ខ្មែរប៉ុស្ដិ៍ Close

    នៅអាស៊ី យុទ្ធសាស្ត្រយូរអង្វែងរបស់ចិន មានប្រៀបលើយុទ្ធសាស្ត្ររយៈពេលខ្លីរបស់អាមេរិក

    ដោយ៖ លី វិទ្យា ​​ | ថ្ងៃអង្គារ ទី១៤ ខែធ្នូ ឆ្នាំ២០២១ ព័ត៌មានអន្តរជាតិ 1582
    នៅអាស៊ី យុទ្ធសាស្ត្រយូរអង្វែងរបស់ចិន មានប្រៀបលើយុទ្ធសាស្ត្ររយៈពេលខ្លីរបស់អាមេរិកអ្នកយុទ្ធសាស្ត្រជើងចាស់របស់សិង្ហបុរី លោក Kishore Mahbubani

    រឿងរ៉ាវពាក់ព័ន្ធនឹងនាវាមុជទឹកអាចធ្វើឡើងដោយលួចលាក់បាន ប៉ុន្តែការធ្វើពាណិជ្ជកម្មគឺរឹតតែមានភាពសម្ងាត់ជាងនេះទៅទៀត។ កិច្ចការទាំងពីនេះ បង្កើតបាននូវសន្តិសុខសម្រាប់ប្រទេសជាតិ ពោលគឺ នាវាមុជទឹកសម្រាប់យកមកការពារខ្លួន រីឯពាណិជ្ជកម្មគឺសម្រាប់ការពឹងពាក់គ្នាទៅវិញទៅមក។ ប៉ុន្តែ សន្តិសុខដែលបង្កើតឡើងដោយការធ្វើពាណិជ្ជកម្ម អាចឈរជើងបានយូរជាង។

    កិច្ចព្រមព្រៀងទិញ-លក់នាវាមុជទឹក គឺងាយស្រួលក្នុងការលុបចោលវិញបាន តួយ៉ាងដូចជាប្រទេសបារាំងជាដើម ដែលនៅឆ្នាំនេះបានបាត់បង់នូវកិច្ចសន្យាដ៏ធំមួយ ក្នុងការលក់នាវាមុជទឹកពិឃាដទៅឱ្យអូស្ត្រាលី។

    ការពឹងផ្អែកគ្នាទៅវិញទៅមកផ្នែកសេដ្ឋកិច្ចដែលបង្កើតឡើងដោយកិច្ចព្រមព្រៀងពាណិជ្ជកម្ម មានលក្ខណៈពិបាកជាងក្នុងការលុបចោល ដូចដែលលោក Donald Trump មិនអាចកាត់ផ្តាច់កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាមេរិកខាងជើង (North American Free Trade Agreement) បានដូច្នោះដែរ ហើយត្រូវបង្ខំចិត្តចចារឡើងវិញ ដើម្បីស្វះស្វែងរកកិច្ចព្រមព្រៀងដែលល្អប្រសើរជាងមុនបន្តិចបន្តួចប៉ុណ្ណោះ។

    ភាពផ្ទុយគ្នានេះ បានបង្ហាញនូវភាពខុសគ្នារវាងល្បែងរយៈពេលខ្លីដែលទីក្រុងវ៉ាស៊ីនតោនកំពុងលេង នៅតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក និងល្បែងរយៈពេលវែងដែលទីក្រុងប៉េកាំងកំពុងលេង។ សហរដ្ឋអាមេរិកកំពុងមានទំនុកចិត្តលើកិច្ចព្រមព្រៀងសន្តិសុខ AUKUS ដែលខ្លួនបានចុះជាមួយអូស្ត្រាលី និងអង់គ្លេស ដើម្បីផ្គត់ផ្គង់នាវាមុជទឹកទៅឱ្យអូស្ត្រាលី។ ចំណែកឯចិនវិញកំពុងមានទំនុកចិត្តលើការប្រើប្រាស់ការធ្វើពាណិជ្ជកម្ម ដើម្បីទទួលបានការគាំទ្រពីបណ្តាប្រទេសជិតខាងខ្លួន ជាពិសេសគឺពីសមាជិកអាស៊ាន ដែលជាប្លុកជោគជ័យជាងគេបំផុតមួយនៅអាស៊ី។

