ខ្មែរប៉ុស្ដិ៍ Close

វិបត្តិដ៏អាក្រក់ទាំង៤ ដែលពិភពលោកកំពុងប្រឈមមុខ

ដោយ៖ លី វិទ្យា ​​ | ថ្ងៃសុក្រ ទី១៧ ខែធ្នូ ឆ្នាំ២០២១ ព័ត៌មានអន្តរជាតិ 1422
វិបត្តិដ៏អាក្រក់ទាំង៤ ដែលពិភពលោកកំពុងប្រឈមមុខវិបត្តិដ៏អាក្រក់ទាំង៤ ដែលពិភពលោកកំពុងប្រឈមមុខ

អ្នកដែលខកចិត្តជាមួយនឹងលទ្ធផលនៃកិច្ចប្រជុំអំពីការប្រែប្រួលអាកាសធាតុ COP26, ជំនួបកំពូលតាមប្រព័ន្ធអនឡាញ កាលពីពេលថ្មីៗនេះរវាងប្រធានាធិបតី Joe Biden និងប្រធានាធិបតី Xi Jinping និងកិច្ចខិតខំដើម្បី សម្រេចឳ្យបាននូវសមភាពវ៉ាក់សាំងកូវីដ-១៩នោះ ចាំបាច់ត្រូវតែភ្ញាក់ខ្លួនឡើងវិញនិងស្វែងយល់អំពីពិភពលោកដែលយើងកំពុងរស់នៅ។

នៅក្នុងរបាយការណ៍ ថ្មីមួយក្រោមចំណងជើងថា «Our Global Condition» រូបខ្ញុំ និងសហការីរបស់ខ្ញុំនៅក្នុងគណៈកម្មការពិភពលោកដើម្បីបង្កើតគោលនយោបាយក្រោយជំងឺរាតត្បាត (Global Commission for Post-Pandemic Policy) បានរកឃើញថា ពួកយើងកំពុងរួមរឹតដោយវិបត្តិចំនួន ៤។

ដំណើរឆ្ពោះទៅមុខតែមួយគត់គឺការទទួលស្គាល់អំពីការពាក់ព័ន្ធគ្នារវាងផ្នែកសុខភាពសាធារណៈ, ការប្រែប្រួលអាកាសធាតុ, ការធ្លាក់ចុះនៃទំនុកចិត្តសាធារណៈ និងលទ្ធិប្រជាធិបតេយ្យ និងអស្ថិរភាពភូមិសាស្ត្រនយោបាយ។ បញ្ហាទាំងនេះមានទំនាក់ទំនងគ្នាទៅវិញទៅមក ហើយបើសិនជាយើងចាត់ទុកវាថាជាបញ្ហាដាច់ដោយឡែក នោះយើងនឹងគ្មានដំណោះស្រាយនោះទេ ។

ភាពតានតឹងផ្នែកបរិស្ថាននឹងអាចបង្កើតឱ្យមានជំងឺឆ្លងពីសត្វទៅមនុស្សហើយអាចបង្កឱ្យក្លាយទៅជាជំងឺរាតត្បាត។ ភាពតានតឹងផ្នែកសេដ្ឋកិច្ច នយោបាយ និងសង្គមដែលបង្កឡើងដោយជំងឺរាតត្បាត នឹងជំរុញឱ្យមានការបំផ្លាញដល់សាមគ្គីភាពសង្គម ដែលធ្វើឱ្យរដ្ឋាភិបាលកាន់តែមានការពិបាកក្នុងការទទួលបានការគាំទ្រពីសាធារណជន ដើម្បីអនុវត្តវិធានការកាត់បន្ថយការបញ្ចេញឧស្ម័នកាបោន។

