ខ្មែរប៉ុស្ដិ៍ Close

អ្នកវិភាគចៅចាក់ស្មុក៖ យុទ្ធនាការដ៏យូរអង្វែងរបស់ក្រុមប្រឆាំងក្នុងការបង្ខូចកេរ្តិ៍ឈ្មោះ និងទាញទម្លាក់សេចក្តីទុកចិត្តពលរដ្ឋលើលោក ហ៊ុន ម៉ាណែត ទទួលបរាជ័យជាបន្តបន្ទាប់

ដោយ៖ លី វិទ្យា ​​ | ថ្ងៃអង្គារ ទី២៨ ខែធ្នូ ឆ្នាំ២០២១ ទស្សនៈ - នយោបាយ 667
អ្នកវិភាគចៅចាក់ស្មុក៖ យុទ្ធនាការដ៏យូរអង្វែងរបស់ក្រុមប្រឆាំងក្នុងការបង្ខូចកេរ្តិ៍ឈ្មោះ និងទាញទម្លាក់សេចក្តីទុកចិត្តពលរដ្ឋលើលោក ហ៊ុន ម៉ាណែត ទទួលបរាជ័យជាបន្តបន្ទាប់ អ្នកវិភាគចៅចាក់ស្មុក៖ យុទ្ធនាការដ៏យូរអង្វែងរបស់ក្រុមប្រឆាំងក្នុងការបង្ខូចកេរ្តិ៍ឈ្មោះ និងទាញទម្លាក់សេចក្តីទុកចិត្តពលរដ្ឋលើលោក ហ៊ុន ម៉ាណែត ទទួលបរាជ័យជាបន្តបន្ទាប់

យុទ្ធនាការដ៏យូរអង្វែងរបស់ក្រុមប្រឆាំងដឹកនាំដោយអ្នកនយោបាយចាញ់ចាស់វស្សា សម រង្ស៊ី ព្រមទាំងបក្ខពួករបស់គេដែលជាអ្នកវិភាគដូរបាយ ខ្លះរត់ចោលស្រុក និងរត់ចោលគុក រួមនឹងវិទ្យុស៊ីឈ្នួលបរទេសដូចជា វិទ្យុអាស៊ីសេរី វិទ្យុឌឹខេមបូឌាដេលី រួមនឹងក្រុមអ្នកសារព័ត៌មានបរទេសមួយចំនួន ក្នុងការវាយប្រហារបំផ្លាញកេរ្តិ៍ឈ្មោះ និងទាញទម្លាក់សេចក្តីទុកចិត្តរបស់ពលរដ្ឋចំពោះលោក ហ៊ុន ម៉ាណែត បេក្ខជនសម្រាប់តំណែងនាយករដ្ឋមន្ត្រីនាពេលអនាគត របស់គណបក្សប្រជាជនកម្ពុជា នឹងមិនអាចទទួលបានជ័យជម្នះឡើយ ទោះបីពួកគេខិតខំប្រឹងប្រែងប្រើប្រាស់វិធីសាស្ត្រថោកទាប បំពាន ប្រមាថ និងអសីលធម៌យ៉ាងណាក៏ដោយ។

ប៉ុន្តែពួកគេនឹងទទួលនូវបរាជ័យយ៉ាងអាម៉ាស់បំផុត និងបានត្រឹមក្លាយខ្លួនជាក្រុមមារដែលប្រជាពលរដ្ឋស្អប់ខ្ពើម ព្រមទាំងជាប់ឈ្មោះថា ជាជនក្បត់ជាតិធ្វើវិទ្ធង្សនាប្រឆាំងនឹងកម្ពុជា និងជាអ្នកនយោបាយគ្មានគុណធម៌ និងសីលធម៌ប៉ុណ្ណោះ។

