ខ្មែរប៉ុស្ដិ៍ Close

លោក បៃឌិន ត្រូវតែបង្កើនទំនាក់ទំនងពាណិជ្ជកម្មឱ្យកាន់តែមានភាពរឹងមាំជាមួយអាស៊ាន

ដោយ៖ លី វិទ្យា ​​ | ថ្ងៃសុក្រ ទី១០ ខែធ្នូ ឆ្នាំ២០២១ ព័ត៌មានអន្តរជាតិ 1283
លោក បៃឌិន ត្រូវតែបង្កើនទំនាក់ទំនងពាណិជ្ជកម្មឱ្យកាន់តែមានភាពរឹងមាំជាមួយអាស៊ានលោក បៃឌិន ត្រូវតែបង្កើនទំនាក់ទំនងពាណិជ្ជកម្មឱ្យកាន់តែមានភាពរឹងមាំជាមួយអាស៊ាន

កាលពីថ្ងៃទី ២៦ ខែតុលា ឆ្នាំ ២០២១ ប្រធានាធិបតី បៃឌិន បានចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ាន-អាមេរិកតាមរយៈប្រព័ន្ធអ៊ីនធើណិត ដែលការចូលរួមនេះគឺជាលើកដំបូងហើយក្នុងរយៈ ពេល ៤ ឆ្នាំដែលសហរដ្ឋអាមេរិកបានចូលរួមធ្វើការជាមួយនឹងអាស៊ាន។

លោក បៃឌិន បាន និយាយនៅក្នុងកំឡុង ពេលនៃកិច្ចប្រជុំនោះថា ទីក្រុងវ៉ាស៊ីនតោន បានប្តេជ្ញាចិត្តគាំទ្រដល់មជ្ឈភាពរបស់អាស៊ាននៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក។ លោក បៃឌិន ក៏បានប្រកាសអំពីផែនការក្នុងការផ្តល់នូវទឹកប្រាក់ចំនួន ១០២ លានដុល្លារដើម្បីចំណាយទៅលើការពង្រីកភាពជាដៃគូយុទ្ធសាស្ត្រអាមេរិក-អាស៊ាន ដែលនឹងត្រូវផ្តោតទៅលើផ្នែកសេដ្ឋកិច្ច, អាកាសធាតុ, សុខភាព និងការអប់រំ។

អាមេរិកមិនធ្លាប់បានជួបជាមួយអាស៊ាននៅក្នុងកម្រិតប្រធានាធិបតីនោះទេ ចាប់តាំងពីអតីតប្រធានាធិបតី ដូណាល់ ត្រាំ បានចូលរួមនៅក្នុងកិច្ចប្រជុំកំពូលដែលត្រូវបានធ្វើឡើងនៅក្នុងទីក្រុងម៉ានីលកាលពីឆ្នាំ ២០១៧។

វត្តមាន និងសន្ទកថារបស់លោក បៃឌិន នៅជំនួបកំពូលនេះបានបង្ហាញថា អាស៊ីអាគ្នេយ៍គឺជាគោលដៅអាទិភាពខ្ពស់បំផុតសម្រាប់រដ្ឋាភិបាលនាពេលបច្ចុប្បន្ននេះ។ ប៉ុន្តែ លោក បៃឌិន ចាំបាច់ត្រូវតែបន្តពង្រឹងទំនាក់ទំនងពាណិជ្ជកម្មជាមួយតំបន់នេះឱ្យបានកាន់តែស៊ីជម្រៅបន្ថែមទៀត ដើម្បីឱ្យបណ្តាប្រទេសអាស៊ានជឿជាក់ថា ការប្តេជ្ញាចិត្តរបស់អាមេរិកចំពោះតំបន់អាស៊ីអាគ្នេយ៍នឹងមានភាពយូរអង្វែង។

ទីក្រុងវ៉ាស៊ីនតោន បានបន្តបង្កើនទំនាក់ទំនងសន្តិសុខជាមួយប្រទេសជាដៃគូចាស់នៅក្នុងតំបន់ជាច្រើន ដូចជាប្រទេសថៃ សិង្ហបូរី និងហ្វីលីពីន ហើយថែមទាំងបានពង្រឹងចំណងទាក់ទងជាមួយប្រទេសវៀតណាមលើផ្នែកសន្តិសុខផងដែរ។ ជាងនេះទៀត ទីក្រុងវ៉ាស៊ីនតោនក៏កំពុងតែ បន្តការធ្វើនាវាចរណ៍ ដោយសេរីនៅក្នុងសមុទ្រចិនខាងត្បូងដើម្បីប្រឆាំងនឹងសកម្មភាពរបស់ប្រទេសចិននៅទីនោះទៀតផង។

