ខ្មែរប៉ុស្ដិ៍ Close

    East Asia Forum ៖​ ការរក្សាតុល្យភាពរវាងការប្រកួតប្រជែងជាយុទ្ធសាស្រ្ត និងកិច្ចសហប្រតិបត្តិការរវាងសហរដ្ឋអាមេរិក និងចិន

    ដោយ៖ លី វិទ្យា ​​ | ថ្ងៃអង្គារ ទី២៨ ខែធ្នូ ឆ្នាំ២០២១ ព័ត៌មានអន្តរជាតិ 1328
    East Asia Forum ៖​ ការរក្សាតុល្យភាពរវាងការប្រកួតប្រជែងជាយុទ្ធសាស្រ្ត និងកិច្ចសហប្រតិបត្តិការរវាងសហរដ្ឋអាមេរិក និងចិនEast Asia Forum ៖​ ការរក្សាតុល្យភាពរវាងការប្រកួតប្រជែងជាយុទ្ធសាស្រ្ត និងកិច្ចសហប្រតិបត្តិការរវាងសហរដ្ឋអាមេរិក និងចិន

    តំបន់អាស៊ីប៉ាស៊ីហ្វិក បានឈានចូលដល់ដំណាក់កាលនៃការផ្លាស់ប្តូរដ៏គួរឱ្យកត់សម្គាល់ ដោយសារការប្រែប្រួលនៅក្នុងតុល្យភាពអំណាច និងការកើនឡើងនូវប្រកួតប្រជែងរវាងមហាអំណាច។

    សំណួរសំខាន់ៗត្រូវបានលើកឡើងពាក់ព័ន្ធនឹងយុទ្ធសាស្ត្រសម្រាប់តំបន់ និងថា «តើសន្តិភាព ស្ថិរភាព និងវិបុលភាពក្នុងតំបន់អាចនឹងបន្តរក្សាបានក្នុងកម្រិតណា ហើយតើគេត្រូវចាត់វិធានការអ្វីខ្លះ ដើម្បីរក្សាតុល្យភាពឱ្យបានត្រឹមត្រូវរវាងការប្រកួតប្រជែងជាយុទ្ធសាស្ត្រ និងកិច្ចសហការ»?

    ការរក្សាតុល្យភាព រវាងការប្រកួតប្រជែងជាយុទ្ធសាស្រ្តនិងកិច្ចសហការ គឺជារឿងដ៏សំខាន់ និងជារឿងដែលអាចធ្វើទៅបាន។ ការប្រកួតប្រជែងជាយុទ្ធសាស្រ្តបានក្លាយជាចំណុចដ៏សំខាន់នៅក្នុងគោលនយោបាយរបស់សហរដ្ឋអាមេរិកចំពោះប្រទេសចិន ហើយផែនការយុទ្ធសាស្រ្តរបស់តួអង្គសំខាន់ៗក្នុងតំបន់បានលេចឡើងកាន់តែច្បាស់នៅក្នុងបរិបទនៃការប្រកួតប្រជែងរវាងអាមេរិក និងចិន។

    ប៉ុន្តែ ការប្រកួតប្រជែងចាំបាច់ត្រូវតែជាដំណើរការប្រកបដោយការស្ថាបនាស្របតាមស្តង់ដារច្បាស់លាស់ ជាជាងដំណើរការដែលពោរពេញទៅដោយការគាបសង្កត់, ការយកឈ្នះដាច់ខាត (Positive Sum Game) និងការព្យាបាទគ្នា។ ទំនាក់ទំនងរវាងអាមេរិកនិងចិន នៅក្នុងតំបន់ មិនគួរផ្តោតតែទៅលើការប្រកួតប្រជែងនោះទេ។

    រដ្ឋបាលអាមេរិកតែងតែលើកឡើងជាញឹកញាប់អំពីកិច្ចសហការជាមួយប្រទេសចិន ក៏ប៉ុន្តែកិច្ចសហការបានបន្តរងនូវការធ្លាក់ចុះ ហើយគេចាំបាច់ត្រូវតែទទួលស្គាល់អំពីបញ្ហានេះ ហើយត្រូវពង្រឹងកិច្ចសហការរវាងគ្នាឡើងវិញ។ ការឯកភាពគ្នាស្តីពីការចូលរួមថ្មីនៅក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខ នឹងតម្រូវឱ្យអាមេរិកនិងចិន បោះបង់ចោលនូវគំនិតស្តីពីការយកឈ្នះដាច់ខាត (Positive Sum Game) ដើម្បីអាចឱ្យពួកគេងាកមកបង្កើតឱ្យមានកិច្ចសហការដ៏ល្អប្រសើរជាមួយគ្នា។

    វិធានការខាងលើ នេះនឹងធ្វើឱ្យសហរដ្ឋអាមេរិកនិងចិនអាចរួមរស់ជាមួយគ្នាបាន និងអាចបន្តប្រកួតប្រជែងគ្នាក្នុងន័យស្ថាបនាដែលជាហេតុ នឹងនាំមកនូវលទ្ធផលវិជ្ជមានទាំងសងខាង ជាជាងការប្រឈមមុខដាក់គ្នាដែលនឹងនាំមកនូវតែការខាតបង់។

    ការយល់ឃើញខុសគ្នាអំពីសណ្តាប់ធ្នាប់ក្នុងតំបន់ គួរត្រូវបានសម្រុះសម្រួល ដើម្បីអាចឈានទៅបង្កើតឱ្យមានចក្ខុវិស័យថ្មីមួយដែលប្រកបដោយបរិយាប័ន្ន។ រឿងរ៉ាវជាច្រើនស្តីពីតំបន់បានបង្កឱ្យមានការយល់ឃើញខុសៗគ្នាទាក់ទងនឹងមនោគមវិជ្ជា ដូចជាការលើកឡើងអំពី «ការប្រកួតប្រជែងរវាងលទ្ធិប្រជាធិបតេយ្យ និងលទ្ធិផ្តាច់ការ» ខណៈដែលការបកស្រាយបែបនេះអាចនឹងបង្កឱ្យមានសង្គ្រាមត្រជាក់ថ្មីមួយ។

