ខ្មែរប៉ុស្ដិ៍ Close

មហាអំណាចកំពុងតែលូកដៃចូលក្នុងអាស៊ាន

ដោយ៖ លី វិទ្យា ​​ | ថ្ងៃអង្គារ ទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១ ព័ត៌មានអន្តរជាតិ 1547
មហាអំណាចកំពុងតែលូកដៃចូលក្នុងអាស៊ានមហាអំណាចកំពុងតែលូកដៃចូលក្នុងអាស៊ាន

ជាថ្មីម្តងទៀត កាលពីសប្តាហ៍មុន អាស៊ានបានដើរតួនាទីជាអ្នកស្រូបទាញជាថ្មីម្តងទៀត រវាងប្រទេសមហាអំណាចនៅក្នុងឱកាសនៃកិច្ចប្រជុំកំពូលតាមប្រព័ន្ធអ៊ិនធឺណិត រវាងមេដឹកនាំចិននិងអាស៊ាន ដែលក្នុង
នោះ ប្រធានាធិបតី Xi Jinping បានធ្វើការសង្កត់ធ្ងន់ទៅលើការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់ទីក្រុងប៉េកាំងចំពោះប្លុកនេះ និងបានប្រកាសអំពី «ព្រឹត្តិការណ៍សំខាន់ថ្មីៗ» នៅក្នុងទំនាក់ទំនងរវាងពួកគេទាំងពី។

កិច្ចប្រជុំកំពូលដែលរួមបញ្ចូលទាំងការរំលឹកខួបលើកទី៣០ នៃកិច្ចសន្ទនារវាងប្រទេសចិននិងអាស៊ាន ត្រូវបានកោះប្រជុំតាមសំណើរបស់ទីក្រុងប៉េកាំង ហើយលោក Xi គឺជាអ្នកដឹកនាំនៅក្នុងព្រឹត្តិការណ៍នេះខណៈជាធម្មតា កិច្ចប្រជុំនេះតែងតែត្រូវបានដឹកនាំដោយលោកនាយករដ្ឋមន្ត្រី Li Keqiang តែប៉ុណ្ណោះ។

កាលពីពេលថ្មីៗនេះ មេដឹកនាំរបស់ប្រទេសចិនបានបន្តទទួលបានជោគជ័យផ្ទួនៗ ក្រោយទទួលបានការតែងតាំងធ្វើជាកូនរបស់ព្រះជាម្ចាស់ (Demigod) នៅក្នុងគណបក្សកុម្មុយនិស្តដូចលោក ម៉ៅ សេទុង និងលោក តេង ស៊ាវពីង ដែរ ហើយលោក Xi ក៏ទទួលបានជោគជ័យយ៉ាងត្រចះត្រចង់ នៅក្នុងកិច្ចប្រជុំកំពូលជាមួយប្រធានាធិបតីអាមេរិក Joe Biden ទៀតផង។

ម្យ៉ាងវិញទៀត ការចូលរួមរបស់លោក Xi នៅក្នុងព្រឹត្តិការណ៍នេះ គឺជាសញ្ញាដែលបង្ហាញអំពីការពង្រីកការគ្រប់គ្រងរបស់លោក មកលើកិច្ចការបរទេស ហើយនេះក៏ជាការបង្ហាញអំពីមហិច្ឆតារបស់ប្រទេសចិនក្នុងការដើរតួនាទីឱ្យកាន់តែលេចធ្លោបន្ថែមទៀតនៅក្នុងអាស៊ាន និងអាស៊ីផងដែរ។

ដោយសង្កត់ធ្ងន់ទៅលើភាពចាំបាច់សម្រាប់ភាគីទាំងសងខាងក្នុងការធ្វើឱ្យតំបន់អាស៊ីមានសុវត្ថិភាព និងសន្តិសុខរួមគ្នា លោកXi បានថ្លែងថា «ប្រទេសចិនតែងតែជាអ្នកជិតខាង ជាមិត្ត និងជាដៃគូដ៏ល្អរបស់អាស៊ាន ហើយជំងឺរាតត្បាតកូវីដ-១៩ បានបង្ហាញសារជាថ្មីម្តងទៀតថា គ្មានកន្លែងណាមួយនៅ លើផែនដីនេះ ដែលជាកោះនៅដាច់ឆ្ងាយពីគេ ហើយទទួលបានសុវត្ថិភាពជារៀងរហូតនោះទេ ហើយមានតែសន្តិសុខសកលទេដែលអាចនាំមកនូវសុវត្ថិភាពដ៏ពិតប្រាកដបាន»។

ជាមួយនឹងការ ប្រកាសអំពីការបង្កើតភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងចិន-អាស៊ាន លោក Xi បានលើកឡើងថា កិច្ចព្រមព្រៀងនេះនឹងផ្តល់នូវកម្លាំងរុញច្រានបន្ថែមទៀតដល់សន្តិភាព ស្ថិរភាព វិបុលភាព និងការអភិវឌ្ឍក្នុងតំបន់និងពិភពលោក។

