ខ្មែរប៉ុស្ដិ៍ Close

តើសហរដ្ឋអាមេរិកបានចាប់ផ្តើមធ្វើសកម្មភាពដ៏ត្រឹមត្រូវនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ហើយមែនទេ?

ដោយ៖ លី វិទ្យា ​​ | ថ្ងៃចន្ទ ទី២៧ ខែធ្នូ ឆ្នាំ២០២១ ព័ត៌មានអន្តរជាតិ 824
តើសហរដ្ឋអាមេរិកបានចាប់ផ្តើមធ្វើសកម្មភាពដ៏ត្រឹមត្រូវនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ហើយមែនទេ? លោក Anthony Blinken

បន្ថែមពីលើការប្រឆាំងនឹងប្រទេសចិន សហរដ្ឋអាមេរិកកំពុងតែព្យាយាមបង្កើនកិច្ចខិតខំប្រឹងប្រែងផ្នែកការទូតរបស់ខ្លួនបន្ថែមទៀតនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ទាំងមូល។

កាលពីពេលថ្មីៗនេះ រដ្ឋមន្ត្រីការបរទេសអាមេរិក Antony Blinken បានចាប់ផ្តើមធ្វើដំណើរទស្សនកិច្ចមកកាន់តំបន់អាស៊ីអាគ្នេយ៍ជាលើកដំបូង ដោយចាប់ផ្តើមពីរដ្ឋធានីហ្សាកាតារបស់ប្រទេសឥណ្ឌូណេស៊ី បន្ទាប់មកលោកនឹងធ្វើដំណើរទៅកាន់ប្រទេសម៉ាឡេស៊ី និងប្រទេសថៃ។

ប៉ុន្តែដំណើរទស្សនកិច្ចនេះត្រូវបានបញ្ចប់មុនការរំពឹងទុក ក្រោយមានអ្នកសារព័ត៌មានដែលធ្វើដំណើររួមជាមួយលោកបានធ្វើតេស្តវិជ្ជមានកូវីដ-១៩។ លោក Blinken
បានបិទបញ្ចប់ដំណើរទស្សនកិច្ចរបស់លោក ក្រោយជំនួបជាមួយឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីការបរទេសថៃ លោក Don Pramudwinai ។

ដំណើរទស្សនកិច្ចនេះ គឺជាការប៉ុនប៉ងដើម្បីបង្កើនកិច្ចខិតខំប្រឹងប្រែងផ្នែកការទូតរបស់រដ្ឋបាល Biden នៅក្នុងតំបន់មួយ ដែលកំពុងតែស្ថិតនៅក្នុងការប្រកួតប្រជែងរវាងសហរដ្ឋអាមេរិកនិងចិន ដើម្បីដណ្តើមតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក។ សារសំខាន់ដែលត្រូវបានគេដាក់ចេញនោះគឺ «សហរដ្ឋអាមេរិក គឺជាដៃគូដ៏គួរឱ្យទុកចិត្តជាងប្រទេសចិន បើទោះបីជាអាមេរិកមិនបានចំណាយលុយច្រើនយ៉ាងសន្ធឹកសន្ធាប់នៅក្នុងតំបន់ដូចប្រទេសចិនក៏ដោយ»។

ក្រោយការចូលកាន់តំណែងកាលពីខែមករា ឆ្នាំ២០២១ ប្រធានាធិបតី Biden មិនបានធ្វើការទាក់ទងដោយផ្ទាល់ណាមួយសោះជាមួយសមភាគីនៅអាស៊ីអាគ្នេយ៍។ ដូច្នេះហើយទើបទំនាក់ទំនងរវាងរដ្ឋបាល Biden ជាមួយនឹងបណ្តាប្រទេសនៅអាស៊ីអាគ្នេយ៍បានចាប់ផ្តើមឡើងជាមួយនឹងរឿងមិនល្អជាច្រើន។

