ខ្មែរប៉ុស្ដិ៍ Close

    ពេលវេលាដ៏តានតឹងនាពេលខាងមុខ សម្រាប់ថ្នាក់ដឹកនាំថៃ

    ដោយ៖ លី វិទ្យា ​​ | ថ្ងៃពុធ ទី២៩ ខែធ្នូ ឆ្នាំ២០២១ ព័ត៌មានអន្តរជាតិ 1630
    ពេលវេលាដ៏តានតឹងនាពេលខាងមុខ សម្រាប់ថ្នាក់ដឹកនាំថៃលោក ប្រាយុទ្ធ នាយករដ្ឋមន្ត្រីថៃបច្ចុប្បន្ន

    នៅឆ្នាំខាលខាងមុខនេះ បញ្ហាលេចធ្លោចំនួន៣ នឹងកំណត់អនាគតរបស់ប្រទេសថៃ ព្រមទាំងជំហររបស់ប្រទេសនេះនៅក្នុងតំបន់ និងនៅក្នុងចំណោមសហគមន៍អន្តរជាតិ។

    បញ្ហាទាំង៣នោះរួមមាន៖

    1. វិបត្តិថ្នាក់ដឹកនាំ
    2. ការវិវឌ្ឍនយោបាយនៅក្នុងស្រុក និងតួនាទីរបស់ថៃនៅក្នុងតំបន់
    3. ការចូលរួមយ៉ាងសកម្មរបស់ប្រទេសថៃជាមួយបណ្ដាប្រទេសមហាអំណាច។

    អស់រយៈពេលជាងមួយទសវត្សរ៍មកហើយដែលកត្តាជាច្រើននៅក្នុងស្រុកបានទាញប្រទេសថៃឱ្យធ្លាក់ចុះ។ ការជ្រៀតជ្រែកផ្នែកនយោបាយ និងការដណ្ដើមអំណាចគ្នារវាងមេដឹកនាំថៃពីមួយថ្ងៃទៅមួយថ្ងៃនៅតែ មានបន្តដោយគេពុំឃើញមានទស្សនវិស័យពិតប្រាកដ សម្រាប់កំណែទម្រង់ជាក់ស្តែង ឬវឌ្ឍនភាពណាមួយឡើយ។

    អស្ថិរភាពផ្ទៃក្នុងរបស់ប្រទេសថៃ ដែលបង្កឡើងដោយនយោបាយរបស់បក្ស បានបំផ្លាញតួនាទីនៅក្នុងតំបន់របស់ប្រទេសនេះ ជាពិសេសនៅក្នុងក្របខណ្ឌអាស៊ាន។ ជាមួយនឹងការប្រកួតប្រជែងកាន់តែខ្លាំងឡើងៗរវាងមហាអំណាច ទីតាំងរបស់ប្រទេសថៃក្នុងការកាច់ចង្កូតការទូតឯករាជ្យជាប្រពៃណីរបស់ខ្លួន និងការចូលរួមប្រកបដោយតុល្យភាព គឺកាន់តែលំបាកទៅៗ។

    ដូច្នេះ តើ​ប្រទេស​ថៃ​អាច​កែប្រែ​គន្លង​នយោបាយជាប្រពៃណីនេះបានដែរឬទេ?

    បញ្ហាចម្បងបំផុតរបស់ថៃ គឺជោគវាសនារបស់លោក នាយករដ្ឋមន្ត្រី ប្រាយុទ្ធ ចាន់អូចា និងថា តើលោកអាចបន្តកាន់តំណែងនៅក្រោយថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២២ បានដែរឬទេ។ រដ្ឋធម្មនុញ្ញរបស់ថៃ ចែងថា នាយករដ្ឋមន្ត្រីមិនអាចបន្តកាន់តំណែងលើសពី ៨ឆ្នាំបានឡើយ។

    មិនយូរមិនឆាប់ តុលាការធម្មនុញ្ញថៃ នឹងលើកយកបញ្ហានេះដើម្បីមកកំណត់អាណត្តិរបស់លោក ប្រាយុទ្ធ ខណៈពេលដែលគ្រប់គណបក្សនយោបាយទាំងអស់សុទ្ធតែចង់ចាប់ផ្តើមធ្វើយុទ្ធនាការបោះឆ្នោត។

