ខ្មែរប៉ុស្ដិ៍ Close

ខេត្តសៀមរាបចុះហត្ថលេខាលើកំណត់ស្តីពីកិច្ចពិភាក្សានៃការអនុវត្តគម្រោងកិច្ចសហប្រតិបត្តិការបច្ចេកទេសសម្រាប់គម្រោងទីក្រុងឆ្លាតវៃ

ដោយ៖ លី វិទ្យា ​​ | ថ្ងៃពុធ ទី៨ ខែធ្នូ ឆ្នាំ២០២១ ព័ត៌មានទូទៅ 1295

នៅសាលាខេត្តសៀមរាប នាព្រឹកថ្ងៃទី ០៨ ខែ ធ្នូ ឆ្នាំ២០២១នេះ បានរៀបចំប្រារព្ធពិធីចុះហត្ថលេខាលើកំណត់ត្រាលើកិច្ចពិភាក្សានៃការអនុវត្តគម្រោងកិច្ចសហប្រតិបត្តិការ បច្ចេកទេសសម្រាប់គម្រោងទីក្រុងឆ្លាតវៃជាមួយប្រធានទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន(JICA) ប្រចាំនៅកម្ពុជា រវាងរដ្ឋបាលខេត្តសៀមរាប ដឹកនាំដោយលោក ទៀ សីហា អភិបាល នៃគណៈអភិបាលខេត្ត ជាមួយភាគីជប៉ុនដឹកនាំលោកស្រី Kamei Haruko ប្រធានទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) ប្រចាំប្រទេសកម្ពុជា ដោយមានការចូលរួមពីលោកអភិបាលរងខេត្ត អស់លោក លោកស្រីជានាយករដ្ឋបាលសាលាខេត្ត ប្រធានមន្ទីរ អង្គភាព អភិបាលក្រុង ទីចាត់ការ អង្គភាពចំណុះសាលាខេត្តផងដែរ ។

នៅក្នុងកិច្ចស្វាគមន៍នោះដែរ លោក ទៀ សីហា ក៏បានលើកឡើងថា បន្ទាប់ពីក្រុងសៀមរាប នៃខេត្តសៀមរាបរបស់ព្រះរាជាណាចក្រកម្ពុជា ត្រូវបានដាក់បញ្ចូលទៅក្នុងសមាជិកនៃបណ្តាញទីក្រុងឆ្លាតវៃអាស៊ានកាលពីឆ្នាំ២០១៨ កន្លងទៅ រដ្ឋបាលខេត្តសៀមរាប ក៏ដូចជារដ្ឋបាលក្រុងសៀមរាប បានធ្វើការរៀបចំផែនការ ជាមួយនឹងការបង្កើនការចំណាយសាធារណៈ ក្នុងការវិនិយោគទៅលើគម្រោងហេដ្ឋារចនាសម្ព័ន្ធក្នុងក្រុង ដើម្បីបង្កលក្ខណៈងាយស្រួលសម្រាប់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ ការបង្កើនសោភ័ណភាពក្នុងក្រុង ក៏ដូចជាចូលរួមក្នុងការអនុវត្តនូវផែនការអភិវឌ្ឍទីក្រុងឆ្លាតវៃអាស៊ានសម្រាប់ក្រុងសៀមរាប នៃខេត្តសៀមរាប។

លោក ក៏បានបញ្ជាក់ថា ដើម្បីសម្រេចបាននូវការកសាងទីក្រុងឆ្លាតវៃក្នុងក្រុងសៀមរាប ឲ្យស្របតាមផែនការទីក្រុងឆ្លាតវៃរបស់សមាគមបណ្តាញទីក្រុងឆ្លាតវៃអាស៊ាន រដ្ឋបាលខេត្តក៏បានរៀបចំជាសំណើ (Proposal) ដើម្បីដាក់ស្នើសុំជូនទៅទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) ក្នុងការស្នើសុំគម្រោងកិច្ចសហប្រតិបត្តិការបច្ចេកទេស សម្រាប់រៀបចំទីក្រុងឆ្លាតវៃក្នុងក្រុងសៀមរាប នៃខេត្តសៀមរាប ឲ្យក្លាយជាទីក្រុងឆ្លាតវៃ កាលពីឆ្នាំ២០១៩កន្លងទៅ។ ជាការឆ្លើយតបតាមសំណើស្នើសុំរបស់រដ្ឋបាលខេត្តសៀមរាប ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន(JICA) បានទទួលយកសំណើ (Proposal) របស់រដ្ឋបាលខេត្តសៀមរាប ដើម្បីជួយរៀបចំក្រុងសៀមរាបជាទីក្រុងឆ្លាតវៃអាស៊ាន។