ប៉ុន្តែថ្មីៗនេះអនុរដ្ឋមន្ត្រី លោកស្រី Wendy Sherman បានធ្វើដំណើរទស្សនកិច្ចមកកាន់ប្រទេសឥណ្ឌូណេស៊ី ថៃ និងកម្ពុជាកាលពីខែមិថុនា ឆ្នាំ២០២១ ខណៈអនុប្រធានាធិបតីលោកស្រី Kamala Harris ក៏បានធ្វើ ដំណើរមកកាន់សិង្ហបុរី និងវៀតណាមកាលពីខែសីហា ឆ្នាំ២០២១ ផងដែរ។

ខណៈពេលដែលសហរដ្ឋអាមេរិកហាក់មានភាពយឺតយ៉ាវក្នុងការធ្វើទំនាក់ទំនងជាមួយបណ្តាប្រទេសជាសម្ព័ន្ធមិត្តនៅអាស៊ីអាគ្នេយ៍របស់ខ្លួន ទីប្រឹក្សារដ្ឋចិន និងជារដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi បានជួបប្រជុំគ្នាដោយផ្ទាល់ជាមួយរដ្ឋមន្ត្រីការបរទេសអាស៊ានដើម្បីធ្វើការធានាសម្រាប់ការផ្តល់ជំនួយផ្នែកសេដ្ឋកិច្ច និងផ្តល់ជំនួយក្នុងគ្រាអាសន្ន ដើម្បីដោះស្រាយវិបត្តិកូវីដ-១៩។

ដូច្នេះ វាពិតជាសមហេតុផលហើយ ដែលសហរដ្ឋអាមេរិកត្រូវតែចាប់ផ្តើមគិតគូរឡើងវិញដើម្បីបង្កើនកិច្ចខិតខំប្រឹងប្រែងផ្នែកការទូតរបស់ខ្លួន នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ឡើងវិញ តាមរយៈការធ្វើ ដំណើរទស្សនកិច្ច
នៅក្នុងកម្រិតខ្ពស់ៗ។

នៅក្នុងសុន្ទរកថារបស់លោកនៅសកលវិទ្យាល័យឥណ្ឌូណេស៊ី (Universitas Indonesia) កាលពីថ្ងៃទី១៤ ធ្នូ ឆ្នាំ២០២១ លោក Blinken បាន ដាក់ចេញនូវគោលការណ៍ស្នូលចំនួន5ចំណុចដើម្បីបង្ហាញអំពីចក្ខុវិស័យរបស់សហរដ្ឋអាមេរិកចំពោះតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិកសេរី និងបើកចំហ។

គំនិតចម្បងដែលនៅពីក្រោយការដាក់ចេញនូវគោលការណ៍ស្នូលទាំងនេះ គឺដើម្បីកាត់បន្ថយការប្រឈមមុខដាក់គ្នាដោយផ្ទាល់រវាងសហរដ្ឋអាមេរិកនិងចិន ហើយអាចធានាបានថា សហរដ្ឋអាមេរិកនឹងអាចធ្វើការពង្រឹងទំនាក់ទំនងជាមួយបណ្តាប្រទេសនៅតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក។

លោកបានសង្កត់ធ្ងន់ទៅលើសកម្មភាពដ៏គឃ្លើនរបស់ប្រទេសចិននៅសមុទ្រចិនខាងត្បូងថា «សកម្មភាពរបស់ទីក្រុងប៉េកាំងនៅសមុទ្រចិនខាងត្បូង បានធ្វើឱ្យមានហានិភ័យខ្លាំងណាស់ដល់សកម្មភាពពាណិជ្ជកម្មដែលមានតម្លៃជាង ៣ ទី្រលានដុល្លារអាមេរិកជារៀងរាល់ឆ្នាំនៅទីនោះ»។

មិនដូចនៅក្នុងការបំពេញទស្សនកិច្ច និងការចេញសេចក្តីថ្លែងការណ៍លើកមុន ដែលអាមេរិកតែងតែផ្តោតទៅលើការវាយប្រហារចំពោះប្រទេសចិននោះទេ នៅពេលនេះអាមេរិកបានខិតខំប្រឹងប្រែងយ៉ាងខ្លាំងដើម្បីចង្អុលបង្ហាញថា «ប្រទេសនានាមានសិទ្ធិក្នុងការជ្រើសរើសផ្លូវផ្ទាល់ខ្លួនរបស់ពួកគេ ដោយមិនមានការបង្ខិតបង្ខំ និងការបំភិតបំភ័យ ហើយវាមិនមែនជាការជ្រើសរើសរវាងសហរដ្ឋអាមេរិក ឬប្រទេសចិននោះទេ»។

