ខ្មែរប៉ុស្ដិ៍ Close

    The Diplomat ៖ «អាស៊ាននិងមីយ៉ាន់ម៉ា ៖ វិបត្តិនិងឱកាស»

    ដោយ៖ លី វិទ្យា ​​ | ថ្ងៃចន្ទ ទី៣ ខែមករា ឆ្នាំ២០២២ ព័ត៌មានអន្តរជាតិ 1485
    The Diplomat ៖ «អាស៊ាននិងមីយ៉ាន់ម៉ា ៖ វិបត្តិនិងឱកាស»ទង់ជាតិនៃប្រទេសមីយ៉ាន់ម៉ា

    នៅទីបំផុត កាលពីឆ្នាំ២០២១ អាស៊ានបានរំដោះខ្លួនចេញពីបញ្ហាដែលបានបង្កើតឡើងដោយខ្លួនឯង តាមរយៈគោលការណ៍មិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់រដ្ឋជាសមាជិកដែលខ្លួនបានប្រកាន់ខ្ជាប់ចាប់តាំងពីពេលចាប់កំណើតមកម៉្លេះ។

    ដោយមើលតាមមូលដ្ឋាននៃនីតិរដ្ឋនិងលទ្ធិប្រជាធិបតេយ្យ រដ្ឋប្រហារកាលពីខែកុម្ភៈនៅក្នុងប្រទេសមីយ៉ាន់ម៉ាបានបំពានយ៉ាងច្បាស់លើធម្មនុញ្ញរបស់អាស៊ាន ក៏ប៉ុន្តែរាល់សកម្មភាពសំខាន់ៗទាំងឡាយណាដែលអាស៊ានធ្វើ ដើម្បីឆ្លើយតបទៅនឹងការរំលោភបំពាននេះ គឺសុទ្ធតែប្រឆាំងនឹងគោលការណ៍នោះទាំងអស់។

    រហូតមកដល់ឆ្នាំនេះ នៅរៀងរាល់ពេលដែលអាស៊ានបានប្រឈមមុខនឹងបញ្ហារបៀបនេះ ប្លុកមួយនេះបានធ្វើឱ្យខ្លួនឯងជាប់គាំងដោយបានកំណត់យកអាកប្បកិរិយា «អង្គុយរង់ចាំមើលលទ្ធផល»។

    ឧទាហរណ៍មួយគឺ រដ្ឋប្រហារកាលពីឆ្នាំ ២០១៤ នៅក្នុងប្រទេសថៃ។ នៅពេលនោះ ប្រទេសឥណ្ឌូណេស៊ី បានទទូចសុំឱ្យអាស៊ានធ្វើសកម្មភាព ប៉ុន្តែសមាជិករបស់ប្លុកនេះ សឹងតែមិនយកភ្នែកទៅមើលនោះទេ ដោយលើកឡើងអំពីគោលការណ៍មិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងដែល​បាន​បង្ក​ឲ្យ​មាន​ការ​យល់​ឃើញ​ថា លទ្ធិប្រជាធិបតេយ្យ​នៅផ្ទៃក្នុង​អាស៊ាន​ខ្លួន​ឯង​កំពុង​ធ្លាក់​ចុះ។

    ការបោះឆ្នោតរបស់ប្រទេសថៃដែលបង្ហាញអំពីការផ្លាស់ប្តូរទៅរកការគ្រប់គ្រងតាមបែបស៊ីវិលវិញ ត្រូវបានគេរិះគន់យ៉ាងទូលំទូលាយថា «ជាអំពើបោកប្រាស់» ហើយរបបរបស់លោកប្រាយុទ្ធនៅតែបន្តកាន់អំណាចដដែលរហូតមកដល់សព្វថ្ងៃនេះ។

    សហគមន៍អន្តរជាតិបានថ្កោលទោសការ ប្រើប្រាស់វិធីសាស្ត្រក្ដៅតាមផ្លូវអាវុធរបស់ប្រទេសថៃ ដូចជាក្នុងការគៀបសង្កត់លើការធ្វើបាតុកម្មប្រឆាំងរដ្ឋាភិបាលជាដើម ហើយអ្នកសង្កេតការណ៍មួយចំនួនបានអះអាងថា រដ្ឋប្រហាររបស់ប្រទេសថៃ គឺជាការជំរុញទឹកចិត្តឱ្យកងទ័ព Tatmadaw របស់មីយ៉ាន់ម៉ាយកគំរូតាម។

