ខ្មែរប៉ុស្ដិ៍ Close

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈអំពាវនាវដល់អតីតបុគ្គលិកក្រុមហ៊ុនណាហ្គាវើលដ៍ លីមីធីត ដែលកំពុងធ្វើការតវ៉ាឱ្យបញ្ឈប់ការតវ៉ានេះជាបន្ទាន់ និងងាកមកអនុវត្តតាមនីតិវិធីនៃការដោះស្រាយវិវាទការងាររួមវិញ

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃសុក្រ ទី៣១ ខែធ្នូ ឆ្នាំ២០២១ ព័ត៌មានទូទៅ 1046
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈអំពាវនាវដល់អតីតបុគ្គលិកក្រុមហ៊ុនណាហ្គាវើលដ៍ លីមីធីត ដែលកំពុងធ្វើការតវ៉ាឱ្យបញ្ឈប់ការតវ៉ានេះជាបន្ទាន់ និងងាកមកអនុវត្តតាមនីតិវិធីនៃការដោះស្រាយវិវាទការងាររួមវិញក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈអំពាវនាវដល់អតីតបុគ្គលិកក្រុមហ៊ុនណាហ្គាវើលដ៍ លីមីធីត ដែលកំពុងធ្វើការតវ៉ាឱ្យបញ្ឈប់ការតវ៉ានេះជាបន្ទាន់ និងងាកមកអនុវត្តតាមនីតិវិធីនៃការដោះស្រាយវិវាទការងាររួមវិញ

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១នេះ បានចេញសេចក្ដីអំពាវនាវដល់អតីតបុគ្គលិកក្រុមហ៊ុនណាហ្គាវើលដ៍ លីមីធីត ដែលកំពុងធ្វើការតវ៉ា និយោជក និងសាធារណជន ឱ្យបានជ្រាបថា ការធ្វើសកម្មភាពសម្តែងមតិនាពេលកន្លងមកនេះ គឺជាបាតុកម្មខុសច្បាប់ និងបានធ្វើឱ្យប៉ះពាល់ដល់ផលប្រយោជន៍របស់បងប្អូនកម្មករនិយោជិកដែលកំពុងបម្រើការងារផង ផលប្រយោជន៍និយោជកផង និងសាធារណជនផង។

ក្រសួងសូមអំពាវនាវដល់បងប្អូនដែលធ្វើការតវ៉ាឱ្យបញ្ឈប់ការតវ៉ានេះជាបន្ទាន់ និងសូមវិលមកអនុវត្តឱ្យបានត្រឹមត្រូវតាមនីតិវិធីនៃការដោះស្រាយវិវាទការងាររួមវិញ ស្របតាមស្មារតីមាត្រា៣០២ ដល់មាត្រា ៣១៧ នៃច្បាប់ស្តីពីការងារ និងប្រកាសលេខ៣១៧ សកបយ. ចុះថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០០១ ស្តីពីនិតីវិធីនៃការដោះស្រាយវិវាទការងាររួមដែលបានកំណត់នីតិវិធីបន្ត គឺត្រូវប្តឹងទៅតុលាការ ដើម្បីបញ្ចប់ករណីវិវាទ ក្រោយពេលផ្សះផ្សា ការចេញសេចក្តីបង្គាប់របស់ក្រុមប្រឹក្សាអាជ្ញាកណ្តាល និងការអនុវត្តវិធានការវិវាទស្របច្បាប់ មិនអាចរកដំណោះស្រាយបាន។

ចំពោះបងប្អូនដែលកំពុងធ្វើការតវ៉ា ដោយលើកមូលហេតុថា និយោជកបានទូទាត់ប្រាក់បំណាច់បញ្ចប់កិច្ចសន្យាការងារដល់ខ្លួនមិនត្រឹមត្រូវតាមច្បាប់ សូមបងប្អូនទាក់ទងមកក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ តាមរយៈលេខទូរស័ព្ទ 012 872 161 / 092 888 585 / 087 525 656 ដោយផ្តល់ព័ត៌មានអំពីប្រាក់ឈ្នួល ប្រាក់អត្ថប្រយោជន៍ ដែលខ្លួនធ្លាប់ទទួលបាន រូបមន្តគណនា និងមូលដ្ឋានគណនា ដើម្បីក្រសួងធ្វើការផ្ទៀងផ្ទាត់ឡើងវិញ។ ក្រសួងនឹងបង្គាប់ឱ្យនិយោជកធ្វើការទូទាត់សំណងបន្ថែមដល់បងប្អូន ក្នុងករណីដែលបងប្អូនបានសហការផ្តល់ព័ត៌មានពេញលេញ ហើយក្រសួងរកឃើញថា និយោជកពិតជាបានគណនាមិនត្រឹមត្រូវតាមច្បាប់ពិតប្រាកដមែន។

អាស្រ័យហេតុដូចបានជម្រាបជូនខាងលើ សូម អតីតបុគ្គលិកដែលកំពុងធ្វើការតវ៉ា និយោជក និងសាធារណជនជ្រាបជាព័ត៌មាន និងសហការបញ្ចប់ការតវ៉ាខុសច្បាប់នេះ៕

អត្ថបទទាក់ទង