លោកបានបន្តថា ក្នុងរយៈពេលមួយឆ្នាំជាងនៃការសិក្សាទិន្នន័យបឋមអំពីគម្រោងទីក្រុងឆ្លាតវៃក្នុងក្រុងសៀមរាប (Basic Survey)នេះ ក្រុមការងារសិក្សានេះក៏បានរៀបចំជាសេចក្តីព្រាងផែនការមេចង្អុលផ្លូវសម្រាប់ការរៀបចំក្រុងសៀមរាប នៃខេត្តសៀមរាបជាទីក្រុងឆ្លាតវៃ ដោយនៅក្នុងសេចក្តីព្រាងផែនការមេចង្អុលផ្លូវនេះ គឺផ្តោតលើផ្នែកសំខាន់ៗចំនួន០៤ គឺការរៀបចំទេសចរណ៍ឆ្លាតវៃ(Smart Tourism) ការរៀបចំប្រព័ន្ធសន្តិសុខឆ្លាតវៃ (Smart Security) ការរៀបចំប្រព័ន្ធចល័តឆ្លាតវៃ(Smart Mobility) និង ការរៀបចំប្រព័ន្ធគ្រប់គ្រងកាកសំណល់ឆ្លាតវៃ (Smart Waste Management )។ ក្នុងនោះឯកឧត្តមមានសង្ឃឹមយ៉ាងមុតមាំថា តាមរយៈគម្រោងនេះនឹងធ្វើឲ្យសមត្ថភាពមន្រ្តីរបស់រដ្ឋបាលខេត្តសៀមរាប និងរដ្ឋបាលក្រុងសៀមរាបត្រូវបានពង្រីកឲ្យបានកាន់តែបានស៊ីជម្រៅថែមទៀតពាក់ព័ន្ធទៅនឹងបច្ចេកវិទ្យាទីក្រុងឆ្លាតវៃ រួមជាមួយនឹងប្រព័ន្ធបច្ចេកវិទ្យា និងការគ្រប់គ្រងបែបឆ្លាតវៃ នឹងពិតជាចូលរួមចំណែកអភិវឌ្ឍន៍ខេត្តសៀមរាបឲ្យបានកាន់តែល្អប្រសើរឡើងថែមទៀត។

លោកស្រី Kamei Haruko ប្រធានទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន(JICA) ប្រចាំប្រទេសកម្ពុជា បានបញ្ជាក់ផងដែរថា ខេត្តសៀមរាប ជាខេត្តវប្បធម៌ប្រវត្តិសាស្ត្រនៃព្រះរាជាណាចក្រកម្ពុជា ដែលជាគោលដៅទេសចរណ៍នៃសេដ្ឋកិច្ចជាតិ ហើយនៅពេលខាងមុខនឹងធ្វើឲ្យក្រុងសៀមរាប ក្លាយជាក្រុងគំរូក្នុងតំបន់អាស៊ាន ជាក្រុងឆ្លាតវៃ ប្រកបទៅដោយបច្ចេកវិទ្យាទីក្រុងឆ្លាតវៃ រួមជាមួយនឹងប្រព័ន្ធបច្ចេកវិទ្យា និងការគ្រប់គ្រងបែបឆ្លាតវៃ នឹងពិតជាចូលរួមចំណែកអភិវឌ្ឍន៍ខេត្តសៀមរាបទៀតផង៕

អត្ថបទទាក់ទង