    ទីក្រុងវ៉ាស៊ីនតោនគិតត្រូវនៅត្រង់ចំណុចមួយ គឺបើមើលពីខាងក្រៅទៅ សមាជិក AUKUS ទាំង៣ មានទំនាក់ទំនងរឹងមាំជាមួយគ្នា និងមានចិត្តគំនិតដូចគ្នាច្រើន។ ចំណែកឯអាស៊ានវិញ មើលទៅដូចជាស្ថាប័នមួយដែលកំពុងពុកផុយ ហើយដែលមិនមានសមត្ថភាពសូម្បីតែក្នុងការគ្រប់គ្រងរដ្ឋទំនើងដូចជាមីយ៉ាន់ម៉ាជាដើម។

    អាស៊ានក៏កំពុងជួបការលំបាកខ្លាំងក្នុងការបង្កើតឱ្យមានការឆ្លើយតបដ៏ស៊ីសង្វាក់គ្នាមួយជាលក្ខណៈតំបន់ ដើម្បីឆ្លើយតបទៅនឹងការកើនឡើងការប្រណាំងប្រជែងរបស់អាមេរិកនិងចិន ហើយថែមទាំងមិនអាចបន្ធូរបន្ថយជម្លោះដែនទឹកនៅសមុទ្រចិនខាងត្បូងបានទៀតផង។

    ប៉ុន្តែ ប្រសិនបើអាស៊ានខ្សោយពេកដល់ថ្នាក់មិនអាចបង្ខំឱ្យសមាជិករបស់ខ្លួនដើរតាមឆន្ទៈរបស់ខ្លួនបាន នោះការទៅបង្ខិតបង្ខំអ្នកផ្សេងទៀត គឺរឹតតែមិនអាចទៅរួចទៅទៀត។ ភាពទន់ខ្សោយនោះក៏ជាភាពខ្លាំងរបស់ប្លុកនេះដែរ ដែលអនុញ្ញាតឱ្យអាស៊ានអាចបង្កើតទំនុកចិត្តនៅក្នុងតំបន់ និងនៅលើពិភពលោក។

    ខ្ញុំបានចូលរួមកិច្ចប្រជុំអាស៊ានលើកទី១ ក្នុងនាមជាមន្ត្រីសិង្ហបុរីម្នាក់ កាលពី ៥០ឆ្នាំមុន ពោលគឺនៅឆ្នាំ ១៩៧១។ ភ្លាមៗបន្ទាប់ពីបានដើរចូលទៅក្នុងបន្ទប់សន្និសីទនោះ ខ្ញុំមានអារម្មណ៍ថា ខ្ញុំធុំក្លិននូវការមិនទុកចិត្តគ្នាយ៉ាងខ្លាំង ពីក្នុងចំណោមសមាជិកដែលជាស្ថាបនិកទាំង ៥ នោះ។ ២ ទសវត្សរ៍ក្រោយមក នៅពេលខ្ញុំបានចូលរួមកិច្ចប្រជុំអាស៊ានដែលស្រដៀងគ្នានេះ ក្នុងនាមជាមន្ត្រីជាន់ខ្ពស់ម្នាក់របស់សិង្ហបុរី ភាពមិនទុកចិត្តគ្នានោះបានបាត់ស្រមោលទៅវិញ។

    ជំនួសមកវិញ វប្បធម៌នៃការពិគ្រោះយោបល់និងកុងសង់ស៊ីស (Musyawarah និង Mufakat) របស់ឥណ្ឌូណេស៊ី បានជ្រាបចូលមកក្នុងអាស៊ាន។ ជាបណ្ដើរៗ វប្បធម៌នៃការពិគ្រោះយោបល់និងកុងសង់ស៊ីសនេះ បានបង្កើតនូវអច្ឆរិយៈនៃភូមិសាស្ត្រនយោបាយ ដែលបំបាំងកាយរហូតដល់ស្ទើតែគ្មានអ្នកនៅខាងក្រៅតំបន់នេះ បានកត់សម្គាល់ឃើញឡើយ។