នៅក្នុងបណ្តាប្រទេសដែលទំនុកចិត្តរបស់មហាជនមកលើស្ថាប័ននិងអ្នកជំនាញត្រូវបានបំផ្លាញ ដោយសារតែវិបត្តិហិរញ្ញវត្ថុកាលពីឆ្នាំ២០០៨ គួបផ្សំនឹងការរីកលូតលាស់នៃបណ្តាញផ្សព្វផ្សាយសង្គមផងនោះ
ការសម្របខ្លួនដើម្បីដោះស្រាយវិបត្តិថ្មីៗគឺពិតជាមានភាពលំបាកខ្លាំង។

បញ្ហាទាំងអស់នេះបានកើតឡើងជាពិសេសនៅក្នុងសហរដ្ឋអាមេរិកតែម្តងដែលជាប្រទេសដែលមានមនុស្សជាច្រើនបានដណ្តើមគ្នាដើម្បីធ្វើការដឹកនាំ។

វិបត្តិទំនុកចិត្តពីសំណាក់ប្រជាជនបានធ្វើឱ្យសហរដ្ឋអាមេរិកចុះខ្សោយ ទាំងនៅក្នុងប្រទេសនិងនៅលើឆាកអន្តរជាតិ ហើយបញ្ហានេះក៏បានចូលរួមចំណែកដល់ការធ្លាក់ ចុះដុនដាបនៃទំនាក់ទំនងរវាងលោកខាងលិចនិងប្រទេសចិនផងដែរ។

ដោយសារកខ្វះការពិគ្រោះយោបល់គ្នាទៅវិញទៅមក ភាពតានតឹងដែលបង្កឡើងដោយរោគរាតត្បាត និងការប្រែប្រួលអាកាសធាតុបានចូលរួមចំណែកក្នុងវិបត្តិភូមិសាស្ត្រនយោបាយដ៏ស្រួចស្រាវរបស់ពិភពលោក។ ហើយបើគ្មានការចាប់ដៃគ្នាធ្វើការ និងយោគយល់គ្នាទៅវិញទៅមករវាងសហរដ្ឋអាមេរិកនិងចិនទេនោះ វឌ្ឍនភាពប្រឆាំងជំងឺរាតត្បាត ឬការប្រែប្រួលអាកាសធាតុនឹងមិនអាចកើតមានឡើងធំដុំនោះទេ។

ភស្តុតាងស្រដៀងគ្នានេះត្រូវបានគេមើលឃើញយ៉ាងច្បាស់នៅក្នុងបរាជ័យនៃការផ្គត់ផ្គង់វ៉ាក់សាំងឱ្យបានគ្រប់គ្រាន់ដល់បណ្តាប្រទេសក្រីក្រ។ យោងតាមការពិនិត្យមើលលើល្បឿននៃការចាក់វ៉ាក់សាំងរបស់គណៈកម្មការ Global Commission ទ្វីបអាស៊ី អឺរ៉ុប និងអាមេរិក អាចឈានដល់ការចាក់វ៉ាក់សាំងជូនដល់ពលរដ្ឋខ្លួនបាន ៨០% នៅត្រឹមខែ មីនា-ឧសភា ឆ្នាំ ២០២២ រីឯបណ្តាប្រទេសភាគច្រើននៅអាហ្វ្រិកនឹងមិនអាចឈានដល់ចំនួននេះទេរហូតដល់ពាក់កណ្តាលឆ្នាំ២០២៥។

កិច្ចសហប្រតិបត្តិការ ចិន-អាមេរិក អាចកាត់បន្ថយគម្លាតនេះបាន ដោយសារតែប្រទេសទាំងពីរមានធនធានសម្ភារៈ និងមូលធនយ៉ាងច្រើន ហើយក៏អាចដោះស្រាយបានយ៉ាងឆាប់រហ័សចំពោះបញ្ហាវិបត្តិបំណុលសាធារណៈដែលកំពុងតែរីកកាន់តែធំ ហើយអាចនឹងវាយលុកមកលើបណ្តាប្រទេសដែលមានប្រាក់ចំណូលទាប និងប្រទេសដទៃទៀតនៅលើពិភពលោកទាំងមូលនៅឆ្នាំ២០២២។