    ម្តងហើយម្តងទៀត លោក ប្រាយុទ្ធ បាន និយាយថា លោកចង់បន្តកាន់តំណែងនេះដើម្បីដឹកនាំកិច្ចប្រជុំ Apec ឆ្នាំ២០២២ និងដើម្បីអនុម័តថវិកាជាតិសម្រាប់ឆ្នាំ២០២៣។

    កិច្ចប្រជុំរបស់មេដឹកនាំក្រុមប្រទេស Apec នឹងធ្វើឡើង នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២ នៅកោះ Phuket ។ ដូចនេះ លោកឧត្តមសេនីយ ប្រាយុទ្ធ នឹងត្រូវការអព្ភូតហេតុនយោបាយមួយដើម្បីបន្តកាន់អំណាចឱ្យបានយូរ។

    នៅមានឧបសគ្គធំៗចំនួន ២ ទៀត ដែលលោកមិនទាន់បានជម្រះចោលនៅឡើយ៖

    1. គឺលទ្ធភាពនៃការ​រំលាយ​គណបក្ស​អនាគតថ្មី «Move Forward Party» ​​ដែលត្រូវបាន​ចោទប្រកាន់​ថា​ បានធ្វើ​ឱ្យ​ខូចដល់​របប​រាជានិយម។ បញ្ហានេះអាចនឹងនាំឱ្យមានការតវ៉ា នៅតាមដងផ្លូវដូចពីមុន ហើយដែលប្រាកដជានឹងក្លាយទៅជាអំពើហិង្សាជាក់ជាមិនខាន។
    2. គឺចលនាយុវជន «ដែលបានផ្អាកនាពេលបច្ចុប្បន្ន ដោយសារតែកូវីដ-១៩» នឹងកាន់តែក្តៅក្រហាយជាងមុន ប្រសិនបើគណបក្សដែលពួកគេស្រឡាញ់ពេញចិត្ត ត្រូវបែកបាក់គ្នាសារជាថ្មី។

    ជាការពិតណាស់ ជំងឺរាតត្បាតនៅមិនទាន់ចប់នៅឡើយទេ។ ផលប៉ះពាល់អវិជ្ជមានរបស់វា នៅតែជារបៀបវារៈកំពូលរបស់រដ្ឋាភិបាលថៃនៅឡើយ។ សំខាន់បំផុតនោះ ប្រទេសថៃនៅតែត្រូវការឲ្យប្រជាជន របស់ខ្លួនទាំងអស់ ដែលមានជិត ៧០ លាននាក់ (ដោយមិនគិតពីភ្ញៀវទេសចរ និងពលករបរទេស ដែលមានប្រមាណពី ៤-៥ លាននាក់) បានចាក់វ៉ាក់សាំងពេញលេញ។

    មិនមានទិន្នន័យផ្លូវការណាមួយក្រៅពីតួរលេខនៃពលករចំណាកស្រុកមកពីប្រទេស មីយ៉ាន់ម៉ា, កម្ពុជា និងឡាវ នោះទេដែលបានចុះបញ្ជី និងដែលមានចំនួនជិត ២ លាននាក់ ខណៈដែលចំនួននៅសល់ គឺជាផ្នែកមួយនៃចំនួនពលករខុសច្បាប់ដែល យើងមិនដឹងចំនួនច្បាស់។

    ដោយសារវីរុស បំប្លែងខ្លួនថ្មី Omicron ហាក់ដូចជាមិនសូវមានគ្រោះថ្នាក់ជាងវីរុសបំប្លែងខ្លួនថ្មីមុនៗ ប្រទេសថៃសង្ឃឹមថា ខ្លួននឹងឆ្ពោះទៅមុខ ព្រមជាមួយនឹងដំណើរការសន្តិភាពនៅភាគខាងត្បូងរបស់ប្រទេស ដែលបានអូសបន្លាយពេលអស់ជិតមួយទសវត្សរ៍មកហើយ។

