានបំពេញបែបបទត្រឹមត្រូវតាមនីតិវិធីច្បាប់គ្រប់គ្រាន់ហើយនោះ គ.ជ.ប នឹងប្រកាសទទួលស្គាល់គណបក្សនោះថា បានចុះបញ្ជីគណបក្ស និងបេក្ខជនឈរឈ្មោះប្រកួតប្រជែងរបស់ខ្លួនតាមនីតិវិធីច្បាប់ហើយ។ នេះជាតួនាទីរបស់ គ.ជ.ប ស្របតាមរដ្ឋធម្មនុញ្ញ និងច្បាប់ ដែលបានកំណត់ ហើយដែលសូម្បីពលរដ្ឋសាមញ្ញក៏បានដឹងអំពីនីតិវិធីបែបនេះដែរ លើកលែងតែគណបក្សខ្មោចសង្គ្រោះជាតិមួយប៉ុណ្ណោះដែលមិនដឹង។ គណបក្សនយោបាយទាំង ២០ ដែលបានចុះបញ្ជី និងចុះឈ្មោះបេក្ខជនរបស់ខ្លួនរួចរាល់នៅ គ.ជ.ប ទាន់ពេលវេលាតាមប្រតិទិនដែលបានកំណត់សុទ្ធតែបានដឹងច្បាស់អំពីនីតិវិធីច្បាប់ ហើយបានខិតខំបំពេញគ្រប់លក្ខខណ្ឌតម្រូវដោយគ្មានខ្វះចន្លោះឡើយ ទើប គ.ជ.ប ប្រកាសទទួលស្គាល់ជាផ្លូវការ។ មានតែគណបក្សសង្គ្រោះជាតិមួយនេះទេបែរជាចេញសេចក្តីថ្លែងការណ៍ដ៏គួរឲ្យអស់សំណើចបែបនេះទៅវិញ។ សេចក្តីថ្លែងការណ៍នេះគឺពិតជាមានន័យយ៉ាងច្បាស់ថាបក្សខ្មោច cnrp មានការវង្វេងវង្វាន់ ថាបាយបិណ្ឌគឺជាបាយបាតតែម្តង។

    យ៉ាងណា សម្រាប់អ្នកដែលបានតាមដាននយោបាយនៅកម្ពុជា វាប្រហែលជាគ្មានអ្វីចម្លែកទេសម្រាប់គណបក្សសង្គ្រោះជាតិដែលតែងតែធ្វើអ្វីៗដោយមិនគោរពតាមនីតិវិធីច្បាប់នោះ។ តាំងពីដើមរៀងមក គណបក្សដែលដឹកនាំដោយលោក សម រង្ស៊ី និងលោក កឹម សុខា គិតតែពីរឿងកេងចំណេញនយោបាយដោយមើលរំលងទាំងស្រុងនីតិវិធីច្បាប់។ ហេតុដូច្នេះហើយបានជាទីបំផុតគណបក្សនេះត្រូវបានតុលាការកំពូលសម្រេចរំលាយចោលដោយសារតែកំហុសធំធេងរបស់មេដឹកនាំគណបក្សដែលហ៊ានរហូតដល់ទៅធ្វើនយោបាយតាមខ្សែញាក់របស់បរទេសដោយមិនគិតអំពីច្បាប់របស់ប្រទេស។ ក្នុងន័យនេះហើយបានជា ទាំងលោក សម រង្ស៊ី ទាំងលោក កឹម សុខា សុទ្ធតែមានទោសជាច្រើនករណីជាប់នឹងខ្លួន។ ប៉ុណ្ណឹងហើយក៏ពួកគេនៅតែមិនភ្ញាក់រលឹកហើយនៅតែបន្តប្រព្រឹត្តអំពើខុសច្បាប់ ចេញសេចក្តីថ្លែងការណ៍ទាំងងងឹតងងុលបែបនេះទៀត។

