ខ្មែរប៉ុស្ដិ៍ Close

    ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល គាំទ្រគម្រោងសាងសង់ចំណតផែកុងតឺន័រថ្មី ជំហានទី២ និងជំហានទី៣ នៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ

    ដោយ៖ លី វិទ្យា ​​ | ថ្ងៃសុក្រ ទី១០ ខែធ្នូ ឆ្នាំ២០២១ ព័ត៌មានទូទៅ 976
    ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល គាំទ្រគម្រោងសាងសង់ចំណតផែកុងតឺន័រថ្មី ជំហានទី២ និងជំហានទី៣ នៅកំពង់ផែស្វយ័តក្រុងព្រះសីហនុទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល គាំទ្រគម្រោងសាងសង់ចំណតផែកុងតឺន័រថ្មី ជំហានទី២ និងជំហានទី៣ នៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ

    ក្រោយពីស្តាប់របាយការណ៍របស់លោក លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាប្រធានអគ្គនាយកកំពង់ផែស្វយ័តក្រុងព្រះសីហនុ អំពីគម្រោង សាងសង់ចំណតផែកុងតឺន័រថ្មី-ជំហានទី២ និងជំហានទី៣ នៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ, លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានបង្ហាញការគាំទ្រទាំងស្រុងលើគម្រោងមួយនេះ និងបានជំរុញឱ្យក្រុមហ៊ុនសាងសង់ធ្វើឱ្យបានលឿនទាន់ពេល ដើម្បីទាក់ទាញវិនិយោគិនបន្ថែម និងចូលរួមចំណែកក្នុងការធ្វើឱ្យប្រសើរឡើងនូវការដឹកជញ្ជូនតាមផ្លូវសមុទ្រ។

    បើតាមលោក លូ គឹមឈន់ គម្រោងសាងសង់ចំណតផែកុងតឺន័រថ្មី-ជំហានទី២ និងជំហានទី៣ ដើម្បីធានាដល់ការចូលចតនាវា កុងតឺន័រខ្នាតធំៗប្រចាំតំបន់អាស៊ី-ប៉ាស៊ីហ្វិក និងឆ្លើយតបទៅនឹងការកើនឡើងនៃបរិមាណកុងតឺន័រ ឆ្លងកាត់កំពង់ផែមួយនេះក្នុងពេលបច្ចុប្បន្ន និងអនាគត។ ការសាងសង់ចំណតផែកុងតឺន័រថ្មី ជំហានទី២ គ្រោងបញ្ចប់នៅឆ្នាំ២០២៨ ដោយឡែកជំហានទី៣ គ្រោងបញ្ចប់នៅឆ្នាំ២០៣០ ដើម្បីបំពេញតម្រូវការជាក់ស្តែងនៃការកើនឡើងបរិមាណកុងតឺន័រ ឆ្លងកាត់កំពង់ផែនេះ ជាមួយនឹងការព្យាករណ៍កំណើនផលិតផលក្នុងស្រុកសរុប (GDP) របស់កម្ពុជាផងដែរ។

    លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានបញ្ជាក់ការគាំទ្រដូចនេះនាថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២១ ក្នុងឱកាសទទួលជួបសម្តែងការគួរសមពីសំណាក់លោក លូ គឹមឈន់ ដើម្បីស្តាប់របាយការណ៍អំពីគម្រោងសាងសង់ចំណតផែកុងតឺន័រថ្មី-ជំហានទី២ និងជំហានទី៣ នៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ដោយមានការចូលរួមពីថ្នាក់ ដឹក នាំក្រសួង និងមន្ត្រីជំនាញក្រោមឱវាទក្រសួងពាក់ព័ន្ធ នៅទីស្តីការក្រសួង។

    ក្រៅពីការគាំទ្រលោកទេសរដ្ឋមន្ត្រី ក៏បានណែនាំឱ្យមន្ត្រីក្រោមឱវាទសហការជាមួយបណ្តាញផ្សព្វផ្សាយព័ត៌មាន ដើម្បីជំរុញការផ្សព្វផ្សាយ អំពីសមិទ្ធផលសម្រេចបាន សំខាន់ៗ ទាក់ទងនឹងការអភិវឌ្ឍកំពង់ផែនៅកម្ពុជា ក្រោមជំនួយរបស់ជប៉ុន និងដៃគូអភិវឌ្ឍន៍ផ្សេងៗទៀត ដើម្បីឱ្យពិភពលោកបានដឹងជ្រួតជ្រាបជៀសវាងគេចោទ ប្រកាន់រាជរដ្ឋាភិបាលកម្ពុជាថា៖ កម្ពុជាទទួលយកតែជំនួយពីប្រទេសចិន ដើម្បីកសាងហេដ្ឋារចនាសម្ព័ន្ធគ្រប់បែបយ៉ាងរបស់ខ្លួន។