ការវាយប្រហារនិងការប្រមាថមកលើលោក ហ៊ុន ម៉ាណែត កាន់តែខ្លាំងឡើងនៅពេលដែលគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា កាលពីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២១ សម្រេចជាឯកច្ឆន្ទគាំទ្រលោក ហ៊ុន ម៉ាណែត ជាបេក្ខជននាយករដ្ឋមន្ត្រីនាពេលអនាគតទាំងលើកម្រិតនៃការសិក្សា និងសមិទ្ធផលការងារ។ ការប្រមាថនិងការបង្ខូចកេរ្តិ៍ឈ្មោះដែលក្រុមប្រឆាំងបានធ្វើមកលើលោក ហ៊ុន ម៉ាណែត គ្មានពលរដ្ឋណាជឿឡើយ តែបានបង្ហាញកាន់តែច្បាស់ពីក្តីច្រណែនឈ្នានីស និងបង្ហាញពីអសមត្ថភាពរបស់ក្រុម ប្រឆាំងដែលគ្មានវិធីសាស្ត្រ និងយុទ្ធសាស្ត្រអ្វីក្រៅតែពីការបង្ខូចកេរ្តិ៍ឈ្មោះ ផ្សាយព័ត៌មានមិនពិត និងមួលបង្កាច់តែប៉ុណ្ណោះ។ អំពើបាបកម្មរបស់ពួកគេតែងតែទទួលបានផលមកវិញជាមួយភាពអាម៉ាស់ និងពេល ខ្លះត្រូវប្រឈមមុខនឹងច្បាប់ថែមទៀតផង ក៏ព្រោះតែធ្វើនយោបាយ គ្មានសីលធម៌និងមិនទទួលខុសត្រូវ។

ដើម្បីការពារកិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ខ្លួន ក៏ដូចជាសេចក្តីថ្លៃថ្នូរ និងការពារសមត្ថភាពរបស់និស្សិតដែលបានទៅសិក្សានៅបរទេសចំពោះមុខ នៃការប្រមាថរបស់អ្នកនយោបាយចាញ់ចាស់វស្សា សម រង្ស៊ី និងគូកន លោក ហ៊ុន ម៉ាណែត នៅព្រឹកថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២១នេះបានបបួលអ្នកនយោបាយចាស់វស្សា សម រង្ស៊ី ភ្នាល់គ្នាម្ដងទៀត ហើយសង្ឃឹមថាលោក សម រង្ស៊ី នឹងមិនប្រើយុទ្ធសាស្ត្រមាន់ត្រចៀកសម្ដងទៀតទេ! លោក ហ៊ុន ម៉ាណែត លើកឡើងថា៖ «ខ្ញុំសង្ឃឹមថាអ្នកនយោបាយចាស់វស្សាដូចលោក សម រង្ស៊ី ប្រាកដជាមានភាពហានក្លាក្នុងការការពារនូវអំណះអំណាងរបស់ខ្លួន ដែលបានលើកឡើងជាសាធារណៈម្តង ហើយម្តងទៀត ដើម្បីវាយប្រហារក្មេងជំនាន់ក្រោយដូចជារូបខ្ញុំ។ លោក សម រង្ស៊ី បានវាយប្រហារឪពុករបស់ខ្ញុំជាច្រើនទសវត្សរ៍ហើយ ប៉ុន្តែទៅមុខមិនរួច។ ឥឡូវបែរមកវាយប្រហារលើខ្ញុំដែលជាក្មេងជំនាន់ក្រោយទៅវិញ»។

លោក ហ៊ុន ម៉ាណែត បានបង្រៀនអ្នកនយោបាយចាស់វស្សា សម រង្ស៊ី ថា៖

«បើលោកជ្រុលជាធ្វើអញ្ចឹងទៅហើយ សូមលោកបង្ហាញភាពក្លាហានផងទៅ កុំអោយក្មេងមើលស្រាលថា មនុស្សចាស់វស្សាតែគ្មានភាពហានក្លា ក្នុងការទទួលខុសត្រូវចំពោះអ្វីដែលខ្លួនបាននិយាយឬធ្វើ។ ណាមួយលោកមានអាយុច្រើនជាងឪពុកខ្ញុំផង គួរកុំអោយខូចឈ្មោះ នៅចំពោះមុខក្មេងជំនាន់ក្រោយ។ជាសីលធម៌និងគុណធម៌ក្នុងការរស់នៅ ខ្ញុំតែងតែគោរពមនុស្សចាស់ទុំ។ ប៉ុន្តែបើមនុស្សដែលមានវ័យចំណាស់ អាងតែមានអាយុច្រើនហើយ ធ្វើការងារគ្មានការទទួលខុសត្រូវ ជាពិសេសធ្វើការវាយប្រហារដោយគ្មានមូលដ្ឋានមកលើរូបខ្ញុំនោះខ្ញុំគ្មានជម្រើសអ្វីក្រៅពីការការពារកិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ខ្ញុំទេ»។