សហរដ្ឋអាមេរិកបានធ្វើការផ្លាស់ប្តូរវិធីសាស្រ្តរបស់ខ្លួន នៅក្នុងដំណើរទស្សនកិច្ចលើកនេះ ខណៈបណ្តាប្រទេសនៅអាស៊ីអាគ្នេយ៍បាន ប្រកាសម្តងហើយម្តងទៀតថាពួកគេមិនអាចសម្រេចចិត្តក្នុងការជ្រើសរើសយកភាគីណាមួយបានទេ។

គោលការណ៍ស្នូលទាំង ៥ចំណុច បានបង្ហាញឱ្យបណ្តាប្រទេសដែលជាសមាជិកអាស៊ានឃើញយ៉ាងច្បាស់អំពីគោលបំណងពិតរបស់សហរដ្ឋអាមេរិក តាមរយៈយុទ្ធសាស្ត្រឥណ្ឌូ-ប៉ាស៊ីហ្វិករបស់ខ្លួន ហើយថែមទាំងបានបង្ហាញថាយុទ្ធសាស្ត្រនេះមិនមែនមានតែការរារាំង និងប្រឆាំងចំពោះប្រទេសចិននោះទេ។

គោលការណ៍ទី១៖ អាមេរិកទាមទារឱ្យមានការដោះស្រាយបញ្ហាដោយបើកចំហ និងប្រើប្រាស់នូវវិធាននានាដើម្បីធានាដល់ការដោះស្រាយប្រកបដោយតម្លាភាព ហើយរដ្ឋាភិបាលក៏ត្រូវតែមានតម្លាភាពនៅក្នុងអភិបាលកិច្ចរបស់ខ្លួនសម្រាប់ប្រជាពលរដ្ឋ។

គោលការណ៍ទី២៖ បានគូសបញ្ជាក់អំពីការប្តេជ្ញាចិត្តរបស់សហរដ្ឋអាមេរិកក្នុង «ការបង្កើតទំនាក់ទំនងឱ្យកាន់តែរឹងមាំជាមួយបណ្តាប្រទេសនៅក្នុងនិងក្រៅតំបន់»។

គោលការណ៍ទី៣៖ និងជាអ្វីដែលគួរឲ្យកត់សម្គាល់បំផុតនោះគឺសហរដ្ឋអាមេរិកបានត្រៀមខ្លួនរួចជាស្រេចក្នុងការធ្វើការវិនិយោគ និងផ្តល់ហិរញ្ញវត្ថុបន្ថែមទៀតជាមួយប្រទេសនៅក្នុងតំបន់នេះប្រសិនបើមានតម្រូវការ។ ការប្រកាសនេះត្រូវបានធ្វើឡើងស្របពេលដែលបណ្តា ប្រទេសនានារំពឹងថា រដ្ឋបាល Biden កំពុងរៀបចំដាក់ចេញនូវក្របខ័ណ្ឌសេដ្ឋកិច្ចដ៏ទូលំទូលាយមួយសម្រាប់តំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក។

បណ្តាប្រទេសនៅអាស៊ីអាគ្នេយ៍ តែងតែទាមទារឱ្យសហរដ្ឋអាមេរិកធ្វើការវិនិយោគឱ្យបានច្រើននៅក្នុងតំបន់។ ដូច្នេះ ការរៀបចំក្របខណ្ឌសេដ្ឋកិច្ចដ៏ទូលំទូលាយនាពេលខាងមុខពិតជាការបង្ហាញអំពីជំហានវិជ្ជមានឆ្ពោះទៅមុខ។

ទោះបីជាសហរដ្ឋអាមេរិកបានប្រកាសអំពីគំនិតផ្តួចផ្តើមលើផ្នែកហេដ្ឋារចនាសម្ព័ន្ធ និងការតភ្ជាប់ដូចជាផែនការ Blue Dot Network ដែលជាផែនការប្រកួតប្រជែងជាមួយនឹងផែនការខ្សែក្រវាត់មួយផ្លូវមួយ BRI របស់ប្រទេសចិនក៏ដោយ ក៏វាមិនបានផ្តល់ផលច្រើននោះទេ។

