ខ្មែរប៉ុស្ដិ៍ Close

    ភាពបរាជ័យរបស់សហរដ្ឋអាមេរិកក្នុងការរៀនសូត្រពីមេរៀនស្តីពីសង្គ្រាមត្រជាក់ នឹងផ្តល់ជាផលប្រយោជន៍ដល់ប្រទេសចិន

    ដោយ៖ លី វិទ្យា ​​ | ថ្ងៃពុធ ទី១៥ ខែធ្នូ ឆ្នាំ២០២១ ព័ត៌មានអន្តរជាតិ 1765
    ភាពបរាជ័យរបស់សហរដ្ឋអាមេរិកក្នុងការរៀនសូត្រពីមេរៀនស្តីពីសង្គ្រាមត្រជាក់ នឹងផ្តល់ជាផលប្រយោជន៍ដល់ប្រទេសចិនភាពបរាជ័យរបស់សហរដ្ឋអាមេរិកក្នុងការរៀនសូត្រពីមេរៀនស្តីពីសង្គ្រាមត្រជាក់ នឹងផ្តល់ជាផលប្រយោជន៍ដល់ប្រទេសចិន

    អ្នកប្រាជ្ញជាច្រើននាក់បានកំណត់យកនូវកាលបរិច្ឆេទសង្រ្គាមត្រជាក់ ដោយគិតចាប់ពីឆ្នាំ១៩៤៧ ដែលជាចំណុចចាប់ផ្ដើមនៃគោលនយោបាយ «លទ្ធិទ្រូម៉ាន់ – Truman Doctrine» ដែលមានគោលបំណងទប់ទល់ប្រឆាំងនឹងសហភាពសូវៀត រហូតដល់ឆ្នាំ១៩៩១ នៅពេលដែលសហភាពសូវៀតបានដួលរលំ។ នៅក្នុងអំឡុងឆ្នាំនោះ ជម្លោះបានបង្កផលប៉ះពាលដល់អាយុជីវិតរបស់មនុស្សរាប់ពាន់លាននាក់ទាំងដោយផ្ទាល់ និងដោយប្រយោល។

    នាពេលបច្ចុប្បន្ននេះ វាមានភាពចាំបាច់ណាស់ក្នុងការត្រួតពិនិត្យមើលអំពីការវាយតម្លៃរបស់សហរដ្ឋអាមេរិកនិងចិន ពាក់ព័ន្ធនឹងសង្គ្រាមត្រជាក់ ខណៈដែលនៅពេលនេះប្រទេសទាំងពីរ បាននិងកំពុងឈានឆ្ពោះទៅរកការកើតមានសង្គ្រាមថ្មីមួយទៀត។

    រឿងរ៉ាវរបស់សហរដ្ឋអាមេរិកបានគូសបញ្ជាក់ឱ្យឃើញនូវចំណុចសំខាន់ៗចំនួន៣៖

    1. ទី១ ៖ សូវៀតបានផ្តោតទៅលើប្រទេសដែលមាននយោបាយអន់ខ្សោយ។
    2. ទី២ ៖ ពួកគេបានប្រព្រឹត្តិនូវកំហុសធំៗជាច្រើន ដូចជាការចូលលុកលុយអាហ្វហ្គានីស្ថាន និងមហន្តរាយនៅ «Chernobyl» ដែលបានបង្កើនការខូចខាតកាន់តែខ្លាំង និងមិនអាចត្រឡប់ក្រោយបាន។
    3. ទី៣ ៖ ការតាំងចិត្តដ៏ខ្លាំងក្លារបស់អាមេរិក ដែលត្រូវបានស្តែងឱ្យឃើញតាមរយៈប្រធានាធិបតីអាមេរិក Ronald Reagan និងដែលទទួលបានការគាំទ្រពីនាយករដ្ឋមន្ត្រីអង់គ្លេស Margaret Thatcher បានរុញច្រានទីក្រុងម៉ូស្គូឱ្យឈានទៅរកភាពបរាជ័យ។

    ចំណែកឯការវាយតម្លៃចំពោះចិនវិញ រួមមាន ៖

    ទី១ និងដែលសំខាន់បំផុតគឺ ៖ លោក ម៉ៅ សេទុង «Mao Zedong» បានព្យាករណ៍ពីការដួលរលំជាយថាហេតុរបស់សូវៀតនៅឆ្នាំ១៩៥៦ បន្ទាប់ពីមានការថ្លែងនូវ «សុន្ទរកថាសម្ងាត់» របស់នាយករដ្ឋមន្ត្រីសូវៀត Nikita Khrushchev ។

    លោកម៉ៅ បានលើកឡើងថា «សូវៀតបានបោះចោលដាវចំនួន២ របស់លោក Karl Marx ដោយក្នុងនោះ Josef Stalin បានបោះចោលដាវរបស់ Vladimir Lenin ហើយ Khrushchev បានបោះចោលដាវរបស់ Stalin»។ លោក ម៉ៅ ជឿថា «ការធ្វើបែបនេះនឹងធ្វើឱ្យពួកគេងាយរងនឹងការឈ្លានពាន និងការប្រឆាំងដែលអាចនឹងបង្កឱ្យមានការជាប់គាំងនិងការធ្លាក់ចុះនៅក្នុងប្រទេស»។

