ខ្មែរប៉ុស្ដិ៍ Close

ភូមា៖ ទឹកក្ដៅសម្រាប់កម្ពុជាឆ្នាំ២០២២

ដោយ៖ លី វិទ្យា ​​ | ថ្ងៃព្រហស្បតិ៍ ទី៦ ខែមករា ឆ្នាំ២០២២ ផ្ទះហ្វេសប៊ុក 1747
ភូមា៖ ទឹកក្ដៅសម្រាប់កម្ពុជាឆ្នាំ២០២២ភូមា៖ ទឹកក្ដៅសម្រាប់កម្ពុជាឆ្នាំ២០២២

បន្ទាប់ពីកម្ពុជាបានក្លាយជាប្រធានអាស៊ាននៅថ្ងៃទី១ ខែមករា ឆ្នាំ២០២២ ប្រទេសជាច្រើនកំពុងសម្លឹងមើលថាតើកម្ពុជាអាចធ្វើអ្វីបានខ្លះនៅក្នុងឆ្នាំ២០២២នេះ ជាពិសេសរឿងក្តៅគគុកពីរ៖ បញ្ហភូមា និងសមុទ្រចិនខាងត្បូង?

រឿងទាំងពីរនេះសុទ្ធតែជាទឹកក្តៅ។ ទឹកក្តៅប្រាកដជាក្តៅ ប៉ុន្តែទឹកក្តៅអាចជាប្រយោជន៍ច្រើនបែប។ ថ្មីៗនេះ មានអត្ថបទវិភាគចំនួនបីសរសេរដោយបរទេស ស្តីពីតួនាទីរបស់កម្ពុជាក្នុងនាមជាប្រធានអាស៊ាន។ ក្នុងនោះមានការដាក់ចំណងជើងអត្ថបទខុសៗគ្នា ហើយខ្លះក៏សរសេរជាទំរង់សំណួរដូចជា «កម្ពុជា៖ ជាអ្នកនាំឱ្យខូចប្រយោជន៍ដល់អាស៊ាន ឬជាអ្នកសង្រ្គោះអាស៊ាន?» (Cambodia: Asean’s spoiler or saviour?) រីឯអត្ថបទមួយទៀតដាក់ចំណងជើងថា «ការទូតប្រថុយប្រថានរបស់កម្ពុជានៅក្នុងជម្លោះភូមានឹងធ្វើឱ្យអាស៊ានឯកោ» (Cambodia’s «cowboy diplomacy’ in Myanmar isolates ASEAN) ។

កម្ពុជាបានលូកទៅក្នុងជម្លោះផ្ទៃក្នុងដ៏ធ្ងន់ធ្ងរដែលកំពុងកើតឡើងនៅភូមា ដែលបានអូសបន្លាយរយៈពេលជិតមួយឆ្នាំមកហើយ ហើយដែលពុំមានប្រទេសណាមួយចូលជួយអន្តរាគមបាននៅឡើយរួមទាំងមហាអំណាចធំៗផង។ ការលូកចូលរបស់កម្ពុជាត្រូវបានមតិខាងក្រៅខ្លះលើកឡើងថា ដំណោះស្រាយនៅក្នុងប្រទេសភូមាមិនអាចទទួលបានជោគជ័យឡើយ បើគ្មានមហាអំណាចនៃប្រទេសពីរ «ចិន និងរុស្ស៉ីចូលរួម!»។

សម្រាប់កម្ពុជាវិញ សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងម្តងហើយម្តងទៀតថា សូមទុកពេលវេលាឱ្យកម្ពុជាធ្វើការបន្តិចសិនមុននឹងវាយតម្លៃ។ ត្រង់ចំណុចនេះ ពលរដ្ឋខ្មែរជាច្រើនបានយល់ឃើញថា ក្នុងតួនាទីជាប្រធានអាស៊ាន និងជាអ្នកធ្លាប់ឆ្លងកាត់នូវសង្រ្គាមផ្ទៃក្នុងប្រទេសរាប់ទសវត្សរ៍វាមិនចម្លែកពេកទេ ដែលកម្ពុជាអាចចែករំលែកបទពិសោធន៍ចរចាររកសន្តិភាពក្នុងបំណងដើម្បីជួយស្វែងរកដំណោះស្រាយនៃជម្លោះនៅប្រទេសភូមា។

