ខ្មែរប៉ុស្ដិ៍ Close

គ.ជ.ប បង្ហាញពីបញ្ហាប្រឈមមួយចំនួននៅក្នុងដំណើរការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២១

ដោយ៖ លី វិទ្យា ​​ | ថ្ងៃសុក្រ ទី៥ ខែវិច្ឆិកា ឆ្នាំ២០២១ ព័ត៌មានទូទៅ 674
គ.ជ.ប បង្ហាញពីបញ្ហាប្រឈមមួយចំនួននៅក្នុងដំណើរការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២១ គ.ជ.ប បង្ហាញពីបញ្ហាប្រឈមមួយចំនួននៅក្នុងដំណើរការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២១

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានបង្ហាញពីបញ្ហប្រឈមមួយចំនួនក្នុងដំណើរការនៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២១។ នេះបើតាមលោក ឌុច សុន សមាជិក គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) និងជាប្រធានដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយជាមួយភាគីពាក់ព័ន្ធ នៅថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២១នេះ។

លោក ឌុច សុន បានបញ្ជាក់ថា ដំណើរការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២១នេះ គឺជាឆ្នាំទី៦ហើយ បើគិតចាប់តាំងពីឆ្នាំ២០១៦មក ដែល គ.ជ.ប ធ្វើការជាមួយប្រព័ន្ធបច្ចេកវិទ្យា ហើយដំណើរការនេះ ក៏ប្រព្រឹត្តទៅក្នុងរដូវវស្សា និងអំឡុងពេលមានជំងឺកូវីដ១៩ ផងដែរ។

មន្ត្រីជាន់ខ្ពស់ គ.ជ.ប រូបនេះ បានគូសបញ្ជាក់ថា យើងសង្កេតឃើញថា មានបញ្ហាមួយចំនួនកើតមានឡើងមានដូចជា៖

  • ឃុំ-សង្កាត់មួយចំនួន ទទួលនូវជំនន់ទឹកភ្លៀង និងភូមិមួយចំនួនធំមានភ្លៀងធ្លាក់ខ្លាំង និងមធ្យមទៅតាមតំបន់
  • ចំពោះខេត្តដែលនៅតាមដងទន្លេ ជួបនូវបញ្ហាគ្រោះទឹកជំនន់ នាំឱ្យភូមិ-ឃុំមួយចំនួនប្រជាពលរដ្ឋជាប់រវល់ចល័តស្វែងរកទីទួលសុវត្ថិភាព
  • ចំណែកឯទីជនបទខ្លះទៀតផ្លូវរអិល ទឹកលិចផ្លូវ ទឹកទន្លេ សមុទ្ររលកធំៗ ជាហេតុនាំឱ្យប្រជាពលរដ្ឋមានការលំបាកក្នុងការធ្វើដំណើរមកពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត
  • ខេត្តខ្លះទៀតនៅតាមព្រំដែនកម្ពុជា-ថៃ ស្ថានការណ៍ជំងឺកូវីដ១៩ មានសភាពធ្ងន់ធ្ងរ និងរងផលប៉ះពាល់ដោយទឹកភ្លៀង រហូតដល់ជន់លិចភូមិ-ឃុំខ្លះផងដែរ
  • ឃុំ-សង្កាត់ខ្លះខ្វះខាតអគ្គិសនីសម្រាប់ប្រើប្រាស់
  • តំបន់មួយចំនួន ពុំមានសេវាអ៊ីនធើណិតប្រើប្រាស់គ្រប់គ្រាន់ក្នុងការបញ្ជូនទិន្នន័យមក គ.ជ.ប
  • ឃុំ-សង្កាត់មួយចំនួន មិនសូវមានប្រជាពលរដ្ឋអញ្ជើញមកចុះឈ្មោះ ដោយសាររវល់បំពេញការងារជាមួយនឹងភ្លៀងធ្លាក់ច្រើន ផ្លូវពិបាកធ្វើដំណើរ និងស្ថិតនៅតំបន់ព្រៃភ្នំជាដើម
  • ប្រជាពលរដ្ឋខ្លះ ត្រូវសម្រាកព្យាបាលជំងឺកូវីដ១៩ និងខ្លះទៀតជាប់ចត្តាឡីស័ក
  • ប្រជាពលរដ្ឋមិនហ៊ានអញ្ជើញទៅពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតដោយសារការរីករាលដាលនៃជំងឺកូវីដ-១៩
  • ការីកុំព្យូទ័រនៅឃុំ-សង្កាត់មួយចំនួនជាការីថ្មី ដូចនេះការយល់ដឹងអំពីនីតិវិធីប្រើប្រាស់កម្មវិធីចុះឈ្មោះបោះឆ្នោតនៅមានកម្រិត ជាហេតុធ្វើឱ្យមានកំហុសបច្ចេកទេសមួយចំនួន ក្នុងដំណើរការនៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២១នេះ
  • ក្រុមចុះឈ្មោះបោះឆ្នោតពិបាកក្នុងការចល័តការិយាល័យចុះឈ្មោះតាមភូមិ ដោយសារមានភ្លៀងធ្លាក់ច្រើន និងផ្លូវពិបាកធ្វើដំណើរ ជាពិសេសនៅតំបន់ដាច់ស្រយាល ផ្លូវឆ្ងាយមានការខូចខាតច្រើន និងគ្មានសេវាអ៊ីធើណិតគ្រប់គ្រាន់ ក្នុងការបញ្ជូន ទិន្នន័យមក គ.ជ.ប
  • ឃុំ-សង្កាត់ខ្លះទៀត ម៉ាស៊ីនកុំព្យូទ័រ សម្ភារ បរិក្ខារអេឡិចត្រូនិក និងឧបករណ៍បចេ្ចកទេស មួយចំនួនមានសភាពចាស់ មិនកាន់ភ្លើង ខ្លះខូចនាំឱ្យមានការបញ្ហាដល់ដំណើរការចុះឈ្មោះបោះឆ្នោត
  • ខេត្តមួយចំនួនត្រូវបានរដ្ឋបាលខេត្តធ្វើការរាំងខ្ទប់ភូមិ-ឃុំ-សង្កាត់ ដែលជាតំបន់មានការរីករាលដាលនៃជំងឺកូវីដ១៩ ជាហេតុធ្វើឱ្យប្រជាពលរដ្ឋមួយចំនួនមានការ ស្ទាក់ស្ទើរក្នុងការចេញទៅពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតដោយ ខ្លាចឆ្លងជំងឺកូវីដ១៩។