ខណៈគ្រប់គ្នាកំពុងតែសង្ស័យថា វិបត្តិជំងឺរាតត្បាតដែលកំពុងបន្តអាចនឹងធ្វើឱ្យសេដ្ឋកិច្ចចិនធ្លាក់ចុះ ហើយអាចមានផលប៉ះពាល់ដោយផ្ទាល់មកលើវឌ្ឍនភាព និងការវិនិយោគនៃគម្រោង BRI ចំណុចនេះនឹងក្លាយជាឱកាសដ៏ល្អសម្រាប់សហរដ្ឋអាមេរិកក្នុងការធ្វើការ វិនិយោគតាមរយៈការអនុវត្តក្របខណ្ឌសេដ្ឋកិច្ចដ៏ត្រឹមត្រូវមួយសម្រាប់តំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក។

គោលការណ៍ទី៤៖ សហរដ្ឋអាមេរិកនឹងជួយកសាងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិកឲ្យមានភាពធន់ជាងមុន ជាពិសេសនៅក្នុងអំឡុងពេលនៃជំងឺរាតត្បាត។

គោលការណ៍ទី៥៖ សហរដ្ឋអាមេរិកមានគោលបំណងដើម្បីពង្រឹងសន្តិសុខក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក ពោលគឺនៅពេលដែលការគំរាមកំហែងកំពុងត្រូវបានវិវត្តវិធីសាស្រ្តក្នុងការដោះស្រាយជាមួយការគំរាមកំហែងទាំងនោះ ក៏ត្រូវតែមានការវិវត្តផងដែរ ហើយអ្វីៗ ទាំងនេះនឹងអាចសម្រេចបានតាមរយៈសម្ព័ន្ធភាព និងភាពជាដៃគូ។

នៅក្នុងសុន្ទរកថា លោក Blinken បានធ្វើការសង្កត់ធ្ងន់ទៅលើមជ្ឈភាពរបស់អាស៊ាន និងបានធានាថា ទីក្រុងវ៉ាស៊ីនតោន នឹងនៅតែមានការជឿជាក់ទៅលើការងាររបស់អាស៊ាន។

ពាក់ព័ន្ធនឹងការធ្វើរដ្ឋប្រហារនៅប្រទេសមីយ៉ាន់ម៉ា លោក Blinken បានចង្អុលបង្ហាញថា សហរដ្ឋអាមេរិកបានធ្វើការអំពាវនាវឱ្យអន្តរជាតិបន្តការដាក់សម្ពាធទៅលើរបបនេះ ដើម្បីឱ្យរបបនេះបញ្ឈប់ការប្រើប្រាស់អំពើហិង្សា, ដោះលែងអ្នកដែលត្រូវបានឃុំឃាំងដោយអយុត្តិធម៌, អនុញ្ញាតឱ្យភាគីនានា ចូលផ្តល់ជំនួយមនុស្សធម៌ដោយមិន មានការរារាំងដើម្បី ជួយស្ដារមីយ៉ាន់ម៉ាឡើងវិញនិងការដើរត្រលប់ទៅរកលទ្ធិប្រជាធិបតេយ្យ។

លោក Blinken នៅតែបង្ហាញនូវការគាំទ្រចំពោះចំណុចកុងសង់ស៊ីស ៥ ចំណុចដែលមេដឹកនាំអាស៊ាននិងមេដឹកនាំរដ្ឋប្រហារមីយ៉ាន់ម៉ា Min Aung Hlaing បានធ្វើការឯកភាពគ្នា។