ប៉ុន្តែចម្ងល់ជាទូទៅសួរថា កម្ពុជាជួយដោយវិធីណា? នរណាជាតួអង្គសំខាន់ (សម្តេច ហ៊ុន សែន ជាមួយ មីង អោងឡាំង? លោករដ្ឋមន្រ្តីការបរទេស ប្រាក់ សុខុន ជាមួយរដ្ឋមន្រ្តីការបរទេសភូមាបច្ចុប្បន្ន លោក វូណា? (លោកទាំងពីរធ្លាប់ធ្វើជាប្រមុខទូតប្រចាំនៅប្រទេសបារាំងជំនាន់ជាមួយគ្នា) ឬមានតួអង្គផ្សេងទៀតដែលកម្ពុជាមិនទាន់បញ្ចេញ?

តើកម្ពុជាប្រើការទូតអ្វី?

ក្នុងវិស័យការទូត ជាពិសេសការស្វែងរកការចរចារ គេតែងផ្តល់រហ័សនាមការទូតផ្សេងៗគ្នា ដូចជា៖

  • ការទូតប៉េងប៉ុង (Ping-pong Diplomacy)
  • ការទូតឌីមសាំ (Dimsum Diplomacy)
  • ការទូតដុល្លារ (Dollar Diplomacy)
  • ការទូតប្រថុយប្រថាន (Cowboy Diplomacy)
  • ការទូតដោយពឹងផ្អែកលើអន្តរការី (Shuttle Diplomacy) ជាដើម។

សម្រាប់កម្ពុជា មានអតីតអ្នកការទូតខ្មែរសម័យលោក អេង រ៉ូឡង់ បានប្រើ «ការទូតនំបញ្ចុក» (Noodle Diplomacy) ប៉ុន្តែនៅពេលនេះខ្ញុំពុំទាន់បានឮ សម្តេច ហ៊ុន សែន បង្ហើបនៅឡើយទេថាកម្ពុជានឹងប្រើឈ្មោះការទូតអ្វីក្នុងបរិបទទៅកាន់ភូមា ប៉ុន្តែខ្ញុំសូមសាកល្បងប្រើពាក្យថា «ការទូតឈ្នះ-ឈ្នះ» (Win-win diplomacy) ដែលជាពាក្យពេញនិយមរបស់ថ្នាក់ដឹកនាំកម្ពុជានៅក្នុងសម័យតេជោ បើទោះបីជាគ្មាននរណាម្នាក់ហ៊ានអះអាងថានឹងបាន «ឈ្នះ-ឈ្នះ» ឬជោគជ័យ មែនឬយ៉ាងណានោះ។

យ៉ាងណាក៏ដោយ ចាប់តាំងពីមុនពេលកម្ពុជាក្លាយជាប្រធានអាស៊ាននៅថ្ងៃ១ ខែមករា ឆ្នាំ២០២២ កម្ពុជាបានធ្វើការទូតជាច្រើនទាំងចំហនិងមិនចំហជាមួយបណ្តាប្រទេសក្នុងក្របខណ្ឌអាស៊ាន ក្របខណ្ឌតំបន់ដែលរួមមានជប៉ុន និងចិន និងធ្លាយទៅដល់បច្ចឹមប្រទេសឯណោះ។

តើនរណាខ្លះអមដំណើរជាមួយនាយករដ្ឋមន្រី្ត?

