ខ្មែរប៉ុស្ដិ៍ Close

ជំនួយវ៉ាក់សាំង២លានដូសរបស់ចិននៅថ្ងៃនេះ នឹងចូលរួមចំណែក យ៉ាងសំខាន់ក្នុងយុទ្ធនាការចាក់វ៉ាក់សាំងដូសជំរុញ និងវ៉ាក់សាំងដូសមូលដ្ឋានដល់កុមារអាយុ ៥ឆ្នាំ នៅកម្ពុជា

ដោយ៖ លី វិទ្យា ​​ | ថ្ងៃពុធ ទី១៧ ខែវិច្ឆិកា ឆ្នាំ២០២១ ព័ត៌មានទូទៅ 1248
ជំនួយវ៉ាក់សាំង២លានដូសរបស់ចិននៅថ្ងៃនេះ នឹងចូលរួមចំណែក យ៉ាងសំខាន់ក្នុងយុទ្ធនាការចាក់វ៉ាក់សាំងដូសជំរុញ និងវ៉ាក់សាំងដូសមូលដ្ឋានដល់កុមារអាយុ ៥ឆ្នាំ នៅកម្ពុជាជំនួយវ៉ាក់សាំង២លានដូសរបស់ចិននៅថ្ងៃនេះ នឹងចូលរួមចំណែក យ៉ាងសំខាន់ក្នុងយុទ្ធនាការចាក់វ៉ាក់សាំងដូសជំរុញ និងវ៉ាក់សាំងដូសមូលដ្ឋានដល់កុមារអាយុ ៥ឆ្នាំ នៅកម្ពុជា

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានឲ្យដឹងថា គិតត្រឹមព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២១នេះ មហាមិត្តចិនបានផ្តល់ជំនួយ និងសម្របសម្រួលក្នុងការបញ្ជាទិញ វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ សរុបចំនួន ៣៦,៨០០,០០០ដូស ដោយក្នុងនោះកម្ពុជាទទួលបានវ៉ាក់សាំងជំនួយ ៨លាន ៣សែនដូស។

ការមានប្រសាសន៍បែបនេះ របស់សម្ដេចតេជោ ហ៊ុន សែន ធ្វើឡើងក្នុងឱកាសអញ្ជើញរួមគ្នាជាមួយ លោក វ៉ាង វិនធាន ឯកអគ្គរដ្ឋទូត នៃសាធារណៈរដ្ឋប្រជាមានិតចិន ក្នុងពិធីប្រគល់ និងទទួលវ៉ាក់សាំង ចំនួន២លានដូស ដែលជាជំនួយរបស់មហាមិត្តចិន។

សម្ដេចតេជោ ហ៊ុន សែន ៖ «គិតត្រឹមថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២១នេះ មិត្តចិនបានផ្តល់ជាជំនួយ និងសម្របសម្រួលក្នុងការបញ្ជាទិញវ៉ាក់សាំង បង្ការជំងឺកូវីដ-១៩ សរុបចំនួន៣៦,៨០០,០០០ដូស ដោយក្នុងនោះ វ៉ាក់សាំងជាជំនួយចំនួន ៨,៣០០,០០០ដូស និងវ៉ាក់សាំងបញ្ជាទិញចំនួន២៨,៥០០,០០០ដូស»។

ដោយឡែក សម្រាប់ជំនួយវ៉ាក់សាំងបន្ថែមចំនួន ២,០០០,០០០ដូស ដែលប្រគល់-ទទួលនាថ្ងៃនេះ សម្ដេចតេជោ ហ៊ុន សែន បានអះអាងថា នឹងចូលរួមចំណែក យ៉ាងសំខាន់ក្នុងយុទ្ធនាការជាចាក់វ៉ាក់សាំងដូសជំរុញ ជូនដល់ប្រជាជនទូទៅ អាយុចាប់ពី១៨ឆ្នាំឡើង និងចាក់វ៉ាក់សាំងដូសមូលដ្ឋានជូនដល់កុមារអាយុ៥ឆ្នាំ ក្នុងក្របខណ្ឌទូទាំងប្រទេស។

សម្ដេចតេជោ ហ៊ុន សែន បានឲ្យដឹងទៀតថា គិតត្រឹមថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២១ ប្រជាជនកម្ពុជា ដែលមានអាយុចាប់ពី៥ឆ្នាំឡើង បានទទួលការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ មានរហូតដល់ជាង៨៧.៩៩ភាគរយ ក្នុងចំណោមប្រជាជនក្នុងប្រទេសសរុបប្រមាណ១៦លាននាក់។

ការណ៍នេះ បានធ្វើឲ្យកម្ពុជាក្លាយជាប្រទេសមួយ ក្នុងចំណោមបណ្តាប្រទេស ដែលមានអត្រាគ្របដណ្តប់ នៃការចាក់វ៉ាក់សាំងខ្ពស់ជាងគេ ទាំងក្នុងតំបន់ និងសកលលោក សម្រេចបាននូវភាពស៊ាំសហគមន៍រឹងមាំពិតប្រាកដមួយ ដែលនឹងចូលរួមចំណែកក្នុងការកាត់បន្ថយនូវការឆ្លងរាលដាល ការចម្លង ការវិវត្តទៅរកភាពធ្ងន់ធ្ងរនៃជំងឺ និងអត្រាមរណភាព ធានាបាននូវការរស់នៅតាមគន្លងប្រក្រតីភាពថ្មី ព្រមទាំងស្តារ និងជំរុញឡើងវិញនូវកំណើនសេដ្ឋកិច្ច និងវឌ្ឍនភាពសង្គម។ នេះបើតាមប្រសាសន៍របស់សម្ដេចតេជោ នាយករដ្ឋមន្ដ្រី។

សម្ដេចតេជោ បានសង្កត់ធ្ងន់ទៀតថា ភាពជោគជ័យ នៃយុទ្ធនាការជាតិចាក់វ៉ាក់សាំងរបស់កម្ពុជាខាងលើនេះ គឺមិនអាចកាត់ផ្តាច់ ចេញពីការផ្តល់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដោយប្រទេសចិនបានឡើយ។ វ៉ាក់សាំងដែលមានប្រភពមកពីប្រទេសចិន បានដើរតួនាទីជាវ៉ាក់សាំងយុទ្ធសាស្ត្រស្នូលរបស់កម្ពុជា និងជាកូនសោរគន្លឹះក្នុងការការពារសុខភាពសាធារណៈ និងជួយសង្គ្រោះអាយុជីវិតប្រជាជនកម្ពុជា៕ Fresh News

អត្ថបទទាក់ទង