ខ្មែរប៉ុស្ដិ៍ Close

    មេរោគបំប្លែងថ្មី Omicron ៖ ការគំរាមកំហែងដល់ការស្តារពាណិជ្ជកម្មរបស់អាស៊ាន

    ដោយ៖ លី វិទ្យា ​​ | ថ្ងៃអង្គារ ទី១៤ ខែធ្នូ ឆ្នាំ២០២១ ព័ត៌មានអន្តរជាតិ 963
    មេរោគបំប្លែងថ្មី Omicron ៖ ការគំរាមកំហែងដល់ការស្តារពាណិជ្ជកម្មរបស់អាស៊ានមេរោគបំប្លែងថ្មី Omicron ៖ ការគំរាមកំហែងដល់ការស្តារពាណិជ្ជកម្មរបស់អាស៊ាន

    ការលេចឡើងនៃមេរោគបំប្លែងថ្មី Omicron អាចជះឥទ្ធិពលដល់ការ ងើបឡើងវិញនៃពាណិជ្ជកម្មទំនិញ និងសេវាកម្មនៅក្នុងតំបន់អាស៊ាន។ សូម្បីតែមុនពេលការបង្ហាញខ្លួនរបស់មេរោគថ្មីនេះ វាមានហានិភ័យនៃការធ្លាក់ចុះរួចទៅហើយចំពោះការងើបឡើងវិញនៃសេដ្ឋកិច្ចរបស់តំបន់នេះ។

    មេរោគបប្លែងថ្មីនេះអាចបង្កជាការរំខានដល់ខ្សែសង្វាក់ផ្គត់ផ្គង់ តាមរយៈការពន្យារពេលនៅកំពង់ផែ, ការបង្កើនថ្លៃដឹកជញ្ជូនខ្ពស់ និងកង្វះខាតនៃសឺមីកុងឌុចទ័រ (Semiconductors) ដែលចំណុចទាំងនេះអាចបង្កឱ្យមានការកើនឡើងនៃតម្លៃទំនិញ ហើយអាចឈានទៅបង្កឱ្យមានការផ្ទុះឡើងវិញនៃករណីឆ្លងកូវីដ-១៩ នៅក្នុងប្រទេសអាស៊ាន និងប្រទេសជាដៃគូពាណិជ្ជកម្មសំខាន់ៗរបស់ពួកគេទៀតផង។

    ការផ្ទុះឡើងនៃមេរោគបំប្លែងថ្មី Omicron ថែមទាំងអាចបង្កឱ្យមានការកាត់បន្ថយតម្រូវការទំនិញ និងសេវាកម្មពីក្នុង និងក្រៅតំបន់នៅក្នុងឆ្នាំ២០២២ខាងមុខផងដែរ។

    មុនពេលការលេចឡើងនៃមេរោគបំប្លែងថ្មី Omicron អង្គការពាណិជ្ជកម្មពិភពលោក (WTO) បានព្យាករណ៍ក្នុងខែតុលាឆ្នាំ២០២១ ថា ទំហំពាណិជ្ជកម្មទំនិញសកលត្រូវបានគេរំពឹងថានឹងកើនឡើង ១០,៨% នៅឆ្នាំ២០២១ និង ៤,៧% នៅឆ្នាំ២០២២ ក្រោយពីបានធ្លាក់ចុះអស់ ៥,៣% កាលពីឆ្នាំ២០២០។

    នៅអាស៊ី កំណើននៃការនាំចេញទំនិញត្រូវបានគេរំពឹងថានឹងកើនឡើងពី ០,៣% ក្នុងឆ្នាំ២០២០ ដល់ ១៤,៤% ក្នុងឆ្នាំ២០២១ និង ២,៣% នៅឆ្នាំ២០២២។ ទោះជាយ៉ាងណាក៏ដោយ ពាណិជ្ជកម្មសេវាកម្មត្រូវបានព្យាករណ៍ថានឹងមានកំណើនយឺតជាងពាណិជ្ជកម្មទំនិញ ជាពិសេសនៅក្នុងវិស័យដែលទាក់ទងនឹងការធ្វើដំណើរ និងការកំសាន្ត។

    កត្តាជំរុញដ៏សំខាន់មួយនៃពាណិជ្ជកម្មរបស់អាស៊ី គឺការអនុវត្តកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុង ជ្រោយក្នុងតំបន់ (RCEP) ខណៈកិច្ចព្រមព្រៀងនេះនឹងចូលជាធរមាននៅថ្ងៃទី១ ខែមករា ឆ្នាំ២០២២។

    គិតត្រឹមថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២១ មានប្រទេសចំនួន១០ បានផ្តល់សច្ចាប័នទៅលើកិច្ចព្រមព្រៀងនេះ ដែលក្នុងនោះ មានប្រទេសអាស៊ានចំនួន ៦ គឺ ប្រ៊ុយណេ កម្ពុជា ឡាវ សិង្ហបុរី ថៃ និងវៀតណាម ព្រមជាមួយនឹងប្រទេសមិនមែនជាសមាជិកអាស៊ានចំនួន ៤ គឺអូស្ត្រាលី ចិន ជប៉ុន និងនូវែលសេឡង់។