សម្រាប់ទស្សនកិច្ចនៅថ្ងៃស្អែកទៅកាន់ភូមា អ្វីដែលជាការកត់សម្គាល់គឺប្រតិភូអមដំណើរដែលបានបញ្ចូលតួអង្គ លោក ចម ប្រសិទ្ធ ដែលស្ទើរតែបាត់ឈ្មោះបោះសម្លេង (ទោះជាលោកនៅជារដ្ឋមន្រ្តីឧស្សាហកម្មក៏ដោយ)។ លោកជាអតីតជំនួយការដ៏ជំនិតបំផុតមួយរូបរបស់ សម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែន តាំងពីទសវត្សរ៍៨០ ហើយក៏ជាអ្នកធ្វើកំណត់ត្រាដ៏ល្អទាក់ទងទៅនឹងកិច្ចប្រជុំជាច្រើនដើម្បីស្វែងរកសន្តិភាពនៅកម្ពុជា។

រីឯការកត់សម្គាល់ទី២៖ ក្នុងចំណោមកូនប្រុស៣រូប កូនប្រុសច្បងនិងកូនប្រុសពៅ (លោក ហ៊ុន ម៉ាណែត និងលោក ហ៊ុន ម៉ានី) នឹងអមដំណើរទៅជាមួយឪពុកក្នុងនាមជាអគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងក្នុងនាមជាប្រធានកម្មការមួយរបស់រដ្ឋសភា)។

ទី៣៖ ការនាំទៅជាមួយនូវសម្ភារៈនិងបរិក្ខាពេទ្យជាច្រើនដែលជាជំនួយក្នុងការទប់ស្កាត់ជំងឺកូវីដ-១៩។

ទំនាក់ទំនងកម្ពុជានិងភូមា?

កាលពីខែមេសាឆ្នាំ២០២១ នៅឯកិច្ចប្រជុំកំពូលអាស៊ាននៅទីក្រុង Jakarta ប្រទេសឥណ្ឌូណេស៊ី គេសង្កេតឃើញ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានធ្វើការសំណេះសំណាលយ៉ាងសិទ្ធស្នាលជាមួយមេដឹកនាំយោធាភូមា លោក មីង អោងឡាំង។ ការជួបគ្នានៅពេលនោះ និងជាបន្តបន្ទាប់មកទៀតតាមទម្រង់និងកម្រិតផ្សេងៗគ្នា ប្រហែលជាទំពក់មិនសាមញ្ញពេកទេ ទម្រាំមានការប្រកាសជាផ្លូវការពីឆន្ទៈរបស់កម្ពុជាក្នុងការជួយរកដំណោះស្រាយនៅភូមា។

បញ្ហានៅភូមា៖

ភាពចលាចលនៅភូមាបានចាប់ផ្តើមបន្ទាប់ពីខែកុម្ភៈ ឆ្នាំ២០២១ នៅពេលដែលយោធារបស់ប្រទេសនេះបានផ្តួលរំលំរដ្ឋាភិបាលជាប់ឆ្នោតដែលដឹកនាំដោយលោកស្រី Aung Sann Suu Kyi។ មនុស្សប្រហែល១ម៉ឺនបួនពាន់នាក់ត្រូវបានរាយការណ៍ថាបានស្លាប់ ហើយប្រហែល១ម៉ឺន១ពាន់នាក់ទៀតត្រូវបានចាប់ខ្លួនក្នុងរយៈពេល១១ខែចុងក្រោយនេះ។

ហេតុអ្វីកម្ពុជាត្រូវយកចិត្តទុកដាក់រឿងភូមាខ្លាំងម្លេះ?