វិធីសាស្រ្តរបស់រដ្ឋបាល Biden ក្នុងការឆ្ពោះមកកាន់អាស៊ីអាគ្នេយ៍បានធ្វើឱ្យប្រទេសនានាមានការ សង្ស័យទៅលើការប្តេជ្ញាចិត្តរយៈពេលវែង របស់រដ្ឋបាលនេះចំពោះតំបន់អាស៊ី។ ជាពិសេសនៅពេលដែលសហរដ្ឋអាមេរិកបានត្រឹមតែលើក ឡើងអំពីការប្រឆាំងនឹងប្រទេសចិន ប៉ុន្តែមិនបានបង្ហាញអំពីគោលនយោបាយចំពោះតំបន់អាស៊ីអាគ្នេយ៍ជាក់ស្តែងណាមួយនោះឡើយ។

ការដើរចេញរបស់រដ្ឋបាល Trump ពីកិច្ចព្រមព្រៀងភាពជាដៃគូអន្តរប៉ាស៊ីហ្វិក គឺជាការចងចាំមួយដែលតែងតែដក់ជាប់នៅក្នុងចិត្តរបស់មេដឹកនាំអាស៊ីអាគ្នេយ៍គ្រប់រូប។ ដូច្នេះហើយ ក្រៅពីការបង្កើនការវិនិយោគ បណ្តាប្រទេសនានាក៏ មានការរំពឹងទុកផងដែរថា ទីក្រុងវ៉ាស៊ីនតោននឹងអាចចូលរួមយ៉ាងស៊ីជម្រៅជាមួយតំបន់អាស៊ីអាគ្នេយ៍ឡើងវិញតាមរយៈការគាំទ្រដល់កិច្ចព្រមព្រៀងគ្រប់ជ្រុងជ្រោយនិងជឿនលឿនសម្រាប់ភាពជាដៃគូអន្តរប៉ាស៊ីហ្វិក CPTPP និង កិច្ចព្រមព្រៀង RCEP។

ដោយមើលឃើញអំពីឥទ្ធិពលភូមិសាស្ត្ររបស់អាស៊ីអាគ្នេយ៍នៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក សហរដ្ឋអាមេរិកត្រូវតែបង្ហាញអំពីគោលនយោបាយឥណ្ឌូ-ប៉ាស៊ីហ្វិកដល់បណ្តាប្រទេសទាំងអស់។

ជាងនេះទៅទៀត តំបន់នេះមិនត្រឹមតែជាតំបន់ដែលកំពុងទទួលរងគ្រោះដោយសារតែការបង្កើនសកម្មភាពរបស់ប្រទេសចិននៅសមុទ្រចិនខាងត្បូងប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាតំបន់មួយក្នុងចំណោមតំបន់ផ្សេងទៀតដែលទទួលបានការវិនិយោគនៅក្នុងផែនការ BRI របស់ប្រទេសចិនផងដែរ។ អាស្រ័យហេតុនេះ ប្រសិនបើអាមេរិកចង់បង្កើតសម្ព័ន្ធភាពនិងភាពជាដៃគូដើម្បីដោះស្រាយជាមួយបញ្ហាប្រឈមរបស់ប្រទេសចិននៅតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក សហរដ្ឋអាមេរិកត្រូវតែពង្រឹងការតភ្ជាប់ជាមួយតំបន់អាស៊ីអាគ្នេយ៍ ហើយការផ្តល់ការវិនិយោគសេដ្ឋកិច្ចឱ្យបានច្រើន ដើម្បីបំពេញតម្រូវការ នៃការអភិវឌ្ឍន៍ផ្នែកហេដ្ឋារចនាសម្ព័ន្ធនៅអាស៊ីអាគ្នេយ៍ គឺជាផ្លូវដែលឆ្ពោះទៅមុខ។

ក្រុមប្រឹក្សាសន្តិសុខជាតិអាមេរិក និងជាអ្នកសម្របសម្រួលកិច្ចការតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក លោក Kurt Campbell បានលើកឡើងថា៖ «ដើម្បីបង្កើតបាននូវ យុទ្ធសាស្ត្រសម្រាប់តំបន់អាស៊ី និងវិធីសាស្រ្តសម្រាប់តំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក ប្រកបដោយប្រសិទ្ធភាព សហរដ្ឋអាមេរិកត្រូវតែធ្វើកិច្ចការបន្ថែមទៀតនៅក្នុងតំបន់អាស៊ីអាគ្នេយ៍»៕ Oberserver Research Foundation

អត្ថបទទាក់ទង