តើការបបួលស្បថ និងបបួលភ្នាល់ជារឿងទ័លច្រក? គឺមិនមែនឡើយតែជាវិធីសាស្ត្រមួយដើម្បីស្វែងរកការពិតឱ្យឆាប់រហ័ស និងដេញជើងក្រុមអ្នកនយោបាយខិលខូច ដើម្បីកុំឱ្យក្រុមជនអគតិដូចជា សម រង្ស៊ី និងបក្ខពួកបន្តកេងចំណេញនយោបាយ ឬហៅមួយបែបទៀតថា «មាសសុទ្ធគឺមិនខ្លាចភ្លើង» ឡើយ។ តែអ្វីដែលគួរឱ្យកត់សម្គាល់ រហូតមកដល់ពេលនេះទាំង ក្រុមសម រង្ស៊ី និងក្រុមអ្នកវិភាគដូរបាយ មិនដែលហ៊ានទទួលយកសម្បថ និងការភ្នាល់ម្តងណាឡើយ ដើម្បីបញ្ជាក់ពីការពិតដែលពួកគេបាននិយាយ។ ករណីលោក ហ៊ុន ម៉ាណែត បបួលភ្នាល់បញ្ជាក់ពីសញ្ញាបត្រ ដែលលោកមានជាថ្នូរនឹងការលះបង់បេក្ខភាពនាយករដ្ឋមន្ត្រី ប្រសិនបើរកឃើញថាជាសញ្ញាបត្រមិនពិតលើកនេះ ក៏មិនខុសពីលើកមុនដែរ អ្នកនយោបាយចាស់វស្សា សម រង្ស៊ី នឹងមិនមានភាពក្លាហានគ្រប់គ្រាន់ ទទួលយកការភ្នាល់នេះដែរ ព្រោះពួកគេដឹងជាមុនថាអ្វីដែលខ្លួនបាននិយាយមួលបង្កាច់មិនមែនជាការពិត។ គេក៏អាចដឹងថា សម រង្ស៊ី នឹងប្រើប្រាស់ក្រុម អ្នកវិភាគពុលទឹកមាត់ និងវិទ្យុស៊ីឈ្នួលបរទេសចេញមករកលេសនេះ រកលេសនោះ ដើម្បីគេចពីការទទួលយកការភ្នាល់នេះជាក់ជាមិនខានឡើយ។

តាមពិតពលរដ្ឋខ្មែរបានដឹងច្បាស់ហើយថាអ្នកនយោបាយដូច សម រង្ស៊ី គឺជាអ្នកនយោបាយអង្ករកំប៉ុង ធ្វើនយោបាយគ្មានយុទ្ធសាស្ត្រ និងវិធីសាស្ត្រត្រឹមត្រូវទេ និងនិយាយរួមនឹងធ្វើសកម្មភាពគ្មានការទទួល ខុសត្រូវ។ លោក ហ៊ុន ម៉ាណែត បានហៅអ្នកនយោបាយចាស់វស្សានេះថាជា «មាន់ត្រចៀកស» គឺពិតជាត្រឹមត្រូវណាស់ ហើយមាន់ត្រចៀកសនេះមិនមែនជាពូជមាន់ជល់ឡើយ តែជាពូជមាន់សម្ល គ្មានភាពក្លាហាន ទទួលយកការពិតឡើយ។ មាន់ត្រចៀកស សម រង្ស៊ី នឹងគ្មានភាពក្លាហានទទួលយកការភ្នាល់របស់លោក ហ៊ុន ម៉ាណែត ដែលជាអ្នកនយោបាយខ្មែរជំនាន់ក្រោយឡើយ ហើយយុទ្ធនាការទាំងឡាយដែលពួកគេបាន និងកំពុងធ្វើគ្មានឥទ្ធិពលអ្វីឡើយព្រោះវាគ្រាន់តែជាការធ្វើប្រជាភិថុតិ ការច្រណែនឈ្នានីស និងជាការ ធ្វើនយោបាយបោកប្រាស់សកម្មជនខ្លួនដែលងប់ងុលប៉ុណ្ណោះ៕

ដោយ៖ ចៅចាក់ស្មុក
រាជធានីភ្នំពេញ, ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២១

អត្ថបទទាក់ទង