ប៉ុន្តែ ការបង្កើតសម្ព័ន្ធភាពកិច្ចព្រមព្រៀងសន្តិសុខ AUKUS និងការបង្កើនការចូលរួមរបស់អាមេរិកជាមួយសម្ព័ន្ធក្រុមប្រទេស Quad បានបង្ហាញអំពីការងាករបស់អាមេរិកដើម្បីឆ្ពោះទៅរកគោលនយោបាយ
ពហុភាគីនិយម។ ការប្រតិកម្មរបស់បណ្តាប្រទេសនៅអាស៊ានហាក់មិនទាន់មានភាពច្បាស់លាស់នៅឡើយ ដោយប្រទេសជាសមាជិកខ្លះនៅតេមានការព្រួយបារម្ភថា គំនិតផ្តួចផ្តើមទាំងអស់នេះអាចនឹងបង្កនូវផល
ប៉ះពាល់ដល់មជ្ឈភាពរបស់អាស៊ាននៅក្នុងផែនការរបស់តំបន់។

ទោះបីជាពួកគេមាន ក្តីកង្វល់បែបនេះក៏ ដោយ ក៏សហរដ្ឋ អាមេរិកនៅតែជាដៃគូ សន្តិសុខឈានមុខគេ សម្រាប់បណ្តាប្រទេសជាច្រើននៅអាស៊ានផងដែរ។

ទីក្រុងវ៉ាស៊ីនតោន បានដើរពីក្រោយទីក្រុងប៉េកាំង ពាក់ព័ន្ធនឹងការពង្រឹងទំនាក់ទំនងពាណិជ្ជកម្មជាមួយអាស៊ាន។ ក្នុងរយៈពេល ១ ទសវត្សរ៍កន្លងមកនេះ ប្រទេសចិនបានបង្កើនកិច្ចព្រមព្រៀងពាណិជ្ជកម្មទ្វេភាគីដ៏គួរឱ្យកត់សម្គាល់ជាមួយបណ្តាប្រទេសនៅអាស៊ាន តាមរយៈការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-ចិន ដែលបានចូលជាធរមានកាលពីឆ្នាំ ២០១០។

នៅឆ្នាំ ២០០៩ ពាណិជ្ជកម្មរវាងអាស៊ាននិងចិនមានទំហំ ១៧៨,១៨ ពាន់លានដុល្លារ និងបានកើនឡើងដល់ ៦៨៥,២៨ ពាន់លានដុល្លារនៅក្នុងឆ្នាំ ២០២០។ ពាណិជ្ជកម្មសរុបរវាងអាស៊ាននិងអាមេរិកបានកើន
ឡើងពីទំហំ ១៤៨,៧៨ ពាន់លានដុល្លារមក ដល់ទំហំ ៣៦២,២ ពាន់លានដុល្លារនៅក្នុងអំឡុងពេលដូចគ្នាខាងលើនេះ។

ទាំងប្រទេសចិន និងអាស៊ានគឺជាផ្នែកមួយនៃកិច្ចព្រមព្រៀង RCEP ដែលជាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីធំជាងគេបង្អស់ និងបានគ្របដណ្តប់ស្មើនឹង ៣០% នៃសេដ្ឋកិច្ចពិភពលោក។ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីធំជាងគេរបស់ពិភពលោកនេះទំនងជានឹងជួយពង្រឹងឥទ្ធិពលសេដ្ឋកិច្ចរបស់ប្រទេសចិននៅអាស៊ានបន្ថែមទៀត បន្ទាប់ពីវាចូលជា ធរមាននៅឆ្នាំ ២០២២ ខាងមុខ ខណៈសហរដ្ឋអាមេរិកមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីតែមួយគត់ជាមួយប្រទេសនៅអាស៊ាន គឺសិង្ហបូរី។