    បន្ទាប់ពីសង្គ្រាមវៀតណាមត្រូវបានបញ្ចប់ទៅ នៅអំឡុងពេលដែលអាស៊ានគាំទ្រសហរដ្ឋអាមេរិក អរិភាព និងការមិនទុកចិត្តគ្នារវាងវៀតណាមនិងអាស៊ាន បានកើនឡើងដល់ចំណុចកំពូល។ ប៉ុន្តែ នៅពេលដែលសង្គ្រាមត្រជាក់បានបិទបញ្ចប់ទៅ អាស៊ានបានបញ្ចូលប្រទេសវៀតណាមទៅក្នុងចរន្តសេដ្ឋកិច្ចរបស់តំបន់ ដែលជួយឱ្យវៀតណាមក្លាយទៅជាប្រទេសអច្ឆរិយៈសេដ្ឋកិច្ចមួយទៀតនៅអាស៊ីបូព៌ា។

    មេរៀនដ៏សំខាន់បំផុតមួយដែលវៀតណាមបានរៀនពីអាស៊ាន «គឺការធ្វើពាណិជ្ជកម្ម» មិនថាធ្វើជាមួយគូសត្រូវរបស់ខ្លួននោះទេ ដែលមិនខុសអីពីសមាជិកដើមដំបូងរបស់អាស៊ាននោះទេ ដែលបានយកឈ្នះលើភាពមិនទុកចិត្តគ្នាតាមរយៈការធ្វើពាណិជ្ជកម្ម។

    នោះហើយជាមូលហេតុដែលការធ្វើពាណិជ្ជកម្មរវាងឥណ្ឌានិងប៉ាគីស្ថានបានកើនឡើងត្រឹមតែចំនួន «៣ ដងប៉ុណ្ណោះ» ពីចន្លោះឆ្នាំ១៩៩១ ដល់ឆ្នាំ២០២១ ខណៈពេលដែលពាណិជ្ជកម្មរវាងវៀតណាមនិងចិន ដែលបានធ្វើសង្គ្រាមជាមួយគ្នាកាលពីឆ្នាំ១៩៧៩ បានកើនឡើងដល់ជាង «៦០០០ ដង»។ ជារួម វប្បធម៌របស់អាស៊ានបានបង្កើតនូវ «សន្តិភាព និងវិបុលភាព»។

    ជោគជ័យធំមួយទៀតរបស់អាស៊ាន គឺការបង្កើតឱ្យមានការចូលរួមខាងផ្នែកសេដ្ឋកិច្ចកាន់តែធំធេងជាងមុន ពីសំណាក់ជប៉ុន និងកូរ៉េខាងត្បូង។ បើទោះបីជាប្រទេសទាំងពីរ ជាសម្ព័ន្ធមិត្តចាក់ទឹកមិនលិចរបស់អាមេរិកក្តី ក៏ទីក្រុងវ៉ាស៊ីនតោនមិនអាចបញ្ចុះបញ្ចូលពួកគេឱ្យនិយាយគ្នាបានដែរ។

    ជាការពិតណាស់ នាពេលប៉ុន្មានឆ្នាំថ្មីៗនេះ ពុំមានការពិគ្រោះយោបល់ ឬកុងសង់ស៊ីសណាមួយកើតឡើងនោះទេ រវាងទីក្រុងសេអ៊ូល និងទីក្រុងតូក្យូ។ ប៉ុន្តែ ទោះបីជាបែបនោះក្តី ក៏អាស៊ានបានបញ្ចុះបញ្ចូលប្រទេសអាស៊ីបូព៌ាទាំងពីរនេះ ឱ្យមកចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី RCEP កាលពីឆ្នាំ ២០២០ បានដែរ ដែលរួមមានប្រទេសជាសមាជិកអាស៊ានទាំង ១០, អូស្ត្រាលី, ណូវែលសេឡង់, ចិន, ជប៉ុន និងកូរ៉េខាងត្បូង។

    ជាការពិតមិនអាចប្រកែកបាន សមាហរណកម្មសេដ្ឋកិច្ចរវាងមហាអំណាចចិន, ជប៉ុន និងកូរ៉េខាងត្បូង នឹងបង្កើតបានជាការជួយជំរុញសេដ្ឋកិច្ចមួយភាគធំរបស់ RCEP ហើយអ្នកដែលនៅពីក្រោយជោគជ័យដែលគេស្ទើតែមិនបានកត់សម្គាល់មួយនេះ «គឺអាស៊ាន»។