    នៅពេលឈានដល់ការអនុវត្តនៅថ្ងៃទី១ ខែមករា ឆ្នាំ២០២២ កិច្ចព្រមព្រៀង RCEP នឹងធ្វើការលុបបំបាត់ពន្ធលើទំនិញចំនួន ៩០% សម្រាប់ប្រទេសជាហត្ថលេខីទាំងអស់នៅក្នុងរយៈពេល ២០ឆ្នាំ គិតចាប់ពីកាលបរិច្ឆេទនៃការចូលជាធរមាន ដែលនេះមានន័យថា កិច្ចព្រមព្រៀងនេះគឺជាកត្តាជំរុញដល់ពាណិជ្ជកម្មអន្តរជាតិរបស់ប្រទេសជាសមាជិកក្នុងរយៈពេលមធ្យម និងវែង។

    ទោះជាយ៉ាងណាក៏ដោយ មេរោគបំប្លែងថ្មី Omicron អាចនឹងធ្វើឱ្យមានការកាត់បន្ថយពាណិជ្ជកម្មក្នុង និងក្រៅលើទំនិញ និងសេវាកម្មរបស់អាស៊ាន យ៉ាងហោចណាស់ក្នុងរយៈពេលខ្លី ដោយសារការរឹតបន្តឹងការធ្វើដំណើររបស់ប្រទេសដទៃមានកាន់តែច្រើន និងការបិទប្រទេសឡើងវិញ។

    ការដាក់កំហិតដ៏តឹងតែងលើការធ្វើដំណើរអាចបង្កផលប៉ះពាល់ដល់លំហូរពាណិជ្ជកម្ម ដែលធ្វើឱ្យដៃគូអាជីវកម្មនៅក្នុងប្រទេសផ្សេងៗ ពិបាកក្នុងការជួបគ្នាដោយផ្ទាល់ដើម្បីធ្វើប្រតិបត្តិការ។

    ការប្រជុំដោយផ្ទាល់នៅតែមានសារៈសំខាន់ក្នុងការសម្រួលដល់ការធ្វើពាណិជ្ជកម្ម បើទោះបីជាមាននិន្នាការក្នុងការផ្លាស់ប្តូរទៅធ្វើការពីផ្ទះ ហើយក្រុមហ៊ុនមួយចំនួននៅតែបន្តរក្សាទំនាក់ទំនងអាជីវកម្មរបស់ខ្លួនបានក៏ដោយក្តី។ ភស្តុតាងជាក់ស្តែងបានបង្ហាញថា ការកើនឡើងនៃចំនួនពេលវេលាក្នុងការធ្វើដំណើរដើម្បីប្រកបអាជីវកម្ម ៥០% នឹងបង្កឱ្យមានការធ្លាក់ចុះនៃការធ្វើពាណិជ្ជកម្មប្រហែល ២០%។

    គិតត្រឹមថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២១ មាន ប្រទេសចំនួន ៧ ក្នុងចំណោមប្រទេសអាស៊ានទាំង ១០ គឺសិង្ហបុរី ម៉ាឡេស៊ី ឥណ្ឌូណេស៊ី មីយ៉ាន់ម៉ា ហ្វីលីពីន ថៃ និងវៀតណាម បានធ្វើការរឹតបន្តឹងការចូលមកក្នុងប្រទេស និងការកំណត់ជាបញ្ញតិធ្វើចត្តាឡីស័ករបស់ពួកគេរួចទៅហើយ ព្រោះតែការព្រួយបារម្ភអំពីមេរោគថ្មី Omicron ។ ប្រទេសជាដៃគូពាណិជ្ជកម្មសំខាន់ៗរបស់អាស៊ានដូចជា ជប៉ុន ឥណ្ឌា និង កូរ៉េខាងត្បូង ក៏បានធ្វើការរឹតបន្តឹងការត្រួតពិនិត្យ នៅតាមព្រំដែនរបស់ខ្លួនផងដែរ។

    ទោះបីជាប្រទេសអាស៊ាន និងប្រទេសជាដៃគូពាណិជ្ជកម្មរបស់ពួកគេបានអនុញ្ញាតឱ្យមានការធ្វើដំណើរសម្រាប់ការធ្វើអាជីវកម្មឡើងវិញក៏ដោយ ក៏ការចំណាយទៅលើការធ្វើដំណើរ រួមមានថ្លៃសំបុត្រយន្តហោះ ការធ្វើចត្តាឡីស័ក និងតម្រូវការសម្រាប់ការធ្វើតេស្តនៅតែត្រូវចំណាយលុយច្រើនដដែល។ សហគ្រាសខ្នាតតូច និងមធ្យមដែលមានទំហំពាណិជ្ជកម្មឆ្លងដែនតូច ប្រហែលជាមិនអាចទ្រាំទ្រនឹងការចំណាយបែបនេះ បានទេ។

