ខ្មែរប៉ុស្ដិ៍ Close

តើកិច្ចប្រជុំកំពូលស្តីពីប្រជាធិបតេយ្យ នឹងឈានទៅរកកិច្ចសហការ ឬជម្លោះ?

ដោយ៖ លី វិទ្យា ​​ | ថ្ងៃព្រហស្បតិ៍ ទី៩ ខែធ្នូ ឆ្នាំ២០២១ ព័ត៌មានអន្តរជាតិ 1364
តើកិច្ចប្រជុំកំពូលស្តីពីប្រជាធិបតេយ្យ នឹងឈានទៅរកកិច្ចសហការ ឬជម្លោះ?តើកិច្ចប្រជុំកំពូលស្តីពីប្រជាធិបតេយ្យ នឹងឈានទៅរកកិច្ចសហការ ឬជម្លោះ?

ក្នុងនាមជាមេដឹកនាំដែលតាំងខ្លួនជាមេដឹកនាំនៃ «ពិភពលោកសេរី» ប្រធានាធិបតីអាមេរិក ចូ បៃឌិន បានអំពាវនាវឱ្យមាន «កិច្ចប្រជុំកំពូលស្តីពីប្រជាធិបតេយ្យ» (Summit for Democracy) នៅសប្តាហ៍នេះ ដោយក្នុង នោះបណ្តាមេដឹកនាំប្រទេសប្រមាណ ១១០ បានទទួលយកការអញ្ជើញ ខណៈដែលប្រទេសទាំង នោះ មិនមែនសុទ្ធតែជាប្រទេសដែលមានពិន្ទុល្អនៅក្នុងតារាងវាស់ស្ទង់ការអនុវត្តលទ្ធិប្រជាធិបតេយ្យរបស់អង្គការ «Freedom House» នោះទេ។ ដោយសារសន្និសីទ នេះនឹងត្រូវធ្វើឡើងតាមប្រព័ន្ធអនឡាញ វត្តមានរបស់បណ្តាប្រទេសទាំងនោះអាចនឹងមិននាំមកនូវការប្តេជ្ញាចិត្តធំដុំណាមួយឡើយ។

បើតាមអង្គការ «Freedom House» សូម្បីតែសហរដ្ឋអាមេរិកខ្លួនឯង ក៏មិនបានទទួលចំណាត់ថ្នាក់ល្អនោះដែរពាក់ព័ន្ធនឹងបញ្ហាលទ្ធិប្រជាធិបតេយ្យ និងសេរីភាព។ ជាក់ស្តែង ចំណាត់ថ្នាក់របស់សហរដ្ឋអាមេរិកគឺមានលក្ខណៈត្រដំត្រសងជាមួយនឹងប្រទេសកូរ៉េខាងត្បូង, ប៉ាណាម៉ា និងរ៉ូម៉ានី ហើយនាំមុខតែបន្តិចបន្តួចប៉ុណ្ណោះពីលើប្រទេសហ្គាណា, ប៉ូឡូញ, អាហ្សង់ទីន និងក្រូអាត។ បើនិយាយបែបផ្សេង សហរដ្ឋ​អាមេរិកស្ថិតក្នុងកម្រិតមធ្យមប៉ុណ្ណោះ បើនិយាយដល់លទ្ធិប្រជាធិបតេយ្យ និងសេរីភាព។

បើទោះបីជាសហរដ្ឋអាមេរិកមិន មែនជាគំរូនៃលទ្ធិប្រជាធិបតេយ្យ និងសេរីភាពក៏ដោយ ក៏មេដឹកនាំប្រទេសភាគច្រើន អាចនឹងសម្រេចចិត្តបង្ហាញខ្លួន នៅក្នុងកិច្ចប្រជុំ ដោយសារតែពួកគេមិនចង់ឱ្យសេតវិមាន បាក់មុខ។

ប្រទេសអាហ្វហ្គានីស្ថានគឺជាឧទាហរណ៍ដ៏ថ្មីបំផុតមួយពាក់ព័ន្ធនឹងប្រទេសដែលបានរងនូវការចាប់បង្ខំឱ្យអនុវត្តលទ្ធិប្រជាធិបតេយ្យតាមបែបអាមេរិកអស់រយៈពេល ២០ ឆ្នាំពេញ។ ឧទាហរណ៍ថ្មីៗបានបង្ហាញថា «គ្មានប្រទេសណាមួយ ដែលបានរងនូវការចូលធ្វើអន្តរាគមន៍ដោយផ្ទាល់ពីសំណាក់ សហរដ្ឋអាមេរិក ហើយទទួលបានភាព ប្រសើរជាងមុននោះទេ តួយ៉ាងដូចជាប្រទេសលីប៊ី, អ៊ីរ៉ាក់ និងស៊ីរី ជាដើម»។