អ្វីដែលគួរឱ្យសោកស្តាយនោះគឺដំណោះស្រាយខាងលើ នឹងមិនអាចកើតមាននៅក្នុងពេលឆាប់ៗខាងមុខនេះទេ។ វាគឺជារឿងដែលមិនអាចកើតមាន ហើយដើម្បីប្រឈមនឹងស្ថានភាពនេះ យើងត្រូវតែបង្កើតយុទ្ធសាស្ត្រថ្មីៗ ដោយផ្អែកលើគោលការសំខាន់ៗចំនួន៤។

គោលការណ៍ទី១៖ ដែលជារឿងបន្ទាន់ខ្លាំង គឺជាការជម្រុញឱ្យពលរដ្ឋទាំងអស់ទៅចាក់វ៉ាក់សាំងដើម្បីអាចធ្វើការផ្លាស់ប្តូរស្ថានភាពជំងឺរាតត្បាតនាពេលសព្វថ្ងៃឱ្យទៅជំងឺឆ្លងធម្មតាដែលអាចគ្រប់គ្រងបាន។

មិនថាត្រូវធ្វើតែឯង ឬធ្វើជាក្រុមនោះទេ ប្រទេសទាំងអស់ចាំបាច់ត្រូវតែផ្តល់អាទិភាពខ្ពស់បំផុតដល់ការចែកចាយវ៉ាក់សាំងទៅកាន់ទ្វីបអាហ្វ្រិក និងតំបន់ដែលមានភាពយឺតយ៉ាវផ្សេងៗទៀត ហើយក៏ត្រូវលះបង់
ធនធានឱសថ ហិរញ្ញវត្ថុ សម្ភារៈ និងរដ្ឋបាលបន្ថែមទៀតដើម្បីគាំទ្រដល់កម្មវិធីចាក់វ៉ាក់សាំងរបស់ពួកគេ។

ការលប់បំបាត់ភាពមិនច្បាស់លាស់ដែលបង្កឡើងដោយជំងឺរាតត្បាត ក៏អាចជាវិធីដ៏ជាក់ច្បាស់បំផុតមួយក្នុងការបង្កើនទំនុកចិត្ត និងការគាំទ្រពីសំណាក់សាធារណជនសម្រាប់វិធានការការពារអាកាសធាតុប្រកបដោយចីរភាព និងគោលនយោបាយ «កសាងឱ្យប្រសើរឡើងវិញ» (Build Back Better) ផ្សេងទៀតផងដែរ ។

គោលការណ៍ទី២៖ ដែលជាគោលការណ៍សម្រាប់រយៈពេលវែង គឺការទទួលស្គាល់ថា ការប្រកួតប្រជែងរវាងអាមេរិកនិងចិន ពិតជាបានដើរតួនាទីដ៏សំខាន់នៅក្នុងកិច្ចការពិភពលោក។

គេមិនអាចផាត់ចោលនូវការប្រកួតប្រជែង ឬផាត់ចោលនូវសារៈសំខាន់របស់ប្រទេសណាមួយបាននោះទេ។ ដូច្នេះ កិច្ចការដែលបន្ទាន់បំផុតនោះ គឺការកំណត់របៀបវារៈមួយ និងបង្កើតយន្តការមួយសម្រាប់ឱ្យមហាអំណាចទាំងពីរអាចពិគ្រោះគ្នា និងសហការគ្នាដោះស្រាយបញ្ហាប្រឈមរបស់ពិភពលោក បើទោះបីជាពួកគេនៅតែបន្តប្រកួតប្រជែងគ្នាក្នុងផ្នែកផ្សេងទៀតក្តី។