    នេះគឺជាបទពិសោធន៍សាមញ្ញមួយដែលទីក្រុងវ៉ាស៊ីនតោនគួរអនុវត្តតាម។ សូមក្រឡេកទៅមើលពាក្យដែលប្រើច្រើនជាងគេនៅក្នុងសុន្ទរកថារបស់ប្រធានាធិបតីអាមេរិក Joe Biden, រដ្ឋមន្ត្រីការបរទេសអាមេរិក Antony Blinken, រដ្ឋមន្ត្រីការពារជាតិអាមេរិក Lloyd Austin និងទីប្រឹក្សាសន្តិសុខជាតិ Jake Sullivan (ដែលជាឆ្មាំទាំង៤ នៃគោលនយោបាយឥណ្ឌូ-ប៉ាស៊ីហ្វិករបស់អាមេរិក) តើមានពាក្យ អាស៊ាន, ឈ្មោះនៃប្រទេសជាសមាជិកអាស៊ាន ឬក៏អូស្ត្រាលីដែរឬទេ?

    ចម្លើយនោះគឺ «អូស្ត្រាលី»។ ការស្រឡាញ់ពេញចិត្តរបស់ទីក្រុងវ៉ាស៊ីនតោនទៅលើប្រទេសអូស្ត្រាលីគឺធំធេងណាស់ និងអស់ពីបេះដូងតែម្តង ដែលជាហេតុនាំឱ្យពួកគេឈានដល់ការបង្កើតកិច្ចព្រមព្រៀងសន្តិសុខ AUKUS។

    ប៉ុន្តែ ភូមិសាស្ត្រនយោបាយក៏ជាកិច្ចការមួយដ៏សាហាវឃោរឃៅផងដែរ ដែលមនោសញ្ចេតនានឹងបង្កើតបានជាគុណវិបត្តិនៅក្នុងការប្រកួតប្រជែង។ ប្រសិនបើទីក្រុងប៉េកាំងផ្តោតទៅលើអាស៊ាន និងទៅលើ RCEP ហើយទីក្រុងវ៉ាស៊ីនតោនផ្តោតទៅលើអូស្ត្រាលី និងទៅលើ AUKUS នោះ «ទីក្រុងប៉េកាំងនឹងឈ្នះ»។

    មូលហេតុគឺវាដូច្នេះ។ យុទ្ធសាស្ត្រដែលធំ គឺជាសេដ្ឋកិច្ច មិនមែនជាយោធានោះទេ។ នៅឆ្នាំ២០០០ ទំហំពាណិជ្ជកម្មសរុបរបស់អាមេរិកជាមួយអាស៊ានមានទំហំ ១៣៥ ពាន់លានដុល្លារ ដែលស្មើនឹង ៣ ដងនៃទំហំពាណិជ្ជកម្មសរុបរវាងប្លុកនេះជាមួយចិន ដែលមានទំហំត្រឹមតែ ៤០ ពាន់លានដុល្លារ។ នៅឆ្នាំ២០២០ ទំហំពាណិជ្ជកម្មរបស់ចិនជាមួយអាស៊ានមានទំហំ ៦៨៥ ពាន់លានដុល្លារ ដែលស្មើនឹងជិត ២ដងនៃទំហំពាណិជ្ជកម្មសរុបរបស់ប្លុកនេះជាមួយសហរដ្ឋអាមេរិក ដែលមានទំហំត្រឹមតែ ៣៦២ ពាន់លានដុល្លារប៉ុណ្ណោះ។

    ទីក្រុងវ៉ាស៊ីនតោននៅតែយល់ថា ជប៉ុននៅតែជាមហាអំណាចសេដ្ឋកិច្ចមួយដដែល។ នៅឆ្នាំ២០០០ សេដ្ឋកិច្ចរបស់ជប៉ុនមានទំហំ ៨ ដងធំជាងសេដ្ឋកិច្ចរបស់អាស៊ាន ប៉ុន្តែនៅឆ្នាំ២០២០ សេដ្ឋកិច្ចរបស់ជប៉ុនមានទំហំធំជាងអាស៊ានត្រឹមតែ ១,៥ ដងប៉ុណ្ណោះ។ នៅត្រឹមឆ្នាំ២០៣០ សេដ្ឋកិច្ចរបស់ជប៉ុន នឹងមានទំហំតូចជាងសេដ្ឋកិច្ចរបស់អាស៊ានវិញជាក់ជាមិនខាន។