ដើម្បីបង្កើនទំនាក់ ទំនងសេដ្ឋកិច្ចជាមួយបណ្តាប្រទេសនៅអាស៊ាន និងទប់ទល់ឥទ្ធិពលសេដ្ឋកិច្ចរបស់ចិននៅក្នុងតំបន់អាមេរិកគួរតែចូលរួមសារជាថ្មីនៅក្នុងកិច្ចព្រៀងពាណិជ្ជកម្ម អន្តរប៉ាស៊ីហ្វិកថ្មី (CPTPP)។កាលពីជំនាន់រដ្ឋបាល អូបាម៉ា សហរដ្ឋអាមេរិកបានព្យាយាមបង្កើនទំនាក់ទំនងពាណិជ្ជកម្មជាមួយតំបន់នោះតាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មអន្តរប៉ាស៊ីហ្វិក (TPP) ដែលក្នុងនោះមានប្រទេសអាស៊ានចំនួន ៤ គឺប្រុយណេ ម៉ាឡេស៊ី សិង្ហបូរី និងវៀតណាម ប៉ុន្តែលោក ត្រាំ បានដកអាមេរិកចេញពីកិច្ចព្រមព្រៀងនេះវិញ នៅឆ្នាំ ២០១៧។

ការចូលរួមសារជាថ្មីនៅក្នុងកិច្ចព្រមព្រៀងពាណិជ្ជកម្មអន្តរប៉ាស៊ីហ្វិក (CPTPP) នឹងបង្កើនឥទ្ធិពលសេដ្ឋកិច្ចរបស់អាមេរិកនៅតំបន់អាស៊ីអាគ្នេយ៍។ ជាមួយនឹងការចូលរួមសារជាថ្មីនេះ អាមេរិកអាចនឹងបង្កើនទំនាក់ទំនងពាណិជ្ជកម្មរបស់ខ្លួនជាមួយប្រទេសអាស៊ានទាំង ៤ ដែល មាននៅក្នុងកិច្ចព្រមព្រៀងស្រាប់ និងអាចបន្តបង្កើនទំនាក់ទំនងសេដ្ឋកិច្ចជាមួយបណ្តាប្រទេសអាស៊ានដែលមិនទាន់បានចូលរួមនៅក្នុងកិច្ចព្រមព្រៀងនោះផងដែរ។

ប្រទេសថៃ ហ្វីលីពីន ឥណ្ឌូណេស៊ី កូរ៉េខាងត្បូង និងអង់គ្លេសបានសម្តែងចំណាប់អារម្មណ៍ក្នុងការចូលរួមនៅក្នុងកិច្ចព្រមព្រៀងពាណិជ្ជកម្មប៉ាស៊ីហ្វិកថ្មី (CPTPP)។ ដូចនេះការចូលរួមរបស់អាមេរិកបន្ថែមទៀតនឹងធ្វើឱ្យកិច្ចព្រមព្រៀងពាណិជ្ជកម្មនោះកាន់តែមានភាពទាក់ទាញដល់បណ្តាប្រទេសទាំងនោះ។

តាមរយៈប្រទេសដែលនឹងចូលរួមបន្ថែម នៅក្នុងកិច្ចព្រមព្រៀង CPTPP វានឹងធ្វើឱ្យកិច្ចព្រមព្រៀងនេះមានទំហំរហូតដល់ទៅ ៤៥% នៃ GDP របស់ពិភពលោក ហើយកិច្ចព្រមព្រៀងនេះក៏នឹងអាចជួយតម្រង់ទិសដល់វិធានច្បាប់ និងស្តង់ដាររបស់ពិភពលោកឱ្យឆ្ពោះទៅមុខផងដែរ។

រដ្ឋបាលលោក បៃឌិន ពុំបានផ្តល់សញ្ញាណាមួយដែលបញ្ជាក់ថា អាមេរិកនឹងចូលរួមនៅក្នុងកិច្ចព្រមព្រៀង ពាណិជ្ជកម្មអន្តរប៉ាស៊ីហ្វិក CPTPP ថ្មីនេះទេ ហើយមូលហេតុមួយផ្នែកគឺដោយសារតែ បញ្ហានយោបាយគាំពារនិយមនៅក្នុងស្រុក។