    ទី២ ៖ បើទោះបីជាត្រូវបានជំរុញដោយលទ្ធិអន្តរជាតិលេនីននិយម ឬឱកាសនៅក្រោយសង្គ្រាមក៏ដោយ ក៏សូវៀតនៅតែបន្តធ្លាក់ចូលទៅក្នុងចក្រពត្តិនិយម និងអនុត្តរភាពដែលគ្មាននិរន្តរភាព។ ការពង្រឹងអំណាចសកលបែបនេះ នឹងមិនអាចទៅរួចនោះទេ បើទោះបីជាស្ថិតនៅក្រោមកាលៈទេសៈដ៏ល្អបំផុតក៏ដោយ។

    ទី៣ ៖ មេដឹកនាំសូវៀត Mikhail Gorbachev បានប្រព្រឹត្តនូវកំហុសដ៏ធ្ងន់ធ្ងរចំនួន២ ដោយក្នុងនោះ លោកបានព្យាយាមធ្វើកំណែទម្រង់នយោបាយ មុនការធ្វើកំណែទម្រង់សេដ្ឋកិច្ច។ យោងទៅតាមទ្រឹស្តី Marxist «ការធ្វើ បែបនេះនឹងនាំមកនូវភាពបរាជ័យ ពីព្រោះនយោបាយត្រូវពឹងផ្អែកលើមូលដ្ឋានសេដ្ឋកិច្ច»។

    ម្យ៉ាងវិញទៀត នៅពេលដែលសម្ពាធកាន់តែធ្ងន់ធ្ងរបានកើតឡើងនៅក្នុងឆ្នាំ១៩៩១ លោកមិនអាចទប់ទល់នឹងសម្ពាធបានទេ ដែលជាហេតុធ្វើឱ្យលោកត្រូវបរាជ័យ។ យុទ្ធសាស្ត្ររបស់លោកបានប្រឈមមុខនឹងបញ្ហាដោយសារកង្វះការតាំងចិត្តពីសំណាក់ក្រុមសកម្មប្រយុទ្ធក្នុងការការពារផលប្រយោជន៍ជាតិ និងគណបក្សកុម្មុយនីស្ត។

    លោកម៉ៅ បានពង្រឹងការតស៊ូចាប់តាំងពីថ្នាក់ជាតិ រហូតទៅដល់ថ្នាក់អន្តរជាតិ ដោយបានចាប់ផ្តើមនៅក្នុងឆ្នាំ ១៩៦៨ នៅពេលដែលលោកបានប្រកាសបញ្ចប់នូវបដិវត្តន៍វប្បធម៌ និងការរំសាយកងកម្លាំងឆ្មាំក្រហម «Red Guards»។

    ជារួម លោកម៉ៅ បានជួយរៀបចំកំណែទម្រង់ និងបានបើកចំហប្រទេសងាកខិតទៅជិតសហរដ្ឋអាមេរិកដើម្បីប្រឆាំងនឹងមហាអំណាច មួយទៀតគឺសហភាពសូវៀត និងដើម្បីសម្រួលដល់ការផ្ទេរទុន និងបច្ចេកវិទ្យា សំខាន់ៗដើម្បីពន្លឿនទំនើបកម្មរបស់ប្រទេសចិន។ វិធានការនេះបានជួយដោះស្រាយបញ្ហាបច្ចេកវិទ្យាដែលធ្លាប់បានធ្វើឱ្យប្រទេសចិនងាយរងគ្រោះនឹងការឈ្លានពានពីបរទេស ចាប់តាំងពីពាក់កណ្តាលសតវត្សរ៍ទី១៩មក។

    បញ្ហាសំខាន់មួយទៀត គឺមានជាប់ពាក់ព័ន្ធនឹងការដែលសូវៀតបានបាត់បង់ «ប្រទេសចិន»។ ខណៈពេលដែលការបែកបាក់គ្នារវាងចិន និងសូវៀត អាចត្រូវបានមើលឃើញរហូតដល់ឆ្នាំ១៩៥៦ ចំណុចសំខាន់នៃបញ្ហាបានផ្ទុះឡើងនៅក្នុងឆ្នាំ ១៩៥៩ ជាមួយនឹងការបះបោរពីសំណាក់ប្រជាជនទីបេ។

    បន្ទាប់ពីសម្តេចសង្ឃ ដាឡៃ ឡាម៉ា បានរត់ភៀសខ្លួនទៅកាន់ប្រទេសឥណ្ឌា សូវៀតបានគាំទ្ររូបលោក ដោយបានអញ្ជើញលោកមកកាន់ទីក្រុងម៉ូស្គូ។ ទំនាក់ទំនងកាន់តែយ៉ាប់យ៉ឺនបានឈានទៅដល់ការកើតមានសង្គ្រាមព្រំដែនរវាងចិននិងសូវៀតនៅក្នុងឆ្នាំ១៩៦៩ ដែលជាឆ្នាំតែមួយដែលលោក ម៉ៅ បានបោះដៃឈោងទៅចាប់សហរដ្ឋអាមេរិក។