ពាណិជ្ជកម្មរវាងចិន និងអាស៊ានបានកើនឡើងយ៉ាងគំហុករហូតដល់ទៅ ៨៥ដង ចាប់តាំងពីភាគីទាំងពីរ បានបង្កើតកិច្ចសន្ទនាជាផ្លូវការកាលពីឆ្នាំ១៩៩១។ ប្រទេសចិនគឺជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់អាស៊ានក្នុងរយៈពេល ១២ឆ្នាំជាប់ៗគ្នា ហើយអាស៊ានបានក្លាយជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់ប្រទេសចិនកាលពីឆ្នាំមុន ហើយនៅក្នុងឆមាសទី១ នៃឆ្នាំនេះ ពាណិជ្ជកម្មទ្វេភាគីបានកើនឡើងរហូត ដល់ ៣៨% ជាមួយ
នឹងការវិនិយោគទៅវិញទៅមកបានកើនឡើងលើសពី ៣១០ពាន់លានដុល្លារ។

លោកប្រធានាធិបតី Xi បាននិយាយថា ទីក្រុងប៉េកាំងបានត្រៀមខ្លួនរួចជាស្រេចក្នុងការនាំចូលផលិតផលដែលមានគុណភាពកាន់តែច្រើន បន្ថែមទៀតពីបណ្តាប្រទេសអាស៊ានដែលរួមបញ្ចូលទាំងការទិញផលិតផលកសិកម្មដែលមានតម្លៃសរុបរហូតដល់ ១៥០ ពាន់លានដុល្លារក្នុងរយៈ ពេល ៥ឆ្នាំខាងមុខផងដែរ។

លោកបានសន្យាទៀតថា នឹងផ្តល់ជំនួយអភិវឌ្ឍន៍ចំនួន ១,៥ ពាន់លានដុល្លារបន្ថែម ទៀតនៅក្នុងរយៈ ពេល ៣ឆ្នាំខាងមុខ ដើម្បីគាំទ្រដល់ប្លុកនេះដើម្បីធ្វើសកម្មភាពប្រឆាំងនឹងកូវីដ-១៩ និងការ លើកកម្ពស់ការស្តារ សេដ្ឋកិច្ចឡើងវិញ ជាមួយនឹងការប្រកាសឡើងអំពីកម្មវិធីផ្លាស់ប្តូរវិទ្យាសាស្ត្រថ្មីមួយទៀតផង។

ប្រទេសសមាជិកអាស៊ានទាំង ១០ និងប្រទេសចិនសុទ្ធតែទន្ទឹងរង់ចាំទទួលបានអត្ថប្រយោជន៍ពីភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) ដែលនឹងចូលជាធរមាននៅថ្ងៃទី១ មករាខាងមុខ។ ហើយទីក្រុងប៉េកាំងក៏បានបង្ហាញអំពីចំណាប់អារម្មណ៍របស់ខ្លួនក្នុងការបន្តចូលរួមនៅក្នុងកិច្ចព្រមព្រៀងគ្រប់ជ្រុងជ្រោយ និងជឿនលឿនសម្រាប់ភាពជាដៃគូអន្តរប៉ាស៊ីហ្វិក (CPTPP) ដែលក្នុងនោះ មានសមាជិកអាស៊ានចំនួន ៤ ប្រទេស គឺប្រទេសប្រ៊ុយណេ ម៉ាឡេស៊ី សឹង្ហបូរី និងវៀតណាម ហើយក៏មានប្រទេសផ្សេងៗទៀតរួមមាន អូស្ត្រាលី កាណាដា ឈីលី ជប៉ុន ម៉ិកស៊ិក នូវែលហ្សេឡង់ និងប៉េរូ ផងដែរ។

ក្រៅពីការធានាចំពោះវិស័យសេដ្ឋកិច្ច លោក Xi បានលើក ឡើងទៀតថា ទីក្រុងប៉េកាំងបានត្រៀមខ្លួនជាស្រេចដើម្បីចុះហត្ថលេខាលើកិច្ចព្រមព្រៀងតំបន់អាស៊ីអាគ្នេយ៍គ្មានអាវុធនុយក្លេអ៊ែរដែលត្រូវបានគេស្គាល់ថា ជាសន្ធិសញ្ញាទីក្រុងបាងកក ហើយបានចុះហត្ថលេខាកាលពីឆ្នាំ១៩៩៥ ដោយសមាជិកអាស៊ានទាំង ១០។

ពិធីសារសម្រាប់សន្ធិសញ្ញានេះត្រូវបានធ្វើឡើងសម្រាប់ប្រទេសចំនួន ៥ ដែល មានអាវុធនុយក្លេអ៊ែរ នៅពេលនោះ រួមមាន ប្រទេសចិន រុស្ស៊ី បារាំង អង់គ្លេស និងអាមេរិក ហើយប្រទេសចិននឹងក្លាយជាប្រទេសដំបូងគេក្នុងចំណោមប្រទេសទាំង ៥ ដែលនឹងធ្វើការចុះហត្ថលេខា ប្រសិនបើអ្វីៗនឹងត្រូវធ្វើឡើងតាមការ លើកឡើងរបស់លោក Xi នោះ។