    ជាងនេះទៅទៀត មេរោគបំប្លែងថ្មីដែលឆ្លងលឿនដូចជា Delta និង Omicron អាចបង្កើនហានិភ័យឱ្យមានការបិទប្រទេសញឹកញាប់ បើទោះបីជាមានការរកឃើញតែករណីឆ្លងថ្មីតែមួយ ឬមួយចំនួនក៏ដោយ។ ជាឧទាហរណ៍ ប្រទេសចិនបាន ចាប់ផ្តើមអនុវត្តយុទ្ធសាស្ត្រគ្មានកូវីដ (Zero Covid) ដែលរួមមានការបិទខ្ទប់ប្រទេស, ការគ្រប់គ្រងនៅតាមព្រំដែនដ៏តឹងរ៉ឹង, ការតាមដាន និងការធ្វើចត្តាឡីស័កដ៏តឹងតែង ហើយបើទោះបីជាប្រទេសចិនមិនទាន់ដាក់ចេញនូវវិធានការតឹងរ៉ឹងលើការធ្វើដំណើរអន្តរជាតិក៏ដោយ ក៏ប្រទេសនេះបានដាក់ការរឹតត្បិតលើការធ្វើដំណើរដ៏តឹងរ៉ឹងបំផុតរួចស្រេចទៅហើយ។

    ប្រទេសចិន គឺជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់អាស៊ាន ហើយការបិទប្រទេសជាញឹកញាប់របស់ប្រទេសចិន អាចបង្កឱ្យមានការកាត់បន្ថយការនាំចូលទំនិញប្រើប្រាស់ក្នុងគ្រួសារ ដែលរួមមានទាំងទំនិញរបស់អាស៊ានផងដែរ។ ក្នុងឆ្នាំ២០២០ ទំនិញប្រើប្រាស់ក្នុងគ្រួសាររបស់ប្រទេសចិនមានទំហំរហូតដល់ទៅ ៣៧,៧% នៃ ផ.ស.ស សរុប។

    ការវិភាគទៅលើទិន្នន័យពាណិជ្ជកម្មកាលពីឆ្នាំ២០២០ បានបង្ហាញថា ប្រទេសចិនគឺជាគោលដៅនាំចេញចំណាត់ថ្នាក់កំពូលសម្រាប់ប្រទេសឥណ្ឌូណេស៊ី ម៉ាឡេស៊ី មីយ៉ាន់ម៉ា និងប្រទេសសិង្ហបុរី ហើយប្រទេសនេះក៏ជាគោលដៅនាំចេញលំដាប់ទី ២ សម្រាប់ប្រទេសឡាវ ថៃ និងប្រទេសវៀតណាម។ សម្រាប់ប្រទេសអាស៊ានដែលនៅសេសសល់ ដូចជាប្រទេសប្រ៊ុយណេ កម្ពុជា និងហ្វីលីពីន ប្រទេសចិនក៏ជាគោលដៅនៃការនាំចេញធំលំដាប់ទី៣ របស់ពួកគេផងដែរ។

    ការពឹងផ្អែកខ្លាំងរបស់អាស៊ានមកលើទីផ្សារចិនបានបង្ហាញថា ការកាត់បន្ថយតិចតួចនៃតម្រូវការរបស់ប្រទេសចិនសម្រាប់ទំនិញអាស៊ានអាចនឹងបង្កឱ្យមានការថយចុះយ៉ាងច្រើននៅក្នុងការនាំចេញរបស់អាស៊ាន។

    សរុបសេចក្តីមក មេរោគបំប្លែងថ្មី Omicron មិនត្រឹមតែបង្កឱ្យមានការរឹតបន្តឹងការធ្វើដំណើរអន្តរជាតិកាន់តែច្រើនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានបង្កើនហានិភ័យនៃការបិទប្រទេសញឹកញាប់ជាងមុននៅក្នុងប្រទេសអាស៊ាន និងប្រទេសជាដៃគូពាណិជ្ជកម្មសំខាន់ៗរបស់អាស៊ានផងដែរ។

    ឥទ្ធិពលពាណិជ្ជកម្មពិតប្រាកដគឺអាស្រ័យទៅលើសមត្ថភាពរបស់ក្រុមហ៊ុនទាំងឡាយក្នុងការសម្របខ្លួនពួកគេចូលទៅក្នុងយុគសម័យពាណិជ្ជកម្មឌីជីថលដើម្បីរក្សាទំនាក់ទំនងអាជីវកម្មដោយមិនមានការប្រជុំដោយផ្ទាល់ និងដើម្បីផ្លាស់ប្តូរប្រភពអ្នកផ្គត់ផ្គង់ពីក្រៅប្រទេសមកក្នុងប្រទេសវិញ៕

    The Fulcrum

    អត្ថបទទាក់ទង