ក្រសួងការបរទេសអាមេរិកបានពន្យល់អំពីគោលបំណងនៃកិច្ចប្រជុំកំពូលនេះថា «កិច្ចប្រជុំនេះនឹងបង្ហាញអំពីភាពខ្លាំង របស់លទ្ធិប្រជាធិបតេយ្យដែលនោះគឺជាសមត្ថភាពក្នុងការទទួលស្គាល់ នូវភាពមិនល្អឥតខ្ចោះរបស់ខ្លួន និងការទទួលយក វាដោយបើកចំហនិង ដោយតម្លាភាព»។

សិទ្ធិជាមូលដ្ឋាននៃប្រទេសដែលមានលទ្ធិប្រជាធិបតេយ្យពេញលេញគឺជាការលើកទឹកចិត្តនិងសម្របសម្រួលឱ្យប្រជាពលរដ្ឋរបស់ខ្លួនចូលរួមនិងទៅបោះឆ្នោត។ ក៏ប៉ុន្តែសហរដ្ឋអាមេរិកបានធ្វើផ្ទុយពីនេះ ដោយក្នុងនោះ គណបក្សនយោបាយមួយក្នុងចំណោមគណបក្សនយោបាយធំៗទាំង២ របស់អាមេរិកបានចំណាយថាមពល និងដើមទុននយោបាយយ៉ាងច្រើនសន្ធឹកសន្ធាប់ដើម្បីអភិវឌ្ឍផែនការមួយចំនួន ដែលបានបង្កផលប៉ះពាល់ដល់សិទ្ធិបោះឆ្នោតរបស់ពលរដ្ឋ។

ការគោរពនីតិរដ្ឋគួរតែជាគោលការណ៍មួយនៅក្នុងលទ្ធិប្រជាធិបតេយ្យ។ នៅសហរដ្ឋអាមេរិក ការមិនគោរពច្បាប់ និងការរំលោភលើគុណតម្លៃរបស់មនុស្សបានកើតមាន ឡើងជាបន្តបន្ទាប់ ដោយក្នុងនោះ អ្នកមានអំណាច និងទ្រព្យសម្បត្តិតែងតែមិនអើពើនឹងច្បាប់ និងតែងតែគេចផុតពី សំណាញ់ច្បាប់ជានិច្ច។

មេដឹកនាំអាមេរិកមិនមែនជាប់ឆ្នោតដោយសារតែពួកគេតម្កល់ផលប្រយោជន៍ជាតិជាធំនោះទេ ក៏ប៉ុន្តែវាគឺដោយសារពួកគេអាចរៃអង្គាសប្រាក់បានច្រើន សម្រាប់ប្រើនៅក្នុងយុទ្ធនាការនយោបាយរបស់ពួកគេ។ អ្នកនយោបាយបានបន្តឈ្លោះប្រកែកគ្នា និងមិនបានអើពើដោះស្រាយបញ្ហាលំបាកៗដែលមានភាពចាំបាច់ សម្រាប់ប្រទេសនោះទេ។

បញ្ហាសិទ្ធិមនុស្សនឹងក្លាយជាប្រធានបទដ៏សំខាន់នៅក្នុងកិច្ចប្រជុំកំពូលរបស់លោកបៃឌិត។ សិទ្ធិមនុស្សជាសកល ដែលត្រូវបានកំណត់ ដោយអង្គការសហប្រជាជាតិ គឺមានលក្ខណៈ មិនដូចគ្នាទៅនឹងសិទ្ធិ ដែលត្រូវបានកំណត់ និងទទួលយកដោយសហរដ្ឋអាមេរិកនោះទេ។

នៅសហរដ្ឋអាមេរិក មនុស្សដែល មានពណ៌សម្បុរខុសគេ, មនុស្សដែលស្រឡាញ់ភេទដូចគ្នា និងមនុស្សដែលគ្មានផ្ទះសម្បែង ឬមនុស្សដែលស្ថិតក្នុងភាពក្រីក្រនឹងមិនមានសិទ្ធិស្មើគ្នានឹងជនជាតិស្បែកសនោះទេ។

សហរដ្ឋអាមេរិកពូកែខាងចាប់មនុស្សដាក់ពន្ធនាគារ ដោយក្នុងនោះ ១/៤ នៃអ្នកជាប់ឃុំឃាំងសរុបនៅក្នុងពិភពលោក គឺស្ថិត នៅក្នុងពន្ធនាគាររបស់អាមេរិក។ គ្មានប្រទេសណា មួយអាចចាប់មនុស្សដាក់គុកច្រើនដូចសហរដ្ឋអាមេរិកនោះទេ ហើយភាគច្រើន នៃអ្នកជាប់គុកគឺជាមនុស្សដែលមានពណ៌សម្បុរផ្សេងពីគេ។