    ជាថ្មីម្ដងទៀត ប្រសិនបើ​អាស៊ាន​នៅ តែ​អង្គុយ​រង់ចាំមើល លទ្ធផលនៅអំឡុង​ពេលនៃ​វិបត្តិ​មីយ៉ាន់ម៉ា នោះភាព​ជឿជាក់​មកលើ​ប្លុក​នេះនៅ​ក្នុង​ក្រសែភ្នែករបស់​សហគមន៍​អន្តរជាតិ​ នឹង​ដាំក្បាល​ចុះដោយ​ពួកគេនឹងដាក់ការសង្ស័យ​ទៅលើ​ «មជ្ឈភាព​​របស់​អាស៊ាន»។

    អាស៊ាន​ក៏ប្រហែល​ជា​បាន​បញ្ជូន​សញ្ញា​ដ៏គ្រោះថ្នាក់​មួយទៅកាន់​ក្រុមមនុស្សផ្សេង​ទៀត​នៅក្នុង​ប្រទេស​ជាសមាជិករបស់ខ្លួនផងដែរដែល​មិន​ពេញ​ចិត្ត​នឹង​រដ្ឋាភិបាល​របស់ពួកគេ។

    ទោះជាយ៉ាងណា​ នៅលើក​នេះ អាស៊ាន​បាន​ងាក​ចេញ​ពី​គោល​ជំហរ​ជាប្រពៃណី​របស់​ខ្លួន ហើយ​បាន​ស្វះស្វែង​រក​ការ​ចូល​រួមដោះស្រាយជម្លោះ។ កាលពីចុងខែមេសា ឆ្នាំ២០២១ លោក Min Aung Hlaing ដែលបានឡើងកាន់អំណាចតាមរយៈរដ្ឋប្រហារ ត្រូវបានគេអញ្ជើញឱ្យចូលរួមនៅក្នុងកិច្ចប្រជុំមេដឹកនាំអាស៊ាន ហើយបន្ទាប់មក អាស៊ានក៏ទទួលបានការប្តេជ្ញាចិត្តតាមរយៈគោលការណ៍កុងសង់ស៊ីសទាំង ៥ ចំណុចដែលក្នុងនោះ ក៏រួមមានការសម្រុះសម្រួលដោយប្រេសិតពិសេសរបស់ប្រធានអាស៊ានផងដែរ។

    នៅពេលដែលរបបយោធាមីយ៉ាន់ម៉ាបដិសេធមិនអនុញ្ញាតឱ្យប្រេសិតពិសេស «ជួបជាមួយគ្រប់ភាគីពាក់ព័ន្ធ» នៅក្នុងប្រទេសមីយ៉ាន់ម៉ា សមាជិកនៃរបបយោធា រួមទាំងលោក Min Aung Hlaing ផងត្រូវបានគេដកចេញពីកិច្ចប្រជុំកំពូលៗរបស់អាស៊ាន។

    ចំពោះការ​បោះ​ជំហានមួយ​នេះ អាស៊ាន​នៅ​តែ​ប្រកាន់​ខ្ជាប់​នូវ​គោលការណ៍​កុងសង់ស៊ីស និង​គោលការណ៍​មិន​ជ្រៀត​ជ្រែក​កិច្ចការផ្ទៃក្នុងរបស់រដ្ឋជាសមាជិក​ខ្លួនដដែល បើទោះ​បី​ជា​មាន​ការ​បកស្រាយ​ដែល​អាច​បត់​បែន​បាន​ជាង​មុនក៏​ដោយ។

    ប្រទេសសមាជិកអាស៊ានមួយចំនួនបានទទួលលិខិតពីរដ្ឋាភិបាលរួបរួមជាតិ នៃមីយ៉ាន់ម៉ា (NUG) ដែលរួមមានទាំងកងកម្លាំងប្រជាធិបតេយ្យផង ដោយបានសុំឱ្យមានការអញ្ជើញពួកគេ ចូលរួមក្នុងកិច្ចប្រជុំកំពូលៗរបស់អាស៊ាន។ ប្រការនោះ​បាន​បង្កឱ្យ​មាន​ជម្លោះរវាង​រដ្ឋាភិបាល​យោធា​មីយ៉ាន់ម៉ា និងរដ្ឋាភិបាល NUG ជុំវិញការចូលរួមប្រជុំជាមួយអាស៊ាន។