អាមេរិកនិងសហភាពសូវៀត បានប្រើវិធីនេះនៅក្នុងអំឡុងសង្គ្រាមត្រជាក់។ ប៉ុន្តែដើម្បីអាចធ្វើបែបនោះបាន គេត្រូវការរយៈពេលច្រើនទសវត្សរ៍ទៀត ប៉ុន្តែបញ្ហាប្រឈាមនានាមិនអាចរង់ចាំរយៈពេលយូរបែបនោះបានទេ។

គោលការណ៍ទី៣៖ គឺវិបត្តិទំនុកចិត្ត និងវិបត្តិនៃភាពស្របច្បាប់របស់ប្រទេសនៅលោកខាងលិចដែលចាំបាច់ត្រូវតែពិនិត្យមើលឱ្យបានហ្មត់ចត់។

ភាពកាន់តែងាយផុយស្រួយនៃលទ្ធិប្រជាធិបតេយ្យរបស់ប្រទេសលោកខាងលិច និងនយោបាយជ្រុលនិយម ពិតជាបានបង្កគ្រោះថ្នាក់ ហើយមិនត្រឹមតែចំពោះប្រទេសទាំងនោះទេ ប៉ុន្តែក៏អាចប៉ះពាល់ដល់ស្ថិរភាព និងសន្តិសុខរបស់ពិភពលោកផងដែរ។

អ្វីដែលជាកិច្ចការបន្ទាន់បំផុតនៅទីនេះគឺការធ្វើបច្ចុប្បន្នភាពវិធានច្បាប់ និងស្ថាប័នប្រជាធិបតេយ្យសម្រាប់សតវត្សរ៍ទី២១, បង្កើតវិធានច្បាប់លើបណ្តាញផ្សព្វផ្សាយសង្គម ដើម្បីធ្វើឱ្យវេទិកាទាំងនោះកាន់តែមានការទទួលខុសត្រូវ, រំលឹកឡើងវិញនូវភាពជាពលរដ្ឋតាមរយៈការបង្កើតការចូលរួមនៅក្នុងទម្រង់ថ្មីៗ និងពង្រីកការវិនិយោគដើម្បីធានាដល់សមភាពនៃការយកចិត្តទុកដាក់និងឱកាស។

គោលការណ៍ទី៤៖ គឺការអនុវត្តជាក់ស្តែង។ ដូចករណីរឿងវ៉ាក់សាំងអ៊ីចឹង។ ប្រទេសទាំងអស់មិនអាចអង្គុយរង់ចាំការផ្តល់ដំណោះស្រាយឱ្យបានសមរម្យនោះទេ។ ក្រោយទទួលបានជោគជ័យក្នុងការសហការរវាងស្ថាប័នសាធារណៈ ជាមួយនឹងក្រុមហ៊ុនឯកជនក្នុងការផ្តល់វ៉ាក់សាំងដែលមានសុវត្ថិភាព និងប្រសិទ្ធភាពខ្ពស់ក្នុងរយៈពេលដ៏ខ្លីនោះ ប្រទេសទាំងអស់ត្រូវតែមានឆន្ទៈរួមគ្នាក្នុងការដោះស្រាយវិបត្តិដ៏ប្រទាក់ក្រឡាគ្នានាពេលបច្ចុប្បន្ននេះ ។

វិស័យផ្សេងទៀត ដែលអាចនឹងទទួលបានផលប្រយោជន៍ច្រើនពីកិច្ចសហការរបស់ប្រទេសនានា នៅលើពិភពលោក នោះរួមមានវិស័យបច្ចេកវិទ្យាដើម្បីកំណត់អត្តសញ្ញាណ និងឃ្លាំមើលការបំប្លែងខ្លួនរបស់វីរុសថ្មីៗ និងការវិនិយោគឱ្យបានកាន់តែច្រើនមកលើបច្ចេកវិទ្យាថាមពលមិនមែនកាបោន ដូចជាថាមពលនុយក្លេអ៊ែរជាដើម៕

The Asian Post

អត្ថបទទាក់ទង