ខ្មែរប៉ុស្ដិ៍ Close

    លោក ហ៊ុយ វណ្ណៈ​៖ «​បើ​យើង​មិន​ទៅ​បោះឆ្នោត យើង​នឹង​បាត់បង់​សិទ្ធិ​តវ៉ា​»

    ដោយ៖ លី វិទ្យា ​​ | ថ្ងៃព្រហស្បតិ៍ ទី១៧ ខែឧសភា ឆ្នាំ២០១៨ វប្បធម៌ & ប្រវត្តិសាស្រ្ដ 1260
    លោក ហ៊ុយ វណ្ណៈ​៖ «​បើ​យើង​មិន​ទៅ​បោះឆ្នោត យើង​នឹង​បាត់បង់​សិទ្ធិ​តវ៉ា​»លោក ហ៊ុយ វណ្ណៈ​៖ «​បើ​យើង​មិន​ទៅ​បោះឆ្នោត យើង​នឹង​បាត់បង់​សិទ្ធិ​តវ៉ា​»

    លោក ហ៊ុយ វណ្ណៈ ប្រធាន​សហភាព​សហព័ន្ធ​អ្នកសារព័ត៌មាន​កម្ពុជា និង​ជា​អនុរដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ គឺជា​មនុស្ស​ម្នាក់​ដែល​កំពុង​ជំរុញ​យុទ្ធនាការ​រំលឹក​មហាជន​ឲ្យ​ទៅ​បោះឆ្នោត​។ ជា​យុទ្ធនាការ​នៅលើ​បណ្តាញ​សង្គម​យក្ស​ហ្វេ​ស​ប៊ុ​ក​។ លោក វណ្ណៈ បាន​បំផុស​ឲ្យ​អ្នកគាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា​និង​មហាជន ដាក់​ស៊ុម (Frame) ដែលមាន​អត្ថន័យ​ថា​«​ខ្ញុំ​ទៅ​បោះឆ្នោត ព្រោះ​ខ្ញុំ​ស្រឡាញ់​ប្រទេស​ខ្ញុំ​», «​យើង​ទៅ​បោះឆ្នោត​ដើម្បី​រក្សា​សន្តិភាព និង​ស្ថិរភាព​ជាតិ​យើង​» លើ​រូបថត​គណនី​ហ្វេ​ស​ប៊ុ​ករ​បស់​ពួកគេ​។ សមាជិក​គណៈកម្មាធិកា​រ​កណ្តាល​របស់​គណបក្ស​ប្រជាជន​កម្ពុជា បាន​យល់ព្រម​ផ្តល់​សម្ភាស​ដល់​លោក លាង ដឺ​លុច អគ្គនាយក​នៃ​សារព័ត៌មាន​ថ្មីៗ ដើម្បី​ពន្យល់​ពី​មូលហេតុ​នៃ​កិច្ចការ​មួយ​នេះ ដែល​លោក​វាយតម្លៃថា គឹ​ដើម្បី​ជំរុញ​ពលរដ្ឋ​ឲ្យ​អនុវត្ត​សិទ្ធិ និង​កាតព្វកិច្ច​របស់ខ្លួន​។​

    លោក លាង ដឺ​លុច​៖ ហេតុអ្វី​លោក​ត្រូវ​ដឹកនាំ​ធ្វើ​យុទ្ធ​នាការជំរុញ​ពលរដ្ឋ​ឲ្យ​ទៅ​បោះឆ្នោត​នៅ​ថ្ងៃទី​២៩​ខែកក្កដា​ខាងមុខនេះ​?

    ​លោក ហ៊ុយ វណ្ណៈ ៖ ខ្ញុំ​កំពុង​ចូលរួមចំណែក​ជំរុញ​លំហ​សេរីភាព​របស់​ពលរដ្ឋ​ខ្មែរ ដើម្បី​ពួកគាត់​បាន​អនុវត្ត​សិទ្ធិ​បោះឆ្នោត​។ ខ្ញុំ​សកម្ម​ក្នុង​ការងារ​នេះ​មែន ប៉ុន្តែ​ខ្ញុំ​ថា ការស្ម័គ្រចិត្ត​របស់​ព​ល​រដ្ឋ គឺ​សំខាន់​។ យើង​បង្កើត​យន្តការ​នេះ​ឡើង ដើម្បី​ជា​ប្រយោជន៍​របស់​ពលរដ្ឋ​ខ្មែរ​ដែល​ត្រូវ​ជ្រើសរើស​មេដឹកនាំ​។​

    ​លោក លាង ដឺ​លុច​៖ តែ​ពួកគេ​ត្រូវ​ជ្រើសរើស​មេដឹកនាំ​ដែល​ពួកគេ​ស្រឡាញ់ មិន​ថា​អ៊ីចឹង​លោក​?