ទោះជាយ៉ាងណា បើទោះបីជាមានបញ្ហាអាកាសធាតុ និងបញ្ហាប្រឈមមួយចំនួនទៀត ដូចបានលើកឡើងខាងលើក៏ពិតមែន លោក ឌុច សុន បានឱ្យដឹងថា ប៉ុន្តែដំណើរការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះ បោះឆ្នោតឆ្នាំ២០២១ បានប្រព្រឹត្តទៅជាធម្មតា ដោយមានការសហការយ៉ាងស្អិតរមួត រវាងអ្នកបច្ចេកទេសថ្នាក់ជាតិ លេខាធិការដ្ឋានរាជធានី-ខេត្តរៀបចំការបោះឆ្នោត ក្រុមប្រឹក្សាឃុំ សង្កាត់ និងក្រុមចុះឈ្មោះបោះឆ្នោត ដើម្បីដោះស្រាយបញ្ហាបច្ចេកទេសផ្សេងៗបានទាន់ពេលវេលា

បន្ថែមពីនេះ លោក ឌុច សុន បានបន្តថា ក្នុងបរិបទកូវីដ១៩នេះ ដើម្បីផ្តល់ភាពងាយស្រួលដល់ប្រជាពលរដ្ឋកុំឱ្យពិបាកក្នុងការធ្វើដំណើរទៅពិនិត្យឈ្មោះនៅតាមឃុំ-សង្កាត់ គ.ជ.ប បានបង្កើតឡើងនូវគេហទំព័រ គ.ជ.ប ដែលមានឈ្មោះ www.voterlist.nec.gov.kh និង APP ទូរស័ព្ទដៃ ដែលមានឈ្មោះ Voterlist KH។ ហេតុដូចនេះ ប្រជាពលរដ្ឋអាចពិនិត្យ ពីចម្ងាយ ដោយគ្រាន់តែចូលគេហទំព័រ ឬ ដោនឡូត APP ដែលមានទាំងក្នុង IOS និង Android ជាការស្រេច។

លើសពីនេះ មន្ត្រីជាន់ខ្ពស់រូបនេះ បានបន្តថា គ.ជ.ប ក៏បានគិតដល់ប្រជាពលរដ្ឋ ដែលមិនទាន់ចេះប្រើបច្ចេកវិទ្យាទំនើបនេះ ដោយ គ.ជ.ប បានសហការណ៍ជាមួយ មេឃុំ ចៅសង្កាត់ក្នុងការចែកជូនលិខិតអញ្ជើញអ្នកចុះឈ្មោះបោះឆ្នោត ដោយមានលិខិតអញ្ជើញនេះ ប្រជាពលរដ្ឋអាចដឹងថាឈ្មោះ ឬទិន្នន័យរបស់ពួកគាត់ត្រឹមត្រូវ ឬមិនត្រឹមត្រូវ និងដឹងកាលបរិច្ឆេទ អំពីដំណើរការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោត។

យោងតាមស្ថិតិប្រជាពលរដ្ឋប៉ាន់ស្មានឆ្នាំ២០២១នេះ គ.ជ.ប មានផែនការចុះឈ្មោះអ្នកបោះឆ្នោតថ្មីចំនួនជាង១លាន ៦៣ម៉ឺននាក់ និងលុបឈ្មោះចេញពីបញ្ជីបោះឆ្នោតចំនួនជាង៨ម៉ឺន ៣ពាន់នាក់បន្ថែមទៀត ដើម្បីបម្រើឱ្យការបោះឆ្នោតជ្រើសរើសសមាជិកក្រុមប្រឹក្សាឃុំសង្កាត់ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ ខណៈគិតត្រឹមឆ្នាំ២០២០ មានពលរដ្ឋខ្មែរជាង ៨លាន ៨៣ម៉ឺន៕ Fresh News

អត្ថបទទាក់ទង