    មានជម្លោះតិចតួច ប៉ុណ្ណោះនាពេលប៉ុន្មានឆ្នាំថ្មីៗនេះ។ ប៉ុន្តែចំនួនជនស៊ីវិលរងគ្រោះ និងការបំផ្លិចបំផ្លាញទ្រព្យសម្បត្តិនៅតែមានចំនួនច្រើនដដែល ដោយសារតែមានការបាញ់បោះជាលក្ខណៈតូចៗ និងប្រតិបត្តិការឃ្លាំមើលរបស់រដ្ឋាភិបាលថៃ នៅកម្រិតសហគមន៍ ក្នុងខេត្តភាគខាងត្បូងបំផុតចំនួន៣ របស់ខ្លួន។ ប៉ុន្តែ​ការ​ចរចា​សន្តិភាព​បាន​បន្ត​ឡើង​វិញហើយកាលពី​ប៉ុន្មាន​ខែ​ថ្មីៗ​នេះ។

    នៅពេលថ្មីៗនេះ រដ្ឋាភិបាលម៉ាឡេស៊ីក្រោមការដឹកនាំរបស់នាយករដ្ឋមន្ត្រី Ismail Sabri Yaakob បានពង្រឹងឡើងវិញនូវគោលនយោបាយនៃការរួមរស់ជាមួយគ្នាដោយសន្តិភាពដែលអនុញ្ញាតឱ្យមានការ ពន្លឿនដំណើរការសន្តិភាពដែលបច្ចុប្បន្នទីក្រុង Kuala Lumpur កំពុងដើរតួជាអ្នកសម្រុះសម្រួល។

    ដូច្នេះ គេសង្ឃឹមថា បទឈប់បាញ់គ្នាមួយដែលគេគ្រប់គ្នាត្រូវការ នឹងសម្រេចបានជាក់ជាមិនខាន។ ប្រទេសថៃមានការរំពឹងទុកខ្ពស់ចំពោះការគាំទ្រពីសំណាក់ លោក Ismail Sabri។

    ចំពោះបញ្ហានៅក្នុងតំបន់វិញ ក្នុង​នាម​ជា​ប្រធាន​នៃ​កិច្ចប្រជុំ Apec ឆ្នាំ២០២២ ប្រទេសថៃ​សង្ឃឹម​ថា ខ្លួន​នឹង​ប្រើ​ឱកាស​នេះ​ដើម្បី​ជំរុញនិងផ្លាស់ប្ដូរមុខមាត់នៃ​សេដ្ឋកិច្ចរបស់ខ្លួន។

    ទីក្រុងបាងកកបានប្រកាសរួចហើយនូវចេតនារបស់ខ្លួនក្នុងការជំរុញសេដ្ឋកិច្ចរបស់បណ្ដាប្រទេសសមាជិក Apec ឱ្យឆ្ពោះទៅរកកំណើនប្រកបដោយចិរភាព និងការអភិវឌ្ឍដែលមិនប៉ះពាល់ដល់បរិស្ថាន ប្រទេសថៃក៏កំពុងរំពឹងថា កិច្ចប្រជុំនៅចុងឆ្នាំនេះ នឹងធ្វើឡើងដោយទល់មុខគ្នារវាងមេដឹកនាំក្រុមប្រទេសApec ទាំងអស់។

    នៅឆ្នាំខាងមុខនេះ តួនាទីរបស់អាស៊ានក្នុងការព្យាយាមបញ្ចប់វិបត្តិនៅក្នុងប្រទេសមីយ៉ាន់ម៉ា «គឺជារឿងធំទី ១»។ បន្ទាប់ពីរដ្ឋប្រហារថ្ងៃទី១ ខែកុម្ភៈមក ក្នុងនាមជាសមាជិកដ៏សំខាន់របស់អាស៊ាន ប្រទេសថៃត្រូវបានគេស្តីបន្ទោសថា: ខ្ជីខ្ជាមិនបានថ្កោលទោសរដ្ឋប្រហារ និងមិនបានគាំទ្រដល់ធាតុផ្សំនៃលទ្ធិប្រជាធិបតេយ្យនៅក្នុងប្រទេសមីយ៉ាន់ម៉ានោះទេ។ ប៉ុន្តែប្រទេសថៃនៅតែបន្តមានសកម្មភាព នៅពីក្រោយឆាកដដែល ជាពិសេសគឺក្នុងការផ្តល់ជំនួយមនុស្សធម៌។