ជាមួយនឹងបច្ចេកវិទ្យាទំនើបជាងគេ សហរដ្ឋអាមេរិកគឺជា ប្រទេសឈានមុខគេ ក្នុងការប្រើប្រាស់ការឃុំឃាំងតាមប្រព័ន្ធអេឡិចត្រូនិក (e-incarceration) តាមរយៈការប្រើប្រាស់ឧបករណ៍ចាប់សញ្ញា (Sensors), ប្រព័ន្ធកំណត់ទីតាំងសកល (GPS) និងការដាក់ ច្រវ៉ាក់ជើងដើម្បីឃុំខ្លួនមនុស្សនៅក្នុងផ្ទះ ហើយសហរដ្ឋអាមេរិកក៏បាននិងកំពុងបង្កើនសមត្ថភាពគ្រប់គ្រងអ្នកទោសផងដែរ។

ដូច្នេះ «តើ​យើង​អាច​រំពឹង​ទុកអ្វីខ្លះពីកិច្ចប្រជុំ​កំពូល​ស្តីពី​ប្រជាធិបតេយ្យនេះ? តើវាអាចនឹងមានវាគ្មិនណាម្នាក់ជំរុញឱ្យមាន កិច្ចសហការដោយសន្តិវិធី នៅក្នុង ចំណោមប្រជាជាតិទាំងអស់ បូករួមទាំងប្រទេសដែលមិនត្រូវបានអញ្ជើញដើម្បីរួមគ្នាដោះស្រាយបញ្ហាស្តីពីការរប្រែប្រួលអាកាសធាតុ, វីរុសរាតត្បាតកូវីដ-១៩ ព្រមទាំងវិបត្តិជនភៀសខ្លួននៅក្នុងពិភពលោកឬទេ? ឬអ្នកចូលរួមអាចនឹងអង្គុយស្ងៀម ហើយ ស្តាប់ការប្រៀនប្រដៅ របស់ប្រធានាធិបតីបៃឌិន ស្តីអំពីកំណែទម្រង់សិទ្ធិមនុស្សរបស់លោក»?

ទោះជាយ៉ាងណាក៏ដោយ លោកបៃឌិន ទំនងជានឹងមិនពិនិត្យឡើងវិញលើបញ្ហារំលោភបំពានសិទ្ធិមនុស្សនៅក្នុងសហរដ្ឋអាមេរិកនោះទេ។ ផ្ទុយទៅវិញ លោកទំនងជានឹងបង្កើនការ ចោទប្រកាន់អំពីការ រំលោភសិទ្ធិមនុស្សនៅក្នុងប្រទេសដែល មិនត្រូវបានអញ្ជើញឱ្យចូលរួមនៅក្នុងកិច្ចប្រជុំនេះ។

អ្វីដែលជាការគួរឱ្យ​កត់​សម្គាល់​បំផុតនោះគឺ «ប្រទេសចិន​នឹង​ក្លាយ​ជា​គោលដៅ​ចម្បង នៃការចោទប្រកាន់ទាំងនេះ»។ សូមចងចាំថា «ប្រទេសចិនមិនមានទីក្រុងតង់ (Tent City) សម្រាប់ជនអនាថានោះទេ»។ប្រទេសចិនបាននាំពលរដ្ឋជាង៨០០ លាននាក់ចេញពីភាពក្រីក្រ និងបានផ្តល់ឱ្យពួកគេនូវលំនៅដ្ឋាន, ការថែទាំសុខភាព និងលទ្ធភាពក្នុងការរកប្រាក់ចំណូល។

ជាមួយនឹងគម្រោង ខ្សែក្រវ៉ាត់និងផ្លូវ ប្រទេសចិនកំពុងធ្វើ ដំណើរនៅជុំវិញពិភពលោកដើម្បីជួយពង្រឹងហេដ្ឋារចនាសម្ព័ន្ធនិងសុខុមាលភាពសេដ្ឋកិច្ចរបស់បណ្តាប្រទេសផ្សេងទៀត ដើម្បីជាប្រយោជន៍រួមសម្រាប់ពិភពលោក ទាំងមូល។

នៅពេលអ្នកស្តាប់សុន្ទរកថារបស់លោកបៃឌិន អ្នកគួរតែធ្វើ ការត្រួតពិនិត្យមើលឱ្យបានល្អិតល្អន់ថា «តើពាក្យសម្ដីដែលលោកថ្លែងមានលក្ខណៈស៊ីគ្នាទៅនឹងការពិតដែរឬទេឬវាគ្រាន់តែជាការឆ្លុះបញ្ចាំងពីការមួលបង្កាច់និងការបំភ្លៃ ដែលបង្កើតឡើងដោយរដ្ឋាភិបាលអាមេរិកនិងប្រព័ន្ធផ្សព្វផ្សាយភាគច្រើន»?

Asia Times

អត្ថបទទាក់ទង