ខ្មែរប៉ុស្ដិ៍ Close

    កម្ពុជាទទួលធ្វើម្ចាស់ផ្ទះ ការប្រកួតបាល់ទាត់ជើងឯកតំបន់អាស៊ីអាគ្នេយ៍ អាយុក្រោម២៣ឆ្នាំ នៅឆ្នាំ២០២២

    ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃពុធ ទី២៤ ខែវិច្ឆិកា ឆ្នាំ២០២១ ព័ត៌មានទូទៅ 2644
    កម្ពុជាទទួលធ្វើម្ចាស់ផ្ទះ ការប្រកួតបាល់ទាត់ជើងឯកតំបន់អាស៊ីអាគ្នេយ៍ អាយុក្រោម២៣ឆ្នាំ នៅឆ្នាំ២០២២កម្ពុជាទទួលធ្វើម្ចាស់ផ្ទះ ការប្រកួតបាល់ទាត់ជើងឯកតំបន់អាស៊ីអាគ្នេយ៍ អាយុក្រោម២៣ឆ្នាំ នៅឆ្នាំ២០២២

    សហព័ន្ធកីឡាបាល់ទាត់កម្ពុជា (FFC) បានប្រកាសនៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២១នេះថា កម្ពុជាបានទទួលសិទ្ធិធ្វើម្ចាស់ផ្ទះ ការប្រកួតបាល់ទាត់ជើងឯកតំបន់អាស៊ីអាគ្នេយ៍អាយុក្រោម២៣ឆ្នាំ (AFF U23 Championship 2022) ដែលគ្រោងប្រកួតចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២២ នៅពហុកីឡដ្ឋានជាតិមរតកតេជោ និងកីឡដ្ឋានព្រីនស៍នៃក្លិបបាល់ទាត់វិសាខា។

    អ្នកគាំទ្រវិស័យកីឡាបាល់ទាត់កម្ពុជា បានសម្តែងការអបអរសាទរចំពោះការទទួលធ្វើម្ចាស់ផ្ទះ AFF U23 Championship 2022 នៅពហុកីឡដ្ឋានជាតិមរតកតេជោ ដែលជាសំណង់ប្រវត្តិសាស្ដ្រថ្មីមួយ ក្នុងដំណើរឆ្ពោះទៅទទួលរៀបចំធ្វើជាម្ចាស់ផ្ទះ ការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ និងការប្រកួតកីឡាជនពិការ អាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣។ នេះគឺជាព្រឹត្តិការណ៍កីឡាបាល់ទាត់ កម្រិតជើងឯកអាស៊ីអាគ្នេយ៍ថ្មីមួយ សម្រាប់ពហុកីឡដ្ឋានជាតិមរតកតេជោ បន្ទាប់ពីកម្ពុជាបានខកខានក្នុងការដេញថ្លៃធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍ AFF Suzuki Cup 2020 កាលពីពេលកន្លងទៅ។

    ថ្លែងប្រាប់ទីភ្នាក់ងារសារព័ត៌មានកម្ពុជា “AKP” លោក កែវ សារ៉េត អគ្គលេខាធិការ សហព័ន្ធកីឡាបាល់ទាត់កម្ពុជាគូសបញ្ជាក់ថា សម្រាប់ការប្រកួតផ្លូវការ នៅពហុកីឡដ្ឋានជាតិមរតកតេជោ អាចជាការប្រកួតដំបូង នាដើមឆ្នាំ២០២២ បន្ទាប់ពីបើកសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវការ នាពេលខាងមុខ។ ប៉ុន្តែនៅមុនព្រឹត្តិការណ៍នេះ អាចនឹងមានការប្រកួតមិត្តភាពអន្តរជាតិណាមួយ ដើម្បីឱ្យក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា មានភាពស៊ាំទៅនឹងកីឡដ្ឋានថ្មីនេះ។

    លោកអគ្គលេខាធិការមានប្រសាសន៍ទៀតថា សម្រាប់ការប្រកួតជើងឯកអាស៊ានអាយុក្រោម២៣ឆ្នាំ ឆ្នាំ២០២២ ក៏ដូចជាព្រឹត្តិការណ៍ប្រកួតអន្តរជាតិផ្សេងៗទៀត គឺជាផ្លូវតែមួយក្នុងដំណើរអភិវឌ្ឍន៍ឆ្ពោះទៅទទួលរៀបចំធ្វើជាម្ចាស់ផ្ទះ ការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ នៅកម្ពុជាផ្ទាល់តែម្តង។ ចំពោះអាយុរបស់កីឡាករក្នុងព្រឹត្តិការណ៍ នឹងមានខ្លះអាចចូលរួមលេងក្នុងស៊ីហ្គេម ឆ្នាំ២០២៣បាន ដោយស៊ីហ្គេម ប្រើប្រាស់ឈុតអាយុក្រោម ២២ឆ្នាំ។ នេះគឺជាការបង្កើនកម្រិតគុណភាពបច្ចេកទេស របស់ក្រុមជម្រើសជាតិផង និងត្រៀមខ្លួនក្នុងការរៀបចំផង ដោយសារពហុកីឡដ្ឋានជាតិមរតកតេជោ គឺជាកីឡដ្ឋានថ្មីដ៏ធំមហាសាល។ ដូច្នេះសហព័ន្ធកីឡាបាល់ទាត់ នឹងអាចដកស្រង់ពិសោធន៍ដំបូង សម្រាប់ការរៀបចំការប្រកួតជាផ្លូវការនេះផងដែរ។

    លោក កែវ សារ៉េត បញ្ជាក់ជូនបន្ថែមទៀតថា ជាធម្មតាការទទួលធ្វើម្ចាស់ផ្ទះតែងតែផ្តល់នូវផលចំណេញច្រើន ដូចជា ទទួលបានជាបទពិសោធន៍ នៃការរៀបចំផង និងផលប្រយោជន៍ជាសាធារណៈផង ដោយធ្វើឱ្យប្រជាពលរដ្ឋខ្មែរអាចចូលរួមគាំទ្រ ដែលជាចំណែកនៃការអភិវឌ្ឍវិស័យកីឡាកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀតផងដែរ។

    សូមបញ្ជាក់ថា ការប្រកួតបាល់ទាត់ជើងឯកអាស៊ាន ដែលមានសិទ្ធិចូលរួមការប្រកួតមានបណ្តាប្រទេសអាស៊ី អាគ្នេយ៍ទាំង១១ ហើយប៉ុន្មានឆ្នាំចុងក្រោយនេះមានក្រុមជម្រើសជាតិអូស្ដ្រាលី ក៏តែងតែចូលរួមប្រកួតប្រជែងផងដែរ សរុប១២ប្រទេស៕

    AKP