ជាជំនួសវិញលោក បៃឌិន បានប្រកាសនៅក្នុងកិច្ចប្រជុំកំពូលអាស៊ីបូព៌ាថា ទីក្រុងវ៉ាស៊ីនតោននឹងចាប់ផ្តើមធ្វើការពិភាក្សា ទៅលើក្របខណ្ឌសេដ្ឋកិច្ចតំបន់ជាមួយប្រទេសដែលជាដៃគូរបស់ខ្លួននៅតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក។

បើទោះបីជាសេចក្តីថ្លែងការណ៍នានាបានបង្ហាញថា ក្របខណ្ឌសេដ្ឋកិច្ចទាំងនោះនឹងត្រូវផ្តោតទៅលើការផ្តួចផ្តើមគំនិតសម្រាប់កិច្ចសហប្រតិបត្តិការលើវិស័យបច្ចេកវិទ្យា, ស្តង់ដារហេដ្ឋារចនាសម្ព័ន្ធ និងខ្សែច្រវ៉ាក់
ផ្តត់ផ្គង់យ៉ាងណាក្តីក៏កិច្ចសហប្រតិបត្តិការ នៅលើវិស័យទាំងនេះកំពុងតែកើតឡើងរួច ហើយនៅក្នុងតំបន់។

កាលពីខែកញ្ញា ឆ្នាំ២០២១ ប្រទេសចិន បានដាក់ពាក្យស្នើសុំចូលជាសមាជិកនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មអន្តរប៉ាស៊ីហ្វិកថ្មីនោះ ហើយប្រទេសជាសមាជិកទាំង ១១ របស់កិច្ចព្រមព្រៀងនេះនឹងត្រូវធ្វើការអនុម័តដើម្បីយល់ព្រមឱ្យប្រទេសចិនចូលរួម ។ ប៉ុន្តែដោយសារតែ ប្រទេសចិនមានទំនាក់ ទំនងមិនល្អជាមួយប្រទេសជប៉ុន កាណាដា និងអូស្ត្រាលី ដូចនេះការអនុម័តឱ្យប្រទេសចិនចូលរួមប្រហែលជាមិនអាចកើតឡើងនៅពេលឆាប់ៗនេះទេ។

ប៉ុន្តែការដាក់ពាក្យសុំចូលក្នុងកិច្ចព្រមព្រៀងអន្តរប៉ាស៊ីហ្វិកថ្មីនេះរបស់ប្រទេសចិនគឺជាសកម្មភាពការទូតដ៏វៃឆ្លាត។ សកម្មភាព នេះបានលើកកម្ពស់ប្រទេសចិនថា ជាប្រទេសដែលគាំទ្រការធ្វើសមាហរណកម្មសេដ្ឋកិច្ចនៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក ខណៈពេលដែលសហរដ្ឋអាមេរិកនៅតែបន្តអវត្តមានសម្រាប់កិច្ចព្រមព្រៀងនេះ។ សកម្មភាពនេះពិតជា មានសារៈសំខាន់ ព្រោះបណ្តាប្រទេសនៅអាស៊ានបានចាត់ទុកថាទំនាក់ទំនងសេដ្ឋកិច្ចសំខាន់ជាងកិច្ចសហប្រតិបត្តិការ សន្តិសុខបែបប្រពៃណី។

សហរដ្ឋអាមេរិកប្រហែលត្រូវចូលរួមនៅក្នុងកិច្ចព្រមព្រៀងពាណិជ្ជកម្មអន្តរប៉ាស៊ីហ្វិកថ្មីឱ្យបានកាន់តែឆាប់កាន់តែល្អដើម្បីផ្តល់ជាជម្រើសបន្ថែមក្រៅពីប្រទេសចិន និងដើម្បីបង្ហាញដល់អាស៊ានអំពីការប្តេជ្ញាចិត្តរយៈពេលវែងរបស់ខ្លួនចំពោះតំបន់នេះ។

បើមិនដូច្នេះទេ អាមេរិកនឹងមិនសូវមានភាពពាក់ព័ន្ធផ្នែកសេដ្ឋកិច្ចនៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិកនោះទេ ខណៈដែលឥទ្ធិពលរបសប្រទេសចិនកំពុងតែមានការរីកធំធាត់៕ East Asia Forum

អត្ថបទទាក់ទង