    នៅពេលនេះ សហរដ្ឋអាមេរិកអាចនឹងមិនទាន់ភ្លេចមេរៀននេះទាំងស្រុងនៅឡើយនោះទេ។ នៅពេលនេះ គោលដៅចម្បងរបស់អាមេរិកគឺការធ្វើដាក់ប្រទេសចិន នូវអ្វីដែលខ្លួនធ្លាប់បានធ្វើដាក់សហភាពសូវៀត និងការជៀសវាងឱ្យបានដាច់ខាតពីការដែលរុស្ស៊ីអាចនឹងប្រើប្រាស់ទំនាក់ទំនងដ៏រឹងមាំរវាងរុស្ស៊ី និងឥណ្ឌា ដើម្បីទៅពង្រឹងទំនាក់ទំនងរវាងចិននិងឥណ្ឌា។ នៅពេលនេះ ប្រធានាធិបតីរុស្ស៊ី Vladimir Putin បាននិងកំពុងបង្ហាញពីទំនោរងាកឆ្ពោះទៅរកប្រទេសចិន។

    គ្រប់គ្នាអាចនឹងគិតថា «សហរដ្ឋអាមេរិកបានឈ្នះសង្រ្គាមត្រជាក់ ហើយសូវៀតគឺជាអ្នកចាញ់» ក៏ប៉ុន្តែ អ្នកឈ្នះដ៏ពិតប្រាកដតែមួយគត់គឺប្រទេសចិនទៅវិញទេ ពីព្រោះប្រទេសចិនបានងើបឡើងយ៉ាងខ្លាំងជាងនរណាៗទាំងអស់។

    សព្វថ្ងៃនេះ ប្រទេសចិនគឺជាមហាអំណាចសេដ្ឋកិច្ចលំដាប់ទី២ របស់ពិភពលោក និងជាសង្គមបច្ចេកវិទ្យាដ៏កំពូលមួយនៅក្នុងពិភពលោក ហើយការវាយតម្លៃរបស់ចារកម្មអាមេរិកបានបង្ហាញថា «សមត្ថភាពយោធានិងសេដ្ឋកិច្ចរបស់ចិននឹងមានកម្រិតស្មើរសហរដ្ឋអាមេរិកនៅត្រឹមឆ្នាំ ២០៣០»។ បញ្ហាវីរុសកូវីដ-១៩ បាននិងកំពុងពន្លឿនតារាងពេលវេលានេះ ហើយវាក៏បាននិងកំពុងបង្កើនសម្ពាធកាន់តែខ្លាំងជាងមុនផងដែរលើសហរដ្ឋអាមេរិក ក្នុងការបោះជំហានទៅមុខ។

    ឆ្នាំនេះគឺជាខួបលើកទី៣០ នៃការបញ្ចប់សង្រ្គាមត្រជាក់ ហើយវាអាចជារឿងសមហេតុផលក្នុងការ និយាយថា «វានឹងក្លាយជាខួបលើកទី១ នៃការចាប់ ផ្តើមសង្រ្គាមត្រជាក់ លើកទី ២» ខណៈដែលមនុស្សមួយចំនួនបានលើកឡើងថា «សហរដ្ឋអាមេរិកមិនដែលបោះបង់ចោលនូវផ្នត់គំនិត សតីពីសង្រ្គាមត្រជាក់ទេ»។ ជាក់ស្តែង អ្នកយុទ្ធសាស្ត្រចិនប្រហែលជាបានព្យាករណ៍ទុកជាមុនអំពីព្រឹត្តិការណ៍នេះតាំងពីប៉ុន្មានទសវត្សរ៍មុនមកម្ល៉េះ ហើយប្រហែលជាបានត្រៀមរៀបចំខ្លួនរួចរាល់ជាយូរណាស់មកហើយ។

    ហានិភ័យដែលសហរដ្ឋអាមេរិកបាននិងកំពុងប្រឈមមុខនៅពេលនេះ គឺមានលក្ខណៈដូចគ្នានឹងអ្វី ដែលអតីតសហភាពសូវៀតធ្លាប់បានជួបប្រទះ។ ខណៈពេលដែលអាមេរិកអាចនឹងរៀនសូត្របាននូវមេរៀនមួយចំនួន វាមិនច្បាស់ទេថា «តើទីក្រុងវ៉ាស៊ីនតោនបានរៀនអំពីមេរៀនប្រវត្តិសាស្ត្រស៊ីជម្រៅដែរឬក៏អត់» ជាពិសេសគឺថា «តើបញ្ហានៅពេលអតីតកាលនិងបច្ចុប្បន្ន មានលក្ខណៈខុសគ្នាបែបណា ហើយហេតុអ្វីបានជាចិនអាចបន្តរួចខ្លួនពីការមានជោគវាសនាដូចអតីតសហភាពសូវៀត»?

    South China Morning Post