    វាមិនមែនជាការ ហួសហេតុពេកទេក្នុងការនិយាយដដែលៗថា បញ្ហាប្រឈមទាក់ទងនឹងមីយ៉ាន់ម៉ានៅក្នុងប្រទេសថៃ គឺធ្ងន់ធ្ងរដូចស្ថានភាពបច្ចុប្បន្ននៅខាងក្នុងប្រទេសជិតខាងភាគខាងលិចរបស់ខ្លួនដែរ។ ការមានព្រំដែនជាមួយគ្នាប្រវែង ២៤០១ គីឡូម៉ែត្រ មានន័យថា ការរំខានណាមួយដល់ស្ថានភាពបច្ចុប្បន្នដល់របបយោធាមីយ៉ាន់ម៉ា ក៏នឹងផ្តល់រឿងអាក្រក់ទៅដល់ប្រទេសថៃផងដែរ។

    ជាការពិតណាស់ ស្ថានភាពនៅតាមព្រំដែនថៃ-មីយ៉ាន់ម៉ា កាន់តែយ៉ាប់យ៉ឺនទៅពីមួយថ្ងៃទៅមួយថ្ងៃ ដោយសារតែការវាយលុកនារដូវប្រាំងពីសំណាក់កងកម្លាំង Tatmadaw ប្រឆាំងនឹងក្រុមជនជាតិភាគ តិចប្រដាប់អាវុធនានា ជាពិសេសនៅតំបន់ដែលស្ថិតនៅក្រោម ការគ្រប់គ្រងរបស់សហភាពជាតិKaren «Karen National Union» និងនៅភាគខាងជើងនិងឦសានរបស់ប្រទេស។

    ការប្រយុទ្ធគ្នាក្នុងរយៈពេល ៣ សប្តាហ៍កន្លងមកនេះ បានបណ្តាលឲ្យមានរលកថ្មីនៃជនភៀសខ្លួនមីយ៉ាន់ម៉ាចូលមកក្នុងខេត្ត Tak របស់ថៃ។ អាជ្ញាធរមូលដ្ឋាន (ដែលឧបត្ថម្ភគាំទ្រដោយទីភ្នាក់ងារផ្តល់ជំនួយ) ត្រូវបានណែនាំឱ្យមើលថែរក្សាអ្នក ដែលបានមកដល់ថ្មីៗ នៅតំបន់ព្រំដែន ដោយមិនត្រូវរុញច្រានពួកគេឱ្យត្រឡប់ទៅវិញឡើយ បើទោះបីជាមិនមានការ ប្រយុទ្ធគ្នាក៏ដោយ។

    គេសង្ឃឹមថា នៅប៉ុន្មានថ្ងៃខាងមុខនេះ ខណៈពេលដែលឆ្នាំថ្មីឆ្លងចូលមកដល់ នឹងមានកិច្ចខិតខំប្រឹងប្រែងពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ក្នុងការ រៀបចំឱ្យមានកិច្ចសន្ទនានយោបាយនានាដើម្បីចាប់ផ្តើមដំណើរការពិគ្រោះយោបល់ដែលអាចនាំ ទៅរកបទឈប់បាញ់នាពេលអនាគតព្រមទាំងទៅរកមធ្យោបាយសន្តិភាព នានាជាបន្តបន្ទាប់ទៀត។

    ប្រទេសថៃនឹងធ្វើការជាមួយប្រធានអាស៊ានថ្មីគឺ «កម្ពុជា» ដើម្បីធានាថា រាល់ការសម្រេចបាននូវដំណោះស្រាយណាមួយនៅក្នុងវិបត្តិមីយ៉ាន់ម៉ា គឺជាពរជ័យសម្រាប់សមាជិកអាស៊ានទាំងអស់។

    លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាក់យ៉ាងច្បាស់ហើយថា លោកចង់ឃើញមីយ៉ាន់ម៉ាវិលត្រឡប់មកក្នុងអាស៊ានវិញ។ មេដឹកនាំមីយ៉ាន់ម៉ាត្រូវបានរារាំងពីការចូលរួមក្នុងកិច្ចប្រជុំកំពូលមួយដែលទាក់ទងនឹងអាស៊ាន បន្ទាប់ពីប្រទេសនេះបានបរាជ័យក្នុងការអនុវត្តគោលការណ៍កុងសង់ស៊ីសទាំង ៥ ចំណុចដែលបានព្រមព្រៀងដោយអាស៊ានកាលពីថ្ងៃទី ២៧ ខែមេសា កន្លងទៅ។

