ខ្មែរប៉ុស្ដិ៍ Close

ជប៉ុនគ្រោងផ្តល់ឥណទានសម្បទានប្រមាណ ១៨០លានដុល្លារដល់កម្ពុជា គាំទ្រការអនុវត្តវិធានការស្តារសេដ្ឋកិច្ច និងប្រឆាំងជំងឺកូវីដ-១៩

ដោយ៖ លី វិទ្យា ​​ | ថ្ងៃអង្គារ ទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១ ព័ត៌មានទូទៅ 930
ជប៉ុនគ្រោងផ្តល់ឥណទានសម្បទានប្រមាណ ១៨០លានដុល្លារដល់កម្ពុជា គាំទ្រការអនុវត្តវិធានការស្តារសេដ្ឋកិច្ច និងប្រឆាំងជំងឺកូវីដ-១៩ ជប៉ុនគ្រោងផ្តល់ឥណទានសម្បទានប្រមាណ ១៨០លានដុល្លារដល់កម្ពុជា គាំទ្រការអនុវត្តវិធានការស្តារសេដ្ឋកិច្ច និងប្រឆាំងជំងឺកូវីដ-១៩

កម្ពុជាសូមស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះការពិចារណារបស់ភាគីជប៉ុន ចំពោះ «ផែនការផ្តល់ឥណទានសម្បទាន (ដំណាក់កាលទី ២) សម្រាប់កម្មវិធីគាំទ្របន្ទាន់ ដើម្បីឆ្លើយតបទៅនឹងវិបត្តិនៃការរីករាលដាលនៃជំងឺកូវីដ-១៩» ដែលមានទឹកប្រាក់២០ប៊ីលានយ៉េនជប៉ុន (ប្រហែល១៨០លានដុល្លារ) ដល់កម្ពុជា ដើម្បីគាំទ្រការអនុវត្តវិធានការស្តារសេដ្ឋកិច្ច និងវិធានការត្រួតពិនិត្យការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។

ការបង្ហាញការស្វាគមន៍នេះ ធ្វើឡើងក្នុងជំនួបពិភាក្សាការងាររបស់អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២១ ជាមួយលោក Masahiro MIKAMI ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា អមដោយលោកស្រី KAMEI Haruko ប្រធានទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិ នៃប្រទេសជប៉ុន (JICA) ប្រចាំព្រះរាជាណាចក្រកម្ពុជា។

សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសេដ្ឋកិច្ចបានបញ្ជាក់ថា កិច្ចព្រមព្រៀងឥណទានសម្បទាននេះ គ្រោងនឹងចុះហត្ថលេខាក្នុងខែធ្នូ ឆ្នាំ២០២១ខាងមុខនេះ ។

អគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្រ្តី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងវាយតម្លៃខ្ពស់ ចំពោះរដ្ឋាភិបាលជប៉ុន ដែលតែងតែជួយគាំទ្រ ទាំងសម្ភារ: បច្ចេកទេស និងហិរញ្ញវត្ថុ ចូលរួមចំណែកស្ទើរគ្រប់វិស័យ លើកស្ទួយសុខមាលភាពសង្គម និងការអភិវឌ្ឍកម្ពុជា។ ជាក់ស្តែង, ថ្មីៗនេះ រដ្ឋាភិបាលជប៉ុន បានបន្តជួយគាំទ្រជាហិរញ្ញប្បទានបន្ថែមទៀតដល់ការអភិវឌ្ឍនសេដ្ឋកិច្ច-សង្គម រួមមាន វិស័យសុខាភិបាល និងទឹកស្អាតជាដើម។

ឆ្លៀតក្នុងឱកាសនេះ, អគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្រ្តី និងឯកអគ្គរាជទូតជប៉ុន ក៏បានពិភាក្សាលើយន្តការស្តារ និងការអភិវឌ្ឍលើវិស័យនានា ក្រោយជំងឺកូវីដ-១៩ ថមថយ ជាពិសេសការស្តារ និងការជំរុញការវិនិយោគនៅកម្ពុជា ។ល។

អគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្រ្តី បានសម្តែង នូវការស្វាគមន៍ចំពោះគំនិតផ្តួចផ្តើម លើការជំរុញការវិនិយោគនានានៅកម្ពុជា និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាលជប៉ុន និងប្រជាជនជប៉ុន ដែលតែងតែយកចិត្តទុកដាក់ និងបានផ្តល់នូវកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ដល់កម្ពុជា ស្ទើរគ្រប់វិស័យ និងចំទិសដៅ។ សកម្មភាពទាំងនេះ បានឆ្លុះបញ្ចាំងអំពីតួនាទីជប៉ុន ដែលជា «ដៃគូអភិវឌ្ឍន៍ជាយុទ្ធសាស្រ្ត» ដ៏សំខាន់មួយ ក្នុងការចូលរួមចំណែកដល់កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្នុងការជំរុញការអភិវឌ្ឍកម្ពុជា៕ Fresh News

អត្ថបទទាក់ទង