    អ្វីដែលគួរឲ្យកត់សម្គាល់គឺ តាំងពីមុនពេល គ.ជ.ប ចាប់ផ្តើមដំណើរការនីតិវិធីរបស់ខ្លួនម៉្លេះ លោក សម រង្ស៊ី បានឃោសនាបោកប្រាស់អ្នកគាំទ្ររបស់ខ្លួនថា គណបក្សសង្គ្រោះជាតិនឹងមានវត្តមាននៅក្នុងការបោះឆ្នោតខែកក្កដា ខាងមុខនេះ។ គាត់ភូតកុហកអ្នកគាំទ្រថា សហគមន៍អន្តរជាតិនឹងដាក់សម្ពាធមកលើរាជរដ្ឋាភិបាលក្រុងភ្នំពេញឲ្យទទួលយកខ្មោចគណបក្សសង្គ្រោះជាតិមកវិញ។ ក្រោយមកនៅពេលដែលការធ្វើសកម្មភាពទាំងឡាយរបស់លោក សម រង្ស៊ី និងបក្ខពួកមិនទទួលបានលទ្ធផលអ្វីដោយសារតែសហគមន៍អន្តរជាតិមិនស្តាប់តាម លោក សម រង្ស៊ី ក៏បែរមករិះរកវិធីគ្រប់យ៉ាងដើម្បីរារាំងកុំឲ្យបក្សនយោបាយផ្សេងៗទៅចូលរួមបោះឆ្នោតដោយលើកហេតុផលថា គ្មានវត្តមានបក្សសង្គ្រោះជាតិ គ្មានប្រជាធិបតេយ្យ។ ប៉ុន្តែ ការឃោសនាបោកប្រាសនេះក៏ទទួលបរាជ័យទាំងស្រុងទៀតដោយសារតែគណបក្សនយោបាយផ្សេងៗមិនស្តាប់តាមការឃោសនារបស់លោក សម រង្ស៊ី ឯណា។ ផ្ទុយទៅវិញ ពួកគេគិតថា ការចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោតខែកក្កដាខាងមុខនឹងផ្តល់ជាជម្រើសយ៉ាងសម្បូរបែបដល់ប្រជាពលរដ្ឋ ហើយពួកគេក៏យល់ទៀតថា ដំណើរការប្រជាធិបតេយ្យនៅកម្ពុជាមិនអាស្រ័យលើគណបក្សមួយដែលបំពានច្បាប់ និងដែលបានស្លាប់បាត់ទៅហើយនោះឡើយ។ ទីបំផុត គណបក្សចំនួនដល់ទៅ ២០ បានចូលរួមប្រកួត។ ចំនួនគណបក្សដ៏ច្រើនហួសពីការរំពឹងទុកបែបនេះរឹតតែធ្វើឲ្យលោក សម រង្ស៊ី និងមន្ត្រីគណបក្សខ្មោចសង្គ្រោះជាតិក្រពុលមុខកាន់តែខ្លាំងរហូតដល់ចេញសេចក្តីថ្លែងការណ៍វង្វេងស៊ុងមិនដឹងខុសត្រូវបែបនេះ។ សេចក្តីថ្លែងការណ៍នេះក៏បានអំពាវនាវឲ្យពលរដ្ឋធ្វើពហិការមិនទៅបោះឆ្នោតដែលបំពានទៅនឹងច្បាប់បោះឆ្នោតថែមទៀត។ ការបន្តបំពានច្បាប់ម្តងហើយម្តងទៀតរបស់អ្នកនយោបាយបក្សខ្មោចសង្គ្រោះជាតិកាន់តែធ្វើឲ្យមហាជនខ្មែររាប់ទាំងអ្នកធ្លាប់គាំទ្រគណបក្សនេះផងបានស្គាល់កាន់តែច្បាស់អំពីចរិតរបស់មេដឹកនាំគណបក្សនេះដែលតែងតែភូតភរ បោកប្រាស់ពលរដ្ឋតែរហូតមក។ ចំណែកឯសហគមន៍អន្តរជាតិវិញ ក៏ពួកគេកំពុងសាទរ និងស្ងប់ស្ងែងដំណើរការលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាដែលបាត់បក្សមួយនៅមានបក្ស ២០ ប្រកួត។ ដូច្នេះ ទាំងប្រជាពលរដ្ឋខ្មែរ ទាំងសហគមន៍អន្តរជាតិសុទ្ធតែបានយល់ច្បាស់ហើយថា ប្រជាធិបតេយ្យនៅកម្ពុជាកំពុងរីកលូតលាស់យ៉ាងខ្លាំងមិនដូចការឃោសនាអកុសលរបស់លោក សម រង្ស៊ី នោះឡើយ។

    សរុបទៅ សំឡេងរបស់លោក សម រង្ស៊ី ក្តី សំឡេងរបស់គណបក្សខ្មោចសង្គ្រោះជាតិក្តី លែងមានន័យសម្រាប់ពលរដ្ឋខ្មែរ និងសហគមន៍អន្តរជាតិទៀតហើយ។ វាគ្រាន់តែជាសំឡេងខ្មោចទារពែតែប៉ុណ្ណោះ។ បើគណបក្សនយោបាយយ៉ាងច្រើនចូលរួមបោះឆ្នោត ពលរដ្ឋខ្មែរយ៉ាងច្រើនកុះករនឹងទៅបោះឆ្នោត ហើយសហគមន៍អន្តរជាតិក៏នឹងសាទរ ហើយគោរពឆន្ទៈពលរដ្ឋខ្មែរជាក់ជាមិនខាន។ ចំណែកគណបក្សខ្មោចមួយនោះនឹងកាន់តែវង្វេងវង្វាន់ ក្រពុលមុខខ្លាំង រហូតដល់ស្រវាំងភ្នែកមើលអ្វីមិនឃើញ មិនដឹងសខ្មៅ មិនដឹងខុសត្រូវ ហើយទីបំផុតគឺប្រវត្តិសាស្ត្រនឹងកប់ឈ្មោះគណបក្សនេះចោល កប់ឈ្មោះអ្នកនយោបាយទាំងនោះចោល ដោយគ្មានអ្នកណានឹងនឹកនាដល់ទៀតឡើយ។ បើមានអ្នកនឹកនាក៏ជាការនឹកដល់គណបក្សមួយដែលបំពានច្បាប់ ដែលធ្វើកំហុសនយោបាយធ្ងន់ធ្ងរគ្រាន់ទុកជាបទពិសោធន៍ទៅថ្ងៃមុខកុំឲ្យដើរជាន់ដានចាស់តែប៉ុណ្ណោះ។ ដូច្នេះ សេចក្តីថ្លែងការណ៍នេះមានន័យដូចពាក្យចាស់បូរាណថា ចាញ់ខ្លាំងស្រវាំងភ្នែក គឺស្រវាំងទាល់តែលែងដឹងខុសត្រូវ លែងយល់ច្បាប់អ្វីទាំងអស់គឺវង្វេងស៊ុងតែម្តង៕

    ដោយ៖ និស្សិតឆ្នាំទី៤ សាកលវិទ្យាល័យនិតិសាស្ត្រ

    អត្ថបទទាក់ទង