    របបយោធាបាន រំលឹកឡើងវិញរួច ហើយថា ការបោះឆ្នោតមួយនឹងត្រូវធ្វើឡើងនៅខែសីហា ឆ្នាំ ២០២៣។ ជាការពិត អ្វីៗអាចនឹងកើតឡើងបាននៅចន្លោះពេលនោះ ប្រសិនបើស្ថានការណ៍ជាក់ស្ដែងមានការផ្លាស់ប្តូរខ្លាំង។

    ដៃគូសន្ទនារបស់អាស៊ាន ជាពិសេស ចិន, ជប៉ុន, ឥណ្ឌា, សហភាពអឺរ៉ុប, អូស្ត្រាលី និងសហរដ្ឋអាមេរិកកំពុងគាំទ្រកិច្ចខិតខំប្រឹងប្រែង នានាជាបន្តបន្ទាប់របស់ប្លុកនេះ តាមរយៈកិច្ចសហប្រតិបត្តិការជាមួយប្រទេសថៃ ដើម្បីជួយប្រជាជនមីយ៉ាន់ម៉ាដែលកំពុងរស់នៅគ្រប់ទីកន្លែងទាំងអស់ រួមទាំងនៅតាមតំបន់ព្រំដែនថៃ-មីយ៉ាន់ម៉ាផងដែរ។

    នៅទីបញ្ចប់សុខភាពនៃប្រព័ន្ធរបស់សកលលោក ក៏ពឹងផ្អែកលើសុច្ឆន្ទៈរបស់មហាអំណាចទាំង២ ផងដែរ គឺសហរដ្ឋអាមេរិក និងចិន។ ថ្មីៗនេះ មហាអំណាចទាំង២ បានបង្ហាញស្មារតីផ្សះផ្សាគ្នាខ្លះៗ ដោយបានយល់ព្រមធ្វើការជាមួយគ្នាលើបញ្ហាដែលទាក់ទងនឹងការប្រែប្រួលអាកាសធាតុ។

    ប៉ុន្តែពួកគេនៅតែមានភាពរឹងរូសដូចមុន ដដែលជុំវិញឥរិយាបថ សន្តិសុខ និងការយល់ឃើញអំពីការគំរាមកំហែងចំពោះគ្នាទៅវិញទៅមកដែលអាចនាំឱ្យមានជម្លោះដោយបើកចំហនិងដោយចៃដន្យ ប្រសិន បើការទម្លាក់កំហុសលើគ្នាទៅវិញទៅមករវាងពួកគេនៅតែមានបន្ត។ មនោសញ្ចេតនាជាតិ និយមរបស់ភាគីទាំងសងខាង គឺសុទ្ធតែខ្លាំងក្លាដូចគ្នា។

    នៅផ្ទៃក្នុង​តំបន់ ប្រទេសថៃ ឲនិង​អាស៊ាន​ បាន​រក្សា​ទំនាក់ទំនង​ល្អ​ជាមួយ​ដៃគូ​សន្ទនា​ទាំង២ នេះជាប់រហូតមក។ អស់រយៈពេលជាច្រើនទស្សវត្សមកហើយ ចាប់តាំងពីការបង្កើតអាស៊ានមក វត្តមាននិងការចូលរួមរបស់សហរដ្ឋអាមេរិកជាមួយតំបន់នេះ គឺមិនអាចចោទសួរបានឡើយ ហើយសំខាន់បំផុតនោះ «គឺមិនអាច ប្រកែកបាន» ទេ។

    ទោះជាយ៉ាងណាក៏ដោយ ជាមួយនឹងការកើនឡើងនៃកិត្យានុភាពនៅលើឆាកអន្តរជាតិរបស់ចិន ការចូលរួមរបស់ទីក្រុងប៉េកាំងជាមួយអាស៊ានកាន់តែមានភាពរឹងមាំ និងកាន់តែមានភាពជា យុទ្ធសាស្ត្រ។ និន្នាការដែលកំពុងតែលេចត្រដែតឡើង នេះបានបង្កអោយមានការភ្ញាក់ផ្អើលក្នុងចំណោមអ្នកបង្កើតគោលនយោបាយ នៅទីក្រុងវ៉ាស៊ីនតោនថា អាស៊ានអាចធ្លាក់ទៅក្រោមឥទ្ធិពលរបស់ចិន។

