ខ្មែរប៉ុស្ដិ៍ Close

លោក គួច ចំរើន បង្ហាញពីការអភិវឌ្ឍកំពង់ផែស្វយ័តក្រុងព្រះសីហនុ និងផែនការមេអភិវឌ្ឍលើវិស័យនានា ដែលជាតំបន់មានសក្តានុពលសេដ្ឋកិច្ចល្អបំផុត សម្រាប់ឱកាសបង្កើនការវិនិយោគ

ដោយ៖ លី វិទ្យា ​​ | ថ្ងៃពុធ ទី១៧ ខែវិច្ឆិកា ឆ្នាំ២០២១ ព័ត៌មានទូទៅ 791
លោក គួច ចំរើន បង្ហាញពីការអភិវឌ្ឍកំពង់ផែស្វយ័តក្រុងព្រះសីហនុ និងផែនការមេអភិវឌ្ឍលើវិស័យនានា ដែលជាតំបន់មានសក្តានុពលសេដ្ឋកិច្ចល្អបំផុត សម្រាប់ឱកាសបង្កើនការវិនិយោគ លោក គួច ចំរើន បង្ហាញពីការអភិវឌ្ឍកំពង់ផែស្វយ័តក្រុងព្រះសីហនុ និងផែនការមេអភិវឌ្ឍលើវិស័យនានា ដែលជាតំបន់មានសក្តានុពលសេដ្ឋកិច្ចល្អបំផុត សម្រាប់ឱកាសបង្កើនការវិនិយោគ

ព្រះសីហនុ៖​ នាថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២១ លោក គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញទទួលជួប និងពិភាក្សាការងារជាមួយ លោក MIKAMI Masahiro ឯកអគ្គរាជទូតជប៉ុន ប្រចាំព្រះរាជាណាចក្រកម្ពុជា។

លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានស្វាគមន៍ឯកអគ្គរដ្ឋទូតជប៉ុន និងលោកស្រីអនុប្រធានអង្គការ UNDP ប្រចាំកម្ពុជា ដែលបានមកបំពេញទស្សនកិច្ចនៅខេត្តព្រះសីហនុ ជាលើកទី៣ ដើម្បីរំលឹកចំណងមិត្តភាព សាមគ្គីភាពរវាងកម្ពុជា និងជប៉ុន។ ជប៉ុនជាមិត្តដ៏ស្មោះត្រង់ជួយកម្ពុជា ក្នុងការងារមនុស្សធម៌ ការចែករំលែកបទពិសោធន៍ ជួយកសាង និងផ្តល់ជំនួយមនុស្សធម៌ជាច្រើន ជាពិសេសវិស័យអភិវឌ្ឍធនធានមនុស្ស តាមរយៈរាជរដ្ឋាភិបាល និងប្រជាជនជប៉ុន បានជួយកសាងសាលាបឋមសិក្សា ចំនួន២៤សាលា និងអនុវិទ្យាល័យ ចំនួន២សាលា នៅក្នុងខេត្តព្រះសីហនុ។ ជប៉ុនបានចូលរួមចំណែកក្នុងកំណើនសេដ្ឋកិច្ចជាតិ ពិសេសជួយកសាងកំពង់ផែទឹកជ្រៅ ដោយអភិវឌ្ឍន៍ជាដំណាក់កាល ជំហានទី១ និងជំហានទី២ នឹងត្រូវបញ្ចប់នៅឆ្នាំ២០២៥ ដែលអាចឱ្យនាវាមានជំរៅទឹក ១៤,៥០ម៉ែត្រ ចូលចតបាន។ ហើយនាវាមកពីតំបន់អាស៊ីប៉ាស៊ីហ្វិក ប្រមាណជា ៩៣ភាគរយអាចចូលចត ដែលធ្វើឱ្យតម្លៃដឹកជញ្ជូនមានការថយចុះ ដើម្បីប្រកួតប្រជែងទីផ្សារជាមួយប្រទេសជិតខាង។ ជប៉ុនបានផ្តល់កម្ចីដល់កំពង់ផែស្វយ័តក្រុងព្រះសីហនុ ជួយគាំទ្រដល់កំណើនសេដ្ឋកិច្ច ហើយអ្នកវិនិយោគជប៉ុន បានមកវិនិយោគលើវិស័យរោងចក្រ សហគ្រាស ទេសចរណ៍ សណ្ឋាគារ និងភោជនីយដ្ឋាន ដែលបានចូលរួមចំណែកអភិវឌ្ឍដល់សេដ្ឋកិច្ច និងសង្គមជាច្រើន។ ដោយសារតែជំងឺកូវីដ-១៩ បានវាយប្រហារ ហើយខ្សែចង្វាក់ផលិតកម្មមួយចំនួនបានរងបញ្ហាប្រឈមផងដែរ។ ជាមួយគ្នានេះដោយការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល និងមានជំនួយឧបត្ថម្ភពីកូវ៉ាក់ ជប៉ុន អាមេរិក អង់គ្លេស បានជួយផ្តល់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ គិតត្រឹមថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២១ កម្ពុជាបានចាក់វ៉ាក់សាំងជូនកុមារចាប់ពីអាយុ៥ឆ្នាំឡើង បានចំនួន៨៨ភាគរយ ធៀបនឹងចំនួនប្រជាពលរដ្ឋសរុបចំនួន១៦លាននាក់ ដោយឡែកនៅខេត្តព្រះសីហនុ ការចាក់វ៉ាក់សាំងសម្រេចបានជាង ៩៣ភាគរយហើយ។