    អាស៊ាន​បាន​អះអាង​ថា គោលការណ៍កុងសង់ស៊ីសរបស់ខ្លួននឹង​មិន​អាច​សម្រេច​បាននោះទេ ​ប្រសិនបើមានការចូលរួមពីអ្នក​តំណាង​នយោបាយ​របស់​ប្រទេស​មីយ៉ាន់ម៉ា ដូចនេះ​ការ​ចូល​រួម​ប្រជុំត្រូវ​បាន​កំណត់​ចុះមកត្រឹម​តំណាង​មិន​មែននយោបាយ​ ដូច​ជា​តំណែងអនុរដ្ឋមន្ត្រី​ការ​បរទេសជាដើម។ អាស៊ាន​ក៏​បាន​បញ្ជាក់​ផងដែរ​ថា ការ​ស្នើ​សុំ​ការ​ចូល​រួម​ពី​ភាគី​ទាំង​សងខាង​ គឺជាការ​ប្រឆាំង​ទៅនឹង​គោលការណ៍​មិន​ជ្រៀតជ្រែក​កិច្ចការ
    ផ្ទៃក្នុងរបស់រដ្ឋជាសមាជិក​អាស៊ាន។

    ដោយមាន​ការប្រឆាំង​ពី​សំណាក់ចិន​ និង​រុស្ស៊ី​ក្នុងការរារាំង​សកម្មភាពនៅ​ឯ​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការសហប្រជាជាតិ សហគមន៍​អន្តរជាតិ​បានឱ្យ​តម្លៃ​លើ​អន្តរាគមន៍​របស់​អាស៊ានដែល​អនុញ្ញាត​ឱ្យ​ប្លុកនេះ​អាចទប់ស្កាត់​ការសង្ស័យ​បាន​មួយកម្រិត​។

    ទោះជាយ៉ាងណា ប្រទេសមីយ៉ាន់ម៉ានៅតែបន្តស្ថិតក្នុងវិបត្តិនៅឡើយ ហើយរដ្ឋជាសមាជិករបស់ប្លុកនេះកំពុងយកចិត្តទុកដាក់យ៉ាងខ្លាំង «ថាតើកម្ពុជាដែលជាប្រធានថ្មីសម្រាប់ឆ្នាំ ២០២២ អាចបង្ហាញពីភាពជាអ្នកដឹកនាំបានឬទេក្នុងការបញ្ចៀសមិនឱ្យប្រទេសមីយ៉ាន់ម៉ានៅឯកោ ស្របពេលដែលខ្លួនអាចផ្តល់ការណែនាំ និងអាចរក្សាឯកភាពអាស៊ានបាន»។ «ឬមួយក៏ថា តើកម្ពុជានឹងរំខានដល់ការរួបរួមរបស់អាស៊ានដែរឬទេ ដូចដែលបានកើតឡើងរួចមកហើយកាលពីប្រទេសប្រ៊ុយណេធ្វើជាប្រធាន»។

    ប្រទេសកម្ពុជាបានធ្វើជាប្រធានអាស៊ានលើកចុងក្រោយកាល ពីឆ្នាំ២០១២ ហើយជំហរដែលប្រទេសនេះបានប្រកាន់យក នៅក្នុងកិច្ចប្រជុំនានារបស់អាស៊ាន ដោយផ្អែកលើសកម្មភាពរបស់ចិនជុំវិញសិទ្ធិអធិបតេយ្យចំពោះសមុទ្រចិនខាងត្បូង បានធ្វើឱ្យខូចដល់ឯកភាពរបស់អាស៊ានយ៉ាងធ្ងន់ធ្ងរ។ ដូច្នេះ «នេះ​គឺជា​ឱកាស​ដ៏​ល្អមួយ​សម្រាប់​កម្ពុជា​ក្នុង​ការ​ស្ដារកេរ្តិ៍ឈ្មោះរបស់ខ្លួនឡើងវិញ»។