    ជាមួយគ្នានោះលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ក៏បានគូសបញ្ជាក់ពីកត្តាសុខសន្តិភាព និងស្ថិរភាពនយោបាយក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្ដេច តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលកម្ពុជាត្រូវបានគេចាត់ទុកជាប្រទេសដែលមានកំណើនសេដ្ឋកិច្ចរីកចម្រើនឆាប់រហ័សនៅក្នុងតំបន់អាស៊ាន។

    សូមជម្រាបជូនថា៖ រដ្ឋាភិបាលកម្ពុជាបានកំណត់យកកំពង់ផែជាទិសដៅនៃតំបន់អភិវឌ្ឍន៍ឧស្សាហកម្ម សម្រាប់ការពង្រីកការដឹកជញ្ជូនទំនិញ ទៅកាន់ទីផ្សារ បណ្តាប្រទេស ក្នុងតំបន់ និងពិភពលោកទាំងមូល ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ សកម្មភាពដឹកជញ្ជូនតាមផ្លូវទឹករបស់កម្ពុជា មានវិសាលភាពយ៉ាងធំធេង ជាពិសេសការលើកដាក់ទំនិញនៅកំពង់ផែក្រុងព្រះសីហនុកំពុងមានសកម្មភាពយ៉ាងមមាញឹកជាមួយនឹងបទពិសោធន៍ និងមានការទទួលខុសត្រូវខ្ពស់របស់កំពង់ផែ។

    កំពង់ផែស្វយ័តក្រុងព្រះសីហនុ ដើរតួនាទីយ៉ាងសំខាន់ក្នុងការកសាងជាតិមាតុភូមិ ជាកំពង់ផែទឹកជ្រៅតែមួយគត់របស់កម្ពុជា និងជាដង្ហើមសេដ្ឋកិច្ចដ៏សំខាន់បំផុត បានជំរុញកំណើនសេដ្ឋកិច្ចជាតិឱ្យឆ្ពោះទៅមុខ មានទីតាំងអំណោយផលឋិតនៅក្នុងតំបន់ឆ្នេរសមុទ្រខេត្តព្រះសីហនុ ដែលជាទីតាំងល្អបំផុត និងធានាបាននូវ របាំងដ៏រឹងមាំ ក្នុងការការពារពីគ្រោះធម្មជាតិ។ បរិមាណទំនិញឆ្លងកាត់ឧបករណ៍លើកដាក់(Crane) នៅក្នុងកំពង់ផែនេះមានការកើនឡើងគួរឱ្យកត់សម្គាល់ពីមួយឆ្នាំទៅមួយឆ្នាំ ធ្វើឱ្យប្រាក់ចំណូលរបស់កំពង់ផែ ក៏ដូចជាប្រាក់ចំណូលរបស់ជាតិមានការកើតឡើងជាលំដាប់ផងដែរ។

    គួរកត់សម្គាល់ផងដែរថា៖ បច្ចុប្បន្នក្រសួងសាធារណការ និងដឹកជញ្ជូន កំពុងរៀបចំបង្កើតប្រព័ន្ធកំពង់ផែ Port EDI (Electronic Data Interchange) ដែលនឹងជួយ សម្រួលដល់នីតិវិធីផ្លូវការ នៃនាវាចេញចូលកំពង់ផែកម្ពុជាក្នុងគោលបំណងពន្លឿននីតិវិធី និងកាត់បន្ថយថ្លៃដើមដឹកជញ្ជូនទំនិញតាមផ្លូវសមុទ្រ ការស្តុកទំនិញ និងអាចឆ្លើយតបទៅនឹងកំណើនវិនិយោគពីបរទេស ជាពិសេសសំដៅធ្វើឱ្យកម្ពុជាក្លាយជាទីតាំងយុទ្ធសាស្ត្រមួយប្រកបដោយការប្រកួតប្រជែងនៅតំបន់អាស៊ី ទាក់ទងនឹងវិស័យភស្តុភារកម្ម និងការដឹកជញ្ជូន៕ Fresh News

    អត្ថបទទាក់ទង