    ​លោក ហ៊ុយ វណ្ណៈ ៖ ពិតណាស់​។ ជាងនេះទៅទៀត គឺ​មេដឹកនាំ​ប្រទេសជាតិ ដែល​ពួកគាត់​ត្រូវ​គិតដល់​។ នៅពេល​យើង​ស្វែងរក​ការងារ​ធ្វើ យើង​មិនត្រូវ​សម្លឹង​តែ​លើ​ការងារ​ទេ យើង​ត្រូវ​សម្លឹង​ថ្នាក់ដឹកនាំ​។ មេដឹកនាំ​ល្អ មេដឹកនាំ​ដែលមាន​គុណសម្បត្តិ និង​វាងវៃ ទើប​អនាគត​ការងារ​នោះ​យូរអង្វែង​។​

    លោក លាង ដឺ​លុច​៖ ប៉ុន្តែ​យុទ្ធនាការ​បង្ហោះ​រូបថត​ដែលមាន ស៊ុម «​ទៅ​បោះឆ្នោត​» នេះ កំពុង​កើតឡើង​ក្រោយពី​លោក សម រង្ស៊ី អំពាវនាវ​ដល់​ពលរ​ដ្ឋ​មិន​ឲ្យ​ទៅ​បោះឆ្នោត​។ ដូច្នេះ​តើ​យុទ្ធនាការ​នេះ គឺជា​ការឆ្លើយតប​ទៅ​លោក​សម រង្ស៊ី មែនដែរ​ឬទេ​?

    ​លោក ហ៊ុយ វណ្ណៈ ៖ អ្នកមាន​ខ្លួន រើស​ដាក់ខ្លួន ជា​រឿង​របស់គេ​។ តែ​ខ្ញុំ​ចង់​និយាយថា ទ្រឹស្តី​ប្រជាធិបតេយ្យ​មាន​ច្រើន​ដូចជា ​ប្រជាធិបតេយ្យ​ចូលរួម និង​ប្រជាធិបតេយ្យ​ប្រឆាំង​។ បក្សប្រឆាំង​ជ្រើសរើស​ប្រជាធិបតេយ្យ​ប្រឆាំង​។ គណបក្សប្រឆាំង ដឹង​តែមួយគត់​គឺ គាត់​ឈ្នះឆ្នោត​។ កាលពីពេល​ពួកគាត់​នៅមាន​គណបក្ស ពួកគាត់​ថា ពួកគាត់​នឹង​ឈ្នះឆ្នោត​។ ដល់ពេល​គណបក្ស​គាត់​រលាយ ក៏​ពួកគាត់​ថា ពួកគាត់​នឹង​ឈ្នះឆ្នោត​។ ដល់ពេល​ឥឡូវនេះ ពួកគាត់​និយាយថា បើ​ពលរដ្ឋ​មិន​ទៅ​បោះឆ្នោត បានន័យថា​ពួកគាត់​នឹង​ឈ្នះឆ្នោត​ទៀត​។ នេះ​ជាការ​គិត​ខុស​។ បើ​មិន​ដាំបាយ​ផង ធ្វើ​ម៉េច​នឹង​បាន​បាយ​បរិភោគ​? ខ្ញុំ​ចង់​បញ្ជាក់​ទៅវិញ​ថា «If you don’t go to vote you have no right to complain»​។ បើ​យើង​មិន​ទៅ​បោះឆ្នោត គឺ​យើង​នឹង​បាត់បង់​សិទ្ធិ​តវ៉ា​។​

    លោក លាង ដឺ​លុច​៖ តើ​លោក​ទទួលបាន​លទ្ធផល​យ៉ាងណា​ចំពោះ​យុទ្ធនា​ការជំរុញ​ពលរដ្ឋ​ឲ្យ​ទៅ​បោះឆ្នោត​?

    ​លោក ហ៊ុយ វណ្ណៈ​៖ បច្ចុប្បន្ន​យើង​បាន​មកដល់​សម័យកាល Smart World​។ យើង​បាន​ប្រើប្រាស់​ប្រព័ន្ធ​បច្ចេកវិទ្យា​បាន​ត្រឹមត្រូវ​។ យន្តការ​នេះ​កំពុង​រីក​សុះសាយ​។ នៅពេលនេះ​យើង​ឃើញ​មន្ត្រី សិល្បករ សិល្បការិនី ពិធីករ ពិធី​ការិនី តារា​សំដែង អ្នកសារព័ត៌មាន បាន​ចូលរួម​ក្នុង​យុទ្ធនាការ​នេះ​។ យុទ្ធនាការ​នេះ​មិនទាន់​ចប់​ទេ ហើយ​យើង​នឹងមាន​យន្តការ​ច្រើន​ត​ទៅមុខទៀត​។ ការចូលរួម​របស់​ព​ល​រដ្ឋ​នេះ បង្ហាញ​ពី​ឆន្ទៈ​របស់​ពួកគេ​ថា​ទៅ​ចូលរួម​បោះឆ្នោត ហើយក៏​ជា​សារ​បង្ហាញថា ពួកគេ​បានគិត​ផ្ទុយ​ពី​បក្សប្រឆាំង និង​គិត​ផ្ទុយ​ពី​អង្គការក្រៅរដ្ឋាភិបាល​មួយចំនួន​ដែរ​៕

    អត្ថបទ៖ ថ្មីៗ

    អត្ថបទទាក់ទង