    ការវាយតម្លៃអំពីភូមិសាស្ត្រនយោបាយដែលផ្តោតលើការប្រឆាំង និងការដកប្រទេសចិនចេញ ត្រូវបានគេយកមកប្រើប្រាស់ ដើម្បីជាលេសបិទបាំងរឿងរ៉ាវមនោគមវិជ្ជា។ ទស្សនៈវិស័យស្តីអំពីតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក ដែលសេរីនិងបើកចំហ បានក្លាយទៅជាទស្សនៈវិស័យមួយ ដែលតំណាងឱ្យការបែកបាក់គ្នា ជាជាងការរួបរួមគ្នា។

    សណ្តាប់ធ្នាប់នៅក្នុងតំបន់នៅពេលអនាគតត្រូវតែជាសណ្តាប់ធ្នាប់ដែលមានការរួមបញ្ចូលគ្នា និងមានការធ្វើសមាហរណកម្មរវាងគ្នាទៅវិញទៅមក ដោយមិនមែនជាការមិនរាប់បញ្ចូលតួអង្គណាមួយ ឬជាការប្រកួតប្រជែងគ្នានៅក្នុងតំបន់នោះទេ។

    ការសហការគ្នាក្នុងលក្ខណៈពហុភាគី និងប្រកបដោយបរិយាប័ន្នដោយគ្មានការរើសអើងប្រឆាំងនឹងប្រទេសណាមួយ គួរតែត្រូវបានពង្រឹង ហើយកិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ច និងពាណិជ្ជកម្ម ក៏គួរតែត្រូវបានពង្រីកផងដែរ។ ការយកបញ្ហាពាណិជ្ជកម្មមកលាយឡំជាមួយនឹងរឿងនយោបាយឬការ យកបញ្ហាពាណិជ្ជកម្មមកប្រើជាអាវុធនឹងបង្កនូវផលប៉ះពាល់ដល់ការអភិវឌ្ឍសេដ្ឋកិច្ចក្នុងតំបន់។

    កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីមិនគួរត្រូវបានប្រើជាអាវុធភូមិសាស្ត្រ នយោបាយនោះទេ។ ឥឡូវនេះ ទីក្រុងប៉េកាំងបានដាក់ពាក្យជាផ្លូវការដើម្បីស្នើសុំចូលជាសមាជិកនៃកិច្ចព្រមព្រៀងគ្រប់ជ្រុងជ្រោយ និងរីកចម្រើនសម្រាប់ភាពជាដៃគូអន្តរប៉ាស៊ីហ្វិក (CPTPP)។

    អ្នករិះគន់មួយចំនួនបានលើកឡើងថា «ការដាក់ពាក្យស្នើរ សុំរបស់ចិនគឺគ្រាន់តែ ដើម្បីធ្វើឱ្យគ្រប់គ្នាចាប់អារម្មណ៍ និងដើម្បីកាត់បន្ថយការរិះគន់មកលើការដើរថយក្រោយនៃការធ្វើកំណែទម្រង់សេដ្ឋកិច្ចរបស់ខ្លួនតែប៉ុណ្ណោះ» ប៉ុន្តែការដាក់ពាក្យស្នើរសុំចូលរួមក្នុងកិច្ចព្រមព្រៀង CPTPP របស់ចិនគឺជារឿងពិតប្រាកដ និងត្រូវបានធ្វើឡើងដើម្បីរក្សាសន្ទុះក្នុងការឆ្ពោះទៅរកការអនុវត្តការធ្វើកំណែទម្រង់រចនាសម្ព័ន្ធក្នុងស្រុក។

    ការដាក់ពាក្យស្នើសុំចូលក្នុងកិច្ចព្រមព្រៀង CPTPP របស់ប្រទេសចិនបានបង្ហាញថា «ខណៈពេលដែលពិភពលោកបានផ្តោតជាចម្បងលើការប្រកួតប្រជែងរវាងប្រទេសដ៏ធំបំផុតទាំងពីរ ប្រទេសចិនជឿជាក់ថា ភាពជោគជ័យមិនអាស្រ័យលើការអនុវត្តនូវការគាំពារនិយម ឬការឯកោនិយមនោះទេ ក៏ប៉ុន្តែវានឹងអាស្រ័យលើការបើកចំហនិងការភ្ជាប់ខ្លួនឱ្យបានកាន់តែជិតស្និទ្ធជាមួយពិភពលោកខាងក្រៅ»។

    ប្រទេសលោកខាងលិចបានបញ្ជាក់រួចទៅហើយថា «កិច្ចព្រមព្រៀង CPTPP មិនមែនជាកិច្ចព្រមព្រៀងដែលផ្តោតលើបញ្ហាភូមិសាស្ត្រនយោបាយនោះទេ ហើយក៏មិនមានគោលដៅដើម្បីប្រឆាំងនឹងប្រទេសណាមួយនោះដែរ»។ ហើយឥឡូវនេះ វាដល់ពេលហើយ ដែលសហរដ្ឋអាមេរិក និងប្រទេសជាសម្ព័ន្ធមិត្តត្រូវបង្ហាញថា «អ្វីដែលពួកគេនិយាយគឺជារឿងពិត»។ East Asia Forum

    អត្ថបទទាក់ទង