    ការចូលរួមរបស់ចិនជាមួយអាស៊ានមានលក្ខណៈស៊ីជម្រៅ និងទូលំទូលាយ។ ចិនកំពុងសាងសង់ផ្លូវរថភ្លើងល្បឿនលឿននៅឥណ្ឌូណេស៊ី, ឡាវ, ម៉ាឡេស៊ី និងថៃ។ អ្វីគួរឱ្យភ្ញាក់ផ្អើលនោះគឺថា បើទោះបីជាមិនមានការទុកចិត្តគ្នាខ្លាំងរវាងទីក្រុងហាណូយ និងទីក្រុងប៉េកាំងក្តី ក៏ប្រព័ន្ធរថភ្លើងក្រោមដីនៅហាណូយកំពុងត្រូវបានសាងសង់ដោយប្រទេសចិនដែរ។

    នៅពេលដែលតំបន់អាស៊ីអាគ្នេយ៍កំពុងស្វះស្វែងរកវ៉ាក់សាំង វ៉ាក់សាំងចិនបានចេញមុខមកជួយមុនគេ។ លោកប្រធានាធិបតីឥណ្ឌូណេស៊ី Joko Widodo ជាមេដឹកនាំសំខាន់មួយរូបក្នុងតំបន់នេះ ដែលបានចាក់វ៉ាក់សាំងរបស់ចិនដោយក្ដីរំភើបរីករាយ។

    មិនមានអ្វីលាក់បាំងនោះទេដែលថា ទំនាក់ទំនងរវាងចិននិងបណ្តារដ្ឋអាស៊ានខ្លះមានភាពស្មុគស្មាញ និងជួបនូវបញ្ហាប្រឈម។ ប៉ុន្តែគេមិនអាចបដិសេដបានទេនូវទំហំ និងជម្រៅនៃកិច្ចសហប្រតិបត្តិការរវាងពួកគេជាមួយប្រទេសចិន។

    ទំនាក់ទំនងសេដ្ឋកិច្ចនៅក្នុងតំបន់នឹងកាន់តែរីកធំធាត់ឡើង ដោយសារតែកំណើនសេដ្ឋកិច្ចរបស់អាស៊ាន ទើបតែនឹងចាប់ផ្តើមប៉ុណ្ណោះ។ បណ្ដាប្រទេសសេដ្ឋកិច្ចធំៗជាច្រើននៅក្នុងតំបន់កំពុងតែជិតក្លាយទៅជាសង្គមវណ្ណៈកណ្តាល។ ប្រទេសអូស្ត្រាលីមានមនុស្សវណ្ណៈកណ្ដាលចំនួន ២៥ លាននាក់ ហើយឆាប់ៗនេះ អាស៊ាននឹងមានមនុស្សវណ្ណៈកណ្ដាលរាប់រយលាននាក់។

    នេះគឺជាសូចនាករដ៏លេចធ្លោរមួយ៖ នៅឆ្នាំ២០២០ សេដ្ឋកិច្ចឌីជីថលអាស៊ានមានតម្លៃប្រមាណ ១៧០ ពាន់លានដុល្លារ ហើយនៅត្រឹមឆ្នាំ២០៣០ ទំហំនេះអាចឈានដល់ទៅ ១ ទ្រីលានដុល្លារ។

    ការហក់ឡើងដ៏ធំនៃសេដ្ឋកិច្ចឌីជីថលរបស់តំបន់ នឹងបង្កើតជាបណ្តាញថ្មីៗនៃការពឹងផ្អែកលើគ្នាទៅវិញទៅមក ដែលនឹងជួយពង្រឹងដល់ប្រព័ន្ធអេកូឡូស៊ីយ៉ាងធំនៃការបង្កើតការពឹងពាក់គ្នាបន្ថែមទៀតនៅក្នុងតំបន់។

    ដូច្នេះ នេះគឺជាជម្រើសយុទ្ធសាស្ត្រដែលទីក្រុងវ៉ាស៊ីនតោនត្រូវប្រឈមមុខ ថាតើជាការផ្តោតលើការលក់នាវាមុជទឹកទៅឱ្យអូស្ត្រាលី ឬក៏ជាការសម្រេចចិត្តយ៉ាងមុតមាំទៅចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយតំបន់អាស៊ីបូព៌ា និងអាស៊ីអាគ្នេយ៍។