វាមិនសាមញ្ញពេកទេនៅពេលដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំអាស៊ានសម្រាប់រយៈពេលមួយឆ្នាំពេញ ហើយដែលមានប្រទេសមួយមិនអាចចូលរួមប្រជុំបាន ដែលនោះគឺជាភាពអាម៉ាស់មួយរបស់កម្ពុជា ឬក៏របស់អាស៊ានទាំងមូល។ កាលពីថ្ងៃអង្គារ ទី៤ មករាកន្លងទៅ សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានជួបតាមទូរសព្ទជាមួយប្រធានាធិបតីឥណ្ឌូណេស៊ី លោក Joko Widodo ដែលពេលនោះលោកបានគាំទ្រកម្ពុជាជាប្រធានអាស៊ានឆ្នាំ២០២២ ប៉ុន្តែ លោក Joko ក៏បានរំលឹកឡើងវិញនូវជំហររបស់ឥណ្ឌូណេស៊ីយ៉ាងច្បាស់អំពីសារៈសំខាន់នៃការអនុវត្ត 5-Point Consensus ដើម្បីនាំយកលទ្ធិប្រជាធិបតេយ្យមក​វិញនៅក្នុងប្រទេស​ភូមា​តាមរយៈការសន្ទនាពីភាគីពាក់ព័ន្ធ។ លោក Joko ក៏បានបន្ថែមថា «ប្រសិនបើមិនមានការរីកចម្រើនគួរឲ្យកត់សម្គាល់លើការអនុវត្តន៍កិច្ចព្រមព្រៀង៥ចំណុចទេ នៅឯកិច្ចប្រជុំអាស៊ាន ប្រទេសភូមាគួរតែកម្រិតតំណាងអ្នកចូលរួមដែល មិនមែនជាអ្នកនយោបាយ»។

តំណាងប្រទេសភូមាដើម្បីចូលរួមនៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធដទៃទៀតបានក្លាយជាការគួរឲ្យព្រួយបារម្ភ ខណៈដែលភូមាខ្លួនឯង​បានធ្វើពហិការកិច្ចប្រជុំចំនួនបីលើករួចមកហើយកាលពីចុងឆ្នាំ២០២១ ដោយសារតែអាស៊ាន៩ទៀតមិនសប្បាយចិត្តស្វាគមន៍មេដឹកនាំរបបយោធាភូមាលោក មីង អោងឡាំង ដែលបានសន្យាខ្យល់លើកិច្ចកិច្ចព្រមព្រៀង៥ចំណុច៖

  1. បញ្ឈប់ជាបន្ទាន់នៃអំពើហិង្សានៅក្នុងប្រទេសមីយ៉ាន់ម៉ា
  2. សន្ទនាក្នុងន័យស្ថាបនាក្នុងចំណោមភាគីពាក់ព័ន្ធទាំងអស់ ដើម្បីស្វែងរកដំណោះស្រាយដោយសន្តិវិធី ដើម្បីផលប្រយោជន៍ប្រជាពលរដ្ឋ
  3. សម្របសម្រួលដោយបេសកជននៃប្រធានអាស៊ាន ដោយមានជំនួយពីអគ្គលេខាធិការ
  4. ជំនួយមនុស្សធម៌ដែលផ្តល់ដោយមជ្ឈមណ្ឌល AHA របស់អាស៊ាន
  5. ដំណើរទស្សនកិច្ចរបស់បេសកជនពិសេស និងគណៈប្រតិភូទៅប្រទេសមីយ៉ាន់ម៉ា ដើម្បីជួបភាគីពាក់ព័ន្ធទាំងអស់។

តាមការប្រមើលមើលរបស់ខ្ញុំ កម្ពុជាហាក់ដូចជាបានរៀបសំណាញ់ក្រឡាល្អិតរហូតដល់បីជាន់សម្រាប់កិច្ចការទូតជាមួយភូមា (នាយករដ្ឋមន្រ្តី; ឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីការបរទេស; និងទេសរដ្ឋមន្រ្តី) នេះមិនទាន់គិតដល់កម្រិត ដែលនៅពីក្រោយឆាកផង រីឯកាលបរិច្ឆេទវិញ ហេតុអ្វីបានជា សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន រើសយកថ្ងៃ៧ មករា ជាថ្ងៃចេញដំណើរ ឬដោយសារហេតុផលមួយនេះហើយដែលអត្ថបទព័ត៌មានបរទេសមួយបានដាក់ចំណងជើងថា «កម្ពុជា៖ ជាអ្នកនាំឱ្យខូចប្រយោជន៍ដល់អាស៊ាន ឬជាអ្នកសង្រ្គោះអាស៊ាន?» (Cambodia: Asean’s spoiler or saviour?)

ដោយ៖ ពុយ គា

អត្ថបទទាក់ទង