    ការចាប់បង្ខំឱ្យមីយ៉ាន់ម៉ាបំពេញតាមគោលការណ៍កុងសង់ស៊ីសទាំង ៥ ចំណុច នឹងទាមទារនូវវិធីសាស្រ្តថ្មីមួយដែលរួមបញ្ចូលគ្នានូវភាពរឹងប៉ឹង និងភាពបត់បែន។ ប្រសិនបើរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ានៅតែបន្តបដិសេធមិនបំពេញតាមគោលការណ៍កុងសង់ស៊ីសទាំង ៥ ចំណុចនេះទេ ឬប្រសិនបើរបបនេះធ្វើសកម្មភាពដែលបំផ្លាញដល់លទ្ធិប្រជាធិបតេយ្យបន្ថែមទៀត ឬរំលោភសិទ្ធិមនុស្សនោះ អាស៊ានអាចនឹងត្រូវពិចារណាជាមុន នូវវិធានការបន្ថែមទៀតដូចជាការព្យួរសមាជិកភាពជាដើម។

    គំនិតមួយដែលអាចធ្វើទៅបាននោះ គឺការបញ្ជូនបុគ្គលម្នាក់ពីប្រទេសថៃដែលជាអ្នករក្សាទំនាក់ទំនងជិតស្និទ្ធជាពិសេសជាមួយយោធាមីយ៉ាន់ម៉ា ដើម្បីជួយដល់ប្រេសិតពិសេសរបស់ប្រធានអាស៊ាន «ក្នុងនាមជាអាជ្ញាកណ្តាល»។

    នៅរយៈពេល ២ខែ បន្ទាប់ពីរដ្ឋប្រហារនៅក្នុងប្រទេសថៃកាលខែឧសភា ឆ្នាំ ២០១៤ ដែលផ្តួចផ្តើមដោយលោក Prayut និងនៅក្នុងអំឡុងពេលដែលប្រទេសថៃស្ថិតនៅឯកោ មនុស្សដំបូងគេដែលបានធ្វើទស្សនកិច្ចជាផ្លូវការ ទៅកាន់ប្រទេសថៃ ក្នុងនាមជាឥស្សរជនបរទេស គឺលោក Min Aung Hlaing នេះតែម្ដង។ ជាក់ស្តែង លោក Prayut នៅតែជំពាក់បំណុលលោក Min Aung Hlaing ចំពោះរឿងនោះរហូត មកដល់ពេលនេះ។

    ភ្លាមៗបន្ទាប់ពីរដ្ឋប្រហារដែលខ្លួនបានបង្កឡើង លោក Min Aung Hlaing បានផ្ញើលិខិតមួយច្បាប់ទៅសុំជំនួយពី លោក Prayut ។ ពួកយោធា Tatmadaw មើលឃើញថា រដ្ឋបាលរបស់លោក Prayut នៅតែអាចបន្តកាន់អំណាចបាននៅក្រោយការបោះឆ្នោតដើម្បីផ្លាស់ប្តូរទៅរកការគ្រប់គ្រងតាមបែបស៊ីវិលនៅក្នុងប្រទេសថៃ ហើយពួកគេចង់អនុវត្តតាមគម្រូនោះ។

    ក្រោមការត្រួតពិនិត្យជាលក្ខណៈអន្តរជាតិ វាជាកិច្ចការ លំបាកណាស់សម្រាប់ប្រទេសថៃក្នុងការកាន់ជើងយោធាមីយ៉ាន់ម៉ាហួសហេតុពេក។ ប៉ុន្តែប្រហែលជាប្រទេសថៃអាចនឹងប្រើមធ្យោបាយការទូតដើម្បីលើកទឹកចិត្តដល់មីយ៉ាន់ម៉ា ឱ្យចាត់វិធានការមួយចំនួនឆ្ពោះទៅរកការសម្រេចបាននូវគោលកាណ៍កុងសង់ស៊ីសទាំង ៥ ចំណុចនោះ។

    ប្រសិនបើអាស៊ានអាចទៅហួសពីការប្រកាន់ខ្ជាប់យ៉ាងម៉ឺងម៉ាត់ចំពោះគោលការណ៍មិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់រដ្ឋជាសមាជិក និងចូលរួមពាក់ព័ន្ធនៅក្នុងបញ្ហារបស់ប្រទេសជាសមាជិករបស់ខ្លួនណាដែលជះផលអាក្រក់មកលើអាស៊ានខ្លួនឯង នោះប្លុកនេះនឹងអាចរួមចំណែកដល់ការពង្រឹងភាពធន់របស់ខ្លួនជាអង្គការសហប្រតិបត្តិការមួយនៅក្នុងតំបន់៕ The Diplomat

    អត្ថបទទាក់ទង