    ហើយនេះគឺជាអ្វីដែលគេបានឃើញជាក់ស្តែង៖ កិច្ចព្រមព្រៀងពាណិជ្ជកម្មអន្តរប៉ាស៊ីហ្វិក (TPP) គឺជាសមិទ្ធផលរបស់អ្នកចរចាដ៏ពូកែរបស់ទីក្រុងវ៉ាស៊ីនតោន ដែលបង្កើតបានជាកិច្ចព្រមព្រៀងពាណិជ្ជកម្មដែលមានគុណភាពខ្ពស់ពិតប្រាកដមួយ។ ហើយបន្ទាប់ពីសហរដ្ឋអាមេរិកបានដកខ្លួនចេញពីកិច្ចព្រមព្រៀងនេះកាលពីឆ្នាំ២០១៧ កិច្ចព្រមព្រៀងពាណិជ្ជកម្មអន្តរប៉ាស៊ីហ្វិកថ្មី (CPTPP) នៅតែយកគំរូតាមកិច្ចព្រមព្រៀងដើមដដែល។

    ប៉ុន្តែសហរដ្ឋអាមេរិកថែមទាំងមិនអាចយល់សុបិន្តឃើញដល់លទ្ធភាពនៃការចូលរួមនៅក្នុងកិច្ចចព្រមព្រៀងនោះឡើងវិញបានទេ តែផ្ទុយទៅវិញ ប្រទេសចិនបែរជាបានដាក់ពាក្យសុំចូលកិច្ចព្រមព្រៀងនោះទៅវិញ។

    សំណួរចុងក្រោយគឺថា តើទីក្រុងវ៉ាស៊ីនតោនអាចវិលត្រឡប់ចូលមកលេងល្បែងសេដ្ឋកិច្ចដ៏អស្ចារ្យ របស់តំបន់អាស៊ីឡើងវិញបានឬទេ? បាន, គឺអាចទៅរួច ព្រោះអាមេរិកនៅមានទ្រព្យសម្បត្តិមួយចំនួនទៀត។

    បើទោះបីជាចិនធ្វើពាណិជ្ជកម្មកាន់តែច្រើនជាមួយអាស៊ានក្ដី ក៏ការវិនិយោគឯកជនរបស់សហរដ្ឋអាមេរិកនៅក្នុងតំបន់អាស៊ាន នៅតែមានការថយចុះដដែល។ ភាគហ៊ុនសរុបនៃការវិនិយោគផ្ទាល់ពីបរទេសដែលគ្រប់គ្រងដោយសហរដ្ឋអាមេរិកនៅក្នុងអាស៊ានមានប្រហែល ៣១៨ ពាន់លានដុល្លារក្នុងឆ្នាំ ២០១៩ ។ ចំណែកឯការវិនិយោគរបស់ចិនមានចំនួនត្រឹមតែ ១១០ ពាន់លានដុល្លារប៉ុណ្ណោះ។

    ដោយសារតែសក្ដានុពលនៃកំណើនដ៏ខ្លាំងក្នុងតំបន់អាស៊ាន ទីក្រុងវ៉ាស៊ីនតោនគួរតែស្វែងរកវិធីច្នៃប្រឌិតក្នុងការជំរុញការវិនិយោគរបស់សហរដ្ឋអាមេរិក ឱ្យបានកាន់តែច្រើនឡើងបន្ថែមទៀតនៅក្នុងអាស៊ានដោយទាញយកអត្ថប្រយោជន៍ពីផ្នត់គំនិតគាំទ្រសហរដ្ឋអាមេរិកដ៏ធំធេង ដែលនៅតែមាននៅឡើយនៅក្នុងតំបន់។

    ជារួម សូមកុំផ្តោតតែទៅលើការលក់នាវាមុជទឹក។ សូមផ្តោតទៅលើការលើកទឹកចិត្តឱ្យមានការវិនិយោគ និងការធ្វើពាណិជ្ជកម្មពីសំណាក់អាមេរិកនៅតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក។ គឺគេត្រូវផ្តោតលើសេដ្ឋកិច្ច, ចំជាល្ងង់ខ្លៅមែន!

    Foreign Policy

    អត្ថបទទាក់ទង