សេចក្តីថ្លែងការណ៍របស់ប្រធានាធិបតី Xi ទំនងជាចង់សំដៅទៅលើកិច្ចព្រមព្រៀង AUKUS ដែលជាកិច្ចព្រមព្រៀងការពារជាតិត្រីភាគីដែលបានអនុញ្ញាតឱ្យប្រទេសអូស្ត្រាលីអាចទទួលបាននូវនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ ហើយកតិកាសញ្ញានេះត្រូវបានគេមើលឃើញថា ជាការបង្កើតឡើងដើម្បីធ្វើការប្រឆាំងនឹងភាពគឃ្លើនកាន់តែខ្លាំងឡើងរបស់ ប្រទេសចិន។

នៅថ្ងៃតែមួយជាមួយនឹងការបង្ហាញខ្លួនរបស់លោក Xi នៅក្នុងកិច្ចប្រជុំកំពូលចិន-អាស៊ាន ក្រុមប្រទេសឧស្សាហកម្មទាំង ៧ បានឱ្យដឹងថា បណ្តាប្រទេសអាស៊ានត្រូវបានអញ្ជើញឱ្យចូលរួមនៅក្នុងកិច្ចប្រជុំ
រដ្ឋមន្ត្រីការបរទេស G7 ដែលនឹងត្រូវធ្វើ ឡើងចាប់ពីថ្ងៃទី ១០-១២ ខែធ្នូ នៅក្នុងទីក្រុង Liverpool ប្រទេសអង់គ្លេស ហើយរហូតមកដល់ពេលនេះ រដ្ឋមន្ត្រីរបស់ប្រទេសឥណ្ឌូណេស៊ី ម៉ាឡេស៊ី និងថៃ បានទទួលយកការអញ្ជើញនេះហើយ។

ការអញ្ជើញដ៏គួរឱ្យភ្ញាក់ផ្អើលនេះបានធ្វើឱ្យគេចោទជាសំណួរសារជាថ្មីម្តងទៀតថា តើអាស៊ាននឹងត្រូវបានអូសទាញ ដោយសហរដ្ឋអាមេរិក និងបណ្តាប្រទេសលោកខាងលិចផ្សេង ទៀតឱ្យក្លាយទៅជា សម្ព័ន្ធមិត្តប្រឆាំងនឹងប្រទេសចិនដែរឬយ៉ាងណា។

ទន្ទឹមគ្នានេះដែរ ប្រទេសចិនបានចាត់ទុកទង្វើរបស់ក្រុមប្រទេស G7 ថា ជាការប៉ុនប៉ងធ្វើឱ្យអាស៊ានបង្ហាញការគាំទ្រចំពោះកិច្ចព្រមព្រៀង AUKUS ហើយក៏ជាការបន្ថែមនូវវិធីសាស្រ្តយោធាបន្ថែមទៀតដើម្បីរក្សាប្រទេសចិនឱ្យនៅឆ្ងាយផងដែរ។

ទោះបីជាយ៉ាងណាក៏ដោយ ប្រទេសម៉ាឡេស៊ីនិងឥណ្ឌូណេស៊ី បានសម្តែងការព្រួយបារម្ភថា កិច្ចព្រមព្រៀង AUKUS អាចបង្កឱ្យមានការប្រកួតប្រជែងអាវុធនៅក្នុងតំបន់។

អាស៊ានបានបង្ហាញអំពីភាពស្អិតរមួត ភាពធន់នឹងយុទ្ធសាស្ត្រ និងការសម្របខ្លួននៅក្នុងកំឡុងពេលនៃការ ប្រកួតប្រជែងដ៏ស្មុគស្មាញរវាងប្រទេសមហាអំណាចធំៗ។ ក្នុងពេលជាមួយគ្នា នេះដែរ អាស៊ានក៏បានបង្កើនការប្រុងប្រយ័ត្នចំពោះការឈ្លានពានរបស់ទីក្រុងប៉េកាំងនៅសមុទ្រចិនខាងត្បូង និងហានិភ័យនៃការពឹងផ្អែកខ្លាំងទៅលើ សេដ្ឋកិច្ចរបស់ប្រទេសចិនផងដែរ។

អាស៊ានកោតសរសើរចំពោះការប្តេជ្ញាចិត្តរបស់ប្រទេសចិននៅក្នុងតំបន់នេះ និងបានស្វាគមន៍ចំពោះកម្រិតថ្មីនៃភាពជាដៃគូរវាងភាគីទាំងពីរ។ ប៉ុន្តែប្រសិនបើការស្វែងរកសន្តិភាព និងស្ថិរភាពក្នុងតំបន់គឺជាគោលដៅ ដូចអ្វីដែលលោក Xi បានលើកឡើងមែននោះ ប្រទេសចិនគួរតែធ្វើការវាយតម្លៃឡើងវិញចំពោះគោលជំហរគោលនយោបាយការបរទេសដែលមិនជាប់លាប់របស់ខ្លួន ជាជាងការបង្ហាញអំពីកម្លាំងរបស់ខ្លួន៕ Bangkok Post

អត្ថបទទាក់ទង