លោក​អភិបាលខេត្ត បានបន្តថាការរាតត្បាតនៃជំងឺកូវីដ-១៩ មានការធូរស្បើយហើយ រាជរដ្ឋាភិបាលបានធ្វើការបើកប្រទេស ដើម្បីទទួលភ្ញៀវទេសចរណ៍វ៉ាក់សាំងគ្រប់ដូសតាមផ្លូវអាកាស ផ្លូវទឹក និងផ្លូវគោក ដោយគ្រាន់តែតម្រូវឱ្យធ្វើតេស្តរកមេរោគកូវីដ មិនចាំបាច់ធ្វើចត្តាឡីស័កទៀតទេ។ ទន្ទឹមនេះ លោកអភិបាលខេត្ត ក៏បានស្នើសុំឱ្យ លោកឯកអគ្គរាជទូតជប៉ុន ជួយផ្សព្វផ្សាយ និងជម្រុញអ្នកវិនិយោគជប៉ុនមកកាន់ខេត្តព្រះសីហនុឱ្យបានកាន់តែច្រើនឡើងថែមទៀត ហើយលោកសង្ឃឹមថា រដ្ឋាភិបាលជប៉ុន និងបន្តចែករំលែកបទពិសោធន៍ បច្ចេកទេសដល់កម្ពុជា ពិសេសខេត្តព្រះសីហនុ ជាត្រីវិស័យក្នុងការចូលរួមអភិវឌ្ឍខេត្តព្រះសីហនុនាពេលខាងមុខ។

លោក MIKAMI Masahiro ឯកអគ្គរាជទូតជប៉ុន ប្រចាំព្រះរាជាណាចក្រកម្ពុជា បានជម្រាបពីគោលបំណងដែលគណៈប្រតិភូមកបំពេញទស្សនៈកិច្ចនៅខេត្តព្រះសីហនុ ដោយក្នុងនោះបានចុះពិនិត្យទីលានចាក់សំរាមនៅស្រុកព្រៃនប់ និងសាលារៀននៅក្នុងក្រុងព្រះសីហនុ ជាមួយប្រតិភូអង្គការ UNDP ទន្ទឹមនោះយើងបានមើលឃើញខេត្តព្រះសីហនុ មានការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរីកចម្រើនគួរឱ្យកត់សម្គាល់។ ជាមួយគ្នានេះ លោកអភិបាលខេត្ត ក៏បានថ្លែងអំណរគុណចំពោះកិច្ចសហប្រតិបត្តិការរវាងជប៉ុន និងកម្ពុជា ដោយយើងនឹងបន្តកិច្ចសហការ ពិសេសជួយជម្រុញក្រុមហ៊ុនជប៉ុនមកធ្វើការវិនិយោគនៅខេត្តព្រះសីហនុ ដោយខេត្តព្រះសីហនុ មានផ្លូវស្អាត កាកសំណល់ត្រូវបានដោះស្រាយ ការអភិវឌ្ឍកំពង់ផែស្វយ័តក្រុងព្រះសីហនុ និងការរៀបចំផែនការមេអភិវឌ្ឍខេត្ត ដើម្បីប្រែក្លាយជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង វាមានសារ:សំខាន់ក្នុងការទាញវិនិយោគមកកាន់ខេត្តព្រះសីហនុកាន់តែច្រើននាពេលខាងមុខ៕

អត្ថបទទាក់ទង