    នៅទីក្រុង Chongqing កាលពីខែមិថុនា ប្រទេសថៃបានស្នើឱ្យមាន «វេទិកាអាស៊ាន+២» ដោយស្រមៃថា នឹងមានជំនួបរវាងតំណាងមកពីសមាជិកអាស៊ានទាំងអស់ ជាមួយនឹងអ្នកតំណាងដែលមកពីសហរដ្ឋអាមេរិកនិងប្រទេសចិន។

    គេអាចចាប់ផ្តើមវេទិកានេះនៅកម្រិតការងារបច្ចេកទេស ដើម្បីជាការហាត់សមក្នុងការពង្រឹងទំនុកចិត្តរវាងគ្នានិងគ្នា មុននឹងពង្រីកទៅដល់កម្រិតមួយដែលមានការចូលរួមពីមន្ត្រីជាន់ខ្ពស់នៅថ្ងៃខាងមុខ។ គេសង្ឃឹមថា
    វេទិកានេះអាចនឹងក្លាយជាវេទិកាសម្រាប់ប្រទេសមហាអំណាចទាំង២ ក្នុងការស្វែងរកចំណុចរួម។

    វេទិកា​ដែល​បាន​ស្នើ​ឡើងនេះ ​អាច​ត្រូវ​បាន​រៀបចំ​ឡើង​ព្រម​គ្នាជាមួយនឹង​កិច្ចប្រជុំ​កំពូលៗ ដែល​ពាក់ព័ន្ធ​នឹងអាស៊ាន​នៅរៀងរាល់ចុង​ឆ្នាំ។ «វាអាចទៅរួចដែលថា កម្ពុជាដែលជាប្រធានអាស៊ានអាចនឹងស្នើរបៀបវារៈនេះនៅក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីអាស៊ាននាថ្ងៃទី១៩ ខែ មករាខាងមុខនៅក្នុងខេត្តសៀមរាប»។

    បញ្ហាប្រឈមដ៏ទូលំទូលាយទាំងនេះ មានភាពប្រទាក់ក្រឡាគ្នា និងអាចមានឥទ្ធិពលដូមីណូមកលើរដ្ឋាភិបាលថៃនៅពេញមួយឆ្នាំ២០២២។ គ្រូអាគមអូមអាមក្នុង ស្រុករបស់ថៃជឿថា ឆ្នាំខាល គឺជាឆ្នាំដ៏កាចសាហាវ ហើយគេនឹងមិនងាយទទួលបានលទ្ធផលល្អនោះទេ ជាពិសេសក្នុងចំណោមតួឯកសំខាន់ៗនៅក្នុងឆាកនយោបាយនិងសេដ្ឋកិច្ចទាំងនៅក្នុងប្រទេសថៃ និងនៅបរទេស។

    ភាពព្រងើយកន្តើយគ្រប់ប្រភេទ នឹងបង្កផលប៉ះពាល់យ៉ាងខ្លាំង ហើយការសម្រេចចិត្តជាក់លាក់ណាមួយ ចាំបាច់ត្រូវតែធ្វើឡើងដើម្បីដោះស្រាយឱ្យបាននូវកិច្ចការលំបាកៗគ្រប់ប្រភេទ។ វាជារឿងចាំបាច់ ដែលរដ្ឋាភិបាល និងសាធារណជនត្រូវរក្សាការសន្ទនា និងការពិគ្រោះយោបល់រវាងគ្នាឱ្យបានដិតដល់ជុំវិញបញ្ហាពាក់ព័ន្ធជាច្រើន បើទោះបីជាពួកគេយល់ស្រប ឬ មិនយល់ស្របក្ដី។

    មានតែការយល់ដឹងដែលប្រសើរជាងមុន និងការពេញចិត្តក្នុងការតម្កល់ផល ប្រយោជន៍ជាតិជាធំប៉ុណ្ណោះ ទើបអាចបង្កើតអារម្មណ៍នៃភាពជាម្ចាស់បានកាន់តែរឹងមាំ ព្រមទាំងស្មារតីនៃការផ្សះផ្សា និងកិច្ចសហប្រតិបត្តិការ ពីក្នុងចំណោមភាគីពាក់ព័ន្ធទាំងអស់៕

    Bangkok Post

    អត្ថបទទាក់ទង