ខ្មែរប៉ុស្ដិ៍ Close

សម្ដេចពិជ័យសេនា ទៀ បាញ់ អនុញ្ញាតឱ្យរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃព្រហស្បតិ៍ ទី២៣ ខែធ្នូ ឆ្នាំ២០២១ ផ្ទះហ្វេសប៊ុក 1227
សម្ដេចពិជ័យសេនា ទៀ បាញ់ អនុញ្ញាតឱ្យរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារសម្ដេចពិជ័យសេនា ទៀ បាញ់ អនុញ្ញាតឱ្យរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ

នៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២១ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានជួបពិភាក្សាជាមួយលោកនាយឧត្តមសេនីយ៍ Phan Van Giang រដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម នៅទីស្ដីការគណៈរដ្ឋមន្ត្រី។

នៅក្នុងកិច្ចពិភាក្សាខាងលើ រដ្ឋមន្រ្តីក្រសួងការពារជាតិនៃប្រទេសទាំងពីរ កម្ពុជា-វៀតណាម បានឯកភាពលើការងារមួយចំនួនដូចតទៅ៖

១- សម្តែងការអបអរសាទរពិធីរំលឹកខួបអនុស្សាវរីយ៍៧៧ឆ្នាំ ថ្ងៃបង្កើតកងទ័ពប្រជាជនវៀតណាម “២២ ធ្នូ ១៩៤៤-២២ ធ្នូ ២០២១”។ បន្តជួយគាំទ្រគ្នាទៅវិញទៅមកជម្រុញការកសាងហេដ្ឋារចនាសម្ព័ន្ធនៅតំបន់កោះថ្ម ដើម្បីត្រៀមចូលរួមអបអរសាទរខួបអនុស្សាវរីយ៍លើក៤៥ “២០ មិថុនា ១៩៧៧-២០ មិថុនា ២០២២” នៃទិវាចងចាំដំណើរឆ្ពោះទៅការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត នៅតំបន់កោះថ្ម “X-16”។

២- ពង្រឹងកិច្ចសហប្រតិបត្តិការតាមផែនការកិច្ចសហប្រតិបត្តិការឆ្នាំ២០២២ រវាងក្រសួងការពារប្រទេសទាំងពីរកម្ពុជា-វៀតណាម ដែលបានចុះហត្ថលេខាកាលពីថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២១ នៅវិមានសន្តិភាព។ ជម្រុញលើកកម្ពស់ការងារអប់រំ បណ្តុះបណ្តាល ប្រយុទ្ធប្រឆាំងអំពើភេវរកម្ម ឧក្រិដ្ឋកម្មឆ្លងដែន បង្ក្រាបការផលិត និងជួញដូរគ្រឿងញៀននៅតាមព្រំដែនប្រទេសទាំងពីរកម្ពុជា-វៀតណាម។

៣- ជម្រុញការកសាង និងផ្សព្វផ្សាយកិច្ចសហប្រតិបត្តិការលើវិស័យប្រវត្តិសាស្រ្តយោធាថែមទៀត ក្នុងនោះបំពេញបន្ថែមខ្លឹមសារមួយចំនួននៅក្នុងប្រទេសវៀតណាម ដោយផ្តោតសំខាន់លើសមិទ្ធផល និងការលះបង់របស់កម្ពុជា ដែលបានជួយរំដោះជាតិ និងបញ្ច្រប់សង្គ្រាមទាំងស្រុងនៅប្រទេសវៀតណាម នៅខែមេសា ឆ្នាំ១៩៧៥។

៤- ថ្នាក់ដឹកនាំវៀតណាម ប្តេជ្ញាជួយសម្រួលដល់គណៈប្រតិភូ គ្រូបង្វឹក ក្រុមកីឡករ កីឡាការិនី សិល្បៈនៃគណៈកម្មាធិការជាតិCAMSOC ទៅចូលរួមក្នុងព្រឹត្តិការណ៍កីឡា SEA Games លើកទី៣១ នៅប្រទេសវៀតណាម នៅអំឡុងខែឧសភា ឆ្នាំ២០២២ ដើម្បីកម្ពុជាមានលទ្ធភាពដកបទពិសោធន៍ធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍កីឡា SEA Games-ASEAN Para Games លើកទី៣២ ឲ្យទទួលបានជោគជ័យ។

៥- ថ្នាក់ដឹកនាំការពារជាតិប្រទេសទាំងពីរ បានឯកភាពគ្នាជម្រុញការផ្លាស់ប្តូរដំណើរទស្សនកិច្ចផ្លូវការ ថ្នាក់រដ្ឋមន្ត្រី ថ្នាក់អគ្គមេបញ្ជាការ ថ្នាក់មេបញ្ជាការប្រភេទទ័ព និងថ្នាក់ដឹកនាំក្រសួងប្រទេសទាំងពីរកម្ពុជា-វៀតណាម។ ប្តេជ្ញាគាំទ្រគ្នាទៅវិញទៅមក រក្សាចំណងមិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការល្អគ្រប់កាលៈទេសៈ ទប់ស្កាត់មិនឲ្យកម្លាំងប្រឆាំងណាមួយមកបំបែកបំបាក់ចំណងមិត្តភាពដ៏រឹងមាំបានឡើយ និងប្តេជ្ញារួមគ្នាកសាងខ្សែបន្ទាត់ព្រំដែនឲ្យមានសន្តិភាព ស្ថេរភាព និងការអភិវឌ្ឍសម្រាប់បម្រើផលប្រយោជន៍ជូនប្រជាជនទាំងពីរ។

៦- លោកនាយឧត្តមសេនីយ៍ Phan Van Giang បានប្រកាសគាំទ្រកម្ពុជាធ្វើជាប្រធានអាស៊ាន និងកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ ឆ្នាំ២០២២។ ភាគីវៀតណាម ត្រៀមលក្ខណៈគ្រប់បែបយ៉ាងត្រៀមគាំទ្រចូលរួមក្នុងកិច្ចប្រជុំទាំងកម្រិតក្រុមការងារ មន្រ្តីជាន់ខ្ពស់ និងថ្នាក់រដ្ឋមន្រ្តីតាមការអញ្ជើញរបស់សម្តេចពិជ័យសេនា ប្រធានកិច្ចប្រជុំ នៅឆ្នាំ២០២២ខាងមុខនេះ៕

អត្ថបទទាក់ទង